លោក Biden អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​និង​ពិភពលោក​នៅថ្ងៃ​ខួប​នៃ​ការវាយ​ប្រហារ​លើ​វិមាន​សភា​សហរដ្ឋ​​អាមេរិក

លោកប្រធានាធិបតី Joe Biden ថ្លែងពី Statuary Hall នៅវិមានសភាសហរដ្ឋអាមេរិក ដើម្បីប្រារព្ធខួបមួយឆ្នាំនៃកុបកម្មថ្ងៃទី៦ ខែមករា កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន។ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Biden បាន​អំពាវនាវ​ប្រកប​ដោយ​ការរំជួលចិត្ត​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​នៅ​ថ្ងៃខួប​ទី១​នៃ​ការប៉ុនប៉ង​ធ្វើ​កុបកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា ជា​ការស្ទង់​អត្តសញ្ញាណ​របស់​ជាតិ។

លោក​ប្រធានាធិបតី Biden បាន​សួរ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ជាទីកន្លែង​ដែល​ពួក​បាតុករ​ហិង្សា បាន​ចូល​លុកលុយ​កាល​ពី១​ឆ្នាំ​មុន បាន​បំផ្លិច​បំផ្លាញ លួច​របស់​របរ​និង​ស្វះស្វែងរក​មេដឹកនាំ​សភា​ជាន់​ខ្ពស់​ថា «តើ​យើង នឹង​ក្លាយ​ជា​ប្រទេស​មួយ​ដែល​សុខចិត្ត​ទទួល​យក​អំពើ​ហិង្សា​នយោបាយជា​រឿងធម្មតា​មួយ​ដែរ​ឬ​ទេ?។ តើ​យើង នឹង​ក្លាយ​ជា​ប្រទេស​ជាតិ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​មន្ត្រី​គណបក្ស​មួយ​ប្រែក្រឡាស់​ឆន្ទៈ​នៃ​ការសម្តែង​មតិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ដែរ​ឬទេ?។

ក្នុង​អំឡុង​ពេល​នៃ​កុបកម្ម​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០២១ ពួក​អ្នក​គាំ ទ្រ​អតីត​ប្រធានាធិបតី Donald Trump បាន​រុញច្រាន​ប៉ូលិស សម្រុក​ចូល​វិមាន​សភា​ហើយ​បាន​ប៉ុនប៉ង​បញ្ឈប់​សមាជិក​សភា​មិនឲ្យ​ទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​លោក Biden នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០។ លោក Biden បាន​ជំរុញ​ប្រជាពលរដ្ឋ​អាមេរិកាំង​ឲ្យ​ជ្រើសរើស​អត្តសញ្ញាណ​របស់​ខ្លួន។

លោក​ប្រធានាធិបតី Biden បាន​សួរ​ថា « តើ​យើង​នឹង​ក្លាយ​ជា​ប្រទេស​ជាតិ​មួយ​ដែល​មិនមែន​រស់នៅ​ក្រោម​ពន្លឺ​នៃ​ការពិត ក៏​ប៉ុន្តែ​នៅ​ក្នុង​ស្រមោល​នៃ​ការភូត​កុហក​ឬ?។ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​ក្លាយ​ជា​ប្រទេស​បែប​នេះ​ទេ។ មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ​គឺ​ត្រូវ​ទទួល​ស្គាល់​ការពិត​និង​គោរព​ការពិត»។

ហើយ​លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ទៀត​ថា ព្រិត្តិការណ៍​នៅ​ថ្ងៃ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ប្រទេស​ផ្សេងៗទៀត។

លោក​ប្រធានាធិបតីBiden មិនបាន​និយាយ​ឈ្មោះ​លោក Trump ចំៗទេ ថ្វីបើ​លោក បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ការស្វះស្វែង​រក​មិន​បាន​ជោគជ័យ​របស់​លោក Trump ដើម្បី​ប្រែក្រឡាស់​ការចាញ់ឆ្នោត​របស់​លោក កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក។

មិនយូរ​ប៉ុន្មាន​ក្រោយមក លោក Trumpបាន​ចេញ​សេចក្តីថ្លែងការណ៍មួយ ចោទលោក Biden ថា​ព្យាយាម​បំបែកបំបាក់​ប្រទេស​ជាតិ​នៅ​ក្នុង​ការ​ថ្លែងសារ​របស់​លោក។

លោក Trump បាន​ថ្លែងថា «លោក Biden ដែលកំពុង​បំផ្លាញ​ប្រទេសជាតិយើង ជាមួយគោល​នយោបាយ​លីលា​ដោយ​បើកចំហរ​ព្រំដែន ការបោះឆ្នោត​ពុករលួយ គោលនយោបាយ​ថាមពល​បរាជ័យ ការតម្រូវខុស​រដ្ឋធម្មនុញ្ញ និង ការ​បិទសាលារៀននោះ បាន​ប្រើប្រាស់​ឈ្មោះខ្ញុំ​នៅថ្ងៃនេះ​ដើម្បីបំបែក​បំបាក់​ប្រទេស​អាមេរិក​ថែមទៀត។ នេះ​ជា​ឆាកល្ខោន​នយោបាយ​ដើម្បីងាកចេញពី​ការពិត​ដែលថា Biden បាន​ទទួល​បរាជ័យ​ទាំងស្រុង​តែប៉ុណ្ណោះ‍»៕