យុវជន​ខ្មែរ​អាមេរិកាំង​នៅ​ឡូវែល​ចាប់​យក​ការ​អប់រំ ដើម្បី​គេច​វេស​ពី​ក្រុម​ក្មេង​ទំនើង និង​គ្រឿង​ញៀន

យុវជន​មក​ពី​គម្រោង Teen BLOCK នៃ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell កាន់​បដា​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​ញៀន​ថ្នាំ នៅ​ក្នុង​កម្មវិធី​សប្តាហ៍​លើក​កម្ពស់ពី​ការ​ប៉ះពាល់​ដោយសារ​ការ​ញៀន​អាភៀន នៅ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ (រូបថត​ដកស្រង់)

ក្នុង​ចំណោម​សិស្ស​វិទ្យាល័យ​ Lowell ជាង​៤០០០នាក់​ មាន​សិស្ស​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​មាន​ឪពុកម្តាយ​ជា​ខ្មែរ​​ជាង​១០០០​នាក់។

បើ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ប្រមាណ​៣០​នាទី​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts Institute of Technology) ដែល​ជា​វិទ្យាស្ថាន​អប់រំ​លំដាប់​ថ្នាក់​ពិភព​លោក អ្នក​នឹង​ទៅ​ដល់​ទីក្រុង​ឡូវែល ដែល​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​៣ម៉ឺននាក់​រស់នៅ។

នៅ​ទីនេះ យុវជន​ខ្មែរ​អាមេរិកាំងក៏​ដូច​យុវជន​ផ្សេង​ទៀត​ដែរ កំពុង​ប្រឈម​នឹង​បញ្ហា​គ្រឿង​ញៀន និង​ក្រុម​ជន​ពាល​ជា​ដើម។

ក៏​ប៉ុន្តែ អ្នក​ស្រុក​នៅ​ទី​នេះ និយាយ​ថា យុវជន​ខ្មែរ​អាមេរិកាំង​កាន់តែ​ច្រើន​ឡើង បាន​ព្យាយាម​គេច​ពី​បញ្ហា​ទាំង​នេះ ហើយ​ងាក​ទៅ​រក​ការ​អប់រំ​វិញ ដោយ​សារ​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ។

ណែម ខាយណា (Kiana Nem) អាយុ​១៦ឆ្នាំ ដែល​ជា​សិស្ស​វិទ្យាល័យ Lowell បាន​ប្រាប់ VOA ថា ឪពុក​ម្តាយ​របស់​នាង ដែល​ជា​កូន​របស់​ពលរដ្ឋ​ខ្មែរ​ដែលបាន​រត់ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា​មក​សហរដ្ឋ​អាមេរិក បាន​ខិតខំ​ផ្គត់ផ្គង់​ការ​អប់រំ​របស់​នាង។

ណែម ខាយណា (Nem Kiana) អាយុ​១៦ឆ្នាំ គឺជាយុវជន​ខ្មែរ​អាមេរិកាំង កំពុង​សិក្សា​នៅ​វិទ្យាល័យ Lowell និយាយ​ពី​បទ​ពិសោធន៍​នៃ​ការ​ធំដឹងក្តី​នៅ​សហរដ្ឋ​អាមេរិក នៅ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

​នាង​ថា៖ «‍ឪពុក​ម្តាយ​របស់​ខ្ញុំ​ឧបត្ថម្ភ​ការ​សិក្សា​របស់​ខ្ញុំ​យ៉ាង​ពេញ​ទំហឹង។ ខ្ញុំ​ព្យាយាម​រក​ការងារ​ធ្វើ ប៉ុន្តែ​ពួក​គាត់​ថា ខ្ញុំ​គួរ​តែ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​សិក្សា​មុន»។

ស្រដៀង​គ្នា​នេះ អ៊ិន វិសាកា (Visaka In) អាយុ​១៧ឆ្នាំ និង​ជា​សិស្ស​វិទ្យាល័យ Lowell បាន​ឲ្យ​ដឹង​ថា នាង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ ក្រោយ​ពី​រៀន​ចប់​ថ្នាក់​វិទ្យាល័យ។

អ៊ិន វិសាកា (In Visaka) អាយុ១៧ឆ្នាំ គឺជាយុវជន​ខ្មែរ​អាមេរិកាំង កំពុង​សិក្សា​នៅ​វិទ្យាល័យ Lowell និយាយ​ពី​បទ​ពិសោធន៍​នៃ​ការ​ធំដឹងក្តី​នៅ​សហរដ្ឋ​អាមេរិក នៅ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

នាង​ថា៖ «‍ម្តាយ​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​រៀន​ឲ្យ​បាន​ចប់ចុង​ចប់​ដើម ជាពិសេស​ណាមួយ​ខ្ញុំ​ជា​កូន​ពៅ។ ហើយ​គាត់​ចង់​ឲ្យ​ខ្ញុំ​ទទួល​បានជោគជ័យ​ក្នុង​ការ​សិក្សា ដូច​បងប្អូន​ខ្ញុំ​ដែរ»។

សម្រាប់ ចាន់ វាលៀម៍ (William Chan) អាយុ​១៦ឆ្នាំ និង​ជា​សិស្ស​វិទ្យាល័យ Lowell ដែរ​នោះ បាន​និយាយ​ថា ​ឪពុកម្តាយ​របស់​គេ​មិន​បាន​ទទួល​បាន​ការ​សិក្សា ដោយសារ​តែ​សង្គ្រាម​នៅ​កម្ពុជា​កាល​ពីទសវត្សរ៍​១៩៨០។ ហេតុដូច្នេះ គេ​ខំ​ត្រូវតែ​ប្រឹង​រៀន​សូត្រ ដោយសារ​នៅ​ទីនេះ​ឱកាស​អប់រំ​មាន​ច្រើន។

ចាន់ វាលៀម (Chan William) អាយុ​១៧ឆ្នាំ គឺជាយុវជន​ខ្មែរ​អាមេរិកាំង កំពុង​សិក្សា​នៅ​វិទ្យាល័យ Lowell និយាយ​ពី​បទ​ពិសោធន៍​នៃ​ការ​ធំដឹងក្តី​នៅ​សហរដ្ឋ​អាមេរិក នៅ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

​«‍ឪពុក​ម្តាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​មាន​សមត្ថភាព​ធ្វើការងារ​ក្នុង​សង្គម និង​មាន​ឱកាស​ច្រើន ដោយសារ​ខ្ញុំ​កើត​នៅ​ទីនេះ»។

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ១០នាក់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ហើយ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ។ នេះ​បើ​យោង​តាម​ជំរឿន​របស់​រដ្ឋាភិបាល​អាមេរិក​កាលពី​ឆ្នាំ​២០០០។

ឪពុកម្តាយ​របស់​យុវជន​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល​យល់​ថា ការ​អប់រំ​គឺជា​ស្ពាន​ជួយ​ឲ្យ​កូនៗ​របស់​ពួកគេ​ឆ្លង​ផុត​ពី​ការ​លំបាក​ដែល​ពួក​គេ​បាន​ជួប​ប្រទះ កាល​ពី​ពេល​ដែល​ពួក​គេ​បាន​រត់​ភៀស​ខ្លួន​មក​រស់នៅ​ទីនេះ។ ហើយ​សព្វថ្ងៃនេះ សិស្ស​ខ្មែរ​រៀន​ពូកែ​ច្រើន។ នេះ​បើ​យោង​តាម​ការ​បកស្រាយ​របស់​លោក អ៊ុង រិទ្ធី គ្រូប្រឹក្សា​សិស្ស​នៃ​វិទ្យាល័យ​ Lowell។

អ៊ុង រិទ្ធី គ្រូ​ប្រឹក្សា​នៃ​វិទ្យាល័យ​ឡូវែល Lowell High School និង​ជា​អតីត​សមាជិក​ទីប្រឹក្សា​ក្រុង​ឡូវែល​ម្នាក់ និង​ជា​ចាស់ទុំខ្មែរ​ម្នាក់​នៅ​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃ​អង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៦។

លោក​ថា៖ «‍រហូត​មក​ដល់​សព្វថ្ងៃ​ចាប់​ពី​១០ឆ្នាំ​កន្លង​មក យើង​ឃើញ​ថា កូន​ខ្មែរ​ដែល​រៀន​បាន​លេខ​១ លេខ​២ លេខ​៣ លេខ​៦ លេខ​៧​អញ្ចឹង​ទៅ។ មាន​ដល់​ក្មួយ​ម្នាក់​រៀន​ជាប់​លេខ១ ពី​ Lowell High School ហើយ​បាន​ទៅ​រៀន​នៅ​ Stanford ដោយ free ហើយ​ទើប​នឹង​បាន PhD [សញ្ញាបត្រ​ថ្នាក់​បណ្ឌិត] កាលពី​ឆ្នាំ​ទៅ។ ហើយ​សិស្ស​ម្នាក់​មក​ពី​រៀន​ជាប់​លេខ​១ នៅ Lowell High School ហើយ​បាន scholarship [អាហារូបករណ៍] ទៅ​រៀន​នៅ​[សាលា] MIT និង​ទៅ Harward»។

ក្នុង​ចំណោម​សិស្ស​វិទ្យាល័យ​ Lowell ជាង​៤០០០នាក់​ មាន​សិស្ស​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​មាន​ឪពុកម្តាយ​ជា​ខ្មែរ​អាមេរិកាំង​ជាង​១០០០​នាក់។

លោក អ៊ុង រិទ្ធី ដែល​ធ្លាប់​ជា​ប្រធាន​សមាគមន៍​ខ្មែរ​នៅ​ក្រុង​ឡូវែល ​និង​ជា​អតីត​សមាជិក​ទី​ប្រឹក្សា​ក្រុង​ឡូវែល​ម្នាក់​កាល​ពី​ទសវត្សរ៍​១៩៩០ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ឪពុកម្តាយ​ខ្មែរ​ភាគ​ច្រើន​យកចិត្ត​ទុក​ដាក់​ច្រើន​លើ​ការ​សិក្សា​របស់​កូន។

«‍អ្នក​រៀន​សូត្រ​ពូកែ​ក៏​ច្រើន ដោយសារ​គ្នា​ចង់​រៀន ចង់ដឹង ចង់​សូត្រ ហើយ​ឪពុក​ម្តាយ​គ្នា​រុញ​ផង បងប្អូន​រុញ​ផង មើល​គេ មើល​ឯង​ផង ជឿ​តាម​គ្រូ​ផង ក៏​រៀន​បាន​ច្រើន»។

លោក​ក៏​បានរំឭក​ថា កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក្រុម​ក្មេង​ទំនើង ​គ្រឿង​ញៀន និង​អំពើ​ហិង្សា​គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ សម្រាប់​យុវជន​ខ្មែរ​អាមេរិកាំង និង​យុវជន​ទូទៅ​នៅ​ទីក្រុង​ឡូវែល​ ដែល​ជា​ទីក្រុង​មាន​ប្រាក់​ចំណូល​ទាប​បំផុត​មួយ​នៅ​រដ្ឋ​ម៉ាសាឈូសេត។

បទ​ពិសោធន៍​យុវជន​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល​ក្នុង​ទសវត្សរ៍​១៩៩០

កាលពី​ទសវត្សរ៍​១៩៩០ អ្នក​នាង ទុយ តាត្យាណា ភារ៉ា ឬត្រូវបាន​ស្គាល់​ថា​ឈ្មោះ ទុយ ពៅ​ ដែល​មាន​ឪពុកម្តាយ​ជា​ខ្មែរ​ដែល​រត់ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិកកាលពី​ចុង​ទសវត្សរ៍​១៩៨០ បាន​កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ។

​ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៣ និង​១៩៩៧​ អ្នក​នាង ទុយ ពៅ គឺជា​សិស្ស​ដែល​ខំ​រៀន ហើយ​ឪពុក​ម្តាយ​របស់​នាង​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​នឹង​ខំ​រៀន បើ​ទោះ​បី​ជា​មាន​ជីវភាព​ខ្សត់ខ្សោយ​ក្តី។

«កាលណោះ ឪពុក​ម្តាយ​របស់​ខ្ញុំ​ ពួកគាត់​មិន​ចង់​ឃើញ​ខ្ញុំ​គេច​សាលា ហើយ​ទៅ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​ពាល ឬ​ក៏​មាន​កូន​ទាំង​ខ្លួន​នៅ​ក្មេង​ឡើយ»។

អ្នកនាង ទុយ ពៅ គឺជា​អ្នក​សូត្រ​កំណាព្យ និង​អ្នក​និពន្ធ​សៀវភៅ​ «‍Khmer Girl» ដែល​បាន​ធំដឹងក្តី និង​រៀននៅវិទ្យាល័យ​ Lowell កាលពី​ដើម​ទសវត្សរ៍​១៩៩០ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។

​អ្នក​នាង ទុយ ពៅ សព្វថ្ងៃ​អាយុ​៣៧ឆ្នាំ មាន​សុ្រក​កំណើត​នៅ​ខេត្ត​បាត់ដំបង ហើយ​អ្នកនាង​មាន​អាយុ​ប្រហែល​បួនឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​ដែល​គ្រួសារ​របស់​អ្នក​នាង​បាន​ភៀស​ខ្លួន​មក​រស់នៅ​ទីក្រុង​ឡូវែល​នេះ ក្រោយ​ពី​បាន​រស់នៅ​ជំរុំ​ជន​ភៀស​ខ្លួន​កម្ពុជាថៃ​អស់​មួយ​រយៈ។

ដូច​អ្នកនាង​ ទុយ ពៅ ដែរ លោក អ៊ុច សុចិន្តា មាន​អាយុ១២ឆ្នាំ កាលពី​ឆ្នាំ​១៩៩៥ នៅ​ពេល​ដែល​ទីក្រុង​ឡូវែល​ជួប​នឹង​បញ្ហា​ក្រុម​ជន​ពាល​ដ៏​ធំ​មួយ ដែល​ពលរដ្ឋ​ជា​ច្រើន​មាន​ការ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព និង​សន្តិសុខ។ លោក​បាន​ប្រាប់ VOA ថា៖

«‍នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ធំ​ដឹង​ក្តី មាន​ក្រុម​ពួក​ជន​ពាលាអាវ៉ាសែ​ច្រើន​ណាស់។ ហើយ​នៅ​ជុំវិញ​ភូមិ​ដែល​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​រស់នៅ រឿង​អាក្រក់​បាន​កើត​ឡើង​ច្រើន​ណាស់»។

សព្វថ្ងៃ​នេះ លោក អ៊ុច សុចិន្តា អាយុ​៣២ឆ្នាំ គឺជា​អ្នក​សម្របសម្រួល​គម្រោង​មួយ​ឈ្មោះ Teen BLOCK ដែល​ជា​គម្រោង​មួយ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា៖

«‍មិត្ត​ភក្តិ​ខ្ញុំ​ខ្លះ​បាន​ផ្លាស់ប្តូរ​ពី​សិស្ស​ខំ​រៀន ទៅ​ក្លាយ​ជា​អ្នក​ពាលា​អាវ៉ាសែ ហើយ​សព្វថ្ងៃ​នេះ ការ​សម្រេច​ចិត្ត​បែប​នេះ​បាន​ប៉ះពាល់​ជីវិត​របស់​ពួក​គេ ដោយសារ​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ពី​ខ្ញុំ»។

លោក អ៊ុច សុចិន្តា អ្នក​សម្រប​សម្រួល​គម្រោង​ស្តី​ពី​ភាព​ដឹកនាំ​របស់​យុវជន​ឈ្មោះ Teen BLOCK នៃ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell ដែល​បាន​ធំដឹងក្តីនៅក្រុងឡូវែល បានផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក អ៊ុច សុចិន្តា បាន​សង្កត់​ធ្ងន់​ថា គម្រោង​យុវជន Teen BLOCK របស់​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell នេះ​បាន​ជួយ​យុវជន​ជា​ច្រើន​នាក់​នៅ​ទីក្រុង​ឡូវែល​នេះ​ឲ្យ​ទទួល​បាន​ជំនាញ​ផ្សេងៗ​ដែល​មាន​ប្រយោជន៍ ដូចជា​ភាព​ជា​អ្នក​ដឹកនាំ និង​ជំនាញ​អាជីវកម្ម​ជា​ដើម។

លោក​ថា៖ «‍យើង​ចង់​ប្រាប់​យុវជន​ថា មាន​កិច្ចការ​ជា​ច្រើន​ដែល​ពួក​គេ​អាច​ធ្វើ ជាជាង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ក្លាយ​ជា​អ្នក​ពាលាអាវ៉ាសែ។ ហើយ​បើ​សិន​ជា​ពួក​គេ​ក្លាយ​ជា​អ្នក​ពាលាអាវ៉ាសែ យើង​ចង់​ជួយ​ដល់​ពួក​គេ»។

ការ​តស៊ូ​របស់​ឪពុក​ម្តាយ

ឪពុកម្តាយ​របស់​យុវជន​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល​ភាគច្រើន​មាន​ការងារ​ធ្វើ។ ក៏​ប៉ុន្តែ​ឪពុក​ម្តាយ​មួយ​ចំនួន​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ប្រាក់​ឧបត្ថម្ភ​ខាង​សង្គមកិច្ច និង​ប្រាក់​ឧបត្ថម្ភ​ខាង​ម្ហូប​អាហារ​របស់​រដ្ឋ ហើយ​អ្នក​ខ្លះ​ទៀត​ធ្វើ​ការងារ​ពីរ​កន្លែង ដែល​ទទួល​ប្រាក់​បៀរវត្សរ៍​ទាប ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក ផេង អាង មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម មាន​កូន​ប្រាំ​នាក់ នៅ​ពេល​ដែល​លោក​បាន​រត់​ភៀសខ្លួន​តាម​ទូក​ទៅ​ជំរុំ​ជន​ភៀស​ខ្លួន​កម្ពុជា​ថៃ កាលពី​ឆ្នាំ​១៩៨៤ ហើយ​បាន​មក​រស់នៅ​ទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​១៩៨៧ ជាមួយ​នឹង​ភរិយា​ និង​កូនៗ​របស់​លោក។

កាលណោះ លោក ផេង អាង បាន​សម្រេច​ចិត្ត​ធ្វើការ​ជា​អ្នក​រាប់​លុយ​នៅ​ធនាគារ​មួយ​កន្លែង ហើយ​ប្រពន្ធ​របស់​លោក​ធ្វើការ​រោងចក្រ​ផលិត​ចាន​ស្លាប​ព្រាប​ប្លាស្ទិច ដើម្បី​ផ្គត់ផ្គង់​ការ​រៀនសូត្រ​កូនៗ​របស់​លោក និង​ដើម្បី​ចែក​វេន​គ្នា​មើល​ថែ​ទាំ​កូន។

លោក ផេង អាង បុគ្គលិក​រៀបចំ​កម្មវិធី​សិក្សា​នៃ​សាលារៀន Lowell គឺជា​អតីត​ជនភៀស​ខ្លួន​ខ្មែរ​ម្នាក់​នៅ​ក្រុងឡូវែល រដ្ឋ​ម៉ាសាឈូសេត បានផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA អំពី​ការ​តស៊ូ​របស់​លោក​ដើម្បី​ផ្គត់ផ្គង់​ការ​រៀនសូត្រកូនៗ​របស់​លោក នៅ​គេហដ្ឋាន​របស់​លោក កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។

​«‍យើង​អត់​មាន​អី​មែន។ ដល់​អីចឹង​ទៅ ចែក​គ្នា​ធ្វើការ។ ខ្ញុំ​ធ្វើ​វេន​មួយ គាត់​ធ្វើ​វេន​ពីរ ដើម្បី​មិន​ឲ្យ​កូន​នៅ​សល់​ពេល​ម៉ោង​ទំនេរ​ម្នាក់​ឯង។ យើង​ខ្លាច ខ្លាច​បង​តូត បង​ធំ ពួក​ពាលាអាវ៉ាសែ មក​លោង​កូន​យើង»។

លោក​បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ដែល​កូន​របស់​លោក​ធំ​ដឹង​ក្តី យុវជន​នៅ​ទីក្រុង​ឡូវែល​នេះ​បាន​ប្រឈម​នឹង​បញ្ហា​ក្រុម​ជន​ពាល និង​ការ​មាន​គក៌​មុន​អាយុ។

សព្វថែ្ង​នេះ លោក ផេង អាង អាយុ​៧១ឆ្នាំ និង​ជា​បុគ្គលិក​នៅ​សាលារៀន Lowell Public School សប្បាយ​ចិត្ត នៅពេល​ដែល​ឃើញ​កូនៗ​របស់​លោក មាន​ការងារ​ធ្វើ​ត្រឹមត្រូវ។ កូន​ប្រុស​ច្បង​របស់​លោក គឺជា​វិស្វករ ហើយ​កូន​ប្រុស​ពីរ​គឺជា​មន្ត្រី​ប៉ូលិស ហើយ​កូន​ប្រុស​ទីបី​គឺជា​គ្រូពេទ្យ។

«‍បេសកកម្ម​របស់​ខ្ញុំ​ជា​ឪពុក​គេ ហើយ​ប្រពន្ធ​ខ្ញុំ​ជា​ម្តាយ​គេ បាន​បំពេញ​តួនាទី​របស់​យើង ហាក់​ដូចជា​គួរ​ឲ្យ​សប្បាយ​ចិត្ត»។

ក៏​ប៉ុន្តែ មិនមែន​គ្រប់​អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​អស់​អាច​មាន​សមត្ថភាព​រក​ការងារ​ល្អ​គួរ​សម​ធ្វើ​ ដូច​លោក ផេង អាង ដែល​ចេះ​ភាសា​អង់គ្លេស​បន្តិចបន្តួច​កាល​ពី​ពេល​នោះ​ទេ។

សម្រាប់​ឪពុក​ម្តាយ​របស់​អ្នកនាង ទុយ ពៅ ពួក​គាត់​ត្រូវ​សម្រេច​ចិត្ត​ធ្វើការ​ជា​អ្នក​រើស​សំបក​កំប៉ុងអស់​រយៈពេល​ជាង​២០ឆ្នាំ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក អ៊ុង រិទ្ធី ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង និង​ជា​ចាស់ទុំ​ចេះដឹង​ម្នាក់​ដែរ​នៅ​ក្រុង​ឡូវែល​នេះ បាន​រំឭក​ថា ជីវភាព​រស់នៅ​របស់​អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​កាល​ពី​ចុង​ទសវត្សរ៍​១៩៨០ និង​ដើម​ទសវត្សរ៍​១៩៩០ បាន​ប្រឈម​បញ្ហា​ច្រើន។

លោក​ថា៖ «‍ពេល​ជំនាន់​នោះ ឪពុក​ម្តាយ​ខ្មែរ និង​កូន​ខ្មែរ​រស់នៅ​លំបាក​ណាស់ ដើម្បី​ប្រឹង​ឲ្យ​បាន​រឹងដៃ​រឹងជើង។ ទី១ ហើយ​ទី២ ភាសា​ក៏​យ៉ាប់។ ទី៣ កន្លែង​រស់នៅ​គឺជា​កន្លែង​អសន្តិសុខ​ទៀត»។

ក៏​ប៉ុន្តែ លោក​ អ៊ុង រិទ្ធី សង្កត់​ធ្ងន់​ថា សព្វថ្ងៃ​នេះ​សង្គម​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល បាន​រីក​លូតលាស់​ច្រើន ដោយសារ​មាន​អ្នក​ចេះ​ដឹង​ច្រើន​គួរ​សម ហើយ​លោក​សង្ឃឹម​ថា អ្នក​ចេះ​ដឹង​ទាំង​នោះ​នឹង​វិល​ត្រឡប់​មក​ចូលរួម​អភិវឌ្ឍ​សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡូវែល​នេះ៕