ក្រុង​ប៉េកាំង​ស្នើ​ឲ្យ​នាយក​អង្គការ​ WHO​ ឈប់​ស៊ើបអង្កេត​ទៅ​លើ​ទ្រឹស្តី​ថា​វីរុស «ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍»

រូបឯកសារ៖ សន្តិសុខចិនមួយរូបដែលមានពាក់ម៉ាស់ កំពុងយាមល្បាតច្រកទ្វារចូលទីតាំងពិពរណ៍មួយដែលក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកកំពុងទស្សនកិច្ច នៅទីក្រុងវូហាន ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១។

នាយក​អង្គការ​សុខភាព​ពិភពលោក ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែមលើ​ទ្រឹស្តី​ដែល​ថា ​វីរុស​កូរ៉ូណា​ត្រូវបាន​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​មួយ ​ក្នុង​ប្រទេស​ចិន ​ប៉ុន្តែចិន​បាន​ស្នើ​ឲ្យ​អង្គការ​នេះ​ បញ្ឈប់​ការ​ស៊ើបអង្កេត​លើទ្រឹស្តី​មួយ​នេះ។

ប្រទេស​ចិន​ជះ​កំហឹង​ដាក់​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ (WHO) ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ចាំបាច់​លើ​លទ្ធភាព​ដែល​វីរុសកូរ៉ូណា​បង្ក​ឲ្យ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​ត្រូវ​បាន​ធ្លាយ​ដំបូង​ចេញ​ពី​មន្ទីរពិសោធន៍​មួយ ​ក្នុង​ទីក្រុង​វូហាន ​ប្រទេស​ចិន។

សារព័ត៌មាន Global Times ​ដ៏​មាន​ឥទ្ធិពលមួយដែល​គ្រប់គ្រង​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន​កាល​ពី​សប្តាហ៍​មុន​ បាន​បង្ហាញ​ការ​អត្ថាធិប្បាយ​របស់​លោក ​Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ដែល​លោក​បាន​និយាយ​ថា៖ «ការ​ស៊ើបអង្កេត​បន្ថែម​ គឺ​ត្រូវ​ការ​ចាំបាច់​ទៅ​លើ​សម្មតិកម្ម​ដែល​ថា «វីរុស​ដែល​លេច​ចេញ​ពី​មន្ទីរពិសោធន៍» ​មួយ​ គឺ​ជា​ប្រភព​ដើម​នៃ​ជំងឺកូវីដ១៩»។

របាយការណ៍​ទំព័រ​មុខ​មួយនេះបាន​ដក​ស្រង់​សម្តី​ដើមរបស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ម្នាក់ ​ដែល​បាន​ស្នើ​ដល់ ​«អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដើរ​តួនាទី​នាំមុខ​ ក្នុង​ការ​គោរព​វិទ្យាសាស្ត្រ»។

ការ​រិះគន់​នោះ​ជា​រឿង​ហួស​ចិត្ត​ដោយសារ​លោក​ Tedros ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ​ជិត​ស្និទ្ធ​ជ្រុល​ជាមួយ​ប្រទេសចិន​។ ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ​ធ្លាប់​បាន​ពណ៌នា​ថា​ មេដឹកនាំ​អង្គការ​សុខភាព​ពិភពលោក ​«មាន​ទំនោរ​ទៅ​រក​ប្រទេសចិន» នៅ​ពេល​ដែល​លោក Trump បានកាត់ថវិកា​សម្រាប់​ទីភ្នាក់ងារ​សុខភាព​មួយ​នេះ​ កាល​ពី​ឆ្នាំ​មុន។​

របាយការណ៍របស់​ទីក្រុងប៉េកាំង​នេះ គឺ​សំដៅ​លើ​ការ​អត្ថាធិប្បាយ​របស់​លោក Tedros កាលពី​ថ្ងៃទី​៣០ ខែមីនា នៅ​ពេល​ដែលអង្គការ​សុខភាព​ពិភពលោក​ចេញ​ផ្សាយ​ការ​រក​ឃើញ​របស់​ក្រុម​ស៊ើបអង្កេត​មួយ​ ដែល​បាន​ចំណាយ​ពេល​បួន​សប្តាហ៍​នៅ​ក្នុង​ប្រទេស​ចិន។ ថ្លែង​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស លោក Tedros​ បាន​រៀបរាប់​ពី​សេណារីយ៉ូ​ផ្សេង​គ្នា អំពី​ប្រភព​ដើម​នៃ​វីរុស រួម​ទាំង​ការ​កើត​ចេញ​ពី​សត្វ​ប្រចៀវ​ បន្ទាប់​មកឆ្លង​ទៅ​កាន់សត្វ​ផ្សេង​ទៀត និង​បណ្តាល​ឲ្យ​មាន​ការឆ្លង​រាលដាល​ក្នុងផ្សារ​ហួណាន ​ក្នុង​ទីក្រុង​វូហាន។

នាយក​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​លើក​ពី​ទ្រឹស្តី​មួយ ​ដែល​ថា ​វីរុស​នោះ​ប្រហែល​ជា​រួច​ចេញ​ពី​មន្ទីរពិសោធន៍​មួយ​ ​ដែល​វីរុស​ស្រដៀងៗ​នោះ​កំពុង​ត្រូវ​បាន​សិក្សា ​ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្សារ​ហួណាន។

លោក​ Tedros បាន​និយាយ​ថា៖ «ទោះ​បីជា​ក្រុម​ស៊ើបអង្កេត​បាន​សន្និដ្ឋាន​ថា ​ការ​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​មួយ​ទំនង​ជា​សម្មតិកម្ម​មួយដែលមិនមានអំណះអំណាងគ្រប់គ្រាន់ក្តី ​ក៏​យើង​ត្រូវការ​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត ដែល​នឹង​អាច​ជំរុញឲ្យមាន​បេសកកម្ម​បន្ថែមទៀត ​រួម​មាន​អ្នក​ជំនាញ​ដែល​ខ្ញុំ​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​បញ្ជូន​ពួកគេ [ទៅស៊ើបអង្កេត]»។

លោកថ្លែងបន្តក្នុងសម្តីដើមថា៖ «ក្រុមការងារនេះក៏បានធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍មួយចំនួនក្នុងទីក្រុងវូហាន ហើយបានពិចារណាពីលទ្ធភាពដែលវីរុសអាចឆ្លងទៅមនុស្សបាន ដោយសារឧប្បត្តិហេតុធ្លាយវីរុសចេញពីមន្ទីរពិសោធន៍មួយ។ ទោះយ៉ាងណា ខ្ញុំមិនជឿថា ការវាយតម្លៃនេះមានលក្ខណៈទូលំទូលាយគ្រប់គ្រាន់នៅឡើយទេ។ យើងនឹងត្រូវការទិន្នន័យនិងការសិក្សាបន្ថែមទៀតដើម្បីទទួលបានការសន្និដ្ឋានមួយដែលរឹងមាំជាងនេះ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ក្នុង​សប្តាហ៍​នេះ​បាន​ដក​ស្រង់​សម្តី​អ្នក​ជំនាញ​ជនជាតិ​ចិនអនាមិក​មួយ​រូប ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ស៊ើបអង្កេត​របស់អង្គការសុខភាពពិភពលោក ដោយ​បាន​និយាយ​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក Tedros «ត្រូវ​បាន​ប្រើ​ដោយ​អ្នក​ដែល​មាន​បំណង​ដាក់​សំណួរ​លើ​សិទ្ធិ​អំណាច ​និង​គុណភាព​បែប​វិទ្យាសាស្ត្រ» ​នៃ​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក។

អ្នក​ជំនាញ​ចិនរូបនោះបាន​ព្រមាន​ថា៖​ «អង្គការ​សុខភាព​ពិភពលោក ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ បើសិន​ជាកិច្ច​ខិតខំប្រឹងប្រែង​ទូទាំង​ពិភពលោក​ក្នុង​ការ​ស្វែង​រក​ប្រភព​ដើម​របស់​វីរុស​នោះ​ជាប់គាំង»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ