១០០​ថ្ងៃ​ក្រោយ​ឡើង​កាន់​តំណែង៖​ តើ​លោក​ Biden ធ្វើ​តាម​ការ​សន្យា​របស់​លោក​អំពី​ការ​ពាក់​ព័ន្ធក្នុង​អង្គការ​ពហុភាគី​ឬ​ទេ?

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។

សេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន — នៅ​ពេល​ចូលកាន់​តំណែង លោក​ប្រធានាធិបតី Joe Biden បាន​សន្យា​រៀប​ចំ​គោល​នយោបាយការ​បរទេស​របស់​សហរដ្ឋ​អាមេរិក តាមគោលការណ៍​នៃការ​ចូល​រួម​ជាមួយ​អង្គការ​ពហុភាគី​ ដែល​ជា​ការ​ងាក​ចេញ​ពី​ទ្រឹស្តី​គិតគូរ​ពី​ផលប្រយោជន៍​របស់​ប្រទេស​អាមេរិកមុនគេ​ នៅ​ក្រោមរដ្ឋបាលប្រធានាធិបតី Donald Trump។

ត​ទៅនេះ​ជា​វិស័យ​ខ្លះដែលលោក Biden បាន​ធ្វើតាមការ​សន្យា​របស់​លោក ក្នុងការ​ទាក់ទង​ជា​ថ្មីជា​មួយពិភពលោក និង​វិស័យ​ខ្លះ​ទៀត ដែល​លោក​ប្រហែល​ជា​មិន​កែប្រែ។

ការ​ប្រែ​ប្រួល​អាកាសធាតុ

កាលពី​ពាក់កណ្តាល​ខែ​មេសា ពិភពលោក​បានឃើញ​ការ​ប្រែប្រួល​គោលនយោបាយ​យ៉ាងធំ​មួយ​ពី​ប្រធានាធិបតី​ម្នាក់ ​ដែល​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​ការសន្យា​ក្នុង​កិច្ច​ព្រមព្រៀងក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ​ ទៅប្រធានាធិបតី​ម្នាក់​ទៀត ដែល​បានកោះ​ប្រជុំ​សន្និសិទ​កំពូលស្តីពីការប្រែប្រួលអាកាសធាតុ​ដែលធ្វើឡើងតាម​អនឡាញ ដោយមាន​ការ​ចូលរួម​របស់​មេដឹកនាំ​ពិភពលោក ៤០​ នាក់ ដើម្បីបង្ហាញ​ថា សហរដ្ឋ​អាមេរិកចង់​អះអាងភាព​ជា​មេដឹកនាំ​ក្នុង​ពិភពលោករបស់ខ្លួន ​ដើម្បី​ប​ន្ថយល្បឿន​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ។

នៅ​ក្នុង​សន្និសីទ​កំពូល​នោះ​ លោក Biden បានប្រកាស​ថា លោកនឹង​កាត់​បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់​ចំនួន​ពាក់កណ្តាល​ មិន​ហួស​ពី​ឆ្នាំ ២០៣០ ទេ​ ដោយ​ប្រៀប​ធៀបនឹង​កម្រិត​កាល​ពី​ឆ្នាំ ២០០៥។ ​ហើយ​លោក​បានឱ្យ​មេដឹកនាំ​ឯ​ទៀតៗ ​ប្រកាស​គោលដៅ​ធំៗ​របស់​ពួក​គេ​ នៅ​មុន​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្តីពីអាកាស​ធាតុ​នៅ​ទីក្រុង Glasgow ប្រទេសស្តុតឡែន ដែលនឹងធ្វើនៅ​ចុង​ឆ្នាំ​នេះ។

សហរដ្ឋអាមេរិក​ក៏​នឹងបង្កើន​ចំណាយថវិកាសាធារណៈ​ប្រចាំ​ឆ្នាំ​ទ្វេដង​ផងដែរ ​ដើម្បី​ជួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ មិនហួស​ពី​ឆ្នាំ ២០២៤។ នេះគឺជាការតាំង​ចិត្ត​ជា​ថ្មីនូវ​ការ​សន្យា​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ដែល​ពួកគេនឹងបង្កើនការចំណាយថវិកាលើវិស័យ​អាកាសធាតុ យ៉ាង​តិច​ណាស់ក្នុងទឹកប្រាក់ ​១០០ ពាន់​លាន​ដុល្លារ ​ក្នុងមួយ​ឆ្នាំ​ មិន​ហួស​ពី​ឆ្នាំ ២០២០។

ក៏​ប៉ុន្តែ ​កិច្ច​ប្រឹងប្រែង​របស់​ពិភពលោក​ស្តីពីការ​ប្រែ​ប្រួលអាកាសធាតុ​ ​នឹង​អាស្រ័យ​លី​បណ្តា​ប្រទេស​ដែល​បញ្ចេញឧស្ម័នកាបូនិកច្រើន​ជាងគេ។

ដោយលើកឡើង​អំពីបញ្ហាប្រឈមមុខ​ក្នុងការទប់ស្កាត់​កំណើន​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ក្នុង​រយៈពេល​ខ្លី​ ខណៈព្យាយាម​រក្សា​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចលឿន​ ប្រធានាធិបតីចិនលោក​ Xi Jinping បានប្រកាន់​ខ្ជាប់​គោលដៅ​ដំបូងរបស់រដ្ឋាភិបាលក្រុង​ប៉េកាំង សម្រាប់​ឆ្នាំ ​២០៦០។

សម្រាប់ប្រទេស​ឥណ្ឌា​ដែលជា​ប្រទេសបញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ទី​ ៣ ក្នុង​ពិភពលោក ​និងប្រទេសរុស្សី​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ទី​ ៤ ​ក្នុងពិភពលោក ​ពួកគេមិន​បានធ្វើ​ការ​សន្យា​ថ្មីអំពី​ការកាត់​បន្ថយការសាយភាយ​ឧស្ម័ន​កាបូនិក​នោះទេ។

រូបឯកសារ៖ មេដឹកនាំពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ចូលរួមកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុដែលដឹកនាំដោយសហរដ្ឋអាមេរិក និងធ្វើឡើងតាមអនឡាញ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។

ការ​ត្រួតត្រាអាវុធ​នុយក្លេអ៊ែរ

នៅក្រោម​រដ្ឋបាលលោក Biden សហរដ្ឋ​អាមេរិក​បាន​ស្រោចស្រង់​កិច្ច​ប្រឹងប្រែង​ត្រួតត្រា​អាវុធ ដែលជាផ្នែក​មួយ​នៃ​ផែនការរបស់​លោក ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​នៃ​អាវុធ​នុយក្លេអ៊ែរ ក្នុង​គោលនយោបាយ​ការពារ​ប្រទេសរបស់​សហរដ្ឋ​អាមេរិក ​និងដើម្បីបន្តសិន្ធិសញ្ញា ​START ថ្មីជា​មួយ​ប្រធានាធិបតី​រុស្សីលោក ​Vladimir Putin។

រដ្ឋបាលលោក Biden ​បាន​វិល​ត្រឡប់​ទៅ​រក​កិច្ច​ចរចា​នុយក្លេអ៊ែរដោយ​ប្រយោល​ជា​មួយ​ប្រទេសអ៊ីរ៉ង់​ ដែល​ជា​ការផ្ទុយ​ពី​ការ​ដកថយរបស់​លោក Trump កាល​ពី​ឆ្នាំ ២០១៨​ ចេញ​ពីសន្ធិសញ្ញាផែនការ​សកម្មភាព​រួម​គ្នា​ដោយ​ទូលំទូលាយ ឬហៅ​កាត់​ថា JCPOA។ សន្ធិសញ្ញា JCPOA ដែល​អ៊ីរ៉ង់​និង​បណ្តា​ប្រទេស​មហា​អំណាចពិភពលោក​បានចុះ​ហត្ថលេខា​នោះ បាន​ដាក់​ការ​រឹតត្បិតលើ​គម្រោងផលិត​នុយក្លេអ៊ែរ​នៃ​រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​ ដែលជា​ថ្នូរនឹង​ការ​បន្ធូរ​ទណ្ឌកម្ម​សេដ្ឋកិច្ច។

កិច្ច​ចរចា​នេះមានការ​ពិបាក មួយផ្នែកដោយសារ​អ៊ីរ៉ង់​ទាមទារ​ឱ្យ​មាន​ការលុបចោល​ទណ្ឌកម្ម​ទាំង​អស់។ ​រដ្ឋាភិបាលអាមេរិកមិន​យល់ព្រម​ចំពោះ​ការទាមទារ​នេះទេ។ ដោយសារ​មាន​ក្រុមច្រើនក្នុង​ឆាកនយោបាយ​អ៊ីរ៉ង់​ ដោយសារ​មាន​បណ្តា​ប្រទេស​មាន​អំណាច​ខ្លាំង​ក្នុង​តំបន់​ ដែល​មាន​រួម​បញ្ចូលប្រទេសអារ៉ាប៊ីសេអ៊ូឌីត ​និងអ៊ីស្រាអែលផង និង​ដោយសារ​គណបក្ស​សាធារណរដ្ឋក្នុង​សភា​សហរដ្ឋ​អាមេរិក​ដែល​បាន​ច្រាន​ចោលការ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀងនេះ​ជា​ថ្មីនេះ ដំណើរការ​យឺតៗ​របស់​លោក Biden ក្នុងកិច្ចចរចានេះ អាច​នាំ​ឱ្យខូច​ប្រយោជន៍។ នេះបើ​តាម​សម្តី​របស់លោក Mohsen Milani នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលសិក្សាខាង​យុទ្ធសាស្ត្រ​និង​ខាង​ការទូត ​និង​ជា​សាស្ត្រាចារ្យខាង​នយោបាយនៃ​សាកលវិទ្យាល័យ​ South Florida។

លោក​បាន​ថ្លែង​ថា៖ ​«​បើ​កិច្ចចរចា​ទាំង​នេះចំណាយពេល​កាន់តែ​យូរ បញ្ហាប្រឈម​ទាំង​នេះ​នឹង​មានឱកាស​កាន់តែ​ច្រើនឡើង ​ក្នុង​ការបំផ្លាញ​ដំណើរ​ការ​ចរចានេះ»។

ចំពោះ​គោលនយោបាយជាមួយប្រទេស​កូរ៉េ​ខាង​ជើង លោក Biden​ ពង្រឹងសម្ព័ន្ធភាពជា​មួយប្រទេស​ជប៉ុន និង​កូរ៉េខាង​ត្បូង ​ដើម្បី​ជួយទប់​រដ្ឋាភិបាល​ក្រុង Pyongyang ជាជាង​យក​ចិត្តលោក​Kim Jong Un ដោយផ្ទាល់​ ដូច​ដែលលោក Trump បានធ្វើ។

លោក Michael O’Hanlon ​ដែល​ជាអ្នក​ស្រាវជ្រាវជាន់​ខ្ពស់នៃ​វិទ្យាស្ថាន Brookings​ បាន​និយាយ​ថា ឧបសគ្គធំ គឺ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​ទាមទារ​ឱ្យ​មេដឹកនាំ​កូរ៉េខាង​ជើងរូប​នេះ បោះបង់​អាវុធ​នុយក្លេអ៊ែរ​ទាំង​អស់​របស់​ខ្លួនតែម្តង​ឱ្យ​បាន​ឆាប់រហ័ស​ ទោះ​ជា​គ្មាន​ការ​បញ្ជាក់ថា លោក​ Kim Jong Un នឹង​ធ្វើ​តាម​សំណើ​នេះ​ក៏​ដោយ។

លោក O’Hanlon បានថ្លែង​ថា៖ «ការ​ធ្វើការ​ល្អ​ជា​មួយ​ពួក​សម្ព័ន្ធមិត្តមិន​បានកែ​ប្រែ​ការពិត​ជាក់​ស្តែង​ដែលថា​ គោលនយោបាយយើងត្រូវ​ផ្អែកលើ​ភាព​ជាក់ស្តែង និង​ការពិនិត្យ​មើល​ស្ថានការណ៍​ឱ្យ​បានម៉ត់ចត់​។ នៅ​មិន​ទាន់ច្បាស់លាស់​នៅ​ឡើយ​ថា​ យើង​បានធ្វើ​ដូច្នេះឬយ៉ាងណា»។

រូបឯកសារ៖ អ្នកធ្វើដំណើរកំពុងទស្សនាសេចក្តីរាយការណ៍ព័ត៌មានអំពីកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក នៅស្ថានីយ៍រថភ្លើង Suseo នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១។

ការ​រើបពីការ​រាតត្បាតនៃជំងឺ​កូវីដ១៩

កាល​ពី​ខែ​កក្កដា ​ឆ្នាំ​ ២០២០ លោកប្រធានាធិបតី​ Trump បានដក​សហរដ្ឋ​អាមេរិកជា​ផ្លូវការចេញ​ពីអង្គការសុខភាពពិភពលោក (WHO) ​ដោយ​ចោទប្រកាន់​អង្គការ​របស់​អង្គការ​សហប្រជាជាតិមួយនេះ​ ថាស្ថិត​នៅ​ក្រោមការត្រួតត្រា​របស់​ចិន នៅ​ក្រោយការរាត្បាតជាសកល​នៃ​ជំងឺ​កូវីដ១៩។

ទោះជា​លោក Biden បាន​ចូល​រួម​ជា​ថ្មី​ក្នុង​អង្គការ​ WHO​ ក្នុងពេល​តែ​ប៉ុន្មានម៉ោង ​ក្រោយ​ពេល​លោក​ចូល​កាន់​តំណែងក៏​ដោយ ​ក៏​លោក​មិន​ទាន់មាន​យុទ្ធសាស្ត្រទូលំទូលាយ​ សម្រាប់​បង្កើន​ការប្រឹងប្រែងជាសកល​ដើម្បីបង្កើន​ល្បឿន​នៃ​ការរើប​ចេញ​ពីការរាតត្បាតនៃជំងឺកូវីដ១៩ នេះ​នៅ​ឡើយ​ទេ។

ចំពោះ​ការ​ចែកចាយ​វ៉ាក់សាំង ​រដ្ឋបាល​លោក Biden ​ធ្វើ​ប្រតិបត្តិការតាម​យុទ្ធសាស្ត្រនៃ «ការ​មានវ៉ាក់សាំង​ច្រើនហួស និង​ការប្រុង​ប្រៀប​ខ្លាំង»​ ដើម្បី​ប្រុងប្រៀប​ចាក់​វ៉ាក់សាំងឱ្យក្រុម​កុមារ និងដើម្បីទប់ទល់នឹងប្រភេទវីរុសថ្មីៗ​ ដែល​កំពុងលេចចេញឡើង។ នៅចុងខែមេសា សេតវិមាន​បាន​ប្រកាស​ថា ​ខ្លួននឹង​ចាប់​ផ្តើម​ចែក​ចាយ​វ៉ាក់សាំង ​AstraZeneca ៦០ លាន​ដូស ដែល​មិន​ត្រូវ​ប្រើក្នុង​សហរដ្ឋអាមេរិក ពីព្រោះ​វ៉ាក់សាំង​នេះ​មិន​ទាន់បានទទួល​ការ​អនុញ្ញាតសម្រាប់ការ​ប្រើប្រាស់ក្នុង​គ្រា​មានអាសន្ន​ ដោយរដ្ឋបាលម្ហូបអាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ។

ប៉ុន្តែ​ក្រោយពី​មានការ​ចាក់​វ៉ាក់សាំងប្រមាណ​ ២៣០ លានដូស​ ហើយពលរដ្ឋ​អាមេរិកាំង​ ២៩ ភាគរយ​បាន​ចាក់​វ៉ាក់សាំង​នេះ​គ្រប់​ដូស​ហើយ​នោះ រដ្ឋបាលលោក Biden បាន​រង​សម្ពាធឱ្យ​ចាត់វិធានការថែម​ទៀត ​ដោយ​មានរួម​បញ្ចូលការគាំទ្រ​ដល់​ការលុបចោល​ជា​បណ្តោះអាសន្ន​នូវ​កម្មសិទ្ធិ​សម្បត្តិ​បញ្ញា​ ទាក់ទិន​នឹងពាណិជ្ជកម្ម​ហៅកាត់​ថា ​TRIPS ដែល​ត្រូវ​បានពិភាក្សា​ក្នុងការប្រជុំផ្លូវការ​មួយនៃ​អង្គការពាណិជ្ជកម្មពិភពលោក ​កាល​ពី​ថ្ងៃទី ៣០ ខែ​មេសា។

កាល​ពី​ថ្ងៃអង្គារ ​ទី​ ២៧ ខែមេសា អ្នកស្រី Jen Psaki អ្នកនាំ​ពាក្យ​សេតវិមាន​ បាន​និយាយថា រហូត​ដល់​ពេល​នេះ មិន​ទាន់​មានសេចក្តី​សម្រេច​អំពី​ការ​លុបចោលបណ្តោះ​អាសន្ននេះ​ទេ ​ដែលអនុញ្ញាត​ឱ្យ​ប្រទេស​នានា​យក​ប៉ាតង់​របស់​វ៉ាក់សាំង​នៃក្រុមហ៊ុន​វ៉ាក់សាំង​នៅសហរដ្ឋអាមេរិក ទៅផលិត​វ៉ាក់សាំង​បាន។

លោក Mathew Kavanagh ជា​នាយក​គោលនយោបាយ​សុខភាពសកល និង​នយោបាយ​នៅ​សាកលវិទ្យាល័យ Georgetown។​ លោក​បាន​និយាយ​ថា ​ការ​ធ្វើដូច្នេះ« ​ដូច​ជាកំណាញ់​ពេក» ​និង​ «​ល្ងង់ខ្លៅ​ខាងភូមិសាស្ត្រ​នយោបាយ» ដែលរដ្ឋាបាល​អាមេរិកាំង​មិន​គាំទ្រ​ដល់​ការ​លុបចោលប៉ាតង់វ៉ាក់សាំងជា​បណ្តោះអាសន្ន​ ជា​ពិសេស​នៅពេលដែល​ចិន​និង​រុស្សី​កំពុង​តែ​ប្រើប្រាស់​វ៉ាក់សាំង ​ដើម្បីស្វែង​រក​ផល​ចំណេញ​ខាង​វិស័យ​ការទូត។

លោក Kavanagh បា​ន​ថ្លែង​ថា៖ ​«រដ្ឋបាល​លោក Biden និយាយ​ថា​ ខ្លួន​ពិត​ជា​ចង់​ចូលរួម​ជាមួយ​ប្រទេស​ដទៃ តែ​រហូត​ដល់​ពេល​នេះ មិន​បានអើពើ​ដល់​ការ​អំពាវនាវ​របស់​អង្គការ WHO អង្គការ​សហប្រជាជាតិ​ និង​រដ្ឋាភិបាលអាហ្វ្រិក​ អាស៊ី​ និងអាមេរិក​ឡាទីន ក្នុង​ការចែកចាយ​វិទ្យាសាស្ត្រ​វ៉ាក់សាំង​ទេ»។

កាល​ពី​ខែ​មីនា​ លោក​ Biden និងមេដឹកនាំ​ឯ​ទៀត​នៃ​បណ្តា​ប្រទេស Quads គឺ​ប្រទេស​អូស្ត្រាលី​ឥណ្ឌា និងប្រទេស​ជប៉ុន​ បានចាប់​ផ្តើម​ផែនការហិរញ្ញវត្ថុមួយ ​ដើម្បីបង្កើនការ​ផលិត​និង​ការចែកចាយវ៉ាក់សាំង​កូវីដ​១៩​ សម្រាប់​ប្រទេស​នានាក្នុង​តំបន់​ ដោយ​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើតំបន់អាស៊ី​អាគ្នេយ៍ ​ដែល​នៅ​ទី​នោះប្រទេស​ចិន​បាន​ជំរុញ​កិច្ច​ប្រឹងប្រែង​ចែក​វ៉ាក់សាំង​ដើម្បីស្វែង​យក​ផល​ចំណេញ​ខាង​វិស័យ​ការទូត។

ផែនការនេះ​នឹង​បន្ថែម​លើ​ប្រាក់​ចំនួន ​៤ ពាន់​លាន​ដុល្លារ​ដែល​រដ្ឋបាល Trump បាន​យល់ព្រម​ពី​មុន​រួច​ហើយ ​ដើម្បី​គាំទ្រកម្មវិធី COVAX ​ដែលជាយន្តការ​របស់​អង្គការ​សហប្រជាជាតិ​ សម្រាប់​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា ​បណ្តាប្រទេសមានប្រាក់​ចំណូល​កណ្តាល​និង​ទាប អាចមាន​វ៉ាក់សាំង​។

នៅ​ពេលជា​មួយ​គ្នា​នេះ ​ក្រុមអ្នកនយោបាយបែប​អភិរក្សនិយមបានរិះគន់​លោក Biden ថា​ មិនបាន​បន្ត​ការ​ជំរុញ​របស់ Trump ដើម្បី​កែទម្រង់អង្គការសុខភាព​ពិភពលោក WHO។ លោក Brett D. Schaefer ជា​អ្នកស្រាវជ្រា​វខាងកិច្ចការបទបញ្ញត្តិ​អន្តរជាតិនៃមជ្ឈមណ្ឌល Margaret Thatcher សម្រាប់​សេរីភាព​របស់​មូលនិធិ​ Heritage។

លោកបាន​ថ្លែង​ថា ពិភពលោក​ស័ក្តិសម​មានអង្គការ​សុខភាពពិភពលោក​មួយ ​ដែល​មានការ​ទទួលខុសត្រូវ​ និង​មាន​ប្រសិទ្ធភាព។

​លោក​បានថ្លែងថា៖ «ដោយ​មិនបាន​ភ្ជាប់​លក្ខខណ្ឌ​នៃ​សមាជិកភាព ​និង​ការ​ផ្តល់ប្រាក់​កាសរបស់​សហរដ្ឋ​អាមេរិក ទៅ​នឹង​កំណែទម្រង់​របស់​អង្គការ WTO ​ លោក Biden បាន​បោះបង់ចោល​នូវយន្តការ​សំខាន់ៗ ហើយ​ធ្វើឱ្យបាត់បង់​លទ្ធភាព​នៃ​ការកែទម្រង់​ក្នុង​អង្គការ WHO»។

រូបឯកសារ៖ អ្នកជំនាញម្នាក់កំពុងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca នៅវិទ្យាស្ថានស្រាវជ្រាវ Serum ដែលជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងដ៏ធំមួយក្នុងពិភពលោក នៅក្នុងក្រុង Pune ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

ជនជាតិ​អាមេរិកាំង​ដែល​មាននិន្នាការ​នយោបាយ​ផ្សេងៗ​ ក្រៅពី​គណបក្ស​សាធារណរដ្ឋ បាន​ឱបក្រសោប​ទស្សនៈ​ប្រជានិយម​ប្រឆាំង​នឹង​សាកលភាវូបនីយកម្មរបស់លោក Trump។ ការណ៍​នេះ​មាន​ន័យ​ថា នៅ​ពេល​នេះហាក់​ដូចជា​មាន​ឆន្ទៈ​នយោបាយតិចតួច ​ដើម្បី​ធ្វើ​ឱ្យ​មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​អន្តរជាតិ​ថ្មីៗ។

ឧទាហរណ៍​ នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក មាន​ការគាំទ្រ​តិចតួច​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ទូលំ​ទូលាយនិង​ជឿន​លឿន ​សម្រាប់​ភាព​ដៃគូ​ឆ្លងកាត់​មហាសមុទ្រប៉ាស៊ីហ្វិក​ហៅកាត់​ថា CPTPP ដែល​ជា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីនៃ​ប្រទេស ​១១ ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

នៅពេលជា​មួយ​គ្នា​នេះ កាល​ពី​ឆ្នាំ​ ២០២០ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានបញ្ចប់កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជាតិ ១៥ ​ដែល​មានឈ្មោះ​ថា ភាព​ដៃគូ​សេដ្ឋកិច្ចទូលំទូលាយ​ក្នុង​តំបន់​ ហៅ​កាត់​ថា RCEP (R-CEP)។​ បណ្តា​ប្រទេស​ជាសមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP មាន​ប្រជាពលរដ្ឋ​ចំនួន​ជិត​មួយ​ភាគបី នៃ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ពិភពលោក ​និង​មានផលិតផលសរុប​ក្នុង​ស្រុក​ចំនួន​ ២៩% ​នៃ​ផលិតផល​សរុប​របស់ពិភពលោក​ទាំងមូល​ផង​ដែរ។

អ្នក​វិភាគ​ទាំងឡាយ​និយាយ​ថា ការលេច​ឡើង​នៃ​ប្រទេស​ចិន​ជា​គូ​ប្រជែងធំមួយ​របស់​សហរដ្ឋ​អាមេរិក មានន័យ​ថា ​រដ្ឋបាលរបស់លោក Biden ប្រហែល​ជាត្រូវ​បញ្ចូល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មជា​ផ្នែក​ធំមួយ​នៃរបៀប​ដោះស្រាយ​គោលនយោបាយ​ការ​បរទេសរបស់លោក​។

លោក​ Robert Daly ជានាយកវិទ្យាស្ថាន Kissinger ដែល​ស្រាវជ្រាវ​អំពី​ចិននិង​សហរដ្ឋ​អាមេរិក​នៃមជ្ឈមណ្ឌល Wilson។ លោក​បាន​ថ្លែង​ថា ​សហរដ្ឋ​អាមេរិក​ត្រូវធានារ៉ាប់រង​ជាថ្មីដល់បណ្តា​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួនថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ជាដៃគូ​ដែល​ពឹងពាក់បាន ​ប្រសិនបើពួក​គេ​ប្រឈមនឹងការសងសឹក​ខាង​សេដ្ឋកិច្ចពី​ប្រទេស​ចិន។

លោក​បានថ្លែង​ថា បើមិន​ដូច្នេះ​ទេ​ «ប្រទេស​ទាំង​នោះ​នឹងស្វះស្វែង​ប្រឆាំង​នឹងអាមេរិក​ថា ​ជា​ដៃគូ​មួយ​ដែលមិនអាច​ពឹងផ្អែក​បាន​ទាំង​ស្រុង»​ ហើយការណ៍​នេះ​មានន័យ​ថា ​នឹង​មាន​កិច្ចសហប្រតិបត្តិការ​តិចជាង​មុនលើ​អាទិភាព​នៃគោលនយោបាយ​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ