ពិធីរៃអង្គាសថវិកាសម្រាប់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងទីក្រុង New York នៅថ្ងៃព្រហស្បតិ៍នេះដែលមានវត្តមានចូលរួមពីលោកអតីតប្រធានាធិបតី Barack Obama និងលោកអតីតប្រធានាធិបតី Bill Clinton ផងដែរ បានរៃអង្គាសថវិកាចំនួន ២៥លានដុល្លារ ដែលជាចំនួនមួយដ៏ច្រើនក្នុងកំណត់ត្រាសម្រាប់ព្រឹត្តិការណ៍នយោបាយមួយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើការបញ្ជាក់របស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden។
ថវិកាដែលរៃអង្គាសបានដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាការបង្ហាញឱ្យឃើញដ៏ធំមួយនៃការគាំទ្ររបស់គណបក្សប្រជាធិបតេយ្យចំពោះលោក Biden នៅចំពេលដែលអត្រាគាំទ្រលោកស្ថិតនៅទាបជាបន្តរហូតមក។
លោក Biden នឹងសាកល្បងអំណាចនៃថវិកាដែលរៃអង្គាសបាននេះនៅពេលលោកប្រឈមនឹងលោក Donald Trump ដែលជាអ្នកដែលគេសន្មតថាជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។ លោក Trump ធ្លាប់បានបង្ហាញឱ្យឃើញរួចហើយតាមរយៈការឈ្នះការបោះឆ្នោតឆ្នាំ ២០១៦ របស់លោកលើអ្នកស្រី Hillary Clinton ថា លោកមិនត្រូវការរៃអង្គាសថវិកាច្រើនបំផុតដើម្បីឈ្នះតំណែងជាប្រធានាធិបតីនោះទេ។
ព្រឹត្តិការណ៍រៃអង្គាសថវិកានៅសាល Radio City Music Hall នេះនឹងក្លាយជាសញ្ញាបញ្ជាក់យ៉ាងច្បាស់អំពីការចាប់ផ្ដើមនៃការធ្វើដំណើរឃោសនាបោះឆ្នោតរបស់លោក Biden។ លោក Biden បានធ្វើដំណើរទៅសមរភូមិនយោបាយជាច្រើននៅក្នុងរយៈពេល ៣ សប្ដាហ៍នេះតាំងពីពេលលោកថ្លែងសុន្ទរកថាអំពីស្ថានភាពប្រទេសជាតិមក។ សុន្ទរកថាអំពីស្ថានភាពប្រទេសជាតិរបស់លោកនេះគឺជាការអំពាវនាវឱ្យមានការប្រមូលផ្ដុំគ្នាដើម្បីកិច្ចប្រឹងប្រែងឈរឈ្នោះមួយអាណត្តិទៀតរបស់លោក។
ព្រឹត្តិការណ៍រៃអង្គាសថវិកានេះក៏មានវត្តមានចូលរួមផងដែរពីថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងពេលជាង៣ទសវត្សរ៍កន្លងមក។
ព្រឹត្តិការណ៍ដែលមានរយៈពេលពេញមួយម៉ោងនេះមានលំដាប់ថ្នាក់ផ្សេងគ្នានៃលទ្ធភាពចូលទៅកាន់ព្រឹត្តិការណ៍នោះអាស្រ័យលើភាពសប្បុរសរបស់ម្ចាស់ជំនួយនេះ។ ចំណុចផ្ដោតសំខាន់នៃព្រឹត្តិការណ៍នេះគឺកិច្ចសន្ទនានៅលើឆាកជាមួយនឹងលោក Biden លោក Obama និងលោក Clinton ដែលសម្របសម្រួលដោយលោក Stephen Colbert ដែលជាអ្នកកាន់កម្មវិធីពិភាក្សាពេលយប់ជ្រៅ។ គេរំពឹងថាមនុស្សរាប់ពាន់នាក់នឹងចូលរួម ហើយសំបុត្រចូលរួមមានតម្លៃទាបបំផុតចំនួន២២៥ដុល្លារ៕