ផែនការ​​របស់​ថៃ​ទិញ​នាវា​ចម្បាំង​ក្នុង​តម្លៃ​ខ្ពស់​ពី​ចិន​នាំ​ឱ្យ​មាន​ការ​​​ព្រួយ​បារម្ភ

រូបឯកសារ៖ នាវាចម្បាំងចិន Rizhao (598) ត្រូវបានគេមើល មុនពេលធ្វើសមយុទ្ធកងទ័ពជើងទឹកដែលបានគ្រោងទុកជាមួយកងទ័ពជើងទឹករុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង នៅទីក្រុង Richards Bay ប្រទេសអាហ្វ្រិកខាងត្បូង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់ប្រទេស​ថៃ​ កំពុង​ប្រឈម​នឹង​ការ​រិះគន់​ជុំវិញ​ការ​សម្រេច​របស់​ខ្លួន​បន្ត​ទៅ​មុខ​នូវផែនការក្នុង​ការ​ទិញនាវា​ចម្បាំង​កងទ័ព​ជើង​ទឹក​ប្រភេទ frigate ដែល​មាន​តម្លៃ​ខ្ពស់​ខ្លាំងពី​ប្រទេស​ចិន​ នៅ​ក្នុង​កិច្ច​ព្រមព្រៀងមួយ​ដែល​ដើម​ឡើយ ​ត្រូវ​បាន​ចរចា​ដោយ​រដ្ឋាភិបាលយោធា​មុន​របស់​ថៃ។​

ការ​ទិញ​នាវា​ចម្បាំង​ចិន​នេះ​ត្រូវ​បាន​ចរចា​ ​ក្រោយ​ពី​ប្រទេស​ចិន​សម្រេចមិន​ធ្វើ​វិញ​នូវ​ផែន​ការ​កាល​ពី​ឆ្នាំ​២០១៧ ដែល​ថា​នឹង​លក់នាវា​មុជទឹក​ប្រភេទ​ S26T Yuan-class​ មួយ​គ្រឿង​ទៅ​ឱ្យ​ប្រទេស​ថៃ ដោយ​សារ​តែ​ខ្លួន​មិន​អាច​រកម៉ាស៊ីន​ដែល​ប្រើ​ប្រេង​ម៉ាស៊ូត​បានពី​ប្រទេស​អាល្លឺម៉ង់​ ដោយ​អាល្លឺម៉ង់​បាន​ហាមមិន​ឱ្យ​ប្រើ​ម៉ាស៊ីន​នោះ​លើ​ឧបករណ៍​យោធា​ចិនឡើយ។ នេះ​បើតាមសេចក្តី​រាយការណ៍​របស់កាសែតបាងកក​ប៉ុស្តិ៍​របស់​ប្រទេស​ថៃ។

ទោះ​បី​ជា​យ៉ាង​នេះក្តី​ ក៏​នាវា​ចម្បាំង​ frigate នេះ​ ដែល​នឹង​បន្ថែម​ទៅ​នឹង​ចំនួននាវា​ចម្បាំង​៧​គ្រឿង​ដែលថៃ​កំពុង​មាន​ស្រាប់​ ហើយ​ដែល​ភាគ​ច្រើន​ផលិត​នៅ​ក្នុងប្រទេស​ចិន​នោះ​ ​នឹង​មាន​តម្លៃសរុប​៤៨០​លាន​ដុល្លារ​អាមេរិក​ ដែល​មាន​តម្លៃ២៨លាន​ដុល្លារ​លើស​ពី​តម្លៃ​ដើម​របស់​នាវា​នេះ។

​គណបក្ស​ប្រឆាំង​ថៃ Move Forward បាន​រិះគន់​ជុំវិញ​បញ្ហា​នេះ​ ដោយ​លើកហេតុផល​ថា​ កិច្ចព្រមព្រៀងទិញ​នាវាមុជទឹក​នេះ​ គួរ​ទុក​ឱ្យ​អស់​សុពលភាពដោយ​មិនចាំបាច់ធ្វើ​អ្វី​នោះ​ឡើយ។

សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ Move Forward ​លោក​ Rangsiman Rome ដែល​ត្រូវ​បានស្រង់​សម្តី​ដោយ​កាសែត​ Matichon ដែល​ជា​កាសែត​បោះពុម្ភ​និង​អនឡាញ​ដ៏​ធំ​មួយរបស់​ថៃ​ និយាយ​ថា​ «អាជ្ញាធរ​ចិនគួរ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​ធ្វើ​ឱ្យ​បរាជ័យនៃ​កិច្ចព្រមព្រៀងនេះ»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​លោក​ Sutin Klungsang​ (ស៊ូធីន ខ្លាំងស៊ែង)បាន​ការពារ​លើ​ការ​ទិញ​នាវា​នេះ ដោយ​និយាយ​ថា​ការបញ្ចប់កិច្ចព្រមព្រៀង​នេះ​ ឬ​ការស្នើ​សុំ​ឱ្យ​ចិន​សងលុយ​មក​ឱ្យ​ថៃ​វិញ​នោះ​ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀតនៃ​កិច្ច​សហប្រតិបត្តិការនិង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ Sutin ក៏​បាន​និយាយ​ផង​ដែរ​ថា​ កិច្ចសន្យា​ទិញ​នាវា​មុជទឹកនេះ​ ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ប៉ុណ្ណោះ​ ដោយ​មិន​ត្រូវ​បាន​ជំនួស​ដោយ​កិច្ចសន្យា​ទិញ​នាវា​ថ្មីប្រភេទ​ frigate នោះ​ឡើយ។​

លោក​ Scott Edwards ​សាស្ត្រាចារ្យមុខវិជ្ជា​ទំនាក់ទំនង​អន្តរជាតិ​ ​នៃ​សាកលវិទ្យាល័យ​ Reading នៅ​ចក្រភពអង់គ្លេស បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា​ វា​អាច​មាន​ប្រទេស​ជា​ច្រើន​ទៀត​ ដែលថៃ​អាច​ទិញ​នាវា​ចម្បាំង​បាន​ ប៉ុន្តែ​ការ​ពិចារណាលើ​ហេតុផល​នយោបាយ​ អាចជា​កត្តា​ក្នុង​ការ​ទិញនេះ។ លោក​បាន​និយាយ​ក្នុង​សារ​តាមអ៊ីមែល​ថា៖​ «នាវា​ចម្បាំងពេល​ខ្លះ​ត្រូវ​ពឹង​ផ្អែក​លើ​ប្រទេសដើម​ដែល​ជា​អ្នកផលិត​វា​ ដើម្បី​ទិញ​គ្រឿង​បន្លាស់​និង​ការ​ជួសជុល​ជា​ដើម»។​ ​

លោក​ John Bradford នាយក​ប្រតិបត្តិ​នៃក្រុម​ប្រឹក្សា Yokosuka​ ស្តី​ពីការ​សិក្សាអាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ជប៉ុន​ បាន​លើក​ឡើង​ពីអត្ថប្រយោជន៍​មួយចំនួន​នៃ​នាវា​ចម្បាំង frigate​ លើស​នាវា​មុជទឹក។​ លោកនិយាយ​ថា តម្លៃ​នៃការបណ្តុះ​បណ្តាលនិង​ជួសជុល​នាវា​ចម្បាំង​គឺថោកជាង​ ហើយ​នាវា​ចម្បាំងមាន​សារ​ប្រយោជន៍​ជាង ក្នុង​ការ​ប្រើប្រាស់ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ​ក្នុង​បរិបទដែន​សមុទ្រ​ដែល​មាន​ភាព​«ស្មុគ្រស្មាញ​ខ្លាំង‍»​របស់​ថៃ​នោះ។

លោក​ Bradford ​បាន​សរសេរ​ក្នុង​សារ​អ៊ីមែល​មួយ​មកកាន់​វីអូអេ​ថា​ បញ្ហា​ប្រឈម​ទាំងនោះ​រួម​មានការ​ពង្រឹង​ការ​អនុវត្ត​បទបញ្ញតិ្តនេសាទ ការ​ការពារ​ប្រឆាំង​នឹង​ការរត់ពន្ធ​ ការ​ការពារ​ប្រភព​ធនធាន​សមុទ្រ​ និងការ​គ្រប់គ្រង​លើ​ដែន​សមុទ្រ ដែល​រួម​មាន​ទាំង​ក្នុងមហាសមុទ្រ​ឥណ្ឌា​និងមហាសមុទ្រ​ប៉ាស៊ីហ្វិក។ លោក Edwards បាន​យល់​ស្របថា​ ​នាវា​ចម្បាំង​មាន​ប្រយោជន៍ជាង​នាវា​មុជទឹក ​ព្រោះប្រទេស​ថៃ​ទំនង​ជា​មិន​អាចប្រើប្រាស់​អស់​លទ្ធភាព​របស់​នាវា​មុជទឹក​នោះ​ទេ។​

លោក​ Edwards ដែល​ជា​អ្នក​ជំនាញ​អភិបាលកិច្ច​សន្តិសុខ​លំហ​សមុទ្រនៃ​តំបន់​អាស៊ីអាគ្នេយ៍​

និយាយ​ថា៖​ «ខណៈ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ចង់​បាន​នាវា​មុជទឹក​ ដើម្បី​ដើរឱ្យ​ទាន់នឹងសមត្ថភាព​នៃ​ប្រទេសជិត​ខាងខ្លួន​នោះ​ នាវា​ចម្បាំង​ចម្បាំង​ប្រភេទ​ frigate ទាំង​នោះ​ ក៏​អាច​បំពាក់សមត្ថភាព​ប្រឆាំងនាវា​មុជទឹក​ផង​ដែរ»។​ ​

ទោះ​បី​ជា​បែប​នេះ​ក្តី​ ក៏​លោកបាន​លើក​ជាសំណួរ​ជុំវិញការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​បាងកក ​ក្នុង​ការ​ទិញនាវា​ចម្បាំង​ពី​ប្រទេស​ចិន​ ​ព្រោះ​ចិន​កំពុង​តែ​មានអាកប្បកិរិយាដ៏​គគ្លើន​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ ​

លោក​បន្ថែមដូច​នេះទៀត​ថា៖​ «សកម្មភាព​របស់​ចិនក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ គួរ​តែ​ជា​ចំណុច​ត្រូវ​ពិចារណា​មួយ​ បើ​ទោះ​បីជាថៃ​មិន​មាន​ជម្លោះ​ដោយ​ផ្ទាល់នៅ​ក្នុង​សមុទ្រ​នេះ​ក៏​ដោយ»។

ប្រទេស​ថៃ​ក្នុង​ពេល​កន្លង​ទៅ​បាន​ទិញ​នាវា​ចម្បាំង​ frigate ប្រភេទ​ Naresuan-class ចំនួន​២​គ្រឿង​ និង​ប្រភេទ Chao Phraya-class​ ចំនួន​៤​គ្រឿង​ពី​ប្រទេស​ចិន​ និង​មួយ​គ្រឿងផ្សេង​ទៀតពី​ប្រទេស​កូរ៉េខាង​ត្បូង។​ ​ភាគច្រើននៃ​នាវា​ចម្បាំង​ដែល​បំពាក់​ដោយ​គ្រាប់​មីស៊ីល​ទាំង​នេះ​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​តាំង​ពី​ទសវត្សរ៍​១៩៩០​មក។ ​

ខណៈ​ពេល​ដែល​ប្រទេស​ថៃ​ធ្លាប់​ពឹង​ផ្អែកទាំង​លើ​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ ដើម្បី​ទទួល​បានឧបករណ៍​យោធា​ធុន​ធ្ងន់ក្នុង​ពេល​កន្លង​ទៅ​នោះ​ ​ព្រះរាជាណាចក្រ​មួយ​នេះ​ ​បាន​ផ្លាស់​ប្តូរ​ងាកកាន់​តែ​ជិត​ទៅ​រករដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ក្រោយមាន​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែលបាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក ផ្អាក​ការ​ផ្តល់​ហិរញ្ញប្បទាន​យោធា​រាប់​លាន​ដុល្លារ​ដល់​ប្រទេស​នេះ​ ក៏​ដូច​ជា​ថវិកា​សម្រាប់​ការ​បណ្តុះបណ្តាល​និង​អប់រំ​ផ្នែក​យោធា​ផង​ដែរ។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនបាន​ស្តារ​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​ជាមួយរដ្ឋាភិបាល​ក្រុង​បាងកក​ ក្រោយ​ការ​បោះឆ្នោតក្នុង​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​គេ​មើល​ឃើញជា​ទូទៅ​ថា​ ជា​ការបោះឆ្នោត​មួយ​ ដែល​ធ្វើឱ្យ​រដ្ឋាភិបាលដឹកនាំ​ដោយ​ក្រុម​យោធា​មាន​លក្ខណៈ​ស្របច្បាប់​តែប៉ុណ្ណោះ។ ការបោះឆ្នោត​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​ ដែល​តាក់តែង​ឡើង​ដោយ​របប​សឹក​យោធា​ ហើយ​ជា​លទ្ធផល​គឺ​ជ័យជម្នះបាន​ទៅ​លើ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ គឺ​លោក​ឧត្ដមសេនីយ៍​ Prayuth Chan-ocha។

លោក ​Dulyapak Preecharush​ (ឌូលយ៉ាផាក ព្រីឆារ៉ាត់) សាស្ត្រាចារ្យ​រង​សម្រាប់​ការ​សិក្សាពី​អាស៊ី នៃ​សាកលវិទ្យាល័យ Thammasat ក្នុង​រាជធានី​បាងកក បាន​កត់សម្គាល់​ថា ប្រទេស​ថៃកំពុងត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋាភិបាលស៊ីវិល​មួយ​ចាប់​តាំង​ពី​ខែ​សីហា​កន្លង​មក​ និង​បាន​អះអាង​ថា​ ​ព្រះរាជាណាចក្រ​នេះ គួរ​រក្សា​នយោបាយអព្យាក្រឹត​ដោយ​មិន​ចូល​បក្សសម្ព័ន្ធ​ណាមួយ​ ​ដោយ​រួម​ទាំង​ការធ្វើឱ្យ​មាន​តុល្យភាពកាន់​តែ​ច្រើន​ថែម​ទៀត ក្នុង​ការទិញ​គ្រឿង​ឧបករណ៍​ធុន​ធ្ងន់​ផ្នែក​យោធា​ផង​ដែរ។

លោក​បាន​សរសេរ​ក្នុងសារ​អ៊ីមែល​មក​កាន់​វីអូអេ​ភាសា​ថៃ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា៖​ «ក្រសួង​ការពារ​ជាតិថៃ​ បានទទួល​ស្គាល់ពីការ​ប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ ហើយ​នឹង​ធ្វើ​ឱ្យមាន​តុល្យភាពកាន់​តែ​ច្រើន​ថែម​ទៀត​ លើ​ទំនាក់ទំនងរបស់​ថៃ​ ជាមួយ​ប្រទេស​មហាអំណាចសំខាន់ៗ»។ ​

យោង​ទៅ​លើ​វិទ្យាស្ថានស្រាវជ្រាវ​សន្តិភាព​អន្តរជាតិក្រុង​ស្តុកខុល​ (Stockholm International Peace Research Institute) ​ក្នុង​ប្រទេស​ស៊ុយអែត​ បាន​ឱ្យ​ដឹង​ថា​ ប្រទេស​ថៃ​បាន​ទិញ​សម្ភារៈ​យោធាចំនួន​៣៣​ភាគរយ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ១៤ភាគរយ​ពី​ប្រទេស​ចិន​ និង​១០​ភាគរយ​ពី​សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​២០២២។​

លោក Edwards នៃ​សាកលវិទ្យាល័យ​ Reading ក្នុងប្រទេសអង់គ្លេស បាន​យល់​ស្រប​លើ​រឿង​នេះ​ថា​ រដ្ឋាភិបាលថៃ​បច្ចុប្បន្ន​ ដែល​ដឹកនាំដោយ​គណបក្ស​ Pheu Thai ដែល​ចងសម្ពន្ធភាព​ចម្រុះ​ជាមួយក្រុម​គាំទ្រ​ខាង​យោធា​និង​ក្រុម​ឥស្សរជន​ផ្សេងៗ​ទៀត​នោះ​ ​ទំនង​ជា​នឹង​ធ្វើឱ្យ​មាន​តុល្យភាព​ឡើង​វិញជាមួយ​សហរដ្ឋ​អាមេរិក។​

ប៉ុន្តែ​«ការ​ផ្លាស់​ប្តូរ​នោះ​ទំនង​ជា​មិន​ខ្លាំង​ក្លានោះ​ទេ»។ នេះ​បើ​តាម​លោក​ Edwards បាន​សរសេរឱ្យ​ដឹង​ក្នុង​សារ​អ៊ីមែល​របស់​លោក​ ដោយលោក​កត់​សម្គាល់​ថា​ កាល​ពី​ខែឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ​ ​សហរដ្ឋ​អាមេរិក​ ​បាន​បដិសេធ​ការ​លក់​យន្តហោះ​ប្រយុទ្ធ​បំបាំង​កាយ F-35 របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ថៃ។​

​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់ថៃ​ជាមួយ​ប្រទេស​ចិនក្នុង​ឆ្នាំ​២០២២​ មានចំនួនប្រមាណ​១៣៥​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​មជ្ឈមណ្ឌលព័ត៌មានធុរកិច្ច​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន។​ ដោយ​ឡែក​ទំហំ​ពាណិជ្ជកម្ម​របស់​ថៃ​ជាមួយ​សហរដ្ឋ​អាមេរិកក្នុង​ឆ្នាំ​២០២២​នោះ​ដែរ​ ​មាន​ចំនួន​ប៉ាន់ស្មានប្រមាណ​៧៩,១​ពាន់​លាន​ដុល្លារ​អាមេរិកប៉ុណ្ណោះ។ ​នេះ​បើ​តាម​តួលេខនៃ​ការិយាល័យតំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ