ប្រទេស​បង់ក្លាដែស ត្រូវ​មើលឃើញ​ថា​បោះពួយ​ទៅ​រក​វិបត្តិ​នយោបាយ

ទាហាន​យាម​នៅ​មុខ​គេហដ្ឋាន​ផ្លូវការ​របស់​ប្រធានាធិបតី​ក្នុង​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដែស ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០២៤។

ជិត​៨០​ម៉ោង ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​អ្នកស្រី Sheikh Hasina បាន​ភៀសខ្លួន​ចេញ​ពី​បង់ក្លាដែស​ក្នុង​អំឡុង​បាតុកម្ម​ដ៏​ហិង្សា ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៣០០នាក់​ស្លាប់​មក ជ័យលាភី​រង្វាន់​ណូបែល លោក Muhammad Yunus បាន​ស្បថ​ចូល​កាន់តំណែង​ ដឹកនាំ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​ប្រទេស​នេះ។

ក្នុង​វ័យ៨៤ឆ្នាំ លោក Yunus បាន​ធ្វើ​សច្ចាប្រណិធាន ក្នុង​ពិធី​មួយ​រៀបចំ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅវិមាន​ប្រធានាធិបតី​ក្នុង​ក្រុងដាកា។ ព្រឹតិ្តការណ៍​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​មេដឹកនាំ​នយោបាយ ​សង្គមស៊ីវិល ឧត្តមសេនីយ៍​យោធា​និង​អ្នក​ការទូត ហើយ​ធ្វើ​ឡើង​ក្នុង​ពេល​ភាព​ចលាចល​នៅ​បន្ត​ក្នុង​ប្រទេស​នៅ​ឡើយ។ អ្នក​វិភាគ​ថា​លោក Yunusប្រឈម​នឹង​ផ្លូវ​ដ៏​លំបាក ពេល​ប្រទេស​នេះ​អាច​ធ្លាក់​ចូល​ក្នង​វិបត្តិ​នយោ បាយ​កាន់តែ​ជ្រៅ។

គណៈរដ្ឋមន្ត្រី​ដែល​មាន​សមាជិក​១៧​នាក់ដែល​គេ​ហៅ​ថា​«ទីប្រឹក្សា»​រួមមាន​អ្នក​សម្រប សម្រួល​សំខាន់​ពីរ​នាក់​មក​ពី​ចលនា​ដឹកនាំ​ដោយ​និស្សិត គឺលោក Nahid Islam និង​លោក Asif Mahmud ព្រមទាំង​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​គឺ លោក Adilur Rahman Khan ដែល​ធ្លាប់​ជាប់គុក​ក្រោម​រដ្ឋាភិបាល​របស់​អ្នក​ស្រី Hasina ដោយសារ​តែ​ការប្រមូល​ចងក្រង​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ក៏​រួមបញ្ចូល​សេដ្ឋវិទូ សកម្មជន​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​សិក្សា​ស្រាវជ្រាវនិង​មន្ត្រី​យោធា​ចូលនិវត្តន៍​ម្នាក់​ដែរ។ តែ​គេ​នៅ​មិន​ទាន់​ប្រកាស​ថាតើ​រដ្ឋាភិ បាល​បណ្តោះ​អាសន្ន​នេះ នឹង​កាន់​តំណែង​រហូត​ដល់​ពេល​ណាទេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ពេល​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ Hazrat Shahjalal លោក Yunus ដែល​ជាអ្នក​ត្រួសត្រាយ​ផ្លូវ​ផ្នែក​មីក្រុហិរញ្ញវត្ថុ​មុន​គេ​បង្អស់ ក៏​បាន​ថ្លែង​សុន្ទរក ថា​ដ៏​រំជួល​ចិត្ត​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​ ពេល​លោក​ត្រៀម​ទទួល​យក​កាតព្វកិច្ច​ថ្មី​របស់​លោក។ លោក Yunus បាន​សម្តែង​ក្តីសង្ឃឹម​ដើម្បី​ស្តារ​សន្តិភាព​និង​កសាង​បង់ ក្លាដែស​ឡើង​វិញ ក្រោយ​ពី​ការងើបឡើង​បះបោរដែល​បាន​បញ្ចប់​ការ​ដឹកនាំ​ប្រទេស​បែប​អត្តាធិប្បាយ​កាន់​តែ​ខ្លាំង​ឡើង​អស់​ពេល១៥ឆ្នាំ​របស់​អ្នក​ស្រី Hasina៕