ស្រ្តី​បរទេស​ធ្វើ​បាក់​រូប​ចម្លាក់​នៅ​ប្រាសាទ​បុរាណ​គួរឲ្យ​សង្ស័យ

ប្រាសាទ​បាយ័ន​នៅក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា។

រហូត​មកដល់​ថ្ងៃ​សុក្រ​នេះ​ អស់​រយៈ​ពេល​ជាង​១​សប្តាហ៍មក​ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ឲ្យប្រាកដ​ប្រជា​នៅ​ឡើយ​ទេចំពោះ​ស្រ្តី​ជន​ជាតិ​ណូវែល​ហ្សេឡង់ម្នាក់​ដែល​រង​នៅ​ការ​ចោទ​ប្រកាន់​ថា​ បាន​ធ្វើ​ឲ្យព្រះ​ពុទ្ធដិមា​មួយ​ព្រះអង្គ​បាក់​បែក​នៅ​ប្រសាទ​បាយ័ន។​

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍មុន ​អាជ្ញាធរ​អប្សរា​បាន​ជូន​ដំណឹង​ថា ​នៅម៉ោង​៦​ល្ងាច​ អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​បាន​រាយ​ការណ៍​ប្រាប់​នគរបាល​បេតិកភណ្ឌ​ប្រចាំតំបន់​វត្ត​ព្រះអង្គ​គោកធ្លក​ ក្បែរ​ប្រាសាទ​បាយ័នថា ​ភ្ញៀវ​របស់​ខ្លួន​ជា​ស្ត្រីជន​ជាតិ​ណូវែលហ្សេឡង់​ឈ្មោះ​ Willemijn Vermaat ​ អាយុ​ប្រហែល​៤០​ឆ្នាំ ​មិន​ឃើញ​មក​វិញ​តាម​កាល​កំណត់​នៅ​លាន​ជល់ដំរី​ដែល​ជា​ទី​កន្លែងកំណត់​រង់ចាំ​នោះ​ទេ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​សរសេរ​បន្ត​ថា ​ទោះបីជា​នគរបាល​បេតិកភណ្ឌ​ស្វែង​រក​ស្ត្រី​ទេសចរ​នោះ​ពេញ​មួយ​យប់​ ក្នុង​តំបន់​អង្គរធំ​ ពិសេស​ប្រាសាទ​បាយ័ន​យ៉ាងណាក៏ដោយ ​ក៏​នគរបាល​មិន​អាច​រក​ស្ត្រី​នោះ​ឃើញ​ដែរ។​ ​ប៉ុន្តែ​លុះ​ដល់​វេលា​ទៀបភ្លឺ​ ទើប​កម្មករ​ជួសជុល​ប្រាសាទ​ប្រទះ​ឃើញ​ស្ត្រី​ជនជាតិ​នូវែល​សេឡង់​នៅ​ទិសអាគ្នេយ៍​នៃ​ប្រាសាទ​បាយ័ន។​

ស្រ្តី​រូប​នោះ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទន្ទឹម​គ្នា​នឹង​នគរ​បាល​បេតិកភណ្ឌ​បាន​រក​ឃើញ​ថា​ មាន​រូប​ពុទ្ធដិមា​មួយ​ព្រះ​អង្គ​ត្រូវ​បាន​បែក។

លោក​ប៊ុន ណារិទ្ធ​ អគ្គនាយក​អាជ្ញាធរ​អប្សរា​ មាន​ប្រសាសន៍ថា​ លោក​បាន​រាយ​ការណ៍​មកទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​រួច​ហើយ​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នេះ។​

លោក​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ពេល​ដែល​សួរ​ថា ​តើ​រដ្ឋាភិបាល​និង​ចាត់​វិធាន​ការ​បែប​ណា​ប្រឆាំង​នឹង​ស្ត្រី​ជន​ជាតិ​ណូវែល​ហ្សេឡង់​នោះ។​

លោក​និយាយ​ថា៖ ​«ខ្ញុំ​បាន​រាយ​ការណ៍​ទៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​សុំ​ខាង​អ្នក​ច្បាប់​ធ្វើ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ​ខាង​ខ្ញុំ​ពុំមាន​សមត្ថកិច្ចត្រូវ​ធ្វើ​ប្តឹង​ផ្តល់​ទៅ​ក្រៅ​ប្រទេស​ទេ។​ ​គ្រាន់​តែ​រាយ​ការណ៍​ដំណើរ​រឿង​យ៉ាង​ម៉េចៗ ​ហើយ​ជូន​សំណុំ​លិខិត​ភ្ជាប់​ទៅ​ដើម្បីសុំ​ឲ្យ​អ្នក​ច្បាប់​គេ​ចាត់​ចែង​ត​ទៅ​ទៀត»។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ក៏​មិន​បាន​បង្ហាញ​ជំហរ​ជាក់​លាក់​ដែរ​ ដោយ​លោក​គ្រាន់​តែ​បាន​និយាយ​ថា​ វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ប្រាកដ​ជាមាន។​ ​តែ​លោក​មិន​បាន​បញ្ជាក់​ថា ​វិធាន​ការ​នោះ​នឹង​ធ្វើបែប​ណា ​នឹង​ចាប់​ផ្តើម​អនុវត្តន៍​ពេល​ណា​ទេ។​

លោក​និយាយ​ថា៖ ​«រឿង​ហ្នឹង​វាក្លាយ​ទៅ​ជា​រឿង​ជាតិ​ផង​ និង​អន្តរជាតិ​ផង​ ដូច្នេះ​មាន​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ការ​អនុវត្ត​ទាំង​នីតិវិធី​ទាំង​ពីរ​ នីតិវិធី​ឆ្លើយ​តប​ទាំង​ច្បាប់​ជាតិ​ និង​នីតិ​វិធី​ឆ្លើយ​តប​តាម​ច្បាប់​អន្តរជាតិ។​ ដូច្នេះ​ខ្ញុំ​ពិបាក​នឹង​ពន្យល់​មុន​នឹង​ការ​ចាត់​វិធាន​ការ​នេះ​បាទ»។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ក៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ ​ដោយ​លោក​បាន​បង្វែរ​សំណួ​រនេះឲ្យ​ទៅ​សួរ​អាជ្ញាធរ​អប្សរាវិញ។​

លោក​ប៊ុន ណារិទ្ធ​មាន​ប្រសាសន៍ថា៖​ «ខ្ញុំ​អត់​ដឹង​ទេ​ សុំ​ទោស។​ ខ្ញុំ​មិន​មែន​ជា​អ្នក​ច្បាប់។​ តើ​ច្បាប់​ធ្វើ​យ៉ាង​ម៉េច​បាទ!​ ខ្ញុំ​បាន​រាយ​ការណ៍​ទៅ​ខាង​អ្នក​ច្បាប់​ដើម្បី​គេ​ជួយ​ចាត់​ចែង»។

ការ​ធ្វើ​ឲ្យបាក់បែក​រូប​ពុទ្ធ​បដិមា​នៅ​ប្រាសាទ​បាយ័ន​នេះ​ ទាំង​ស្ថាប័ន​អាជ្ញាធរ​អប្សរា​ ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​ក្រសួង​មហា​ផ្ទៃ​បាន​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ដឹង​ថា ​ស្ថាប័ន​មួយ​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ។​

​វីអូអេ​បានព្យាយាម​ស្នើ​សុំការបំភ្លឺពី​លោក​ម៉ាន់ ឈឿន​ ប្រធាន​អង្គភាព​ប៉ូលិស​ការពារ​បេតិក​ភណ្ឌ ​តែ​មិន​អាច​ទាក់ទង​បាន​ទេ ​ដោយ​សារ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល៕​