លោក Biden ខ្វល់ខ្វាយពី​ការលេច​​​ព័ត៌មាន​សម្ងាត់ នៅ​ពេល​មានសេចក្តី​លម្អិត​អំពី​​អត្តសញ្ញាណ​ប្រភព

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក លើកទី ១០ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោកប្រធានាធិបតី Joe Biden​ បាន​សម្តែងកង្វល់កាលពីថ្ងៃព្រហស្បតិ៍​អំពី​ការលេច​ឯក​សារយោធា​សម្ងាត់ ​នៅ​ពេលមានសេចក្តីលម្អិតអំពីបុគ្គលិក​យោធា​ម្នាក់ដែល​បានបង្ហោះផ្សាយ​ឯកសារ​ទាំង​នេះតាមបណ្តាញ​អ៊ីនធឺណិត។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការលេចឯកសារ​ទាំង​នេះដែលក្រសួងការពារ​ជាតិស.រ.អ.​បាន​ហៅ​ថា​ជា​ការគ្រោះ ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​ដល់​សន្តិសុខ​ជាតិ​បានលាត​ត្រដាង​ឱ្យ​ដឹងថា​ស.រ.អ.​ខ្វល់ខ្វាយ​អំពីការធ្វើឱ្យ​សម្រេច​ការវាយ​លុកតបត​របស់​អ៊ុយក្រែន​ប្រឆាំងនឹងកងកម្លាំង​រុស្ស៊ី ហើយ​បង្ហាញ​ថាស.រ.អ.បានធ្វើ​ចារកម្មលើពួក​សម្ព័ន្ធមិត្តគឺប្រទេសអ៊ីស្រាអែល​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

រូបភាព​នៃ​ឯកសារ​ទាំង​នេះត្រូវ​បាន​ផ្សាយ​តាមបណ្តាញសង្គម​ច្រើន​សប្តាហ៍​មក​ហើយ ហើយនាំ​ឱ្យ​មាន​ការច្របូក​ច្របល់​ចាប់តាំង​ពី​ឯកសារ​ទាំង​នេះត្រូវ​បានបោះពុម្ពផ្សាយ​ដោយបណ្តាញ​ព័ត៌មាន​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

សមាជិកពីរ​នាក់នៃ​ក្រុមបណ្តាញ​ព័ត៌មានសង្គម Discord បាននិយាយប្រាប់កាសែត Washington Post ថាឯកសារ​នេះរាប់រយ​ទំព័រ​ត្រូវបានបង្ហោះនៅ​ទី​នោះ ដោយបុរស​ម្នាក់​ដែល​បាន​និយាយ​ប្រាប់​ពួកគេថា​ខ្លួន​ធ្វើការនៅឯ​មូលដ្ឋាន​យោធាស.រ.អ.មួយ​ហើយ​បាននាំយក​ឯកសារ​នេះ​មកផ្ទះ​ខ្លួន។

ពួក​សមាជិកក្រុម​នេះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​នេះ​ដោយ​មានលក្ខខណ្ឌ​មិនឱ្យ​គេ​បញ្ចេញឈ្មោះ​ថាបុរស​នោះដែល​ប្រើ​ឈ្មោះ​ហៅ​ក្រៅ​ថា‍«OG‍»បាន​ផ្សាយ​ឯកសារ​តាមរយៈ​ក្រុម​នេះច្រើន​ខែមក​ហើយ។

កាសែត Washington Post បានរាយការណ៍​ថា​ព័ត៌មាន​ខ្លះ​នៅក្នុង​ឯកសារ​ទាំង​នេះ​មាន​សរសេរ​ថា «NOFORM‍» មានន័យថាឯកសារ​នេះមិនត្រូវ​ចែកចាយ​ឱ្យ​ជន​បរទេស​បានដឹង​ទេ។

កាសែត Washington Post បានរាយការណ៍​ថា​ក្រុម​នេះ​មានគ្នីគ្នា​ប្រមាណ២៤នាក់​ មាន​រួម​មនុស្ស​មកពី​ប្រទេ​សរុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែនផង​ដែល​មាន«ទឹក​ចិត្ត​ដូចគ្នា​ក្នុង​ការស្រឡាញ់​កាំភ្លើង សម្ភារៈយោធានិង​ព្រះអាទិទេព‍»​ហើយ​បានបង្កើត«ផ្ទះ​ក្លិប​មួយ​តាមសេចក្តី​អញ្ជើញ​កាលពី​ឆ្នាំ២០២០​តាមបណ្តាញ Discord‍»៕