លោក Biden ថ្លែង​សុន្ទរកថានៅ​ម​ហាសន្និបាត អ.ស.ប ​​ចុងក្រោយ​របស់លោក ដោយ​ផ្តោត​លើ​ជម្លោះ​នៅ​ហ្កាហ្សា និង​អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក Joe Biden ថ្លែងក្នុងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

លោក​ប្រធានាធិបតី Joe Biden បាន​ព្រមាន​ប្រឆាំង​នឹង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​លីបង់ ហើយ​និយាយ​ថា វា​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ជម្លោះ​នៅ​តំបន់​ហ្កាហ្សា ខណៈពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​ចុងក្រោយ​របស់លោកក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ​ទៅ​កាន់​មេដឹកនាំ​រាប់រយនាក់​នៅ​ឯមហាសន្និបាត​អង្គការ​សហប្រជាជាតិ។

លោក Biden បាន​និយាយ​ដោយ​សំដៅ​ទៅ​លើ​ជម្លោះ​ដែល​កំពុង​កើន​ឡើង​រវាង​អ៊ីស្រាអែល និង​ក្រុម Hezbollah ថា​៖ «​សង្គ្រាម​ទ្រង់ទ្រាយ​ធំមិន​ហុចផលប្រយោជន៍​ដល់អ្នក​ណា​ម្នាក់​នោះ​ទេ។ លោក​ថា ដំណោះស្រាយ​ការទូត​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​។

នៅ​លើ​ជម្លោះ​ជិត​មួយ​ឆ្នាំ​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស់​នៅតំបន់​ហ្កាហ្សា លោក Biden បាន​ជំរុញ​ឱ្យ​បណ្តា​ភាគី «បញ្ចប់លក្ខខណ្ឌ» នៃ​កិច្ចព្រមព្រៀង​បទ​ឈប់បាញ់​គ្នា និង​ការដោះលែង​ចំណាប់ខ្មាំង​ ដែល​ត្រូវ​បាន​គាំទ្រដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ស្តី​ពី​កិច្ចខិត​ខំប្រឹងប្រែង​របស់​អ៊ុយក្រែន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់រុស្ស៊ី លោក Biden បាន​និយាយ​ថា «យើង​មិន​អាច​ធុញ​ទ្រាន់​បានទេ។ យើង​មិន​អាច​ងាក​មុខ​ចេញ​បាន​ទេ ហើយ​យើង​នឹង​មិន​បោះបង់​ការ​គាំទ្រ​របស់​យើង​ចំពោះ​អ៊ុយក្រែន​ឡើយ រហូត​ទាល់​តែ​អ៊ុយក្រែន​ឈ្នះ​ដោយ​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង»។

សុន្ទរកថា​របស់​ លោក Biden កើត​ឡើង​ចំពេលវេលាសំខាន់។ នេះ​បើ​យោង​តាម​ អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ៕