ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថានឹងមានបទឈប់បាញ់ថ្មីមួយក្នុងតំបន់ហ្កាហ្សាកើតឡើងនៅដើមសប្តាហ៍ក្រោយ ខណៈដែលប្រតិភូនៃប្រទេសមួយចំនួន កំពុងចរចាដើម្បីផ្អាកការប្រយុទ្ធគ្នាចាប់តាំងពីចុងខែវិច្ឆិកាកន្លងទៅ។
ក្រុមអ្នកចរចាបានប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីផ្អាកការប្រយុទ្ធគ្នារយៈពេល ៦ សប្តាហ៍។ កិច្ចព្រមព្រៀងថ្មីនេះរួមមានការដោះលែងចំណាប់ខ្មាំង ដែលកំពុងជាប់ឃុំដោយក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ក៏ដូចជាការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលកំពុងជាប់ឃុំដោយអ៊ីស្រាអែលផងដែរ។
ការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌ជាច្រើនរយគ្រឿងចូលទៅក្នុងតំបន់ហ្កាហ្សា ក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា បទឈប់បាញ់បណ្តោះអាសន្នមួយ នឹងមិនផ្លាស់ប្តូរផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារតាមផ្លូវគោកទៅលើទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការលុបបំបាត់ក្រុមហាម៉ាស់នោះឡើយ។
ការរំពឹងទុកលើប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah បង្កើតឱ្យមានក្តីបារម្ភជាអន្តរជាតិ ដោយសារតែមានពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់កំពុងរស់នៅទីនោះ ដែលភាគច្រើនជាអ្នករត់គេចខ្លួនដើម្បីសុវត្ថិភាពមកពីកន្លែងផ្សេងៗក្នុងតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃអង្គារនេះ ពីការវាយប្រហារតាមផ្លូវអាកាសក្នុងថ្ងៃទីពីរជាប់ៗគ្នាលើប្រទេសលីបង់ ដោយសំដៅលើក្រុមសកម្មប្រយុទ្ធ Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់នៅថ្ងៃអង្គារនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារគ្រាប់រ៉ុក្កែតរបស់ក្រុមសកម្មប្រយុទ្ធ Hezbollah លើទីតាំងយោធាមួយកន្លែងនៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលកងទ័ពអ៊ីស្រាអែលថា មិនមានការខូចខាតអ្វីនោះឡើយ។
ក្រុម Hezbollah បានបាញ់ទម្លាក់ដ្រូនអ៊ីស្រាអែលមួយគ្រឿងកាលពីថ្ងៃចន្ទ ដែលនាំឱ្យមានការវាយប្រហារតាមអាកាសតបវិញដោយអ៊ីស្រាអែលនៅជិតទីក្រុង Baalbek របស់លីបង់ ដែលក្រុម Hezbollah ថាមានអ្នកស្លាប់ចំនួន ២ នាក់៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។