រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ផែនការ​ឃ្លាំ​មើល​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ស្វែងរក​ធនធាន​ និង​ការ​គ្រប់គ្រង

  • Ralph Jennings

រូបឯកសារ៖ សកម្មជន​បរិស្ថាន​កាន់បដាតវ៉ា​នៅ​មុខ​ស្ថានកុងស៊ុល​ចិន ប្រឆាំង​នឹង​ការ​សាងសង់កោះ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

អ្នក​ជំនាញ​និយាយ​ថា បណ្តាញ​ឃ្លាំ​មើល​នេះ​នឹង​ក្រើន​រំឭក​ភាគី​ប្រទេស​ដែល​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង៥ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ អំពី​ទំហំ​នៃ​ការ​គ្រប់គ្រង​របស់​ចិន​នៅ​តំបន់​នេះ។

បណ្តាញ​ឃ្លាំ​មើល​ប្រតិបត្តិការ​ក្រោម​ទឹក​ ដែល​ត្រូវ​បាន​គេ​រៀបចំ​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ នឹង​ពង្រឹង​បន្ថែម​លើ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន​នៅ​តំបន់​សមុទ្រ​មាន​ជម្លោះ​នេះ។ បណ្តាញ​នេះ ​ក៏​នឹង​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ដល់​ប្រទេសចិន​ចំពោះ​ការ​រុករក​ប្រេង រ៉ែ​វត្ថុ​ធាតុដើម និង​លទ្ធភាព​បម្រើការ​សម្រាប់​ផ្នែក​យោធា។

សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Global Times ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​នៅ​ចុង​ខែ​កុម្ភៈ​ថា វិទ្យាស្ថាន​សូរសាស្ត្រ​នៃ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ចិន​ និង​សាកលវិទ្យាល័យ Tongji នៅ​ក្នុង​ក្រុង Shanghai នឹង​បង្កើត «បណ្តាញ​ឃ្លាំ​មើល​រយៈពេល​វែង» មួយ​ដើម្បី​តាម​ដាន​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​សមុទ្រ​ចិន​ខាង​កើត។ ក្រោយ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ វិទ្យាស្ថាន​នេះ​មិន​អាច​ទាក់ទង​បាន​ដើម្បី​ធ្វើ​ការ​បកស្រាយ​បន្ថែម​នោះទេ។

បណ្តាញ​ព័ត៌មាន​ចិន​ស្តី​អំពី​សមុទ្រ China Oceanic Information Network របស់​រដ្ឋាភិបាល​ចិន​បាន​ស្រង់​សម្តី​របស់​បញ្ញវន្ត​មួយ​រូប​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ​កន្លង​ទៅ ដោយ​បាន​និយាយ​ថា បណ្តាញ​នេះ​នឹង​ផ្តល់​ព័ត៌មាន​ពី​បាត​សមុទ្រ​ «ដោយ​ផ្ទាល់» និង​ជួយ​រុករក​ធាតុ​គីមី រូបវិទ្យា និង​ជីវសាស្ត្រ «សម្រាប់​តម្រូវ​ការ​នៃ​ប្រើប្រាស់​ចម្រុះ​ដ៏​ទូលំទូលាយ»។

អ្នក​ជំនាញ​និយាយ​ថា បណ្តាញ​ឃ្លាំ​មើល​នេះ​នឹង​ក្រើន​រំឭក​ភាគី​ប្រទេស​ដែល​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង៥ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ អំពី​ទំហំ​នៃ​ការ​គ្រប់គ្រង​របស់​ចិន​នៅ​តំបន់​នេះ។

ក្រុម​អ្នក​វិភាគ​រំពឹង​ថា បណ្តាញ​នេះ​នឹង​ក្លាយ​ទៅ​ជា​បណ្តាញ​ឃ្លាំ​មើល​ប្រតិបត្តិការ​ក្រោម​ទឹក​ ដែល​មាន​បណ្តាញ​ខ្សែកាប​ជាច្រើន​ដែល​ត្រូវ​បាន​បញ្ជូន​ភ្ជាប់​ទៅ​ប្រទេស​ចិន​វិញ។ បណ្តាញ​នេះ​អាច​ប្រមូល​ទិន្នន័យ​សម្រាប់​ការ​ស៊ើបការណ៍​យោធា ការ​រុករក​រ៉ែ​នៅ​បាត​សមុទ្រ ឬ​ការ​បូម​យក​ប្រេង​នៅ​បាត​សមុទ្រ។

លោក Collin Koh ដែល​ជា​អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សន្តិសុខ​សមុទ្រ​នៅ​សាកលវិទ្យាល័យ Nanyang Technological University នៅ​ប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា៖

«វា​ជា​វិធីមួយ​សម្រាប់​ពួកគេ​ ក្នុង​ការ​ពង្រីក​ការ​គ្រប់គ្រង​របស់​ខ្លួន​ និង​ដើម្បី​បង្ហាញ​ពី​អំណាច​របស់​ពួកគេ​ទៅ​លើ​តំបន់​នោះ»។ លោក​គិត​ថា នឹង​មាន​បាតុកម្ម​កើត​មាន​នៅ​ក្នុង​ប្រទេស​ដទៃ។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា៖

«ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ប្រទេស​ទាមទារ​តំបន់​មាន​ជម្លោះ​នេះ​នៅ​អាស៊ីអាគ្នេយ៍ ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​រំពឹង​ឃើញ​នោះ​គឺ​ ​សេចក្តី​ថ្លែងការណ៍​ការទូត។ ជា​ឧទាហរណ៍ នឹង​មាន​ក្រសួង​ការ​បរទេស​ណា​មួយ​ចេញ​សេចក្តី​ថ្លែងការណ៍​រិះ​គន់​លើ​បញ្ហា​នេះ»។

ផែនទី​បង្ហាញ​ពី​ការ​ទាមទារ​កាន់កាប់​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​ទាមទារ​កាន់តែ​ខ្លាំង​ជាង​មុន

លោក Euan Graham ប្រធាន​ផ្នែក​សន្តិសុខ​អន្តរជាតិ​នៅ​វិទ្យាស្ថាន Lowy សម្រាប់​គោលនយោបាយ​អន្តរជាតិ​នៅ​ក្នុង​ក្រុង​ស៊ីដនី​ បាន​និយាយ​ថា បណ្តាញ​ឃ្លាំ​មើល​នេះ​នឹង​ធ្វើ​ឲ្យ​វត្តមាន​ចិន​នៅ​ក្នុង​សមុទ្រ​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ខ្លាំង​ជា​មុន នៅ​ក្រោម​ច្បាប់​អន្តរជាតិ។ កាលពី​ខែកក្កដា​ឆ្នាំ​មុន តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​បាន​សម្រេច​ថា​ មូលដ្ឋាន​ប្រវត្តិសាស្ត្រ​របស់​ចិន​ក្នុង​ការ​ទាមទារ​តំបន់​សមុទ្រ​នោះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ។

យោង​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ១៩៨២​ ស្តី​ពី​ច្បាប់​សមុទ្រ​ រដ្ឋ​នៅ​ជាប់​ឆ្នេរ​មាន​សិទ្ធិ​គ្រប់គ្រង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​លើ​ផ្ទៃ​សមុទ្រ​ទាំង​អស់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ចម្ងាយ​៣៧០គ.ម ប៉ុន្តែ​ជា​រឿយៗ ​ត្រូវ​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើដំណើរ​ចេញ​ចូល​ដល់​រដ្ឋ​ផ្សេង​ទៀត​ ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ​បែប​សន្តិភាព។

លោក​ Graham បាន​និយាយ​ថា៖ «ប្រសិន​បើ​ប្រតិបត្តិការ​បែប​វិទ្យាសាស្ត្រ​កើត​ឡើង​ ការណ៍​នេះ​នឹង​ផ្តល់​ភាព​ស្រប​ច្បាប់​ដ៏​សំខាន់​មួយ​ដល់​ប្រទេស​ចិន។ រឿង​ទាំង​នេះ​អាច​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​រវាង​វិទ្យាសាស្រ្ត​ផ្នែក​មហា​សមុទ្រ និង​វិទ្យាសាស្ត្រ​ផ្នែក​យោធា»។

លោក​បន្ថែម​ថា ចិន​អាច​នឹង​ប្រគល់​ទិន្នន័យ​ដែល​ខ្លួន​ទទួល​បាន​ទៅ​ឲ្យ​យោធា។

ក្នុង​ចំណោម​កោះ​ចំនួន២០​កាន់កាប់​ដោយ​ចិន​នៅ​ក្នុង​ប្រជុំ​កោះ Paracel ដែល​មាន​ជម្លោះ​ជាមួយ​វៀតណាម​ កោះ​ចំនួន​៣​មាន​ផែ​បំពាក់​ទៅ​ដោយ​នាវា​ចម្បាំង កោះ​ចំនួន​៤​មាន​ផែ​តូចៗ​ ហើយ​ផែ​ទី៥​កំពុង​ត្រូវ​បាន​គេ​សាងសង់​ នេះ​បើ​យោង​តាម​គម្រោង​មួយ​ក្រោម​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ​ក៏​បាន​បញ្ជាក់​ថា កោះ​៦ផ្សេង​ទៀត​អាច​ធ្វើ​ចរាចរណ៍​ឧទ្ធម្ភាគចក្រ​បាន។

វិទ្យាសាស្ត្រ​ពិត

ប៉ុន្តែ​ ប្រព័ន្ធ​ឃ្លាំ​មើល​នៅ​ក្រោម​សមុទ្រ​នេះ​មិន​បាន​ចាប់​ផ្តើម​ឡើង​ក្នុង​នាម​ជា​គម្រោង​យោធា​នោះ​ទេ។ ការ​ពិភាក្សា​ជាច្រើន​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ២០១១ ហើយ​បាន​ទាក់ទាញ​ក្រុម​បុគ្គល​សំខាន់ៗ និង​មាន​អំណាច​ពី​រដ្ឋបាល​ចិន​គ្រប់គ្រង​លើ​បញ្ហា​រញ្ជួយដី ក៏​ដូចជា​ក្រុមហ៊ុន​បូម​ប្រេង​នៅ​នាយ​សមុទ្រ​ ដែល​មាន​ឈ្មោះ​ថា CNOOC Group ផង​ដែរ។

លោកស្រី Yun Sun ដែល​ជា​សហការី​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ី​ខាង​កើត​នៅ​មជ្ឈមណ្ឌល​វិភាគ Stimson មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា «វា​ទំនង​ដូច​ជា​គម្រោង​វិទ្យាសាស្ត្រ​ពិត​ ជា​ជាង​គម្រោង​វិទ្យាសាស្ត្រ​សង្គម។ ​លោក​ស្រី​បាន​បន្ថែម​ថា គម្រោង​នេះ​ទទួល​បាន​ថវិកា ហើយ​ការ​សិក្សា​ពី​ភាព​ទៅ​រួច​នៃ​គម្រោង​នេះ​ក៏​ត្រូវ​បាន​គេ​សិក្សា​រួច​ហើយ​ដែរ។

លោកស្រី Yun Sun ថា៖ «ខ្ញុំ​គិត​ថា សមាសភាព​យោធា​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​នេះ ប៉ុន្តែ​សមាសភាព​ស៊ីវិល​ក៏គេ​មិន​អាច​អើពើ​ផងដែរ​ នៅ​ក្នុង​គម្រោង​នេះ។ យ៉ាងហោចណាស់ ប្រសិន​បើ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង នោះ​វា​នឹង​ជួយ​ប្រទេស​ចិន​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ទាំង​យោធា​ ទាំង​ស៊ីវិល​ (ក្នុង​សមុទ្រ)»។

ការ​បោះពុម្ព​ផ្សាយ​កាលពី​ខែមិថុនា ឆ្នាំ២០១៦ របស់​សារព័ត៌មាន Wenhui Daily ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង Shanghai បាន​ដក​ស្រង់​សម្តី​អ្នក​ជំនាញ​ចិន​ ដោយ​បាន​និយាយ​ថា ប្រទេស​ចិន​ត្រូវ​ការ​បណ្តាញ​ស្រាវជ្រាវ​ក្រោម​ទឹក​ ដើម្បី​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ។ សារព័ត៌មាន​នេះ​បាន​លើក​ឡើង​ថា គម្រោង Northeast Pacific Time-Series Undersea Networked Experiments របស់​កាណាដា និង​គម្រោង National Science Foundation's Ocean Observatories Initiative របស់​សហរដ្ឋ​អាមេរិក​ គឺជា​ដៃគូ​របស់​ខ្លួន។

បណ្តាញ​ឃ្លាំ​មើល​ក្រោម​សមុទ្រ​នេះ​មាន​សន្ទុះ​គាំទ្រ​កាន់​តែ​ខ្លាំងឡើង​ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ពេល​ដែល​ក្រុម​មន្ត្រី​ចិន​បាន​អនុម័ត​ច្បាប់​រុករក​រ៉ែ​នៅ​បាត​សមុទ្រ​ទឹក​ជ្រៅ។

លោក Fabrizio Bozzato ដែល​ជា​អ្នក​ស្រាវជ្រាវ​ជំនាញ​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖

«ការ​សាងសង់​បណ្តាញ​នេះ​គួរតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ផ្នែក​មួយ​នៃ​ការ​រុករក​នៅ​បាត​សមុទ្រ​ជ្រៅ​ឲ្យ​កាន់​តែ​ទូលំទូលាយ និង​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍ។ ដូច្នេះ​ យើង​អាច​និយាយ​ថា បាន​បណ្តាញ​នេះ​នឹង​ក្លាយ​ជា​កម្មវិធី​ស្នូល​នៃ​កម្មវិធី​នៅ​បាត​សមុទ្រ​របស់​ចិន»។

លោក​បាន​បន្ថែម​ថា៖ «សារ​នេះ​គឺ​ថា ចិន​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន ​មិន​មែន​នៅ​តែ​លើ​ដី និង​កម្រិត​ត្រឹម​មហាកំផែង​នោះ​ទេ ប៉ុន្តែ​កំពុង​បោះជំហាន​ទៅ​ក្នុង​តំបន់​សមុទ្រ​របស់​ចិន​ផង​ដែរ»។

ចិន​បាន​ទាមទារ​ប្រមាណ​ជា​៩៥ ភាគរយ​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ផ្លូវ​ទឹក​មាន​ទំហំ​៣,៥លាន​គ.ម​ការេ ដោយ​លាត​សន្ធឹង​ចាប់​ពី​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់ ទៅ​ដល់​ប្រទេស​សិង្ហបុរី។ ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ វៀតណាម និង​ហ្វីលីពីន​ បាន​ទាមទារ​កាន់កាប់​ផ្នែក​ណា​មួយ ឬ​ផ្នែក​ទាំង​មូល​នៃ​ដែន​សមុទ្រ​ទាមទារ​របស់​ចិន ​ថា​ជា​របស់​ខ្លួន។ ពួកគេ​ចង់​បាន​សមុទ្រ​នេះ ដោយសារ​ធនធាន​ជលផល​ ​ផ្លូវ​នាវា​ចម្បាំង និង​លទ្ធភាព​ក្នុង​ការ​បូម​ប្រេង​នៅ​ក្រោម​សមុទ្រ។

សហរដ្ឋ​អាមេរិក​មិន​មាន​ការ​ទាមទារ​អ្វី​នោះ​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​មាន​នាវា ដែល​ត្រូវ​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​បាន​ទទូច​ឲ្យ​មាន​សេរីភាព​នាវាចរណ៍។ ចាប់​តាំង​ពី​ឆ្នាំ២០១០ ចិន​បាន​ដាក់​យោធា​នៅ​តំបន់​សមុទ្រ​នោះ ដោយ​បាន​បង្កើត​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​សំណាក់រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន និង​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ថា រដ្ឋាភិបាល​អាមេរិក​ចង់​ទប់ស្កាត់​ការ​ពង្រីក​អំណាច​របស់​ចិន។

ការ​ចាប់​បំពេញ​ដី​តាម​ប្រជុំ​កូន​កោះតូចៗ​ ការ​សាងសង់​ប៉ុស្តិ៍​យោធា និង​ការ​បើក​នាវា​ចិន​កាត់​តំបន់​មាន​ជម្លោះ​កាលពី​ជាង​កន្លះ​ទសវត្សរ៍​មុន​ បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ពីប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដែល​ពាក់ព័ន្ធ​នឹង​តំបន់​សមុទ្រ​មាន​ជម្លោះ​នេះ។

នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ឯណោះ​វិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​មាន​ជម្លោះ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​តូក្យូ អំពី​ប្រជុំ​កោះ​ដែល​មិន​មាន​មនុស្ស​នៅ​ ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ប្រកាស​កាលពី​ដើម​ខែ​មីនា​ថា ខ្លួន​បាន​កំណត់​ឃើញ​យន្តហោះ​ចម្បាំង​ចិន​នៅ​ក្បែរ​តំបន់​នោះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ