អាជ្ញាធរ​ប៉ុនប៉ង​តែ​មិន​អាច​បញ្ឈប់​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​រឿង «ខ្ញុំ​ជា​ឈុត វុទ្ធី» បាន

ក្រុមយុវជនប្រមាណ៧០នាក់ស្សនាភាពយន្តឯកសារ «ខ្ញុំជាឈុត វុទ្ធី» កាលពីថ្ងៃអង្គារទី២៦មេសានៅផ្ទះសាមគ្គីរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ការ​ព្យាយាម​រារាំង​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ​ កើត​ឡើង​នៅ​ពេល​​​នៅ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ ​បញ្ចាំង​​បាន​ពាក់​កណ្ដាល​សាច់រឿង។

អាជ្ញាធរ​ខណ្ឌ​សែនសុខ បាន​ព្យាយាម​រារាំង​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​«ខ្ញុំ​ជា​ឈុត វុទ្ធី» ​ដែល​ក្រសួង​វប្បធម៌​ បាន​ហាមប្រាម​មិន​ឲ្យ​ចាក់​ផ្សាយ​ ខណៈដែល​ក្រុម​យុវជន ​ព្រះសង្ឃ​ សកម្មជន​បរិស្ថាន​ព្រមទាំង​ក្រុម​គ្រួសារ​របស់លោក ឈុត​ វុទ្ធី សរុប​ប្រមាណ​៧០​នាក់ ​កំពុង​មើល​ភាពយន្ត​ឯកសារ​នេះ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ ដើម្បី​រំលឹក​ខួប​បួន​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​ កាលពី​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១២។

ការ​ព្យាយាម​រារាំង​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ​ កើត​ឡើង​នៅ​ពេល​នៅ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ ​បញ្ចាំងបាន​ពាក់​កណ្ដាល​សាច់រឿង។

ដោយមាន​ការ​តស៊ូ​មតិ​ផ្លូវ​ច្បាប់​និង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​អ្នក​ចូលរួម ទី​បំផុត​ ភាព​យន្ត​ឯកសារ​ដែល​មាន​រយៈពេល​ជាង​៥៣​នាទី​អំពី​សកម្មភាព​របស់​លោក ឈុត វុទ្ធី ក្នុង​ការ​ការពារ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​នេះ ក៏​បានបញ្ចាំង​ចប់។

វីដេអូ​ឯកសារ​នេះផលិត​ដោយ​អ្នក​ដឹកនាំ​រឿង​សញ្ជាតិអង់គ្លេស​គឺ​អ្នកស្រី​ ហ្រេន ឡាំប្រ៊ីក​ (Fran Lambrick)​ បន្ទាប់​ពី​នាង​បាន​ធ្វើ​ការស្រាវជ្រាវ​និង​ផលិត​ភាព​យន្ត​នេះអស់​រយៈពេល​ជិត​បួនឆ្នាំ​មក។

អ្នកស្រី ហ្រេន ឡាំប្រ៊ីក (Fran Lambrick) អ្នកផលិតនិងជាអ្នកដឹកនាំវីដេអូឯកសារ និយាយទៅកាន់អ្នកទស្សនានិយាយទៅ អ្នកទស្សនាការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «ខ្ញុំជាឈុត វុទ្ធី» កាលពីថ្ងៃអង្គារទី២៦ ខែ​មេសា នៅផ្ទះសាមគ្គីរាជធានីភ្នំពេញក្នុងឱកាសរំលឹកខួបបួនឆ្នាំនៃការស្លាប់របស់លោកឈុត វុទ្ធី។ (ឡេង ឡែន/VOA)

ប៉ុន្តែ ខ្សែ​ភាព​យន្ត​នេះ ត្រូវ​បាន​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈធ្វើការ​ហាម​ឃាត់​មិន​ឲ្យ​ចាក់​ផ្សាយ​នៅ​ទី​សាធារណៈតាំង​ពី​សប្ដាហ៍​មុន​មក។

លោក ថេង សាវឿន​ អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​និង​ជា​អ្នក​រៀប​ចំការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ ​បាន​និយាយ​ថា ​លោក​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​នេះ​ក្នុងគោលបំណង​រំលឹក​ខួបបួន​ឆ្នាំ​នៃ​ឃាតកម្មលើ​លោក ​ឈុត ​វុទ្ធី និង​ដើម្បី​បង្ហាញអំពី​វីរភាព​ការពារ​ព្រៃឈើរបស់​សកម្មជន​បរិស្ថាន​រូប​នេះ​ផង​ដែរ។

«យើង​ចង់​ប្រាប់​ទៅ​មហាជន​ក៏​ដូចជា​យុវជន ​ក៏ដូចជា​សិស្ស​ និស្សិត​នៅ​ប្រទេស​កម្ពុជា​ឲ្យ​គាត់​បាន​ដឹង​អំពី​វីរភាព ក៏ដូចជា​ការ​លះ​បង់ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ ឈុត វុទ្ធី ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​និង​ព្រៃឈើ។ ហើយ​យើងចង់​ដាស់​តឿន​ដល់​យុវជន ​កម្មករ​ និស្សិត​ខ្មែរ​ទាំង​អស់​ថា​ថ្ងៃ​ទី​២៦​នេះ​គឺជា​ខួប​បួន​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ នៅ​ខេត្ត​កោះកុង»។​

លោក ​សក់ ច័ន្ទកញ្ញារិទ្ធិ​ អភិបាល​រង​ខណ្ឌ​សែន​សុខ ​ដែល​អម​ដោយ​កងកម្លាំង​ស្លៀកពាក់​ស៊ីវិលប្រមាណ​ជិត១០​នាក់​ទៀត ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​អាជ្ញាធរ​មក​ហាម​មិន​ឲ្យ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​នេះដោយសារ​ការិយាល័យ​របស់​លោក ​មិន​បាន​ទទួល​លិខិត​អនុញ្ញាត​ការ​ចាក់​បញ្ចាំង​នេះ។​

លោក​អភិបាល​រង​ខណ្ឌ​សែនសុខ​បញ្ជាក់​ថា៖

«ទី​មួយ​ខ្ញុំ​ចុះ​មក​នេះ ខ្ញុំ​ចង់​មើល​ច្បាប់។ ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ​ ខ្ញុំ​អាច​ឲ្យ​គាត់​ឈប់​សិន​ ឲ្យ​មាន​ការ​សុំ​ត្រឹម​ត្រូវ។ ច្បាប់​សុំ​ទី​មួយ ​ទីពីរ​ការ​ប្រមូលផ្ដុំ​ ចង់​ដឹង​ការ​ប្រមូល​ផ្ដុំ​ មាន​គោល​បំណង​អី ​សាលា​ខណ្ឌ​អត់​ដឹង​អី​ទាំងអស់»។

តែ​ទោះ​បី​ជា​មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​យ៉ាងណាក្ដី​ លោក ​ស ម៉ូរី​ អនុប្រធានបណ្ដាញ​យុវជន​កម្ពុជា​ និង​ជាអ្នករៀបចំ​ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​នេះ​ ​បាន​ចរចា​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ខណ្ឌ​រហូត​ដល់​វីដេអូ​នេះ​ បាន​ចាក់​បញ្ចាំងចប់​ជាស្ថាពរ។

លោកឆឺយ ឧត្តមរស្មី កូនប្រុសរបស់លោកឈុត វុទ្ធី

លោក​ ឆឺយ ឧត្តមរស្មី ​កូន​ប្រុស​របស់លោក ​ឈុត វុទ្ធី​ បាន​បង្ហាញ​ការ​ខកចិត្ត​ ដែល​អាជ្ញាធរ​មក​ព្យាយាម​បញ្ឈប់​ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​អំពី​វីរភាព​របស់​ឪពុក​របស់​លោក។

លោក​ចាត់​ទុក​ថា​ ការរារាំង​នេះ​ជា​សកម្មភាព​បំបិទ​សិទ្ធិ​សេរីភាព ​ហើយ​លោក​គិត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​ គួរ​តែ​មាន​ឱកាស​ទស្សនា​វីដេអូ​នេះ ​ដូច​រូប​លោក​ដែរ។

«ខ្ញុំ​ពិត​ជា​មាន​ការ​ខកចិត្ត​ខ្លាំង​មែន​ទែន។ ខ្ញុំ​អត់​យល់​ម៉េច​បាន​គាត់​ធ្វើ​អញ្ចឹង ​អត់មាន​ការ​គាំទ្រ​ទៅ​លើ​សកម្មភាព​ការពារ​ព្រៃឈើ​ណាមួយ​ នៅតែ​មាន​គំនិត​គិត​ថា​ ចង់​លាក់​បាំង​ ចង់​កុហក​ប្រជាជន​ហ្នឹង។ តែ​ឥឡូវ​ខ្ញុំ​ឃើញ​ថា​ ល្អ​ ឃើញ​ថា ​មាន​យុវជន​មួយ​ចំនួន​នៅ​តែ​បន្ត​ចាក់​ផ្សាយ ​ទោះបី​ជា​មាន​ការ​ហាមឃាត់។ ក្រុម​និស្សិត​មាន​ភាព​ក្លាហាន ​ទោះបី​ជា​មាន​កងកម្លាំង​មក ​ដោយ​អត់​មាន​ឯកសណ្ឋាន​ អត់​ទាំង​មាន​ក្រដាស​ស្នាម​ផង​ហ្នឹង»។​

លោក ឆឺយ ឧត្តមរស្មី កូនប្រុសរបស់លោក ឈុត វុទ្ធី ចរចារជាមួយអាជ្ញាធរខ័ណ្ឌសែន សុខបន្ទាប់ពីមានការហាមឃាត់មិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «ខ្ញុំជាឈុត វុទ្ធី» កាលពីថ្ងៃអង្គារទី២៦ ខែ​មេសា ឆ្នាំ​២០១៦ នៅផ្ទះសាមគ្គីរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

បន្ទាប់​ពី​មើលខ្សែភាពយន្ត​នេះ នាង​ ញូង សុខហៀង គណនេយ្យករនៃ​សហព័ន្ធ​សហជីព ​កម្មករ​ចំណីអាហារ​ និង​សេវា​កម្មករ​កម្ពុជា​ បាន​ប្រាប់ ​VOA​ ថា ​វីដេអូ ​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។

«ខ្ញុំ​គិត​ថា រឿង​ហ្នឹង​វា​ល្អ​ ព្រោះ​វា​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ដែល​គាត់​ជា​មនុស្ស​តែ​ម្នាក់​គាត់​ ដែល​គាត់​គិត​ពី​ការ​ការពារ​ព្រៃឈើ​ដើម្បី​មនុស្ស​គ្រប់​គ្នា។​ និយាយ​ទៅ​ អត់​ដូច​មនុស្ស​ខ្លះ​គិត​តែ​បំផ្លាញ​ព្រៃឈើ»។

លោក ​ស៊ិន ច័ន្ទសាយ៉ា ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​និយាយ​ថា ​ក្រសួង​មិន​បាន​ទទួល​លិខិត​ស្នើ​សុំ​ពី​ម្ចាស់​វីដេអូ​ឯកសារ​នេះ​ទេ។

លោក ស ម៉ូរី អ្នករៀបចំការចាក់បញ្ចាំងកុន «ខ្ញុំជាឈុត វុទ្ធី»តទល់ជាមួយអាជ្ញាធរខណ្ឌអំពី ការប៉ុនប៉ងបញ្ឃប់ការចាក់ផ្សាយវីដេអួឯកសារនេះកាលពីថ្ងៃអង្គារទី២៦មេសានៅផ្ទះសាមគ្គីរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​ ស៊ិន ច័ន្ទសាយ៉ា បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ខ្សែភាពយន្ត​របស់​ខ្លួនមាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​កម្ពុជា​ ​ផលិតករ​ត្រូវ​សុំ​ច្បាប់ពី​ក្រសួង​វប្បធម៌​ និង​មាន​ការ​ត្រួតពិនិត្យ​ជាមុន​សិន ប៉ុន្តែ​លោក​ថា ក្រសួងមិន​ឃើញ​មានលិខិត​ស្នើ​សុំ​របស់កញ្ញា ​ហ្រេន ឡាំប្រ៊ីក​ (Fran Lambrick) នៅ​ឡើយ​ទេ។

«ទី​មួយ​ខ្សែ​ភាព​យន្ត​នាំ​ចូល​មក​ពី​បរទេស​ ចាំ​បាច់​ណាស់​មុន​នឹង​ផ្សព្វផ្សាយ​បាន​ គាត់​ត្រូវ​ការ​ឆ្លងកាត់ការ​វាយ​តម្លៃពី​គណៈកម្មការ​វាយតម្លៃ​ខ្សែភាពយន្ត​ហ្នឹង។ គេ​ថា​យ៉ាងម៉េច​ ទើប​កុន​ហ្នឹង​ដាក់​បញ្ចាំង​នៅ​លើ​ទីផ្សារ​បាន។ ដល់ករណី​រឿង​ហ្នឹង​វា​អត់​ទាំង​អស់»។

លោក ​ច័ន្ទសាយ៉ា​ បន្ថែមថា៖​

«ខ្ញុំ​មិន​បាន​មើល​រឿង​ហ្នឹង​ទេ ​ឯកសារ​ហ្នឹង​ទេ​ ប៉ុន្តែ​វា​ខុស​ពី​នីតិ​វិធី​ដែល​យើង​អនុវត្ត​កន្លង​មក។​ អញ្ចឹង​ដូច​ខ្ញុំ​ថា ​ខ្សែ​ភាព​យន្ត​ហ្នឹង​ជា​ខ្សែ​ភាព​យន្ត​មិន​ស្រប​ច្បាប់ ​ដែល​មិន​ត្រឹមត្រូវ​ ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ទឹកដី​នៅ​កម្ពុជា។»

ទោះ​បី​ជា​មាន​ការ​ហាមឃាត់​ក៏​ដោយ​ ក៏​ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ «ខ្ញុំ ជាឈុត​ វុទ្ធី» នេះ នៅ​តែ​មាន​ជា​បន្តបន្ទាប់​ដោយសម្ងាត់​នៅ​តាម​ស្ថាប័ន​អង្គការ​បរិស្ថាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែរ៕

សូម​ទស្សនា​បទសម្ភាសន៍ VOA ជាមួយ​កញ្ញា ​ហ្រេន ឡាំប្រ៊ីក​ (Fran Lambrick)៖

Your browser doesn’t support HTML5

បទ​សម្ភាសន៍ VOA៖ ផលិតករ​ភាពយន្ត​«ខ្ញុំ​គឺ​ឈុត វុទ្ធី‍»