ក្រុមហ៊ុនCambodian Broadcasting Service Co., Ltd ហៅកាត់ថា (CBS) ដែលគ្រប់គ្រងលើបុស្តិ៍ទូរទស្សន៍ CNCបានការពារសេចក្តីសម្រេចចិត្តរបស់ខ្លួនដែលបានដកបុគ្គលិកជិត២០នាក់ចេញពីការងារដោយថា ជា «ការកែសម្រួលការងារ» និងស្របតាមច្បាប់ការងារនៅក្នុងប្រទេស។
ក្រុមហ៊ុន CBS ត្រូវបានអតីតបុគ្គលិកមួយចំនួនចោទថាមិនបានបង់ប្រាក់អត្ថប្រយោជន៍គ្រប់គ្រាន់ស្របតាមច្បាប់ការងារពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិកទាំងមិនបានជូនដំណឹងជាមុន។
បើតាមសេចក្តីបំភ្លឺមួយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន បានលើកឡើងថាក្រុមហ៊ុនបានកែសម្រួលការងារមួយចំនួនក្រោយក្រុមហ៊ុនបានធ្វើការជូនដំណឹងដល់បុគ្គលិកទាំងអស់អំពីផែនការនៃការកែសម្រួលការងារនេះតាំងពីខែកញ្ញាឆ្នាំ២០២១ ដោយធ្វើជាពីរដំណាក់កាលហើយនេះជាការកែសម្រួលដំណាក់កាលទីពីរដោយបានបញ្ចប់កិច្ចសន្យាបុគ្គលិកចំនួន១៧នាក់នៅទូរទស្សន៍CNC។
ក្រុមហ៊ុន CBSបានបន្ថែមថា ក្រុមហ៊ុនបានទូទាត់ជូនបុគ្គលិកស្របតាមច្បាប់ការងារដូចជា ប្រាក់ឈ្នួលខែចុងក្រោយ ប្រាក់ដំណាច់ជួសការជូនដំណឹងមុនទៅតាមអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ប្រាក់ដំណាច់ជួសការឈប់សម្រាកដែលនៅសល់ប្រាក់អតីតភាពការងារមុនឆ្នាំ ២០១៩ និងប្រាក់ដំណាច់អតីតភាពក្រោយឆ្នាំ ២០១៩ដែលនៅសល់។
ក៏ប៉ុន្តែអតីតអ្នកអត្ថាធិប្បាយព័ត៌មានប្រចាំបុស្តិ៍ទូរទស្សន៍CNC លោកយ៉ង់ សុភា និយាយថាក្រុមអតីតបុគ្គលិកដែលត្រូវបានរំសាយពីការងារនៅយល់ថា ការពន្យល់របស់ក្រុមហ៊ុនពាក់ព័ន្ធនឹងការទូទាត់សំណងចំពោះការរំសាយការងរារបស់ពួកគាត់នោះមិនទាន់បានគ្រប់ជ្រុងជ្រោយទេ។
លោកបានបន្តថា ដូច្នេះក្រុមអតីតបុគ្គលិកនៅតែបន្តធ្វើការទាមទារតាមរយៈការដាក់លិខិតស្នើសុំចរចាតាមយន្កការសម្របសម្រួលវាងសហភាពការងារកម្ពុជារបស់លោកអាត់ ធន់ ជាមួយភាគីក្រុមហ៊ុននៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះដើម្បីពិភាក្សាស្វែងរកដំណោះស្រាយសមស្របតាមច្បាប់ការងារ។
លោកបានប្រាប់វីអូអេថា៖ «មន្រ្តីសហជីពនឹងយកលិខិតហ្នឹងទៅដាក់ជូនទៅដល់ក្រុមហ៊ុនហើយ ដើម្បីជួបគ្នាពិភាក្សាថាតើអ្វីដែលក្រុមហ៊ុនបានគិតឲ្យបុគ្គលិកនេះវាត្រឹមត្រូវទៅតាមច្បាប់ការងារដែលក្រុមហ៊ុនអះអាងដែរឬអត់។ អញ្ចឹងខ្ញុំមិនហ៊ានអះអាងថា យ៉ាងម៉េចទេ គ្រាន់តែថា ធ្វើយ៉ាងម៉េចឲ្យស្របទៅតាមច្បាប់ ដូចអ្វីដែលបានដាក់៤ចំណុចនាពេលកន្លងទៅពីអតីតបុគ្គលិកនៃក្រុមហ៊ុនCBS នេះ»
នាយករងផ្នែកព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៍CNCកញ្ញាអ៊ុង ចាន់សោភាបានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនស្វាគមន៍និងសហការចំពោះការទាមទារទាំងឡាយណាដែលស្របតាមច្បាប់ការងារ និងតាមលទ្ធភាពរបស់ក្រុមហ៊ុន។
កញ្ញាបានថ្លែងថា៖ «ពួកខ្ញុំស្វាគមន៍ដែលគាត់ស្វែងរកការយល់ដឹងតាមផ្លូវច្បាប់។ ហើយយើងនឹងធ្វើការដោះស្រាយជាមួយគាត់ស្របតាមនីតិវិធីច្បាប់។ ហើយនៅពេលដែលគាត់ស្វែងរកការអន្តរាគមន៍ផ្នែកផ្លូវច្បាប់ហ្នឹងគាត់នឹងយល់កាន់តែច្បាស់ហើយថា អ្វីដែលគាត់យល់កាលពីកន្លងមកហ្នឹងវាខុស វាមិនត្រូវនោះទេ។ ហើយយើងធ្វើអីមួយនិយាយទៅគឺយើងធ្វើស្របទៅតាមច្បាប់ទាំងអស់»។
ក្រុមបុគ្គលិកបុស្តិ៍ទូរទស្សន៍ CNC ដែលត្រូវបានបញ្ឈប់ពីការងារដោយមិនបានជូនដំណឹងទុកជាមុន បានទាមទារប្រាក់ជួសថ្ងៃឈប់សម្រាកប្រចាំឆ្នាំគិតចាប់តាំងពីថ្ងៃចូលបំពេញការងារដំបូងរហូតដល់ថ្ងៃបញ្ចប់ការងារប្រាក់អតីតភាព ១៥ថ្ងៃក្នុងមួយឆ្នាំប្រាក់ជំងឺចិត្ត និងប្រាក់បន្ទាប់បន្សំ។
កាលពីថ្ងៃព្រហស្បតិ៍ប្រធានសហភាពការងារកម្ពុជាលោកអាត់ ធន់បានប្រាប់វីអូអេថាក្នុងករណីដែលមិនមានការសះជានឹងគ្នារវាងភាគីក្រុមហ៊ុនCBSនិងក្រុមអតីតបុគ្គលិកទូរទស្សន៍CNC តាមការចរចាទេនោះអង្គការលោកនឹងយកករណីនេះទៅប្តឹងនៅក្រសួងការងារ។
លោកយ៉ង់ សុភា បានឲ្យដឹងបន្ថែមថា មកទល់ថ្ងៃសុក្រនេះ លោកនិងក្រុមបុគ្គលិកដែលបានធ្វើការតវ៉ាមិនទាន់បានទទួលការឆ្លើយតបពីក្រុមហ៊ុនក្នុងការរៀបចំឲ្យមានពិភាក្សាណាមួយនៅឡើយនោះទេ។
បើតាមលោកយ៉ង់ សុភាគិតត្រឹមថ្ងៃព្រហស្បតិ៍កន្លងទៅនេះមានបុគ្គលិកចំនួន ២២នាក់ហើយដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារបន្ទាប់ពីក្រុមហ៊ុនបានហៅទូរសព្ទមកបុគ្គលិកជាបន្តបន្ទាប់ដោយជូនដំណឹងថា មានកិច្ចប្រជុំជាមួយផ្នែកធនធានមនុស្សហើយបុគ្គលិកនៅតាមបណ្តាខេត្តត្រូវយកឧបករណ៍និងគ្រឿងសម្ភារៈរបស់ក្រុមហ៊ុនមកជាមួយផងដែរ ដើម្បីធ្វើជំរឿន ដោយមិនបានប្រាប់ថានឹងមានការបញ្ឈប់ការងារនោះទេ។
ក្រុមហ៊ុនCBS គឺជាផ្នែកមួយនៃអាជីវកម្មជាច្រើនមុខរបស់ក្រុមហ៊ុនRoyal Group ដែលស្ថិតក្រោមការចាត់ចែងដោយអ្នកឧកញ៉ាគិត ម៉េង។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកគិត ម៉េង បានទេនៅថ្ងៃសុក្រនេះ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោកណុប វីបានលើកទឹកចិត្តឲ្យភាគីវិវាទទាំងសងខាងផ្តល់អាទិភាពលើការចរចាដើម្បីទទួលបានដំណោះស្រាយសមស្របមួយដោយសន្តិវិធីនិងបញ្ឈប់ការចោទប្រកាន់គ្នាទៅវិញទៅមក។
លោកបានថ្លែងថា៖ «ខ្ញុំមើលទៅក្រុមហ៊ុនក៏គាត់មានឆន្ទៈនៅក្នុងការដោះស្រាយបញ្ហានេះដែរ ហើយសំខាន់ប្រហែលជាភាគីទាំងពីរនៅមានការយល់ច្រឡំចពោះព័ត៌មានណាមួយទេ។ អ៊ីចឹងហើយ ចំណុចនេះវាទាមទារឲ្យមានការសម្របសម្រួលការជួបជជែកគ្នាផ្ទាល់រវាងខាងក្រុមហ៊ុនជាមួយនឹងខាងនយោជិតរបស់គាត់ជាអ្នកសារព័ត៌មានហ្នឹង។ ហើយបើនៅក្នុងករណីចាំបាច់វាគួរតែមានអ្នកសម្របសម្រួលបន្ថែមទៀត»។
ស្របពេលជាមួយគ្នានេះដែរ អ្នកការពារសិទ្ធិអ្នកសារព័ត៌មានរូបនេះក៏បានអំពាវនាវឲ្យនយោជិតនៅតាមគ្រឹះស្ថានផ្សព្វផ្សាយនានានៅកម្ពុជាគោរពតាមលក្ខខណ្ឌចែងក្នុងកិច្ចសន្យាការងារ និងគោលការណ៍ច្បាប់ការងារផងដែរ។
គួររំឭកផងដែរក្នុងសំណុំរឿងបញ្ឈប់បុគ្គលិកនៅស្ថានីយទូរទស្សន៍ CNC លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីឆ្នាំ២០១៨បានផ្តល់អន្តរាគមន៍បង្អាក់ផែនការរបស់នាយកប្រតិបត្តិទូរទស្សន៍CNCលោកអ៊ុក វូរ៉ា ដែលត្រូវគេចោទប្រកាន់ថាបានរៀបចំគម្រោងបញ្ឈប់បុគ្គលិកចំនួន៣២នាក់ដែលក្នុងនោះមានទាំងសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រីមួយរូបផងដែរ៕