លោក Biden និង​អ្នកស្រី Harris ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​និង​អនុ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក

លោក Joe Biden ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក និងភរិយាលោកគឺអ្នកស្រី Jill Biden ឈរនៅមុខសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក Joe Biden បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្នុង​ពិធី​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​លើ​រានហាល​កាំជណ្តើរ​នៃ​វិមាន​សភា​សហរដ្ឋ​អាមេរិក។

លោក Biden ដែល​មាន​អាយុ ៧៨ ឆ្នាំ បាន​ក្លាយជា​ប្រធានាធិបតី​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក ក្រោយពី​លោក​បាន​បម្រើ​ការងារ​ជា​សមាជិក​ព្រឹទ្ធសភា​អស់​រយៈពេល ៣៦ ឆ្នាំ និង​ជា​អនុ​ប្រធានាធិបតី​អស់​រយៈពេល ៨ ឆ្នាំ។

លោក​បាន​ស្បថ​ចូល​កាន់​តំណែង ដោយ​សច្ចា​ថា​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក និង​ការពារ​ប្រទេស​ជាតិ​ពី​សត្រូវ​ទាំង​អស់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

នៅ​មុន​លោក​ស្បថ​ចូល​កាន់​តំណែង អ្នកស្រី Kamala Harris ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​តំណាង​រដ្ឋ California បាន​ស្បថ​ចូល​កាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ អ្នកស្រី​បាន​ក្លាយជា​ស្ត្រី​ដែល​កាន់​តំណែង​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ជាង ២០០ ឆ្នាំ​កន្លង​មក​នេះ។ អ្នកស្រី​មាន​ដើម​កំណើត​ជា​ជាតិ​សាសន៍​ស្បែក​ខ្មៅ និង​ឥណ្ឌា។

អ្នកស្រី Kamala Harris ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក នៅវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ថ្លែង​នៅ​ក្នុង​សុន្ទរកថាក្នុង​ពិធីស្បថ​ចូល​កាន់​តំណែង​នេះ លោក Biden បាន​និយាយ​ថា៖ «ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ទទួល​យក និង​ត្រូវ​បាន​គេ​គោរព​តាម។ យើង​បាន​យល់​ដឹង​ជា​ថ្មី​ម្តង​ទៀតថា លទ្ធិ​ប្រជាធិបតេយ្យ​មាន​តម្លៃ ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​ក៏មាន​ភាព​ផុយស្រួយ​ផងដែរ។ ប៉ុន្តែ​នៅ​ពេល​នេះ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ហើយ»។

លោក Biden បាន​បន្ត​ថា៖ «នេះ​ជា​ទិវា​របស់​សហរដ្ឋ​អាមេរិក។ នេះ​ជា​ទិវា​នៃ​លិទ្ធិ​ប្រជាធិបតេយ្យ។ នេះ​ជា​ថ្ងៃ​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​និង​ក្តី​សង្ឃឹម ជា​ថ្ងៃ​នៃ​ការ​បន្ត​និង​ការ​តាំងចិត្ត»។ លោក Biden ក៏​បាន​សង្កត់​ធ្ងន់​ផងដែរ​ថា៖ «ឯកភាព​ជាតិ​គឺជាមាគ៌ា​ឆ្ពោះ​ទៅ​មុខ»។

ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​អតីត​ប្រធានាធិបតី ៣ រូប គឺ​លោក Barack Obama លោក George W. Bush និង​លោក Bill Clinton។

ប៉ុន្តែ លោក Donald Trump ដែលជា​ប្រធានាធិបតី​ទើប​ផុត​អាណត្តិ មិន​បាន​ចូលរួម​នោះ​ទេ ដោយ​លោក​បាន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ប្រពៃណី ១៥២ ឆ្នាំ​កន្លង​មក​នេះ​របស់​សហរដ្ឋ​អាមេរិក ដែល​ប្រធានាធិបតី​អស់​អាណត្តិ​តែង​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី។ លោក Trump បាន​ចាកចេញ​ពី​សេតវិមាន​ទៅ​កាន់​ភូមិគ្រឹះ​របស់​លោក​នៅ​ក្នុង​រដ្ឋ Florida នៅ​ព្រឹក​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden។

ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ​ក៏​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ដ៏​ច្រើន​កុះករ​ដូច​សព្វ​ដង​ផងដែរ ដោយសារតែ​បញ្ហា​សន្តិសុខ​និង​ការ​ព្រួយ​បារម្ភ​រឿង​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ ជំនួស​ដោយ​ការ​ចូលរួម​នេះ គេ​បាន​ដាក់​ទង់ជាតិ​អាមេរិក​រាប់​ពាន់​ទង់​នៅ​ទីលាន National Mall៕