ការ​តវ៉ា​នៅ​បាវិត​ឈាន​ដល់​ហិង្សា

  • នៅ វណ្ណារិន

បាតុករ​ប្រឈម​មុខ​គ្នា​ជាមួយ​នឹង​សមត្ថកិច្ច​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan នៅ​ក្រុងបាវិត ដោយ​មាន​ការ​គប់​ដុំថ្ម។ (រូបថតផ្តល់ឲ្យដោយ CLC)

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​តំណាង​សហជីព​បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ដែល​ធ្វើ​ការ​ហាមប្រាម​មិន​ឲ្យ​ពួក​គាត់​ចូល​សង្កេតការណ៍​មើល​ហេតុការណ៍​ហិង្សា​មួយ​នា​ព្រឹក​ថ្ងៃ​អង្គារ​​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន ​ក្រុង​បាវិត​ ​ខេត្ត​ស្វាយរៀង។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​តំណាង​សហជីព​បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ដែល​ធ្វើ​ការ​ហាមប្រាម​មិន​ឲ្យ​ពួក​គាត់​ចូល​សង្កេតការណ៍​មើល​ហេតុការណ៍​ហិង្សា​មួយ​នា​ព្រឹក​ថ្ងៃ​អង្គារ ​រវាង​ក្រុម​អាជ្ញាធរ​ដែល​បំពាក់​ដោយ​ខែល​ និង​ដំបង​នឹង​កម្មករ​កាត់​ដេរ ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន ​ក្រុង​បាវិត​ ​ខេត្ត​ស្វាយរៀង។​

ក្រុម​សង្គម​ស៊ីវិល​ និង​សហជីព​អះអាង​ថា ​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ត្រឹម​ខ្លោងទ្វា​រចូល​ក្នុង​តំបន់​ឧស្សាហកម្ម​នោះ​ ​ដែល​ប្រហែល​ជា​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​ក​ន្លែង​កើត​ហេតុ។

លោក​ ឆេង សុភ័ស្ត​ អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ LICADHO​ បាន​បញ្ជាក់​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ពី​ខេត្ត​ស្វាយរៀង​ថា ​អាជ្ញាធរ​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​លោក​ និង​អ្នក​ឃ្លាំ​មើល​ហេតុការណ៍​នេះ​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន​នោះ​ទេ ​ដោយ​អះអាង​ថា​ ពួក​គេ​មិន​អាច​ធានា​សុវត្ថិភាព​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បាន​នោះ។

«មែន​ទែន​ទៅ​ យើង​ជា​អង្គការ​សង្គម​ស៊ីវិ​ល​ទាក់ទិន​នឹង​បញ្ហ​កូដកម្ម ​បាតុកម្ម​ ​អីចឹង​គឺ​យើង​តែង​តែ​ទៅ​ឃ្លាំ​មើល​ណា។ ប៉ុន្តែ​បើ​សិន​មិន​ឲ្យ​យើង​ចូល​អញ្ចឹង​ ​យើង​គិត​ថា​ វា​ការ​រារាំង​សិទ្ធិ​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ហើយ​វា​ទាក់​ទង​រឿង​បញ្ហា​ដែល​កម្មករ​ដែល​ពួក​គាត់​រង​របួស​ គឺ​យើង​អាច​ជួយ។ និយាយ​រួម​ទៅ​គឺ​មិន​មែន​តែ​កម្មករ​នោះ​ទេ​ តែ​ខាង​ណា​ក៏​ដោយ​ឲ្យ​តែ​រង​របួស​ គឺ​យើង​តែង​តែ​ជួយ​ពួក​គាត់​អញ្ចឹង​ណា៎»។​

លោក​ថា​ នេះ​គឺ​ជា​ការ​រំលោភសិទ្ធិ ​និង​ជា​ការ​ខាត​បង់​មួយ​សម្រាប់​អ្នក​របួស​ ​ពីព្រោះ​ក្រុម​ការងារ​របស់​លោក​ក៏​មាន​ថ្នាំ​ និង​ពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ​អ្នក​របួស​ ​ហើយ​ការ​ឃាត់​ឃាំ​នោះ​សោត​គឺជា​រឿង​គួរ​ឲ្យ​ចម្លែក​ ដែល​លោក​មិន​ដែល​ធ្លាប់​ជួ​ប​ផង​ដែរ។

លោក​ ឆេង សុភ័ស្ត​បាន​បញ្ជាក់​ពី​ការ​សោក​ស្តាយ​យ៉ាង​ដូច្នេះ​ថា៖​ «ខ្ញុំ​គិត​ថា​ នេះ​ជា​ការ​បំបិទ​សិទ្ធិ​មួយ​ហើយ​ណា​ ​ព្រោះ​យើង​មិន​ដឹង​ថា​ មាន​ហេតុការណ៍​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​នោះ​ណា ដល់​ហើយ​យើង​ជា​អ្នក​ឃ្លាំ​មើល​ គឺ​ចង់​ឃើញ​ព្រឹត្តិការណ៍​ដែល​ជាក់​ស្តែង។ ដល់​ពេល​យើង​ជា​អ្នក​ឃ្លាំ​មើល​ហើយ​ យើង​មិន​បាន​ឃើញ​ព្រឹត្តិការណ៍​ជាក់​ស្តែង​អញ្ចឹង​ ​យើង​មាន​ការ​សោកស្តាយ​ចំពោះ​ការ​ហាម​ឃាត់​នេះ»។

ដូច​គ្នា​នោះ​ លោក​ ​ជា ឧត្តម​ ​មន្ត្រី​សម្រប​សម្រួល​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ​(CUMW) ប្រចាំ​ខេត្ត​ស្វាយរៀង ក៏​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​មិន​ឱ្យ​ចូល​ក្នុង​កន្លែង​កើត​ហេតុ​ដែរ។​ ​លោក ជា ឧត្តម ​ដែល​នៅ​ចម្ងាយ​ប្រមាណ​បួន​រយម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​នា​ព្រឹក​ថ្ងៃ​អង្គារ​នោះ​បាន​ប្រាប់​VOA​ថា​ ការ​មើល​ឃើញ និង​សាកសួរ​កម្មករ​បាន​ឲ្យ​ដឹង​ថា ​កម្មករ​ជា​ច្រើន​ពាន់​នាក់​ដែល​ដើរ​ចេញ​ពី​រោងចក្រ​កាត់​ដេរ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ត្រូវ​បាន​ឃាត់​មិន​ឲ្យ​ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន។ ពួក​គេ​បាន​ប្រើ​ដុំ​ថ្ម​គប់​សំដៅ​ទៅ​ក្រុម​អាវុ​ធហត្ថ​ និង​ឡាន​ពន្លត់​អគ្គីភ័យ ក្រោយ​ពេល​ដែល​អាជ្ញាធរ​បម្រុង​នឹង​បាញ់​ទឹក​បំបែក​ពួក​គេ។​

«ពាក់​ព័ន្ធ​ដល់​ការ​គប់ដុំថ្ម​ហ្នឹង​ បើ​តាម​ព័ត៌​មាន​ពីបង​ប្អូន​មួយ​ចំនួន​ហ្នឹង​ ដែល​គាត់​ចេញ​មក​ ហើយ​ខ្ញុំ​បាន​សួរ​គាត់។​ គាត់​ប្រាប់​ថា​ ​គាត់​ចេញ​មក​ផ្ទះ​វិញ​ហើយ​ ប៉ុន្តែ​អាជ្ញា​ធរ​បិទ​ពី​មុខ​ផ្លូវ​គាត់​ផ្លូវ ​ដែល​គាត់​ចង់​ចេញ​មក​ហ្នឹង។​ ពេល​ដែល​បិទ​អញ្ចឹង​ ក៏​មាន​ការ​កក​ស្ទះ​ពេល​ដែល​បងប្អូន​ចេញ​មក​ទៅ​ ក៏​បាន​ប្រមូល​ផ្តុំគ្នា​បាន។ ពេល​ប្រមូល​ផ្តុំ​គ្នា​បាន​ហ្នឹង​គាត់​ក៏​មាន​ការ​ហ៊ោរ​កញ្ជ្រៀវ»។

លោក​បាន​បន្ត​ថានៅ​ពេល​មាន​ការ​ហ៊ោរ​កញ្ជ្រៀវ​អញ្ចឹង​ កង​កម្លាំង​សមត្ថកិច្ច​ក៏​យក​ឡាន​ទឹក​ទៅ​ដាក់​នៅ​កន្លែង​ហ្វូង​បាតុ​ករ​ហ្នឹង។​

«ក៏ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​អ្វី​ទេ​ ​ក៏​មាន​សកម្មភាព​គប់​តប​មក​វិញ ដោយ​សារ​តែ​ពួកគាត់​ហ្នឹង​យល់​ថា​ សមត្ថកិច្ច​ហ្នឹង​ប្រុង​យក​ឡាន​ទឹក​ហ្នឹង​ទៅ​បាញ់​បង្ក្រាប​ពួក​គាត់»។​

លោក​ ជា ឧត្តម បាន​បញ្ជាក់​ថា​ អាជ្ញាធរ​រាប់រយ​នាក់​ដែល​បំពាក់​ដោយ​ខែល​ និង​ដំបង​បាន​បើក​ការ​វាយ​បក​ទៅ​កាន់​ក្រុម​បាតុករ​វិញ។ តាម​អ្វី​ដែល​លោក​អាច​មើល​ឃើញ​ពី​ចម្ងាយ​គឺ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​មាន​រយៈពេល​ប្រហែល​៤០នាទី​ ចាប់​ពី​ម៉ោង​ជិត​១០​ព្រឹក។​

លោក ឆេង សុភ័ស្ត​ នៃ​អង្គការ​ LICADHOនិង​លោក​ ​ជា ឧត្តម ​បាន​ឲ្យ​ដឹង​ថា​ ​យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​មាន​សមត្ថកិច្ច​ពីររូប​ និង​កម្មករ​ផ្សេង​ទៀត​រង​របួស​ស្រាល​ពី​អំពើ​ហិង្សា​នា​ព្រឹក​មិញ​នេះ។ ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពីរ​គ្រឿង​ ដែល​ក្រុម​សមត្ថកិច្ច​បម្រុង​យក​ទៅ​បង្ក្រាប​កម្មករ​នោះ ក៏​ត្រូវ​បាន​ក្រុម​កម្មករ​គប់​ឲ្យ​ខូច​ខាត​ផង​ដែរ។ ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​របាយ​ការណ៍​មួយ​អំពី​ចំនួន​កម្មករ​រង​របួស​នោះ​ទេ ហើយ​ពួក​គេ​កំពុង​មាន​ការ​ភិតភ័យ​នៅ​ឡើយ។

ការ​ប៉ះ​ទង្គិច​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​កើត​ឡើង ​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​ ធ្វើ​ការ​បាញ់​ទឹក​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ជា​ច្រើន​ពាន់​នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ ​តាយ​សេង​ ដែល​នៅ​ក្បែ​នោះ។ ​អាជ្ញាធរ​បាន​ធ្វើការ​ឃាត់​ខ្លួន​កម្មករ​ចំនួន​៤៨នាក់​មួយ​រយៈពេល​ខ្លី​មុន​នឹង​ដោះលែង។

តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ និង​ក្រុម​អ្នក​ឃ្លាំមើល​ការ​តវ៉ា​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ដល់​ទៅ​១៤៨​ដុល្លារ​ គឺ​៨ដុល្លារ​លើស​ពី​គោល​ការណ៍​សម្រេច​របស់​រដ្ឋាភិបាល​ ដែល​ដំឡើង​ឲ្យ​ត្រឹម​១៤០​ដុល្លារ​តែ​ប៉ុណ្ណោះ​ ចាប់​ពីខែ​មករា​ខាង​មុខ​នេះ។ពួក​បាតុករ​អះ​អាង​ថា​ ការ​តវ៉ា​នេះ​គឺ​ដោយ​សារ​តែ​ម្ចាស់​រោងចក្រ​ធ្លាប់​បាន​សន្យា​ឲ្យ​ពួក​គាត់​នោះ។ ការ​តវ៉ា​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ហើយ​មាន​ការ​រីករាល​ដាល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ពី​មេន​ហាត​ធេន​ ទៅ​ដល់​តំបន់​សេដ្ឋកិច្ច​តាយ​សេង​ដែល​នៅ​ក្បែរ​នោះ។

យ៉ាង​ណា​ក៏​ដោយ ​លោក​ រស់​ ផារឹទ្ធ​ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ប្រាប់​ VOA​ ថា​ អាជ្ញា​ធរ​មិន​បាន​តបត​ទៅ​នឹង​ការ​គប់​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​អ្នក​តវ៉ា​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទេ ដែល​បណ្តាល​ឲ្យ​មន្ត្រី​អាជ្ញាធរ​ពីរ​រូប​រង​របួស​ក្បាល ​និង​ជើង។ លោក​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ថា ​អា​ជ្ញាធរ​រារាំង​មិន​ឲ្យ​មាន​ក្រុម​អ្នកឃ្លាំ​មើល​ហេតុការណ៍​នោះ។​

«អាហ្នឹង​គឺ​ថា​មិន​មែន​មិន​ឲ្យ​ចូល​ទេ។ ខ្ញុំ​ក្តាប់​មិន​បាន​ថា​ មិន​មាន​ការ​មិន​ឲ្យ​ចូល​ទេ ពីព្រោះ​សកម្មភាព​ហ្នឹង​គឺ​ប្រសេចប្រសាច​ពេញ​ហ្នឹង​អស់​ហើយ។ មិន​មាន​ខាង​ណា​ ខាង​ណា​ទេ​ ពីព្រោះ​មនុស្ស​រាប់​ម៉ឺន​នាក់​នោះ​មិន​មាន​ខាង​ណា​ចូល​ ឬ​មិន​ចូល​ទេ។មាន​ន័យ​ថា គឺ​ចូល​ទាំង​អស់​តែ​គ្នាហ្នឹង​បាទ។ សហជីព​នេះ​គឺ​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ​គឺ​ចង់​សំណូមពរ​ឲ្យ​តែ​ខាង​សហ​ជីព​ជួយ​ទេ»។

ក៏ប៉ុន្តែ ​លោក ឃុន សុខុម អ្នក​សម្រប​សម្រួល​ការងារ​របស់​សម្ព័ន្ធ​សហជីព​ការងារ​កម្ពុជា​ (CLC)​ ប្រចាំ​ខេត្ត​ស្វាយ​រៀង​ បញ្ជាក់​ថា​ វា​ជា​ទម្លាប់​របស់​អាជ្ញាធរ​ដែល​មាន​ការ​រឹតត្បិត​មិន​ឲ្យ​សហជីព​ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចូល​ឃ្លាំ​មើល​ហេតុការណ៍​បែប​នោះ​ក្នុង​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត។

«ការ​ពិត​ជា​ទូទៅ ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​សហជីព​ចូល​ទេ។​ អា​ហ្នឹង​គឺជា​ធម្មតា។ ​គាត់​តែង​តែ​ឃាត់​អញ្ចឹង​ហើយ។​ ខ្ញុំ​អត់​ច្បាស់​ទេ​ថា​ តើ​អាជ្ញាធរ​គាត់​ភ័យ​ខ្លាច​សហជីព ​ឬ​ថា​សហជីព​ចូល​ទៅ​បង្កើត​ឲ្យ​មាន​ចលាចល​ ឬ​យ៉ាង​ម៉េច។ ហ្អា​ហ្នឹង​ខ្ញុំ​មិន​ច្បាស់​ដែរ»។​

ហេតុការណ៍​ហិង្សា​ជា​លើក​ទីពីរ​ក្នុង​សប្តាហ៍​នេះ​បាន​បញ្ចប់​នា​វេលា​ម៉ោង​១១ថ្ងៃ​ត្រង់ ខណៈ​ពេល​អាជ្ញាធរ​ប្រកាស​ឲ្យ​មាន​ការ​ចរចា​គ្នា​នោះ។​

​លោក​ រស់ ផារឹទ្ធ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្វាយ​រៀង​ បាន​បញ្ចាក់​ថា នា​រសៀល​ថ្ងៃ​ដដែល​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​មក ​អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង ​និង​ក្រុង​បាវិត​បាន​ធ្វើការ​ប្រជុំ​គ្នា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​នេះ។ ​ម្ចាស់​រោងចក្រ​កាត់ដេរ​បាន​ស្នើ​ឲ្យ​កម្មករ​កាត់ដេរ ឈប់​សម្រាក​រយៈពេល​ពីរ​ថ្ងៃ​ មុន​ពេល​ចូល​មក​ធ្វើ​ការ​ជា​ធម្មតា​វិញ​នាថ្ងៃ​សុក្រ​ខាង​មុខ ដើម្បី​សម្រួល​ភាព​តាន​តឹង​រវាង​អាជ្ញាធរ​ និង​កម្មករ៕