នៅ​ភ្នំពេញ​សំណុំ​រឿង​ស្មុគ្រស្មាញ​ត្រៀបត្រា​ចាំ​ដំណើរ​មន្ត្រី​រដ្ឋបាល​លោក Joe Biden

អ្នកស្រី​ Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​ក្លាយ​ជា​មន្ត្រី​ដំបូង​បង្អស់​នៃ​រដ្ឋបាល​ប្រធានាធិបតី​ Joe Biden ​ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍​និង​កម្ពុជា។​

បើ​តាម​កំណត់​ផ្សាយ​របស់​ក្រសួង​ការ​បរទេស​អាមេរិកាំង​ ​អ្នកស្រី ​Sherman ​ដែល​មាន​អំណាច​ធំ​លំដាប់​លេខ​ពីរ​នៅ​ក្រសួង​នេះ​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ការ​បរទេស​Anthony Blinken​នោះ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​ព្រុចសែល​អង់ការ៉ា​ ចាការតា​ ភ្នំពេញ​បាងកក ​និង​កោះ​ហាវ៉ៃ​ពីថ្ងៃ​២៥​ខែ​ឧសភា​ដល់​ថ្ងៃ​ទី៤​ខែ​មិថុនា។​

«នៅ​ភ្នំពេញ​អ្នកស្រី​អនុរដ្ឋមន្ត្រី​នឹង​ចូលរួម​កិច្ច​ប្រជុំ​បន្ត​គ្នា​មួយ​ចំនួន»។​នេះ​ជា​ការ​ឱ្យ​ដឹង​យ៉ាង​ខ្លី​ពី​ក្រសួង​ការ​បរទេស​អាមេរិក​ដោយ​មិន​បាន​បញ្ជាក់​ឡើយ​ថា​អ្នកស្រី​Sherman​នឹង​មក​ដល់​ភ្នំពេញ​ពេល​ណា​ស្នាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ជួប​នរណា​ខ្លះ​និង​ជជែក​រឿង​អ្វី​ខ្លះ​នោះ​ទេ។​

ខណៈ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ស្រដី​ទុក​ជា​មុន​នោះ​ ក្រុម​អ្នក​តាមដាន​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​លើក​ឡើង​ថា​ ក្នុង​រាជធានី​ភ្នំពេញ​ទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទើប​នឹង​ប្រកាស​ថា​«បើ​មិន​ពឹង​ចិន​ទៅ​ពឹង​នរណា?»​នោះ​មន្ត្រី​អាមេរិក​រូប​នេះ​មុខ​ជា​ជួប​នឹង​សំណុំ​រឿង​ស្មុគ្រ​ស្មាញ​នៅ​ត្រៀបត្រា​រង់ចាំ​ដំណើរ​អ្នកស្រី​រួច​ជា​ស្រេច​ រាប់​ពី​សំណុំ​រឿង​ប្រជា​ធិបតេយ្យ​ដល់​ឥទ្ធិពល​ចិន។

រូបឯកសារ៖ អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy R. Sherman ក្នុងអំឡុងពេលធ្វើសក្ខីកម្មទៅកាន់សមាជិកព្រឹទ្ធសភា នៅវិមានសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៣។

នៅ​ភ្នំពេញ ​អ្នកស្រី ​Sherman​ នឹង​ត្រូវ​ជួប​ផ្ទាល់​នឹង​មន្ត្រី​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដែល​បាន​រំលាយ​បក្ស​ជំទាស់​ធំផុត​នៅ​ឆ្នាំ​២០១៧​បញ្ជូន​មេបក្ស​ជំទាស់​និង​សកម្មជន​ជាង​មួយ​រយ​នាក់​ទៅ​កាត់ទោស​នៅ​តុលាការ​ពី​បទ​ក្បត់ជាតិ​និង​រដ្ឋ​ប្រហារ​និង​ហាម​អ្នក​នយោបាយ​ជំទាស់​លេច​ធ្លោ​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​និង​ជា​ទី​ដែល​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រអ៊ូ​ថា​រង​ការ​រឹតត្បិត។​

កញ្ញា​កឹម មនោវិទ្យា ​កូន​ស្រី​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ Twitter​ របស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖​ «សង្ឃឹម​ថា​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​លើក​និយាយ​ជាមួយ​នឹង​របប​ដឹកនាំ​កម្ពុជា​អំពី​ភាព​ចាំ​បាច់​ក្នុង​ការ​គោរព​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​អំពី​ការ​បោះឆ្នោត​ជូន​បក្ស​និង​មេ​ដឹក​នាំ​តាម​ចិត្ត​ខ្លួន​ចង់​ដែល​សិទ្ធិ​នេះ​ត្រូវ​បាន​ដក​ហូត​ពី​ម្ចាស់​ឆ្នោត​ប្រមាណ​ពាក់​កណ្ដាល​ប្រទេស​ក្នុង​ឆ្នាំ​២០១៧​ពេល​ដែល​គណបក្ស​ជំទាស់​នេះ​ត្រូវ​បាន​រំលាយ​ មេ​ដឹកនាំ​គឺ​លោក កឹម សុខា​ត្រូវ​បាន​ចាប់​ខ្លួន​និង​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​នយោបាយ»។​

យ៉ាងណា​ក៏​ដោយ​អ្នក​នយោបាយ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​រូប​នេះ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​វីអូអេ​នោះ​ទេ​ថា​ពេល​ស្ថិត​នៅ​ភ្នំពេញ​អ្នកស្រី ​Sherman​គ្រោង​នឹង​ជួប​លោក​កឹម សុខា ឬ​យ៉ាង​ណា។

លោក​កឹម សុខា​ត្រូវ​បាន​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​មួយ​ឆ្នាំ​និង​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​មួយ​ឆ្នាំ​ទៀត​មុន​នឹង​សវនាការ​លើ​ការ​ចោទ​ពី​បទ​ក្បត់ជាតិ​ប្រឆាំង​រូប​លោក​ត្រូវ​បាន​លើក​មក​ជំនុំជម្រះ​មួយ​រយៈ​ខ្លី​កាល​ពី​ដើម​ឆ្នាំ​២០២០​ហើយ​រង​ការ​ពន្យារ​ពេល​រហូត​ដល់​សព្វ​ថ្ងៃ។​

កញ្ញា​កឹម មនោវិទ្យា ​បាន​បន្ថែម​ក្នុង​Twitter​ ថា៖ ​«មាន​និន្នាការ​មួយ​ក្នុង​ចំណោម​សហគមន៍​ម្ចាស់​ជំនួយ​និង​ក្រុម​អ្នក​ការទូត​នា​ពេល​ថ្មីៗ​នេះ​ក្នុង​ការ​ដើរ​ដោយ​ប្រយ័ត្ន​ប្រយែង​ជុំវិញ​បញ្ហា​សិទ្ធិ/ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ខណៈ​ដែល​ពួក​គេ​បន្ធូរ​ដៃ​ហាក់​ធ្វើ​ហាក់​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ជាមួយ​របប​ហ៊ុនសែន។​ ប្រជា​ធិបតេយ្យ​របស់​យើង​បាន​ទទួល​មរណភាព​បីឆ្នាំ​មក​ហើយ ។ ​អស់​លោក​ប្រហែល​ជា​បាន​បំភ្លេច​ហេតុ​ការណ៍​នោះ​ តែ​យើង​ជា​ពលរដ្ឋ​កម្ពុជា​មិន​ភ្លេច​នោះ​ទេ»។

បណ្ឌិត​John D. Ciorciari​ សាស្ត្រាចារ្យ​រង​ជំនាញ​ការទូត​នៅ​សាកល​វិទ្យាល័យ​Michigan​បាន​លើក​ឡើង​ថារដ្ឋបាល​លោក​ Joe Biden​ប្រុង​ប្រើ​ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​ជួស​ជុល​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​និង​ពង្រឹង​ការ​ឈរ​ជើង​របស់​ខ្លួន​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។​

អ្នក​ជំនាញ​រូប​នេះ​បាន​សរសេរ​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិក​ថា៖​«នយោបាយ​ការ​បរទេស​អាមេរិក​ចំពោះ​កម្ពុជា​ឆ្លុះ​ចេញ​នូវ​ចរន្ត​ជីពចរ​ចំនួន​ពីរ​គឺ​ទីមួយ​ដាក់​សម្ពាធ​ដើម្បី​ប្រជា​ធិបតេយ្យ​និង​ទីពីរ​សម្រប​តាម​លោក​ហ៊ុន សែន ​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​ចិន។​ទស្សន​កិច្ច​របស់​អ្នកស្រី​Sherman​ហាក់​បង្ហាញ​ថា​ចរន្ត​ទីពីរ​ដែល​ខ្ញុំ​លើក​ឡើង​នោះ​កំពុង​ដឹក​មុខ»។​

អាមេរិក​ធ្លាប់​សម្ដែង​ការ​ស្រងាក​ចិត្ត​រឿង​កម្ពុជា​វាយ​កម្ទេច​អគារ​ជំនួយ​របស់​ខ្លួន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​របស់​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ហ៊ាន​ដល់​ពោល​ពាក្យ​សង្ស័យ​ថា​កម្ពុជា​មាន​គម្រោង​ទទួល​វត្តមាន​យោធា​ចិន​នៅ​ទី​នោះ​និង​នៅ​ខេត្ត​កោះកុង​ផង​ដែរ។​ការ​លើក​ឡើង​នេះ​ធ្លាប់​ត្រូវ​បាន​ច្រាន​ចោល​ជាច្រើន​លើក​ច្រើន​សារ​ដោយ​កម្ពុជា​និង​ចិន។​

រូប​ឯកសារ៖ អ្នកសារព័ត៌មានម្នាក់មើលពីក្នុងរថយន្តក្រុងមួយទៅកាន់ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

លោក​ Gregory Poling​ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​លើ​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈ​មណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​CSIS​ប្រចាំ​ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​វិភាគ​ថា​ប្រធាន​បទ​«រាម»​នឹង​ស្ថិត​ក្នុង​របៀបវារៈ​ដែល​អ្នកស្រី​Sherman​នឹង​លើក​ជាមួយ​មន្ត្រី​ខ្មែរ​នៅ​ភ្នំពេញ។​

អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិក​ថា៖​«វា​ទំនង​ដែល​ថា​ការណ៍​ដែល​ភ្នំពេញ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ដំណើរ​ទស្សនកិច្ច​នេះ​ព្រោះ​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​របស់​សហរដ្ឋ​អាមេរិក​អំពី​វត្តមាន​យោធា​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាមហើយ​ខ្ញុំ​ក៏​ច្បាស់​ដែរ​ថា​ អ្នក​ស្រី​អនុរដ្ឋមន្ត្រី​Sherman​នឹង​លើក​បញ្ហា​ដទៃ​ទៀត​ដូច​ជា​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស»។​

យ៉ាង​ណា​ក៏​ដោយ​ទាំង​ក្រសួង​ការ​បរទេស​កម្ពុជា​និង​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​សុទ្ធ​តែ​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ​អំពី​ពេល​វេលា ​របៀប​វារៈ​និង​ឥស្សរ​ជន​កម្ពុជា​ដែល​អ្នកស្រី​ Sherman​គ្រោង​នឹង​ជួប​នៅ​ភ្នំពេញ​ដែល​ជា​ទីក្រុង​តែ​បី​ប៉ុណ្ណោះ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច។​

លោក​បណ្ឌិត​Ciorciari​នៃ​សាកល​វិទ្យាល័យ​Michigan​ក៏​បាន​លើក​ឡើង​ដែរ​ថា៖ ​«អ្នកស្រី​Sherman​នឹង​បង្ហាញ​ជា​កាយ​វិការ​សុឆន្ទៈ​មួយ​ចំនួន​ដូច​ជា​ជំនួយ​សម្រាប់​ប្រឆាំង​នឹង​កូវីដ​ជាដើម​ ហើយ​អ្នកស្រី​ក៏​ទំនង​ជា​នឹង​រិះគន់​ការ​បង្ក្រាប​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​មិន​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​ខ្លាំង​នោះ​ទេ​តែ​តាម​រយៈ​ការ​បង្ហាញ​នូវ​ឆន្ទៈ​របស់​អាមេរិក​ក្នុង​ការ​ផ្សារ​ភ្ជាប់​ឡើង​វិញ។​ការណ៍​នេះ​អាច​នឹង​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​លោក ហ៊ុន សែន​ឱ្យ​ពិចារណា​នូវ​ជម្រើស​សមស្រប​ក្នុង​ការ​បន្ថយ​ការ​ពឹង​ពាក់​ចិន»។

លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា ចាកចេញ​ពីសវនាការ​លោក​ កឹម សុខា លើ​សំណុំ​រឿង «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ទី៨​ ទី១២ ខែមីនា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

លោក​W. Patrick Murphy​ ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សរសេរ​អត្ថបទ​មួយ​ចុះ​ផ្សាយ​លើ​គេហ​ទំព័រ​មជ្ឈមណ្ឌល​ Stimson ​ក្នុង​ខែ​ឧសភា​នេះ​ថា​ អាមេរិក​ប្រុង​ប្រៀប​ជួយ​កម្ពុជា​រឿង​ដឹក​នាំ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២​ខាង​មុខ​នេះ។​

ក្នុង​សំណេរ​ដដែល​នោះ​ បេសក​ទូត​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នេះ​មិន​ភ្លេច​រំឭក​នោះ​ទេ​អំពី​ការ​ខក​ខាន​មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន​ក្រោម​ការ​ដឹកនាំ​របស់​កម្ពុជា​នា​គ្រា​មុន​ក្នុង​ឆ្នាំ​២០១២។​

លោក​ Murphy​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ ​«ចំណុច​ក្ដៅ​នា​ពេល​នេះ​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​ក្នុង​ទសវត្សរ៍​នៃ​ការ​ធ្វើ​អន្តរាគមន៍​ដែល​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​បាន​បង្កើន​ការ​វាតទី ការ​សាងសង់​និង​ការ​ធ្វើ​យោធូបនីយ​កម្ម​នៃ​ផ្នែក​ផ្សេងៗ​នៅ​ក្នុង​តំបន់»។​

លោក ​Gregory Poling​ នៃ​មជ្ឈមណ្ឌល​CSIS​បាន​លើក​ឡើង​ថា​វ៉ាក់សាំង​ការ​ទូត​របស់​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​មាន​ភាព​យឺត​យ៉ាវ​មិន​ទាន់​ប្រទេស​ចិន​ដែល​ដឹក​ជញ្ជូន​ឱ្យ​កម្ពុជា​ជា​បន្ត​បន្ទាប់​ដែល​ការណ៍​នេះ​លោក​ថា​នាំ​ឱ្យ​ចិន​អាច​មាន​ប្រៀប​ផ្នែក​ការ​ទូត​នៅ​ប្រទេស​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ។​

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ប្រាក់ សុខុន​បាន​ទទួល​ជួប​លោក​W. Patrick Murphy​កាល​ពី​ថ្ងៃ១៧​ខែ​ឧសភា​ដែល​ក្នុង​នោះ​អាមេរិក​បាន​បង្ហាញ​ជំហរ​ចង់​ជួយ​កម្ពុជា​សម្រេច​«ជោគ​ជ័យ»​ក្នុង​ការ​ដឹក​នាំ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។​

នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​មាន​ខ្លឹម​សារ​ដើម​ថា៖​«ទោះ​បី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ក្ដីភាគី​ទាំង​ពីរ​នៅ​តែ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខិត​ខំ​ដោះ​ស្រាយ​រួម​គ្នា​និង​មិន​ធ្វើ​ឱ្យ​បញ្ហា​ទាំង​នោះ​ក្លាយ​ជា​ឧបសគ្គ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ»។​

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង (American Center) ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា កាល​ពីថ្ងៃ​អង្គការ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​ការ​បរទេស​កម្ពុជា​និង​ស្ថាន​ទូត​អាមេរិក​មិន​បញ្ជាក់​លម្អិត​ទេ​ថា​ភាគី​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​ណា​ខ្លះ។

លោកកុយ គួងរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានព្យាយាមបង្ហាញថាទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកមិនមានបញ្ហាអ្វីនោះទេ។លោកបានប្រាប់វីអូអេកាលពីថ្ងៃពុធថា៖«កន្លងមកទំនាក់ទំនងយើងជាមួយនឹងសហរដ្ឋអាមេរិកមិនមានអីប្រែប្រួលទេ ។តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ យើងតែងតែមានទំនាក់ទំនងល្អណា៎កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក»។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​Sherman​ក៏​អាច​ជា​ការ​ព្យាយាម​ជួសជុល​ការ​ខូច​ខាត​នូវ​អវត្តមាន​នៅ​នាទី​ចុង​ក្រោយ​របស់​លោក​Anthony Blinken​ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-សហ​រដ្ឋ​អាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២៥​ខែ​ឧសភា ​កន្លង​ទៅ​ផង​ដែរ។

ព្រឹតិ្តប័ត្រ​ព័ត៌មាន​ Foreign Policy ​បាន​ចុះ​ផ្សាយ​ថា​លោក​ Blinken​ មិន​អាច​ភ្ជាប់​បណ្ដាញ​ដើម្បី​ប្រជុំ​បាន​ទេ​ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​ពី​ប្រទេស​អៀរឡង់​ទៅ​ប្រទេស​អ៊ីស្រាអែល​ដើម្បី​សង្គ្រោះ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ដែល​នាំ​ឱ្យ​សម​ភាគី​អាស៊ាន​ដទៃ​អង្គុយ​ចាំ​អស់​៤៥​នាទី​មុន​នឹង​អ្នកស្រី​ Sherman​បាន​ចូល​មក​អាន​សេចក្ដី​ថ្លែង​ការណ៍​ជំនួស។​

ការណ៍​នេះ​គាប់​ជួន​ពេល​លោក​កុយ គួង​សម្ដែង​ការ​ប្រយ័ត្ន​ប្រយែង​ដោយ​មិន​បរិយាយ​អ្វី​ទាំង​អស់​អំពី​ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​Sherman ​ដោយ​ថា៖​«ហើយ​ទំនាក់ទំនង​ដំណើរ​ទស្សន​កិច្ច​នេះ​ខ្ញុំ​មិន​ទាន់​អាច​បរិយាយ​ឱ្យ​លម្អិត​ជាង​នេះ​បាន​ទេ​ដរាប​ណា​ទស្សន​កិច្ច​មិន​ទាន់​កើត​មាន​ឡើង»។​

អ្នក​វិភាគ​លើក​ឡើង​ថា​ កម្ពុជា​មុខ​ជា​នឹង​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​បំណុល​រាប់​រយ​លាន​ដុល្លារ​ដែល​អតីត​របប​សាធារណ​រដ្ឋ​ខ្មែរ​ជំពាក់​សហរដ្ឋ​អាមេរិក​ដែល​ជា​រឿយៗ​កម្ពុជា​តែង​បាន​ស្នើ​ឲ្យ​លុប​ចោល។​

បណ្ឌិត​John D. Ciorciari​ នៃ​សាកល​វិទ្យាល័យ​Michigan​បាន​ថ្លែង​ថាការ​វិវត្ត​ទៅ​រក​«ការ​ដឹក​នាំ​ឯកបក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា»​នោះ​នាំ​ឱ្យ​អង្គ​នីតិ​បញ្ញត្តិ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​មាន​អំណាច​ក្នុង​ការ​លុប​បំណុល​នោះ​«មុខ​ជា​បដិសេធ»​ជាក់​ជា​មិន​ខាន។​

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​កម្ពុជា​នឹង​ឆ្លើយ​តប​បែប​ណា​បើ​សិន​ជា​អាមេរិក​នឹង​លើក​រឿង​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​មក​ពិភាក្សា​លោក​ កុយ គួង ​បាន​និយាយ​ថា៖ «អ្វី​ដែល​ជា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទាំង​សិទ្ធិ​មនុស្ស​ទាំង​ប្រជាធិបតេយ្យ​គឺ​យើង​តែង​តែ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​រីក​ចម្រើន​ជា​លំដាប់»៕​