វិស័យធនាគារមីយ៉ាន់ម៉ាបន្តស្ថិតក្នុងភាពវឹកវរ ខណៈបាតុកម្មប្រឆាំងរដ្ឋប្រហារទ្រង់ទ្រាយធំធ្វើឱ្យមានរថយន្តទាហានល្បាតតាមផ្លូវនានា នៅក្នុងក្រុងរ៉ូងហ្គូន កាលពីសប្តាហ៍មុន។
ចាប់តាំងពីយោធាបានកាន់អំណាចនៅដើមខែកុម្ភៈ អ្នកធ្វើការនៅក្នុងវិស័យជាច្រើនដែលដឹកនាំដោយបុគ្គលិកសុខាភិបាល រួមមានទាំងបុគ្គលិកធនាគារផងដែរនោះ បានចូលរួមចលនាបះបោរស៊ីវិល (CDM) ដែលជាយុទ្ធនាការកូដកម្មដើម្បីប្រឆាំងនឹងរដ្ឋាភិបាលយោធា។ អ្នកចូលរួមក្នុងយុទ្ធនាការនេះបានអះអាងថា ពួកគេនឹងមិនត្រឡប់ទៅធ្វើការវិញទេ រហូតទាល់តែមានការផ្ទេរអំណាចឲ្យទៅរដ្ឋាភិបាលជាប់ឆ្នោតវិញ ។
បុគ្គលិកម្នាក់នៃធនាគារ Myanma Apex Ban (MAB) បានប្រាប់ VOA ថា៖ «ខ្ញុំមិនចង់រស់នៅក្រោមរដ្ឋាភិបាលយោធាទេ។ ដូច្នេះខ្ញុំបានចូលរួមក្នុងចលនា CDM និងប្រយុទ្ធដើម្បីប្រជាធិបតេយ្យ»។
ធនាគារជាច្រើននៅទូទាំងប្រទេសនៅបន្តបិទទ្វារ ស្របពេលដែលធនាគារផ្សេងទៀតបានកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ។
ប្រជាពលរដ្ឋត្រូវតម្រង់ជួរយ៉ាងយូរនៅតាមទូរដកប្រាក់ ATM ខណៈធនាគារបានកាត់បន្ថយការដកប្រាក់ ឬមិនឱ្យមានការដកប្រាក់ ហើយអាជីវកម្មកំពុងប្រឈមមុខនឹងបញ្ហាលំហូរសាច់ប្រាក់។
បុគ្គលិកម្នាក់នៃធនាគារ Ayeyarwady Bank (AYA) បានប្រាប់ VOA ថា ទោះបីជាការធ្វើកូដកម្មធ្វើឱ្យជីវិតមានការលំបាកសម្រាប់មនុស្សទូទៅ និងអាជីវកម្មក្តី ប៉ុន្តែពួកគេបានធ្វើរដ្ឋាភិបាលយោធាកាន់តែលំបាក។
បុគ្គលិករូបនោះបាននិយាយថា៖ «ប្រព័ន្ធធនាគារមីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងពឹងផ្អែកលើធនាគារឯកជន។ យើងត្រូវពឹងផ្អែកលើធនាគារឯកជនសម្រាប់លំហូរសាច់ប្រាក់នៅក្នុងប្រទេស និងប្រតិបត្តិការរបស់យើងជាមួយនឹងធនាគារអន្តរជាតិ។ ខ្ញុំគិតថា ការធ្វើកូដកម្មរបស់បុគ្គលិកធនាគារឯកជន នឹងធ្វើឱ្យមានការលំបាកសម្រាប់រដ្ឋាភិបាលយោធាក្នុងការគ្រប់គ្រងសាច់ប្រាក់»។
មីយ៉ាន់ម៉ាជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីអាគ្នេយ៍។ ទោះបីជាមានបញ្ហាហិរញ្ញវត្ថុបន្ថែមក្តី បុគ្គលិកធនាគារនិយាយថា ពួកគេមិនមានរងសម្ពាធឲ្យត្រឡប់ទៅធ្វើការវិញទេ ហើយមកទល់នឹងពេលនេះ មិនទាន់មានយោធាណាមករកពួកគេនៅឡើយទេ។
បុគ្គលិកធនាគារ AYA ម្នាក់ទៀតបាននិយាយថា៖ «រហូតមកដល់ពេលនេះ មិនទាន់មានយោធាណាមករកនៅឡើយទេ។ ប៉ុន្តែបុគ្គលិករូបនេះដឹងថា «មានទាហានក្នុងសម្លៀកបំពាក់ស៊ីវិល» បានទៅធនាគារ និងសុំព័ត៌មានទំនាក់ទំនងរបស់ថ្នាក់ដឹកនាំធនាគារ»។

រូបឯកសារ៖ មនុស្សតម្រង់ជួរនៅមុខធនាគារមួយ ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រទេសមីយ៉ាន់ម៉ា ឬភូមា ត្រូវបានដឹកនាំដោយកងកម្លាំងប្រដាប់អាវុធ ចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ២០១១។ នៅក្នុងឆ្នាំ ២០១៥ អ្នកស្រី អង់សាន ស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រីបានឈ្នះការបោះឆ្នោតបែបប្រជាធិបតេយ្យដោយចំហជាលើកដំបូងក្នុងប្រទេសមីយ៉ាន់ម៉ា។
ការបោះឆ្នោតសកលនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើឱ្យគណបក្សប្រឆាំងដែលគាំទ្រដោយយោធាចាញ់ឆ្នោតយ៉ាងខ្លាំង បើប្រៀបទៅនឹងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។ គណបក្សប្រឆាំងបានអះអាងថា មានការបន្លំសន្លឹកឆ្នោតជាច្រើន។
យោធាមីយ៉ាន់ម៉ា ដែលគេហៅថា Tatmadaw បានបណ្តេញរដ្ឋាភិបាលរបស់គណបក្ស NLD ចេញពីអំណាចនៅថ្ងៃទី១ ខែកុម្ភៈ។ លោក Min Aung Hlaing មេបញ្ជាការយោធាបានកាន់អំណាច ដោយបានប្រកាសដាក់ប្រទេស «ក្នុងភាពអាសន្នរយៈពេល១ឆ្នាំ» និងបាននិយាយថា ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងនៅពេលអនាគត ។ សមាជិកគណបក្ស NLD ត្រូវបានឃាត់ខ្លួន ខណៈដែលអ្នកស្រី អង់សាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ត្រូវបានចាប់ខ្លួន។
ចាប់តាំងពីពេលនោះមក ការតវ៉ាជាច្រើនបានកើតឡើងនៅទូទាំងប្រទេសដោយមនុស្សរាប់ពាន់នាក់ទាមទារឱ្យមានការបញ្ចប់រដ្ឋប្រហារ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មនុស្សជាង ៤០០ នាក់ត្រូវបានចាប់ខ្លួន ហើយយ៉ាងហោចណាស់ ពីរនាក់បានស្លាប់ រួមមានអ្នកតវ៉ាម្នាក់ និងមន្ត្រីប៉ូលិសម្នាក់។
អគ្គទេសាភិបាលរងថ្មីនៃធនាគារកណ្តាលមីយ៉ាន់ម៉ាបានបន្ទោសចលនា CDM និងបានអះអាងថាក្រុមអ្នកតវ៉ា «កំពុងបំផ្លាញសេដ្ឋកិច្ចរបស់ខ្លួនឯង»។
លោក Win Thaw ជាអ្នកដែលទទួលបានការគាំទ្រពីយោធា និងជាអ្នកជំនួសលោក Bo Bo Nge អតីតអគ្គទេសាភិបាលរង ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានឃាត់ខ្លួនដោយគេមិនបានដឹងពីទីកន្លែងរបស់លោកនោះទេ។
លោក Win Thaw បានប្រាប់សារព័ត៌មាន Frontier Myanmar ដែលជាសារព័ត៌មានជាភាសាអង់គ្លេសនៅមីយ៉ាន់ម៉ា ថា ការពហិការរយៈពេលយូររបស់បុគ្គលិកទាំងនោះអាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។
លោក Win Thaw បានប្រាប់សារព័ត៌មាន Frontier Myanmar ថា៖ «ប្រព័ន្ធធនាគារត្រូវការជាចាំបាច់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បុគ្គលិកធនាគារមិនគួរបដិសេធមិនព្រមមកធ្វើការនោះទេ»។
អគ្គទេសាភិបាលរងរូបនេះបានបន្ថែមថា ធនាគារកណ្តាលមីយ៉ាន់ម៉ាមាន «ផែនការក ខ និងគ ដើម្បីធានាថា ប្រព័ន្ធហិរញ្ញវត្ថុមិនត្រូវបានរាំងស្ទះ» ប៉ុន្តែបានបដិសេធចំពោះការអត្ថាធិប្បាយលម្អិតថា តើផែនការទាំងនោះជាអ្វីនោះទេ។
លោក Zeya Thu អ្នកវិភាគសេដ្ឋកិច្ច និងនយោបាយមីយ៉ាន់ម៉ា បានព្រមានថា វិបត្តិនយោបាយមីយ៉ាន់ម៉ានឹងនាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ ហើយនៅទីបំផុត «ធនាគារត្រូវតែបន្តផ្តល់សេវាកម្មរបស់ខ្លួន»។
លោក Thu បានប្រាប់ VOA ថា៖ «ការពិតដែលថា ធនាគារត្រូវបានបិទធ្វើឱ្យមនុស្សម្នាមានអារម្មណ៍មិនមានសុវត្ថិភាពហិរញ្ញវត្ថុ។ មនុស្សជាច្រើនកំពុងប្រឈមនឹងសុវត្ថិភាពហិរញ្ញវត្ថុ និងកំពុងគិតថា ពួកគេនឹងបាត់ប្រាក់សន្សំរបស់ពួកគេជារៀងរហូត។ ក្រុមហ៊ុននឹងមិនអាចបើកប្រាក់បៀវត្សរ៍ប្រចាំខែឲ្យពួកគេបានទេ»។
លោក Aung Wai Yan ជាហិរញ្ញិក និងបុគ្គលិកជាន់ខ្ពស់មួយរូបនៅធនាគារ Shinhan Bank បាននិយាយថា ការតវ៉ាមាន «ផលប៉ះពាល់ភ្លាមៗ» ទៅលើប្រទេសទាំងមូល ដោយសារតែធនាគារខ្លាចនឹងបញ្ចេញសាច់ប្រាក់ហាងទំនិញ បដិសេធមិនទទួលយកការទូទាត់តាមកាតធនាគារ ហើយការទូទាត់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងរូបិយប័ណ្ណស្ទើរតែនៅនឹងថ្កល់ទៅហើយ៕