បង់ក្លាដែស​ស្នើ​ឲ្យ​ដក​​ទាហាន​មីយ៉ាន់ម៉ា​ចេញ​ពី​ព្រំដែន

រូបភាពឯកសារ៖ ជនជាតិ​រ៉ូហ៊ីងយ៉ា​ឥស្លាម​ពី​ប្រទេស​មីយ៉ាន់ម៉ា​រង់ចាំទទួល​អាហារ​​នៅ​ព្រំដែនបង់ក្លាដែស​កាលពី​ថ្ងៃទី​១៥ កញ្ញា ២០១៧។

ប្រទេស​បង់ក្លាដែស​បាន​ស្នើ​មីយ៉ាន់ម៉ា​ដែល​ជា​ប្រទេស​ជិត​ខាង​ ឲ្យ​ដក​កងកម្លាំង​សន្តិសុខ​របស់​ខ្លួន​ចេញ​ពី​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ បន្ទាប់​ពី​ទាហានមីយ៉ាន់ម៉ា​បាន​ដាក់​ពង្រាយ​នៅ​ជិត​ជំរំ​ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​រាប់ពាន់​នាក់​ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​ខែសីហា​ឆ្នាំ​មុន​មក។

ក្រសួង​ការបរទេស​បង់ក្លាដែស​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​បាន​កោះ​ហៅ​បេសកជន​របស់​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​រដ្ឋធានី​ដាកា​ ប្រទេស​បង់ក្លាដែស​ ដើម្បី​ប្រាប់​ពី​ក្តី​បារម្ភ​របស់​ខ្លួន​អំពី​ការ​កើនឡើង​នៃ​វត្តមាន​របស់​ទាហាន​មីយ៉ាន់ម៉ា​នៅ​ក្នុង​តំបន់​ព្រំដែនTombru ឆ្លង​ពី​ស្រុក Khagrachhariភាគ​អាគ្នេយ៍​ប្រទេស​បង់ក្លាដែស។

ក្រសួង​បាន​ប្រកាស​ថា​ ខ្លួន​បាន​ប្រាប់​ទៅ​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​អំពី​ការ​ដាក់​ពង្រាយ​កងទ័ព​ទាំងនេះ​នឹង​បង្ក​ឲ្យ​មាន​ការ​យល់ច្រឡំ​នៅក្នុង​ប្រទេស​បង់ក្លាដែស​ ក៏​ដូច​ជា​បង្កើន​ភាពតានតឹង​នៅ​តាម​តំបន់​ព្រំដែន​ផងដែរ។

កងទ័ព​ត្រូវបាន​ដាក់ពង្រាយ​នៅ​ជិត​តំបន់ស​ ដែល​ជា​ទីកន្លែង​ស្នាក់នៅ​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ចំនួន៦០០០នាក់​ ដែល​បា​នភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ដោយ​កង​សន្តិសុខ​មីយ៉ាន់ម៉ា​ ទៅ​លើ​ជនជាតិ​ភាគតិច​កាន់សាសនា​ឥស្លាម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​ចុង​ខែ​សីហា​ឆ្នាំមុន។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាង​កាន់​សាសនា​ឥស្លាម​ប្រហែល​៧សែននាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ចូល​ទៅ​ក្នុង​ប្រទេសបង់ក្លាដែស​ ចាប់​តាំង​ពី​មាន​ការ​បង្រ្កាប​កាល​ពី​ខែ​សីហា​ឆ្នាំមុន​ ​ដែល​អង្គការ​សហប្រជាជាតិ​ហៅ​ថា​ជា​ការបោស​សម្អាត​ជាតិសាសន៍៕