លោក​ Biden ថ្លែង​សុន្ទរកថា​ទៅ​កាន់​​ប្រទេស​ជាតិ​ថា អាមេរិក​​កំពុង​តែ «ប្រែក្លាយ​គ្រោះថ្នាក់​ឲ្យ​ទៅ​ជា​លទ្ធភាព»

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែងសុន្ទរកថា​ទៅ​កាន់​សភា​ទាំង​ពី​រ​ថ្នាក់​កាល​ពី​យប់​ថ្ងៃ​ពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃ​ពុធ នៅ​ក្នុង​សុន្ទរកថា​លើក​ដំបូង​របស់​លោក​ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់​ថា សហរដ្ឋ​អាមេរិក​«កំពុង​តែប្រែក្លាយ​គ្រោះថ្នាក់​ឲ្យ​ទៅ​ជា​លទ្ធភាព» ដោយ​សាទរ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ក្នុង​ទឹកប្រាក់​ចំនួន ១,៨ លានលាន​ដុល្លារ ចំពោះ​កុមារ ក្រុម​គ្រួសារ និង​ការ​អប់រំ ដែល​អាច​ផ្លាស់ប្ដូរយ៉ាង​ខ្លាំង​នូវ​តួនាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​អាមេរិក។

នៅ​ក្នុង​គម្រប់​១០០​ថ្ងៃ​នៃ​ការ​កាន់​តំណែង​របស់​លោក Biden សហរដ្ឋ​អាមេរិក​កំពុង​ងើប​ឡើង​ពី​វិបត្តិ​ផ្ទួនៗ​គ្នា​ ហើយ​លោក​ប្រធានាធិបតី​បាន​ថ្លែង​ផ្តល់​អំណះអំណាងចំពោះ​ផែនការ​របស់​លោក នៅចំពោះ​មុខ​ក្រុម​អ្នកតាក់តែង​ច្បាប់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​ដោយសារ​តែ​ការ​រឹតត្បិត​ក្នុង​អំឡុង​ពេលរាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

សុន្ទរកថា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ដែល​នៅ​មាន​របង​ព័ទ្ធ​ជុំវិញ​នៅ​ឡើយ បន្ទាប់​ពី​មាន​ការ​ធ្វើ​កុបកម្ម​កាល​ពី​ខែ​មករា​ដើម្បី​ជំទាស់​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​លោក​បាន​ឈ្នះ។ ក្រុម​កុបករ​បាន​នាំ​គ្នា​ឡោមព័ទ្ធ​ទ្វារ​នានា​ទៅ​កាន់​សាល​ប្រជុំ​សភា​ ទី​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា​នេះ។

សុន្ទរកថា​ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់​ជា​លើក​ដំបូងរបស់​លោកប្រធានាធិបតី​ដែល​មាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ទូទាំង​ប្រទេស​គឺ​ជា​សុន្ទរកថា​ដែល​ត្រូវ​បាន​គេ​មើល​ច្រើន​បំផុត​ក្នុង​អំឡុង​ពេល​ដែល​លោក Biden កាន់​តំណែង​ជា​ប្រធានាធិបតី។ ការណ៍​នេះ​បាន​ជួយ​បង្កើន​លទ្ធភាព​របស់​លោកក្នុងអាច​ព្យាយាមទាក់ទាញ​ការ​គាំទ្រពី​អ្នក​បោះឆ្នោត​ទាំង​ពីរ​គណបក្ស​ចំពោះ​ផែនការ​របស់​លោក បើ​ទោះ​ជា​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​បង្ហាញ​ជំហរ​ប្រឆាំង​ក៏​ដោយ។ ​

ទិដ្ឋភាពនៅ​ក្នុង​សាល​ប្រជុំ​សភា​ក្នុង​ឆ្នាំ​នេះ​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង ដោយសារ​មាន​អ្នកស្រី Kamala Harris អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ អង្គុយ​នៅ​ពី​ក្រោយ​លោក​ប្រធានាធិបតី។ ហើយ​អ្នកស្រី Harris ក៏​អង្គុយ​នៅ​ជិត​ស្ត្រី​ម្នាក់​ទៀត​ដែរ នោះ​គឺ​អ្នកស្រី Nancy Pelosi ដែល​ជា​ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោក​ប្រធានាធិបតី Biden បាន​ទទួល​ស្វាគមន៍​អ្នកស្រី Harris ដោយ​និយាយ​ថា៖ «ជម្រាប​សួរ​អ្នកស្រី​អនុ​ប្រធានាធិបតី»។

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris (ឆ្វេង) និង​ប្រធាន​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Nancy Pelosi ជជែក​គ្នា​នៅ​មុន​លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់ កាល​ពី​ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

ទិដ្ឋភាព​នៃ​សភា​ទាំង​មូល​មិន​មាន​លក្ខណៈ​ដូចគ្នា​នេះ​ទេ​នៅ​ក្នុង​អាណត្តិ​ប្រធានាធិបតី​មុនៗ​លោក Biden។ លើក​នេះ សមាជិក​សភា​ទាំង​អស់​ត្រូវ​អង្គុយ​ឃ្លាត​គ្នា មាន​ចៅក្រម​តុលាការ​កំពូលតែ​ម្នាក់មាន​វត្តមាន​នៅ​ទីនោះ ហើយ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​បាន​លើកឡើង​ថា «មាន​ការ​រវល់​ជាន់​គ្នា» មិន​អាច​ចូលរួម​បាន​ទេ។​

គេ​ក៏​មិន​មាន​ការ​ចាត់តាំង​ឲ្យ​មាន​ «ប្រធានាធិបតី​ត្រៀម​បម្រុង​ម្នាក់»នោះ​ទេ ដោយ​សារ​តែ​មិន​មាន​សមាជិក​គណៈរដ្ឋមន្ត្រី​ច្រើន​នៅ​ទីនោះ​ទេ ហើយ​មិន​សូវ​មាន​មនុស្សច្រើន​នោះ​ទេ​នៅ​ក្នុង​សាល​ប្រជុំ​សភា ដែល​ធ្វើ​ឲ្យ​គេ​អាច​ឮ​សូរ​សំឡេង​ទះ​ដៃ​លាន់​ខ្ទរ​ពី​ជញ្ជាំង​មក​វិញ។

លោក​ប្រធានាធិបតីបាន​លើក​សំណើ​ឱ្យ​មាន​មត្តេយ្យ​សម្រាប់កុមារ​គ្រប់​រូប ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល​២​ឆ្នាំ​នៅ​មហាវិទ្យាល័យ​សហគមន៍ គម្រោងដែល​មាន​ទឹកប្រាក់ ២២៥​ ពាន់លាន​ដុល្លារ​សម្រាប់​កម្មវិធី​ថែទាំ​កុមារ​ និង​ប្រាក់​ប្រចាំ​ខែ​យ៉ាង​តិច​ណាស់ ២៥០ ដុល្លារ​សម្រាប់​ឪពុកម្តាយ។ គំនិត​របស់​លោក​ Biden សំដៅ​ដោះស្រាយ​ចំណុច​ខ្សោយ​នានា​ដែល​បាន​ផុស​ឡើង​ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ហើយ​លោក​បាន​អះអាង​ថា​ កំណើន​សេដ្ឋកិច្ចនឹង​កើត​មានឡើង​បាន​ល្អ​បំផុត​ពី​ការ​យក​ពន្ធពី​អ្នក​មាន​ទៅ​ជួយ​អ្នក​មាន​ជីវភាព​មធ្យម​និង​អ្នក​ក្រីក្រ។​

លោក Biden បាន​ថ្លែង​ថា៖ «ខ្ញុំ​អាច​ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ​បាន​ថា សហរដ្ឋ​អាមេរិកចាប់​ដំណើរការ​វិញ​ហើយ តាមរយៈ​ការ​ប្រែក្លាយ​គ្រោះថ្នាក់​ឱ្យ​ទៅ​ជា​លទ្ធភាព វិបត្តិ​ឱ្យ​ទៅ​ជា​ឱកាស និង​បរាជ័យ​ឱ្យ​ទៅ​ជា​សក្ដានុពល»។

ដោយ​ចាប់​យក​ឱកាស​ដែល​កើត​ចេញ​ពី​ទុក្ខភ័យ​នេះ លោក Biden បាន​សម្រេច​ចាត់វិធានការ​ធំៗ​ជា​ជាង​វិធានការ​សន្សឹមៗ។ ប៉ុន្តែ​លោក​នឹង​ត្រូវ​គេ​បង្ខំ​ឱ្យជ្រើស​រើស​មាគ៌ា​ដ៏ប្រយ័ត្ន​ប្រយែង​មួយ​ រវាង​ក្រុម​គណបក្ស​សាធារណរដ្ឋ​ដែល​រិះគន់​ពី​ការ​ពង្រីក​អំណាចរដ្ឋាភិបាល​សហព័ន្ធ​ខ្លាំង​ពេក និង​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ ដែល​បារម្ភ​ថា​លោក Biden នឹង​មិន​ជំរុញ​កំណែទម្រង់​ឲ្យ​បាន​គ្រប់គ្រាន់។

លោក Biden ក៏​បាន​ថ្លែង​អំពី​បញ្ហា​មួយ​ដែល​ប្រធានាធិបតី​អាមេរិកនានា​កម្រ​លើក​យក​មក​ប្រឈម​ គឺថា​ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ដែល​ប្រព័ន្ធ​នយោបាយ​បែប​ផ្តាច់​ការ​ដូច​ជា​ចិន ប្រជាជាតិ​អាមេរិក​ត្រូវ​ «បង្ហាញ​ឱ្យ​ឃើញ​ថា​របប​ប្រជាធិបតេយ្យ​នៅ​តែ​មាន​ដំណើរការ» គឺ​នៅ​ក្រោយ​ប្រធានាធិបតី​មុន​លោក ដែល​នោះ​គឺ​លោក Donald Trump។ លោក Trump ធ្លាប់​បាន​ចោទ​ដោយ​គ្មាន​ភ័ស្តុតាង​អំពី​ការ​លួច​បន្លំ​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និង​អំពើ​កុបកម្ម​វាយលុក​ទៅ​លើ​វិមាន​សភា​មក។​

ទិដ្ឋភាព​សាល​ប្រជុំ​វិមាន​សភា​ទាំង​មូល​នៅ​ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

លោក​ប្រធានាធិបតី Biden ថ្លែង​ថា៖ «នៅ​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង​រួម​គ្នា​របស់​យើង យើង​បាន​ធ្វើការ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ជំនឿ​របស់​ប្រជាពលរដ្ឋចំពោះ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ដែល​ផ្តល់​នូវ​ផល​ប្រយោជន៍» ដោយ​លោក​ចង្អុល​បង្ហាញ​អំពី​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ និង​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។

ចំណែក​ផ្នែក​នយោបាយ​អន្តរជាតិ​វិញ ក្រោយ​រយៈពេល​៤​ឆ្នាំ​នៃ​គោលនយោបាយ​ការ​បរទេស​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ដែល​ផ្ដោត​លើ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ជា​អាទិភាព លោក Biden បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​ដឹកនាំ​ជាមួយ​នឹង​ក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

លោក Biden បាន​ថ្លែង​ថា ក្នុង​ការ​ពិភាក្សា​របស់​លោក​ជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក Xi Jinping ​លោក​ Biden ថា​លោកស្វាគមន៍​ការ​ប្រកួត​ប្រជែង​ខាងសេដ្ឋកិច្ច​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ ប៉ុន្តែ «យើង​មិន​ចង់​ឲ្យ​មាន​ជម្លោះ​នោះ​ទេ»។ លោក Biden បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​នឹង​ប្រឆាំង​នឹង​របៀបធ្វើ​ពាណិជ្ជកម្ម​ណា​ ​បន្ថយអត្ថប្រយោជន៍​សម្រាប់​កម្មករ និង​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក ហើយ​ថា សហរដ្ឋ​អាមេរិកក៏​នឹង​មិន​ដក​ថយ​ចេញ​ពី​ការ​ប្ដេជ្ញាឲ្យ​មាន​សិទ្ធិ​មនុស្ស និង​សេរីភាពជា​មូលដ្ឋាន​នោះ​ដែរ។ ​

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពីស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​រួច​មក លោក Biden បាន​និយាយ​ថា លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថា សហរដ្ឋ​អាមេរិក​មិន​ចង់​ឲ្យ​រឿង​កាន់​តែ​ធំ​នោះ​ទេ ប៉ុន្តែ​សកម្មភាព​របស់​រុស្ស៊ី​ដែល​បាន​ធ្វើ​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម។ លោក​ក៏​បាន​គូស​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​អាច​សហការ​គ្នា​ទៅ​លើ​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ដូចជា​ក្នុង​ផ្នែកការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។

ចំពោះ​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​កូរ៉េខាងជើង លោក Biden ថ្លែង​ថា រដ្ឋបាល​របស់​លោក​នឹង «ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​យើង​ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ពី​ប្រទេស​ទាំង​ពីរ​នេះ តាមរយៈ​ការ​ទូត ក៏​ដូច​ជា​ការ​បង្ការ​ទប់ទល់​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ»។

ក្រោយ​ពី​ប្រកាស​អំពី​ការ​ដក​កងកម្លាំង​សហរដ្ឋ​អាមេរិក​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានឱ្យ​អស់​ត្រឹម​ថ្ងៃ​ទី​១១ ខែ​កញ្ញា​មក លោកBiden ថ្លែង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ការ​គំរាមកំហែង​ដែល​ខ្លួន​ប្រឈម ដែល​រួម​មាន​ទាំង​ការ​គំរាមកំហែង​មក​ពី​ក្រុម al-Qaida ក្រុម​រដ្ឋ​ឥស្លាម​ពី​ក្រៅ​ប្រទេស និង​ពី​ក្រុមជន​ស្បែក​ស​ដែល​រើស​អើង​ជាតិ​សាសន៍​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដែល​អាច​បង្ក​អំពើ​ភេរវកម្ម​ផង​ដែរ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា និង​លោក សឹង សុផាត