កងទ័ព​អ៊ីស្រាអែល​វាយឆ្មក់​មន្ទីរពេទ្យ​ហ្កាហ្សា​ដើម្បី​ស្វះស្វែងរក​ពួក​ហាម៉ាស់

ទាហានអ៊ីស្រាអែលនៅបរិវេណមន្ទីរពេទ្យ Al Shifa ចំពេលប្រតិបត្តិការវាយប្រហារ​តាម​ផ្លូវគោករបស់ពួកគេប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ នៅក្នុងរូបភាពនេះពីវីដេអូដែលទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣ ។

ទាហាន​អ៊ីស្រាអែលបាន​វាយឆ្មក់​មន្ទីរពេទ្យShifa នៅ​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ម៉ោង​នៅ​ក្នុង​ស្រុក​ដើម្បី​ស្វែងរក​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​បន្ទាប់ពីផ្តល់​ការព្រមាន​ដល់​ពួក​មន្ត្រី​សុខាភិបាល​ប៉ុន្មាន​នាទី​មក។

កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​ឬIDFបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​«ផ្អែកលើ​ព័ត៌មាន​នៃ​ការស៊ើបការណ៍​សម្ងាត់​និង​ភាពចាំបាច់​នៃ​កិច្ចប្រតិបត្តិការ កងទ័ពIDFនឹង​ធ្វើ​កិច្ច ប្រតិបត្តិការ​ជាក់លាក់ប្រឆាំង​នឹង​ពួក​ហាម៉ាស់​នៅ​ក្នុង​តំបន់​ជាក់លាក់​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ Shifa»។ សេចក្តីថ្លែងការណ៍​នោះ​បាន​ជំរុញ​ឱ្យអ្នក​ប្រយុទ្ធហាម៉ាស់​ទាំង​អស់​ចុះចេញ។

កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល ​បាន​និយាយ​ទៀត​ថា​កងទ័ព​របស់​ខ្លួន​មាន​«ក្រុម​វេជ្ជសាស្ត្រ​និង​អ្នក​និយាយ​ភាសា​អារ៉ាប់​ដែល​បាន​ទទួល​ការហ្វឹកហាត់​ជាក់លាក់​ដើម្បី​ប្រុងប្រៀប​សម្រាប់​បរិយាកាស​ស្មុគ្រស្មាញ​និង​សាំញ៉ាំ​នេះ ដោយ​មាន​គោល​បំណង​មិន​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ទេ»។

អគ្គនាយក​នៃ​ក្រសួង​សុខាភិបាល​ហ្កាហ្សា លោក​វេជ្ជបណ្ឌិត Munir al-Burshបាន​ប្រាប់​ទូរទស្សន៍Al Jazeera ថា​កងទ័ព​អ៊ីស្រាអែល​បាន​វាយ​ឆ្មក់​ផ្នែក​ខាង​លិច​នៃ​បរិវេណ​មន្ទីរពេទ្យ​នេះ។

នៅ​ពេល​មុន​នេះ សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​ការអះអាង​របស់​អ៊ីស្រាអែល​ថា​ក្រុម​ហាម៉ាស់​ដែលសហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម​កំពុង​ប្រើប្រាស់​មន្ទីរពេទ្យ​ជា​ជម្រក​សម្រាប់​ពួក​អ្នក​ប្រយុទ្ធ​របស់​ខ្លួន។ អ៊ីស្រាអែល​និយាយ​ថា​មន្ទីរពេទ្យ Shifa មាន​មជ្ឈមណ្ឌល​បញ្ជាការ​នៅ​ក្រោម​នោះ។

អ៊ីស្រាអែល​មិន​បាន​ផ្តល់​រូបថត​ឬ​វីដេអូ​ដើម្បី​គាំទ្រ​ការអះអាង​របស់​ខ្លួន​អំពី​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅឯ​មន្ទីរពេទ្យ Shifa ទោះ​ជា​យ៉ាង​ណាក៏ដោយ អ៊ីស្រាអែល​បាន​ចែក​រំលែក​រូប ភាព​របស់​ជន​សកម្ម​ប្រយុទ្ធ​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​សង្កាត់​ដែល​មាន​ពួក​អ្នក​ស្រុក​រស់​នៅហើយ​បាន​ដាក់​រ៉ុក្កែត​និង​អាវុធ​នៅ​ជិត​សាលារៀន​និង​វិហារ​ឥស្លាម។

ក្រុម​ហាម៉ាស់​និង​មន្ទីរពេទ្យ​បាន​បដិសេធ​ការចោទ​ប្រកាន់​នេះ៕

អ្នកឆ្លើយឆ្លង​ព័ត៌មាន​អង្គការ​សហ​ប្រជាជាតិ​ អ្នកស្រី​Margaret Besheer​ និង​ប្រធាន​ការិយាល័យ​ព័ត៌មាន​សេតវិមាន​ អ្នកស្រី​Patsy Widakuswara​ បាន​ចូលរួម​ចំណែក​ក្នុង​របាយការណ៍​នេះ។ ព័ត៌មាន​មួយ​ចំនួន​សម្រាប់​អត្ថបទ​នេះ​បាន​មកពី​ ទីភ្នាក់ងារ​សារព័ត៌មាន​The Associated Press, Reuters និង Agence France-Presse ។