ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា លោកបានលុបចោលបំណុលនិស្សិតសម្រាប់ពលរដ្ឋអាមេរិកាំងចំនួន ៥៥.០០០ នាក់បន្ថែមទៀត ដែលស្មើនឹងការលុបចោលបំណុលចំនួន ៤,២៨ ពាន់លានដុល្លារនៅក្នុងខែចុងក្រោយរបស់លោកជាប្រធានាធិបតី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការលុបចោលបំណុលដ៏ច្រើននេះគឺសម្រាប់ «គ្រូបង្រៀន គិលានុបដ្ឋាក កងទ័ព មន្ត្រីអនុវត្តច្បាប់ និងបុគ្គលិកសេវាសាធារណៈផ្សេងទៀតដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីផ្ដល់ជូនសហគមន៍របស់ខ្លួនវិញ»។ នេះបើតាមការបញ្ជាក់របស់លោក Biden នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញដោយសេតវិមានកាលពីថ្ងៃសុក្រ។
បូករួមនឹងអ្នកដែលទើបនឹងទទួលបានការលើកលែងបំណុលនិស្សិតទាំងនេះ គេឃើញថា «មនុស្សជិត ៥ លាននាក់» បានទទួលការលើកលែងបំណុលទាំងនេះក្នុងអំឡុងរដ្ឋបាលរបស់លោក Biden។
លោក Biden បាននិយាយថា៖ «តាំងពីថ្ងៃទីមួយនៃរដ្ឋបាលរបស់ខ្ញុំមក ខ្ញុំបានសន្យាថានឹងធ្វើឱ្យប្រាកដថាការអប់រំកម្រិតឧត្តមសិក្សាគឺជាគន្លឹះសម្រាប់ការឈានទៅក្លាយជាពលរដ្ឋដែលមានជីវភាពសមរម្យ មិនមែនជាឧបសគ្គរារាំងឱកាសនោះទេ»។
រដ្ឋមន្ត្រីក្រសួងអប់រំអាមេរិកលោក Miguel Cardona បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការសម្រេចយល់ព្រមលើកលែងបំណុលនិស្សិតកាលពីថ្ងៃសុក្រនោះបានធ្វើឱ្យបំណុលនិស្សិតសរុបដែលត្រូវបានលើកលែងក្នុងអាណត្តិ ៤ ឆ្នាំរបស់លោក Biden មានចំនួន «ជិត ១៨០ ពាន់លានដុល្លារសម្រាប់អ្នកខ្ចីជិត ៥ លាននាក់»។
លោក Biden បានបង្កើតកម្មវិធីលើកលែងបំណុលនេះនៅក្នុងឆ្នាំ ២០២២ ដើម្បីលុបចោលបំណុលនិស្សិតចំនួនរាប់រយពាន់លានដុល្លារ។ កម្មវិធីនេះធ្វើឱ្យអ្នកខ្ចីមួយចំនួនទទួលបាននូវការលុបចោលបំណុលចំនួន ២០.០០០ ដុល្លារ និងអ្នកខ្ចីភាគច្រើនទទួលបាននូវការលុបចោលបំណុលចំនួន ១០.០០០ ដុល្លារ៕