ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបង លោក ភូ សុវណ្ណថា ត្រូវបានតុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួន ក្រោមបទចោទប្រកាន់«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមបណ្តឹងរបស់មន្រ្តីម្នាក់នៃគណបក្សប្រជាជនកម្ពុជា។ នេះបើតាមដីកាកោះហៅរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ ដែលវីអូអេទទួលបាន។
លោក ភូ សុវណ្ណថា គឺជាបេក្ខជនលេខរៀងទី ១ ខេត្តបាត់ដំបង មកពីគណបក្សឆន្ទៈខ្មែរ ដែលជាបក្សសម្ពន្ធរបស់គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្តទី ៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែឧសភា ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចេញផ្សាយ កាលពីថ្ងៃទី ១៣ ខែឧសភា បញ្ជាក់ថាការឃាត់ខ្លួន និងឃុំខ្លួន លោក ភូ សុវណ្ណថា ធ្វើឡើងបន្ទាប់ពីតុលាការបានទទួលពាក្យបណ្តឹងរបស់លោក ឌឹម សារឿន អតីតមន្រ្តីគណបក្សភ្លើងទៀនដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំមុន។ តុលាការបន្ថែមថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ និងស៊ីចង្វាក់ដែលអាចសន្និដ្ឋានបានថាលោក ភូ សុវណ្ណថា ពិតជាអ្នកយករូបថតរបស់លោក ឌឹម សារឿន ទៅបង្ហោះជាសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានសរសេរនូវខ្លឹមសារក្នុងចេតនាញុះញង់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម និងគុំកួនដល់លោក ឌឹម សារឿន។
តុលាការខេត្តបាត់ដំបងបញ្ជាក់ថា៖ «ដើម្បីធានានូវសិទ្ធិស្របច្បាប់របស់បុគ្គល និងដើម្បីបង្ការបទល្មើសកុំឱ្យកើតឡើងជាថ្មី ព្រមទាំងដើម្បីកុំឱ្យមានវឹកវរដែលនាំឱ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងភាពថ្លៃថ្នូររបស់បុគ្គលដែលកើតចេញពីបទល្មើសដែលបានប្រព្រឹត្ត អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃុំខ្លួនជននេះ និងធ្វើការចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមច្បាប់»។
វីអូអេបានទាក់ទងទៅលោក ឌឹម សារឿន អតីតមេដឹកនាំគណបក្សភ្លើងទៀនខេត្តបាត់ដំបង និងបច្ចុប្បន្នជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹង ប៉ុន្តែលោកបដិសេដមិនផ្តល់ការអត្ថាធិប្បាយ។
គេមិនទាន់ដឹងនៅឡើយទេថាតើលោក ភូ សុវណ្ណថា បានបង្ហោះសារបែបណានៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់មានការប្តឹងផ្តល់ពីលោក ឌឹម សារឿន នៅឡើយទេ។
កាលពីចុងខែមេសា ឆ្នាំ ២០២៤ លោក ភូ សុវណ្ណថា ធ្លាប់ចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបងម្តងហើយ នៅក្នុងករណីប្តឹងផ្តល់នេះ។ នេះបើតាមដីកាកោះរបស់តុលាការខេត្តបាត់ដំបង ចុះថ្ងៃទី ១៨ ខែមីនា ដែលវីអូអេទទួលបាន។
អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងលោក ដួង សារ៉េន ប្រាប់វីអូអេថាលោក ភូ សុវណ្ណថា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមបញ្ញាតិនៃមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ។
អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកក៏ទើបតែទទួលបានដំណឹងពីការឃាត់ខ្លួនលោក ភូ សុវណ្ណថា កាលពីថ្ងៃចន្ទ។ លោកបន្តថា ការឃាត់ខ្លួនបេក្ខជនឈរឈ្មោះរបស់គណបក្សឆន្ទៈខ្មែរសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខាងមុខ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការបោះឆ្នោត និងបរិយាកាសនយោបាយ ដោយសារតែការវាយតម្លៃគឺស្ថិតក្នុងអំឡុងពេលមុន និងក្រោយការបោះឆ្នោត។
លោកថ្លែងថា៖ «អ៊ីចឹងយើងឃើញថា ការឃាត់ខ្លួនលោក ភូ សុវណ្ណថា នេះ ទោះបីជារឿងបណ្តឹងតាមផ្លូវតុលាការពីបទចោទបណ្តឹងបរិហាកេរ្តិ៍យ៉ាងណាក៏ដោយ ខ្ញុំគិតថា វាអត់សមនឹងធ្វើការឃាត់ខ្លួនគាត់នៅពេលជិតដំណើរការការឃោសនាការបោះឆ្នោតទេ ពីព្រោះហេតុផលទី ១ គឺបរិយាកាសនយោបាយដោយសារខ្លួនគាត់ជាអ្នកនយោបាយ ជាបេក្ខជនដែលឈរទី ១ នៅក្នុងបញ្ជីខេត្តបាត់ដំបង»។
បើតាមលោក គីមសួរ ភិរិទ្ធ ការឃាត់ខ្លួនលោក ភូ សុវណ្ណថា ក៏បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អង្គបោះឆ្នោតផងដែរ ដោយសារតែអង្គបោះឆ្នោតគឺត្រូវការបរិយាកាសដំណើរការបោះឆ្នោតមួយដែលស្ងប់ស្ងាត់ និងគ្មានការគំរាមកំហែងបំភិតបំភ័យណាមួយនោះទេ។
លោក គីមសួរ ភិរិទ្ធ បន្ថែមថាគណបក្សឆន្ទៈខ្មែរនឹងចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញការសោកស្តាយចំពោះការឃាត់ខ្លួនសមាជិកគណបក្សខ្លួនជាបន្តបន្ទាប់ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក ក៏ដូចជាស្នើឱ្យរដ្ឋាភិបាលរក្សាបរិយាកាសនយោបាយស្ងប់ស្ងាត់សិន មុនការបោះឆ្នោតប្រព្រឹត្តទៅ។
លោកថ្លែងថា៖ «អ្វីៗយើងចង់ឱ្យគិតទៅដល់ក្រោយបោះឆ្នោត ហើយរឿងនេះខ្ញុំគិតថា វាមិនមែនជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ហើយលោក ផូ សុវណ្ណថាជាបេក្ខជន យើងដឹងថាគាត់ឈរឈ្មោះនៅហ្នឹង មានផ្ទះសម្បែង មានគ្រួសារមួយច្បាស់លាស់ ហើយធ្លាប់អញ្ជើញគាត់ទៅបំភ្លឺគាត់ទៅបំភ្លឺ។ ពិសេសបើតាមនីតិវិធីតុលាការវាត្រូវតែឃាត់ខ្លួនយ៉ាងណានៅពេលកាត់ក្តីនៅពេលក្រោយ ហ្នឹងយើងធ្វើក្រោយការបោះឆ្នោតហ្នឹងទៅ វាល្អប្រសើរជាងមុនបោះឆ្នោត ប៉ុន្តែវាធ្វើឱ្យអាប់អួដល់បរិយាកាសនៃការបោះឆ្នោត»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ឃើញថា នៅពេលដែលមុនការបោះឆ្នោតខិតជិតមកដល់ម្តងៗ តែងតែមានករណីនៅក្នុងការចាប់ខ្លួនទៅលើសកម្មជនគណបក្សនយោបាយ ឬមេដឹកនាំគណបក្សនយោបាយជាដើម ដែលធ្វើឱ្យបរិយាកាសនយោបាយពុំសូវល្អ និងរងការរិះគន់។
លោកថ្លែងថា៖ «អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតហ្នឹងយើងតែងតែសង្កេតឃើញថាមុនការបោះឆ្នោតម្តងៗ តែងតែមានករណីនៅក្នុងការចាប់ខ្លួនទៅលើសកម្មជនគណបក្សនយោបាយ ឬក៏អ្នកនយោបាយឬក៏មេដឹកនាំនៃគណបក្សនយោបាយដែលបង្កឱ្យបរិយាកាសមុនការបោះឆ្នោតហ្នឹងវាអត់សូវល្អទាក់ទងនឹងស្ថានភាព និងបរិយាកាសនយោបាយ ហើយមានការរិះគន់ច្រើនផងដែរទៅលើករណីទាំងអស់នេះថា សេរីភាពជាមូលដ្ឋាន ឬក៏សេរីភាពនយោបាយនេះមានការរួមតូចអីជាដើម»។
គិតចាប់តាំងពីឆ្នាំ ២០២៣ មក សកម្មជនគណបក្សភ្លើងទៀនប្រមាណជាង ២០ នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្រោមបទចោទផ្សេងៗ។ នេះបើតាមអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ៕