អាជ្ញាធរ​ខ្មែរ​បង្ហាញ​ហេតុផល​តិចតួច​លើ​គម្រោង​ចាក់​ដី​បឹង​តាមោក​ដើម្បី​ធ្វើ​ផ្សារ​បន្លែ

រូបភាព Google បង្ហាញទំហំបឹងតាមោក ឬបឹងកប់ស្រូវ ដែលជាបឹងមួយនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ។

រដ្ឋាភិបាល​នៅ​សប្តាហ៍​នេះ​ ​ទើបតែ​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​មួយ​ដែល​បាន​សម្រេច​តាំង​ពី​ខែ​សីហា​ឆ្នាំ​កន្លង​ទៅ​អំពី​ការ​ផ្តល់ដី​បឹងតាមោក ​ចំនួន​២០​ហិកតា​ ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​បង្កើត​ផ្សារ​ផ្គត់​ផ្គង់​បន្លែ​ផ្លែឈើ។

រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​បាន​សម្រេច​ផ្តល់​ដី​បឹង​តាមោក​ ​ដែល​ជា​បឹង​ធម្មជាតិ​ក្នុង​សង្កាត់​ព្រែកព្នៅ​ ឲ្យ​ទៅ​សាលា​រាជធានី​ភ្នំពេញចំនួន​២០​ហិកតា​ដើម្បី​សង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ និង​ចំណត​រថយន្ត។

នៅ​សប្តាហ៍​នេះ​ ​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ជូន​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី ​រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ ​និង​អភិបាល​រាជធានី​ភ្នំពេញ​ ​ចេញ​កាល​ថ្ងៃ​ទី​២​ខែ​សីហា ​ឆ្នាំ​២០១៨​មាន​កម្ម​វត្ថុ​«ករណី​សំណើ​សុំ​ដី​ចំនួន​២០​ហិកតា​នៅ​បឹង​តាមោក​ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ ​និង​ជា​ចំណត​រថយន្ត​នៅរាជធានី​ភ្នំពេញ»​ ត្រូវ​បាន​អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​តៗ​គ្នា។​ ​ក្រោយមាន​ការ​ចែក​រំលែក​ ទើប​ទំព័រ​ហ្វេសប៊ុក​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បង្ហោះ​ពី​សេចក្តី​ជូន​ដំណឹង​នេះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ។​

សេចក្តី​ជូន​ដំណឹង​ដែល​មាន​ចុះ​ហត្ថលេខា​និង​ត្រា​ដោយ​លោក​ប៊ុន អ៊ុយ​ រដ្ឋមន្រ្តី​ស្តីទី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ ​ដោយ​យោង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​ ​និង​ចំណារ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ផង​ ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖

«សេចក្តី​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ​ ​និង​យោង​ខាង​លើ ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​សូម​ជម្រាប​ជូន​ឯកឧត្តម​ជ្រាប​ថា ​រាជ​រដ្ឋាភិបាល​បាន​យល់​ព្រម​ជា​គោ​ល​ការណ៍​យក​ដី​ចំនួន​២០​ហិកតា​នៅ​បឹង​តាមោក​ ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ ផ្លែឈើ​និង​ជា​ចំណត​រថយន្ត​ និង​អនុញ្ញាត​ឲ្យ​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គរ​ទៅ​ផ្សារ​ថ្មី​នៅ​បឹង​តាមោក​វិញ»។​

ការ​កាត់​ដីបឹង​ធម្មជាតិ​ដើម្បី​បង្កើត​ជា​ទីផ្សារ​ផ្គត់ផ្គង់​បន្លែ​ ​ផ្លែឈើ​ ​និង​ជា​ចំណត​រថយន្តនេះ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ពល​រដ្ឋ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ដោយ​សារ​តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​សន្យា​ថា ​នឹង​ទុក​បឹង​ធម្មជាតិ​មួយ​នេះ​ទៅ​តាម​សំណើ​របស់​អ្នក​ចម្រៀង​មួយ​រូប។​

ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី២​ស្តីពី​ការ​ការពារ​ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ ​កាលពី​ថ្ងៃទី​២២​ ខែ​សីហា ​ឆ្នាំ​២០១៧​ ​កញ្ញា​មាស សុខសោភា​ ​តារា​ចម្រៀង​មួយ​រូប​ ​ដែល​បាន​ចូលរួម​ក្នុង​វេទិកានោះ ​បាន​បង្ហាញ​ការ​បារម្ភ​ពី​ការ​បាត់​បង់​បឹង​តាមោក​ ដែល​បណ្តាល​មក​ពីការ​ចាក់​លុប។ កញ្ញា​ មាស សុខសោភា​ ក៏​បាន​ស្នើ​លោកហ៊ុន សែន​ ដោយ​ផ្ទាល់ ​សូម​កុំ​ឲ្យ​មាន​ការ​លុប​បឹង​តាមោកដើម្បី​រក្សា​បឹង​ទុក​ជា​កន្លែង​ស្តុក​ទឹក​សម្រាប់​រាជធានី​ភ្នំពេញ។​ ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​នា​ពេល​នោះ​ បាន​ឆ្លើយ​តប​ទៅ​កញ្ញាមាស សុខសោភា​ វិញ​ថា ​លោក​គាំទ្រ​ ​និង​ថា ​រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែ​រក្សា​បឹង​នោះ។

នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ​គេ​ឃើញ​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​ ដោយ​បញ្ជាក់​អំពី​ការ​បង្កើត​ផ្សារ​ថ្មី​មួយ​នៅ​បឹង​តាមោក​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ​ខណ្ឌ​ព្រែក​ព្នៅ ​នោះ​ថា ​ជា​ការ​បង្កើត​ផ្សារ​បន្ថែម​ មិនមែន​ជា​ការ​រើ​ផ្សារ​ដើម​គរ​នោះ​ទេ។​

ក្នុង​វីដេអូ​នៃ​សន្និសីទ​សារ​ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ហ្វ្រេសញូវ​ លោក​លោក​នួន ផារ័ត្ន ​អភិបាល​រង​រាជធានី​ភ្នំពេញ​ ​លើក​ឡើង​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ពុំ​មាន​គម្រោង​រុះរើ​ផ្សារ​ដើម​គ​ ឬ​តម្រូវ​ឲ្យ​អាជីវករ​ ដែល​កំពុង​លក់ដូរ​នៅ​ផ្សារ​ដើមគ ​ផ្លាស់ប្តូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ ទៅ​ទីតាំង​ថ្មី​ណា​មួយ​ឡើយ។

លោក​បន្ថែម​ថា ​គម្រោង​សាងសង់​ផ្សារ​នៅ​បឹង​តាមោក ​គឺ​ដើម្បី​សាង​សង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ ​ផ្លែ​ឈើ ​និង​ជា​ចំណត​រថយន្ត​ដើម្បី​បន្ថែម​ជា​ទីតាំង​ផ្សារ​បោះដុំ​មួយ​កន្លែង​ផ្សេង​ទៀត ​ដើម្បី​កាត់​បន្ថយ ​និង​លុបបំបាត់ការ​កក​ស្ទះ​ចរាចរណ៍ ​ការ​ប៉ះពាល់​បរិស្ថាន ​សណ្តាប់​ធ្នាប់ ​និង​អនាម័យ​តាម​ដង​ផ្លូវ។​

លោក​បញ្ជាក់​ក្នុង​វីដេអូ​នោះ​ថា៖​

«កន្លង​មក​នេះ​ ​ដោយសារ​តែ​យើង​មិន​ទាន់​មាន​ទីតាំង​ធ្វើ​អាជីវកម្ម​បោះ​ដុំ​បន្លែ​ ​និង​ផ្លែឈើ​នេះ​ គឺ​បងប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ការ​លក់​បោះដុំ ​បន្លែ​ផ្លែ​ឈើ​នេះ​នៅ​តាម​ដង​ផ្លូវ ​និង​ប្រើប្រាស់​ទ្រូង​ផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ដែល​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ​ក៏​ដូចជា​បញ្ហា​បរិស្ថាន ​អនាម័យ ​និង​បញ្ហា​ផ្សេងៗ​ទៀត​មួយ​ចំនួន​ផង​ដែរ»។

ទោះយ៉ាងណា​ ក្នុង​វីដេអូ​សន្និសីទ​នោះ ​លោក​នួន ផារ័ត្ន​ មិន​បាន​បកស្រាយ​ពី​មូលហេតុ​នៃ​ការ​ជ្រើស​រើស​បឹង​តាមោក​ ដើម្បី​បង្កើត​ផ្សារ​ និង​មិនមាន​ការ​បក​ស្រាយ​ពី​ដី​២០​ហិកតា​នៅ​បឹង​តាមោក​នោះ​ ថា​ជា​ការ​ចាក់​លុបបឹង​ ឬ​យ៉ាងណា​នោះ​ទេ។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បក​ស្រាយ​ពី​លោកនួន ផារ័ត្ន​ ​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ ​តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​អ្នក​នាំពាក្យ​ ​ព្រម​ទាំង​អះអាង​ថា លោក​មិន​មាន​តួនាទី​ក្នុង​ការ​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ជាមួយ​អ្នក​សារ​ព័ត៌មាន​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​អត់​មាន​តួនាទី​ភារ​កិច្ច​ត្រូវ​នាំ​ពាក្យ​ ​ឬ​ក៏​ឆ្លើយ​ជាមួយ​សារ​ព័ត៌មាន​ផង​ លើក​លែង​តែ​ក្រប​ខណ្ឌ​ដែល​ខ្ញុំ​ទទួល​ការ​ណែនាំ​ឲ្យ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ ​អាហ្នឹងអ្នក​កាសែត​សួរ​ ខ្ញុំ​ឆ្លើយ​ ​តែ​បើ​តាម​ទូរស័ព្ទ​អ៊ីចឹង​ខ្ញុំ​អត់​ទម្លាប់​ឆ្លើយ​ផង»។​

VOA​ បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោកម៉េត មាសភក្តី​ ជា​ច្រើន​ដង ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​លើក​ឡើង​ថា​ ដី​បឹង​តាមោក​ទំហំ​២០​ហិកតា​ដែល​ផ្តល់​តាម​ការ​ស្នើ​របស់​សាលា​រាជធានី​ភ្នំពេញ​ គឺ​ត្រូវ​ក្លាយ​កម្មសិទ្ធិ​របស់​សាលា​រាជធានី។​ ​ទោះ​យ៉ាង​ណា​ ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ដោយ​លោក​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​ខាង​ក្រសួង​រៀបចំ​ដែន​ដី​ ​នគរូប​នីយកម្ម និងសំណង់។​

លោក​បញ្ជាក់​ថា៖​

«ជា​ធម្មតា​បឹង​ហ្នឹង​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ។ ដូច្នេះ​សេចក្តី​ជូនដំណឹង​របស់​រាជ​រដ្ឋា​ភិបាល​ ​លោកបាន​បង្ហាញ​ពី​គោលជំហរ​គាំទ្រ​ទៅ​ខាង​សាលា​ក្រុង ​ដូច្នេះសាលា​ក្រុងជា​ម្ចាស់​កម្ម​សិទ្ធិ​ដី​២០​ហិកតា​ហ្នឹង​ ហើយ​បន្ទាប់ពី​ការ​បោះ​កំណត់​ព្រំ​ដែន​រួច​ស្រេច​ពី​ក្រសួង​ដែនដី​នគរូប​នីយ​កម្ម ដី​ហ្នឹង​នឹង​ក្លាយ​ជា​សម្បត្តិ​រដ្ឋ​ឯកជន​របស់​សាលា​ក្រុង​ ​ហើយ​ថា ​ភូមិ​សាស្រ្ត​ក្នុង​តំបន់​ណា​ខ្ញុំ​អត់​ច្បាស់​ទេ ​ទាល់​តែ​សួរ​ទៅ​ខាង​នគរូបនីយកម្ម»។

យ៉ាងណា​ក្តី​ លោក​សេង ឡូត ​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយ​កម្ម និង​សំណង់ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ​ដោយ​លោកប្រាប់​ឲ្យ​វីអូអេ​ទៅ​សួរ​ខាង​សាលា​រាជធានី​ភ្នំពេញ​វិញ។​

កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការកំណត់​ផ្ទៃ​បឹង​តាមោក​ជា​សម្បតិ្ត​របស់​រដ្ឋ ​ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ​ជា​៣២៣៩​ហិកតា​ សម្រាប់​ស្តុក​ទឹក​កខ្វក់​ និង​រំដោះ​ទឹក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ។​

លោក​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លើក​ឡើង​ថា ​បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ​ គឺ​ជា​កន្លែង​រំដោះ​ទឹក​យ៉ាង​សំខាន់ក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ការ​ជន់​លិច​ក្រុង​ពេល​មានភ្លៀង។ ​លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​ចៀសវាង​ឲ្យ​បាន​នូវ​ការ​លុប​បឹង​ដើម្បី​អភិវឌ្ឍដី​គោក។​

លោក​មាន​ប្រសាសន៍​ថា៖​

«យក​ដី​គោក​ដែល​មាន​ស្រាប់​យក​ទៅ​ធ្វើ​ជា​មធ្យោបាយ​សម្រាប់​បង្កើត​ទីផ្សារ​បន្លែ​ដែល​ផ្លាស់​ចេញ​ពី​ផ្សារ​ដើមគរ​ហ្នឹង​ ហើយ​នឹង​ផល​ប៉ះពាល់​ដែល​លុប​បឹង​ដើម្បី​ធ្វើ​ជា​ទី​តាំង​ថ្មី​នៃ​ផ្សារ​បន្លែ ​ដែល​សព្វថ្ងៃ​មាន​នៅ​ផ្សារ​ដើមគរ​ហ្នឹង​ ​ខ្ញុំ​គិត​ថា គេ​គួរ​តែ​សិក្សា​ពី​ផល​ប៉ះពាល់​ហ្នឹង​ ​បើសិនជា​ផល​ប៉ះពាល់​មាន​ច្រើន​ក្នុង​ការ​លុបបឹង​ ​គេ​ត្រូវតែ​ផ្អាក​ការ​លុប​បឹង​ ហើយ​ចាប់​យក​ជម្រើស​មួយ​ទៀត​គឺ​ការ​យក​ដីគោក​ដែល​មាន​ស្រាប់​ ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ហ្នឹង»។​

បឹង​ធំៗ​មួយ​ចំនួន ដែល​ជា​ផ្នែក​នៃ​ការ​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ទឹក​ភ្លៀង​ជន់​លិចរាជធានីភ្នំពេញ ត្រូវ​បាន​ចាក់​លុប​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍធ្វើ​ជា​តំបន់​ពាណិជ្ជ​កម្ម ​ដោយ​មាន​ការ​សង់​អគារ​ធំៗ​ និង​ខ្ពស់ៗ។ ​បឹង​ដែល​ត្រូវ​បាន​ចាក់​លុប​មួយ​ចំនួន​រួមមាន​បឹង​ពោងពាយ ​បឹងកក់ ​បឹង​ទំពុន ​បឹង​ប៉ាយ៉ាប ​បឹងស្នោរ ​និង​បឹង​ជើងឯក​ជាដើម៕