ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំកំពូលលើកដំបូងបង្អស់ជាមួយមេដឹកនាំជប៉ុននិងហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះដើម្បីបង្ហាញការគាំទ្រចំពោះហ្វីលីពីនប្រឆាំងនឹងភាពច្រឡោងខាមកាន់តែខ្លាំងរបស់ចិននៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ជំនួបត្រីភាគីរបស់លោក Biden ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នេះធ្វើឡើងក្រោយពីមានការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតរវាងនាវាចិននិងហ្វីលីពីននៅផ្លូវទឹកដែលមានជម្លោះដ៏ក្តៅគគុកនោះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកម្នាក់បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «លោកប្រធានាធិបតី Marcos កំពុងរងសម្ពាធពីយុទ្ធវិធីគឃ្លើនឈ្លានពានរបស់ចិន»។
មន្ត្រីរូបនោះបានបញ្ជាក់ថា៖ «អ្វីដែលយើងនឹងឃើញគឺការបង្ហាញយ៉ាងច្បាស់អំពីការគាំទ្រនិងការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Bidenនិងលោកនាយករដ្ឋមន្ត្រី Kishida។ យើងឈរប្រកៀកស្មាគ្នាជាមួយលោក Marcos»។
មន្ត្រីរូបនោះបានបន្ថែមថា គេរំពឹងថាប្រទេសទាំង ៣ នឹងប្រកាសអំពីសមយុទ្ធកងទ័ពជើងទឹករួមគ្នាថ្មីជាមួយនឹងប្រទេសអូស្ត្រាលី ដែលស្រដៀងទៅនឹងសមយុទ្ធដែលប្រទេសទាំងនេះបានធ្វើនៅក្នុងតំបន់កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ពួកគេក៏នឹងលាតត្រដាងផងដែរនូវវិធានការសហប្រតិបត្តិការសេដ្ឋកិច្ចថ្មី៕