ការិយាល័យរដ្ឋបាលសំខាន់ៗនានាក្នុងរាជធានីភ្នំពេញដែលទទួលបន្ទុកចេញឯកសារដើម្បីបើកបរត្រឹមត្រូវតាមច្បាប់ បានបន្តកើនឡើងនៃចំនួនអ្នកបើកបររថយន្តគ្រប់ប្រភេទ និងម៉ូតូធំៗ ខណៈកម្លាំងនគរបាលកំពុងរឹតបន្តឹងបទល្មើសចរាចរណ៍ ដែលមានការពិន័យកើនឡើង។
ប្រជាពលរដ្ឋបានសម្រុកទៅស្នើសុំធ្វើលិខិតស្នាមឡើងវិញពេលផុតសុពលភាព និងប្តូរបណ្ណបើកបរនៅថ្ងៃដំបូងនៃការអនុវត្តអនុក្រឹត្យថ្មីមួយ ដែលអនុញ្ញាតឲ្យមន្ត្រីនគរបាលចរាចរណ៍ផាកពិន័យជាទឹកប្រាក់ចំនួនដ៏ច្រើន ដែលមិនធ្លាប់មានពីមុនមក។
មន្រ្តីអះអាងថា ការផាកពិន័យជាទឹកប្រាក់ច្រើនជាងមុននេះ គឺជាផ្នែកមួយនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស។
លោក អ៊ឹង ឆេងជា អាយុ៣១ឆ្នាំ ដែលបានមកធ្វើវិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅថាឆៀក នៅទីតាំងត្រួតពិនិត្យបច្ចេកទេសយានយន្តនៅផ្លូវជាតិ ៦A ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញប្រាប់ VOA នៅថ្ងៃសុក្រនេះថា លោករួសរាន់មកធ្វើលិខិតឆៀកថ្មី ដើម្បីបញ្ចៀសការផាកពិន័យនេះ។
«ផាកហ្នឹងវាផាកច្រើនពេក បើផាកតិច ក៏ខ្ញុំល្មមៗក៏ចេះហីដែរ។ ខ្ញុំនិយាយត្រង់។ ដល់ផាកច្រើន យើងមើលបើផាកមួយថ្ងៃម្តងមួយថ្ងៃម្តង បានអស់ច្រើនច្រើន ច្រើន»។
រថយន្តតូចធំបានមកចតបន្តកន្ទុយគ្នារង់ចាំការត្រួតពិនិត្យ នៅទីតាំងត្រួតពិនិត្យបច្ចេកទេសយានយន្តនៅផ្លូវជាតិ ៦A។ អ្នករស់នៅក្បែរទីតាំងត្រួតពិនិត្យបច្ចេកទេសយានយន្តនេះ បាននិយាយថា ចំនួនអ្នកពិនិត្យរថយន្តនេះបានកើនឡើង បីថ្ងៃជាប់ៗគ្នាមកហើយ។
អង្គុយក្នុងរថយន្តដែលបើកកញ្ចក់បង្អូចនៅខាងឆ្វេងដៃ កញ្ញា ឌី អាយុ ៣០ ឆ្នាំ មានប្រសាសន៍ថា ថ្លៃផាកពិន័យអ្នកបើកបរដែលគ្មានឆៀកត្រឹមត្រូវនេះ ពិតជាមានចំនួនច្រើន។
កញ្ញា ឌី ដែលសុំមិនបញ្ចេញឈ្មោះពេញ ដោយបារម្ភការនិយាយជាមួយអ្នកសារព័ត៌មានលើកឡើងថា ការជូនដំណឹងនេះក៏មានរយៈពេលខ្លី ដែលបង្កការលំបាកដល់អ្នកដែលមានឆៀកទើបតែផុតសុពលភាពថ្មីៗនេះ។
«យ៉ាងតិចក៏ជំរាបមួយខែមុនដែរ។ អ៊ីចឹងដល់ពេលអត់ យើងអត់ធ្វើមួយខែមុន ស្ថានភាពគឺបែបហ្នឹង។អ៊ីចឹង ដល់ពេលហើយយើងខាតខាតពេល ខាតអីពិសេសសម្រាប់អ្នក ដែលគាត់មិនមានចេតនាចង់បង្ហួសអ៊ីចឹង»។
អ្នកបើកបរមួយចំនួនទៀត ដែលយករថយន្តមកពិនិត្យបច្ចេកទេសដែរ បាននិយាយថា រដ្ឋាភិបាលមិនគួរចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ជាមួយការផាកពិន័យធ្ងន់ធ្ងរក្នុងស្ថានភាពសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ ដោយសារតែការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩ នេះទេ។
លោក ស៊ី ឌឿន អ្នករត់រថយន្តតាក់ស៊ីមកពីខេត្តព្រៃវែង បាននិយាយថា៖
«លុយកាក់ពិបាករក។ ទីមួយ យើងកើតជំងឺ។ ឡាន ដូចតាក់ស៊ីគ្នា មិនសូវរត់បានម៉ូយទេ។ ម៉ាពេលជំងឺកូរ៉ូណាហ្នឹង មិនសូវមានមនុស្សជិះទេ។ ហើយឥឡូវមកផាក ដូចថាធ្ងន់ធ្ងរ លុយដល់សុទ្ធតែមួយលានជាងអីសុទ្ធតែអីហ្នុង វាពិបាកដែរ។ ប្រជាពលរដ្ឋខ្លះគ្នាគ្មានទេ រួចខ្លះ ឃើញឡានៗ ប៉ុន្តែគ្នាយកលុយធនាគារទិញទេ ហើយត្រូវការបង់គេដែរ ដល់ពេលទារច្រើន ខ្លះគ្នាអត់មានលុយមកធ្វើពន្ធធ្វើអីទៀតផង»។
នៅឯមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ ស្ថិតក្នុងផ្សារទំនើប Aeon (អីអន) ទាំងពីរក្នុងរាជធានីភ្នំពេញ អ្នកបើកបរយានយន្តបានឈរជាជួរៗរង់ចាំ ចូលទៅធ្វើឯកសារពាក់ព័ន្ធ។ អ្នកមកប្តូរ ឬពន្យារបណ្ណបើកបរយានយន្តមួយចំនួន ដែល VOA បានសម្ភាសនិយាយថា តម្លៃនៃការផាកពិន័យមានកម្រិតខ្ពស់។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការផាកពិន័យខ្ពស់លើបទល្មើសចរាចរណ៍មិនមែនធ្វើឡើង ដើម្បីចង់បានចំណូលចូលរដ្ឋក្នុងពេលដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភនៃការរីករាលដាលវីរុសកូរ៉ូណានោះទេ។
លោកមានប្រសាសន៍ថា៖ «ការរឹតបន្តឹងនេះមិនគិតតែចង់បានទៅលើការយកប្រាក់ពិន័យពីប្រជាពលរដ្ឋទេ។ គោលបំណង ខ្ញុំបានលើកឡើងខាងដើម គឺកាត់បន្ថយគ្រោះថ្នាក់»។
លោកបន្ថែមថា៖ «អ៊ីចឹងការខាតបង់របស់គាត់មិនមានទេ។ ប្រសិនបើគាត់គោរពច្បាប់មិនមានការខាតបង់អ្វីទាំងអស់។ អ៊ីចឹងគឺថាគាត់មានតែផលចំណេញមកវិញ បើគាត់ខិតខំពាក់មួក ខិតខំបើកបរត្រឹមត្រូវគោរពសញ្ញាចរាចរណ៍»។
អនុក្រឹត្យលេខ ៣៩ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ១៧ ខែមីនា ឲ្យដឹងថា សម្រាប់រថយន្តដែលមិនបានទទួលការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រូវពិន័យជាទឹកប្រាក់ ១៥០.០០០ រៀល ចំពោះយានយន្តធន់ស្រាល និង ៣៧៥.០០០ រៀលចំពោះយានយន្តធុនធ្ងន់។ ចំពោះអ្នកបើកបរយានយន្តដោយគ្មានបណ្ណសម្គាល់យានជំនិះ និង/ឬក៏គ្មានស្លាកលេខ ត្រូវពិន័យទឹកប្រាក់ ១លាន ២សែនរៀល សម្រាប់យានយន្តធុនស្រាល និង ២លាន៤សែនរៀល សម្រាប់យានយន្តធុនធ្ងន់។
ជាងនេះទៅទៀត ការបើកបរយានយន្តស្ថិតក្នុងភាពស្រវឹង ត្រូវពិន័យចាប់ពី ៤សែនរៀលអាស្រ័យលើកម្រិតនៃជាតិស្រវឹង។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការផាកពិន័យនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីការពារសុវត្ថិភាពបើកបររបស់ប្រជាពលរដ្ឋ។
«គ្រោះថ្នាក់ចរាចរណ៍ហ្នឹងមិនមែនបណ្តាលមកពីតែមនុស្ស ឬក៏បណ្តាលមកពីតែរឿងផ្លូវច្បាប់ហ្នឹងទេ គឺវាមានផ្លូវថ្នល់ក៏រួមចំណែកដែរ។ អ៊ីចឹងយើងក៏បានសំណូមពរថា សុំឲ្យមានធ្វើការងារហ្នឹងនៅក្នុងចរន្តបីទីមួយ គឺទាក់ទងជាមួយនឹងការអប់រំផ្សព្វផ្សាយ ទីពីរការរឹតបន្តឹងច្បាប់ ហើយនិងទីបីហ្នឹង គឺការធ្វើវិស្វកម្ម ឬក៏កែលម្អផ្លូវថ្នល់ថា តើផ្លូវថ្នល់របស់យើងហ្នឹងឯងជាផ្លូវថ្នល់ដែលមានផ្លាកសញ្ញាគំនូសសញ្ញា ឬក៏បរិស្ថានបំពាក់គ្រប់គ្រាន់ហើយឬនៅ ហើយអាហ្នឹងហើយ គឺជាអ្វីដែលយើងត្រូវចូលរួមដោះស្រាយជាមួយគ្នា»។
យោងតាមការជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងនោះ គិតចាប់ពីថ្ងៃ ២៣ ដល់ ២៩ ខែមេសា យានយន្តទូទាំងប្រទេសដែលបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសមានចំនួន ១២.៧៥៧ គ្រឿង។ ក្នុងនោះចំនួននៃការមកទទួលសេវា មានការកើនឡើងខ្ពស់រហូតដល់ ៤.១១៦ គ្រឿងក្នុងមួយថ្ងៃ នៅថ្ងៃទី ២៩ ខែមេសា។ ក្រសួងបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី ១ ខែឧសភានេះ ចំនួនយានយន្តដែលចូលត្រួតពិនិត្យបច្ចេកទេសតែនៅបន្តកើនឡើង៕