អាស៊ែបៃហ្សង់​និង​ជនជាតិ​ភាគតិច​អាម៉េនី​ឈាន​ដល់​ការឈប់បាញ់​គ្នា​នៅ​តំបន់ Nagoro-Karabakh

កុមារ​​នៅ​កន្លែង​ជ្រក​គេច​ពី​គ្រាប់​ផ្លោង​មួយ​កន្លែង​នៅ​តំបន់​បំបែក​រដ្ឋ Nagorno-Karabakh។

ពួក​អាជ្ញាធរAzerbaijanនិង​ជនជាតិ​ភាគ​តិច​អាម៉េនី​នៅ​ក្នុង​តំបន់​បំបែក​រដ្ឋ Nagorno-Karabakh បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី Azerbaijanបាន​ចាប់​ផ្តើម​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​កិច្ចប្រតិបត្តិការ​«ប្រឆាំង​ភេរវកម្ម»។

កិច្ចព្រមព្រៀង​ដែល​សម្រប​សម្រួល​ដោយ​កងថែ​រក្សា​សន្តិភាព​រុស្ស៊ី​អំពាវនាវ​ឱ្យ​ពួក​កម្លាំង​ទាមទារ​បំបែក​រដ្ឋ​ទម្លាក់​អាវុធ​ហើយ​កង​កម្លាំង​អាម៉េនី​ដក​ចេញពី​តំបន់​នោះ។

ពួក​អាជ្ញាធរAzerbaijanនិង​ពួក​អ្នក​តំណាង​មកពី​ជនជាតិ​ភាគតិច​អាម៉េនី​នៅ​ក្នុង​តំបន់​នោះ​មាន​កំណត់​ពេល​ធ្វើការ​ចរចា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​នៅ​ក្នុង​ទីក្រុងYevlakh នៃ​ប្រទេសAzerbaijan​អំពី​អនាគត​នៃ​តំបន់​នោះ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​មាន​កំណត់​ពេល​ធ្វើ​ជំនួប​គ្រាអាសន្ន​អំពី​ស្ថានភាព​នៅ​តំបន់​នោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ​ដែរ។

ពួក​អាជ្ញាធរ​អាម៉េនី​បាន​និយាយ​ថា​ការ​ប្រយុទ្ធ​ដែល​បាន​បន្ត​ចូល​ដល់​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច៣២នាក់​ស្លាប់​ហើយ​និង​ជាង​២រយ​នាក់​រងរបួស។

អំពើ​ហិង្សា​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​អំពាវនាវ​អន្តរជាតិ​ឱ្យ​មាន​សន្តិភាព ​រួម​ទាំង​រុស្ស៊ី​និង​សម្តេច​រ៉ូម៉ាំង​កាតូលិក Pope Francis​ ផង​ដែរ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinkenបាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ជាមួយ​ប្រធានាធិបតី ​Azerbaijan​លោក Ilham Aliyev​និង​នាយក​រដ្ឋមន្ត្រី​អាម៉េនី​លោក Nikol Pashinyan។

លោក​រដ្ឋមន្ត្រី​ការបរទេសBlinkenបាន​ប្រាប់​លោក Aliyev ថា​មិន​មាន​ដំណោះស្រាយ​យោធា​ទេ​ហើយ​ថា Azerbaijan និង​ជនជាតិ​ភាគ​តិច​អាម៉េនី​នៅ​ក្នុង​តំបន់ Nagorno-Karabakh «ត្រូវតែ​បន្ត​ការសន្ទនា​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិតគ្នា​ដ៏​ខ្លាំង​នេះ»។

សេចក្តី​ថ្លែងការណ៍​ពី​ខុទ្ទកាល័យ​របស់​លោក Aliyev បាន​បញ្ជាក់​ថា​កិច្ចប្រតិបត្តិការយោធា​នឹង​បញ្ឈប់​ប្រសិនបើ ​ពួក​អ្នក​ប្រយុទ្ធ​អាម៉េនី​ទម្លាក់​អាវុធរបស់​ពួកគេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដក​ស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters