យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់អាណត្តិទី២របស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅនេះ បានការពារគណនីបណ្តាញសង្គមទិកតុក (TikTok) ថ្មីរបស់ខ្លួនថា វាជាមធ្យោបាយសំខាន់ក្នុងការជំរុញការទាក់ទាញរបស់ខ្លួនដល់អ្នកបោះឆ្នោតវ័យក្មេង ទោះបីជារដ្ឋបាលរបស់លោកបានបន្តលើកឡើងអំពីការព្រួយបារម្ភអំពីសុវត្ថិភាពដែលថា តើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនេះអាចចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលកុម្មុយនិស្តចិនដែរឬទេ។
យុទ្ធនាការរបស់លោក Biden បានចាប់ផ្តើមប្រើ TikTok នេះ ដោយបង្ហាញពីលោកប្រធានាធិបតីដែលត្រូវបានគេសាកសួរនៅឯការប្រកួតផ្តាច់ព្រ័ត្រកីឡា Football អាមេរិក Super Bowl កាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយមានរួមបញ្ចូលនូវទ្រឹស្ដីឃុបឃិតខាងនយោបាយដែលផ្ដោតលើតារាចម្រៀងដ៏ល្បីឈ្មោះ គឺនាង Taylor Swift។
លោក Rob Flaherty អនុប្រធានគ្រប់គ្រងយុទ្ធនាការសម្រាប់អាណត្តិទី២របស់លោក Biden នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបង្ហាញខ្លួនជាលើកដំបូងនៅលើ TikTok របស់លោកប្រធានាធិបតីកាលពីយប់មិញ — ដោយមានការមើលច្រើនជាង ៥ លានដង ហើយចំនួននៃការមើលនឹងកើនឡើងទៀតនោះ — គឺជាភស្តុតាងវិជ្ជមាននៃការប្តេជ្ញាចិត្ត និងភាពជោគជ័យរបស់យើងក្នុងការស្វែងរកវិធីច្នៃប្រឌិតថ្មី ដើម្បីឈោងទៅដល់អ្នកបោះឆ្នោតនៅក្នុងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលមានការវិវត្ត ការបែងចែកជាច្រើន និងមានលក្ខណៈផ្ទាល់ខ្លួនកាន់តែខ្លាំងឡើង»។
ក៏ប៉ុន្តែ ទោះបីជាយ៉ាងនេះក៏ដោយ នៅឯសេតវិមាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា៖ «នៅតែមានការព្រួយបារម្ភអំពីសន្តិសុខជាតិអំពីការប្រើប្រាស់ TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាល ហើយមិនមានការផ្លាស់ប្តូរចំពោះគោលនយោបាយរបស់យើងដែលមិនអនុញ្ញាតឱ្យប្រើនោះទេ»។
លោក Kirby បានបង្វែរសំណួរភាគច្រើនអំពីការប្រើប្រាស់ TikTok ទៅកាន់យុទ្ធនាការ របស់លោក Biden ជាអ្នកឆ្លើយ ហើយជៀសវាងមិនឆ្លើយសំណួរទូទៅមួយអំពីថាតើការប្រើកម្មវិធីនេះ ជារឿងវៃឆ្លាតដែរឬទេ។ លោកបាននិយាយថា បញ្ហាសុវត្ថិភាពដែលអាចកើតមាន«គឺពាក់ព័ន្ធទៅនឹងការបារម្ភអំពីការរក្សាទុកទិន្នន័យ និងការប្រើប្រាស់ទិន្នន័យនិងព័ត៌មានឯកជនភាពមិនត្រឹមត្រូវដោយជនបរទេស»។
ទាំងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI និង គណៈកម្មការគមនាគមន៍សហព័ន្ធបានព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដែលជាម្ចាស់ TikTok អាចចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ ដូចជាប្រវត្តិរុករក ទីតាំង និងអត្តសញ្ញាណជីវមាត្រ (biometrics) — ជាមួយរដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសនោះ។ នៅក្នុងឆ្នាំ២០២២ លោក Biden បានចុះហត្ថលេខាលើច្បាប់ហាមឃាត់បុគ្គលិកជិត៤ លាននាក់របស់រដ្ឋាភិបាលសហព័ន្ធមិនឱ្យប្រើប្រាស់ TikTok នៅលើឧបករណ៍ដែលគ្រប់គ្រងដោយភ្នាក់ងាររបស់ខ្លួន ដោយមានការលើកលែងមានកំណត់សម្រាប់ការអនុវត្តច្បាប់ ក្នុងគោលបំណងស្រាវជ្រាវផ្នែកសន្តិសុខ និងសន្តិសុខជាតិ។
ដោយឡែក គណៈកម្មាធិការសម្ងាត់ និងដ៏មានឥទ្ធិពលលើការវិនិយោគបរទេសនៅសហរដ្ឋអាមេរិកបាននិងកំពុងពិនិត្យមើល TikTok នេះអស់ពេលជាច្រើនឆ្នាំមកហើយ ខណៈដែលព្យាយាមមិនបានជោគជ័យក្នុងការបង្ខំឱ្យម្ចាស់ TikTok ដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ខ្លួន។ សេតវិមានបាននិយាយនៅថ្ងៃទី១២ ខែកុម្ភៈ ថា ការត្រួតពិនិត្យឡើងវិញនេះកំពុងបន្តធ្វើ។
ដោយមានអ្នកប្រើប្រាស់ចំនួន១៥០លាននាក់នៅសហរដ្ឋអាមេរិក TikTok ត្រូវបានគេស្គាល់ថាជាវីដេអូខ្លីៗដែលបង្ហាញពីក្បាច់រាំដែលមានប្រជាប្រិយភាព។ ក៏ប៉ុន្តែ លោក Josh Hawley សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Missouri ខាងគណបក្សសាធារណរដ្ឋបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា យុទ្ធនាការរបស់លោក Biden គឺ«អួតអំពីការប្រើប្រាស់កម្មវិធី app ចារកម្មរបស់ចិន ទោះបីជាលោក Biden ខ្លួនឯង បានចុះហត្ថលេខាលើច្បាប់ហាមឃាត់មិនឱ្យប្រើប្រាស់វានៅលើឧបករណ៍របស់រដ្ឋាភិបាលសហព័ន្ធទាំងអស់ក៏ដោយ»។
យុទ្ធនាការរបស់លោក Biden បាននិយាយថា ខ្លួនបានគិតគូរចង់បង្កើតគណនី TikTok ជាច្រើនខែមកហើយ ហើយទីបំផុតក៏បានបង្កើតវាឡើងតាមការជំរុញរបស់សកម្មជនដែលជាយុវជន និងអង្គការនានា ដែលបានអះអាងថា កម្មវិធីនេះ គឺជាគន្លឹះក្នុងការឈោងទៅដល់អ្នកបោះឆ្នោតវ័យក្មេង។
យុទ្ធនាការរបស់លោក Biden បាននិយាយថា ខ្លួនកំពុងប្រើប្រាស់ទូរសព្ទដៃដាច់ដោយឡែកមួយដើម្បីប្រើ TikTok ដើម្បីមិនឱ្យវាពាក់ព័ន្ធនឹងការងារ និងទំនាក់ទំនងផ្សេងទៀត រួមទាំងអ៊ីមែលផងដែរ។ យុទ្ធនាការនេះបាននិយាយទៀតថា ខ្លួនបានចាត់វិធានការបន្ថែម ប៉ុន្តែបដិសេធមិនបញ្ចេញឱ្យដឹងពីវិធានការទាំងនោះ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre និយាយថា អ្នកស្រីមិនបានទាក់ទងជាមួយយុទ្ធនាការនេះទេ ហើយមិនមានការប្រាប់ឱ្យដឹងជាមុនថា គណនី TikTok របស់យុទ្ធនាការរបស់លោក Bidenនឹងចាប់ផ្តើមដំណើរការនោះទេ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់