គណៈអភិបាល​ការ​ផ្សាយ​អាមេរិក​ស្វាគមន៍​ការ​ដក​បម្រាម​ការ​ផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា

  • BBG
គណៈអភិបាលការ​ផ្សាយ​តាម​អាកាស​សហរដ្ឋ​អាមេរិក (Broadcasting Board of Governors) បាន​ស្វាគមន៍​​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុញ្ញាត​ឲ្យវិទ្យុ​FMក្នុង​ស្រុកផ្សាយ​ឡើងវិញ​នូវកម្មវិធី​វិទ្យុ​បរទេស​ជា​ខេមរភាសានៅ​មុនការបោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​ឆ្នាំ ២០១៣។ ប៉ុន្តែ​គណៈអភិបាលនេះក៏​អំពាវនាវ​ផង​ដែរ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ត​ពី​សហគមន៍​អន្តរជាតិក្នុង​សង្កេត​មើល​ការ​រិតត្បិត​ដែល​នៅ​សេសសល់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុងកម្ពុជា​ទាំង​មុន​និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ។

លោក វិកទ័រ អាស្ស (Victor Ashe) សមាជិក​ម្នាក់​នៃ​គណៈអភិបាលការ​ផ្សាយ​តាម​អាកាសសហរដ្ឋ​អាមេរិក និង​ជា​អនុ​ប្រធាន​វិទ្យុ​អាស៊ីសេរី ​មាន​ប្រសាសន៍​ថា «យើង​ត្រេក​អរ​ដែល​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេចអនុញ្ញាតឲ្យ​មាន​ការ​ផ្សាយ​ពី​គ្រប់​ក្រុម​ទាំង​អស់​ក្នុង​រយៈពេល​នៃ​ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តែ​មាន​នៅ​ឡើយ។ វា​ជា​ផ្នែក​ដ៏សំខាន់​ដែល​គ្រប់​ប្រទេស​កាន់​លទ្ធិប្រជា​ធិបតេយ្យ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធផ្សព្វផ្សយ​មាន​លទ្ធភាព​ផ្សាយ​អំពី​គ្រប់​បេក្ខជននិង​យុទ្ធនាការ​បោះឆ្នោត​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋសម្រេច​ចិត្តចុង​ក្រោយនៅថ្ងៃ​បោះឆ្នោត​។ លើស​ពី​នេះ​ទៅ​ទៀត ​ប្រជា​ពលរដ្ឋ​កម្ពុជា​សម​នឹង​ទទួល​បាន​សេរីភាព​ព័ត៌មានដ៏​ពេញលេញនិង​គ្រប់​ពេលវេលា»។

លោក វិកទ័រ អាស្ស​ ដែល​ជា​អតី​ត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ប៉ូឡូញ ពី​ឆ្នាំ ២០០៤​ដល់​២០០៩ ធ្លាប់បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​បីដង​ ហើយ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោក​កាលពីខែ​ឧសភាឆ្នាំ​២០១៣ ជា​ពេល​ដែល​លោក​បាន​ជួប​អ្នក​ដឹក​នាំ​ប្រព័ន្ធផ្សព្វផ្សាយ​និងសង្គមស៊ីវិល​ក្នុង​នាម​គណៈអភិបាលការ​ផ្សាយតាម​អាកាស​សហរដ្ឋ​អាមេរិកនិង​វិទ្យុ​អាស៊ីសេរី។

រដ្ឋាភិបាល​កម្ពុជា​បាន​ដក​បំរាម​ការ​ផ្សាយ​កម្មវិធី​វិទ្យុបរទេស​ជា​ខេមរភាសាតាម​វិទ្យុ​FM ក្នុង​ស្រុកបន្ទាប់​ពី​មាន​ការ​ប្រកាស​តវ៉ាពី​អន្តរជាតិ​ដែល​រូម​មាន​សេចក្តីថ្លែង​ការណ៍​នៃក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ គណៈអភិបាល​ការ​ផ្សាយតាម​អាកាស​សហរដ្ឋ​អាមេរិក វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុអាស៊ីសេរីដែល​វិទ្យុ​ទាំង​ពី​នេះ​ស្ថិត​នៅ​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​គណៈអភិបាល​ការ​ផ្សាយ​តាម​អាកាស​សហរដ្ឋ​អាមេរិក ហើយ​ផ្សាយ​ជា​ខេមរភាសា។

វិទ្យុ​អាស៊ី​សេរី​នឹង​បន្ត​ផ្តល់​កម្មវិធី​នេះ​តាម​រយៈ​រលកវិទ្យុ​ទាប​ SW ក៏​ដូច​ជា​តាម​គេហទំព័រ និង​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម។ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នឹង​បន្តផ្តល់​ព័ត៌មាន​តាម​រយៈ​ផ្កាយ​រណប​ដោយ​ផ្ទាល់ តាម​អ៊ីនធឺណិត តាម​រលក​វិទ្យុទាប​ SW និង​រលក​វិទ្យុ​ធម្យម AM ពី​ក្រៅ​ប្រទេស​កម្ពុជា។ វិទ្យុ​ទាំង​ពីរ​មាន​ផែនការ​នឹង​បន្ថែម​ការ​ផ្សាយ​របស់​ខ្លួន​តាម​រលកវិទ្យុ​ទាប SW ប្រសិន​បើ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ការ​រិតត្បិត​សេរីភាព​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ពេល​បោះឆ្នោត។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ដោយ​ហៅ​ការ​សម្រេច​ចិត្ត​ដក​បំរាម​ការ​ផ្សាយ​កម្មវិធី​វិទ្យុ​បរទេស​ជា «ការវិវត្ត​ជា​វិជ្ជ​មានមួយ​ដែលស្របនឹងតម្រូវការ​នៃដំណើរ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានាសេរីភាព​ព័ត៌មាន​ ជា​ពិសេស​ក្នុង​ពេល​យុទ្ធនាការ​និង​ថ្ងៃ​បោះ​ឆ្នោត​ និង​ចាត់​វិធានការ​តាម​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេសរបស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

ប្រែសម្រួល​ដោយ​ អ៊ឹម សុធារិទ្ធ