អាជ្ញាធរ​ហាម​អ្នក​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​មិន​ឱ្យផ្តល់​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី

រូបភាពដកស្រង់ចេញពីបណ្តាញសង្គមហ្វេសប៊ុក​បង្ហាញ​ឱ្យ​ឃើញ​ផ្លូវលំ​ដែល​ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់​ទីតាំងនៃ​អាជីវកម្មរ៉ែដែករបស់ក្រុមហ៊ុនគ្លូប៊លហ្គ្រីន ក្នុងខេត្តព្រះវិហារ។

អាជ្ញាធរ​ស្រុក​ឆែប​នៃ​ខេត្ត​ព្រះវិហារ​បាន​ហៅ​គណៈ​កម្មការ​សហគមន៍​ព្រៃឈើ​សង្កែ​ម្នាក់​មក​ធ្វើកិច្ច​សន្យា​ឱ្យ​ឈប់​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​អាស៊ីសេរី ដែល​ផ្សាយ​ចេញ​ពី​សហរដ្ឋអាមេរិក។

កាល​ពី​ពេល​ថ្មី​នេះ អ្នក​ការពារ​ព្រៃឈើ​ម្នាក់ ហៀម គឹមហុង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នូវ​ព័ត៌មាន​អំពីក្រុមហ៊ុន​រ៉ែ​មួយ​ដែល​ប្រតិបត្តិការ​នៅ​ទីនោះ។ សកម្មជន​ព្រៃ​ឈើ​រូប​នោះ​បាន​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​បាល ​ចុះត្រួត​ពិនិត្យ​ដីសម្បទាន​ក្រុមហ៊ុន​រ៉ែ​មួយ​ក្នុង​ភូមិ​សាស្ត្រ​នោះ​ឱ្យ​បាន​ច្បាស់ ​ព្រោះ​កុំ​ឱ្យ​ប៉ះ​ពាល់​ដី​សហគមន៍ ​និង​ដំណាំពលរដ្ឋ។

នៅ​ក្នុង​កិច្ច​សន្យា​មួយ​ច្បាប់​ដែល​វីអូអេ​ទទួល​បាន និង​ឃើញ​មាន​ស្នាម​មេដៃ​របស់​លោក ហៀម គឹមហុង ​និង​ហត្ថលេខា​របស់​លោក ឡាច ឡិះ ​មន្ត្រី​រដ្ឋបាល​ស្រុក​ឆែប លោក ជុំ សុឡាង ​មេបុស្តិ៍​ឃុំ​សង្កែ និង​លោក លេវ សុផល ​មេឃុំ​សង្កែជាដើម លោក​ ហៀម​ គឹមហុង បាន​ធ្វើ​កិច្ច​សន្យា​ឈប់​ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​វិទ្យុអាស៊ី​សេរី​បន្ត​ទៀត ​និង​បញ្ឈប់​សកម្មភាព​ទាំង​ឡាយ​ណា​ដែលធ្វើ​ឱ្យ​ខូច​កិត្តិ​យស​ថ្នាក់ដឹក​នាំ​។ ​

ក្នុង​លិខិត​កិច្ច​សន្យា​ដែល​សរសេរ​ដោយ​ដៃ ចុះ​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​នោះ អាជ្ញាធរ​បានព្រមាន​ចាត់វិធាន​ការ​ច្បាប់ ប្រសិន​បើ​លោក​ ហៀម​ គឹមហុង ​មិន​គោរព​តាម​កិច្ច​សន្យានោះ។

លោក ហៀម គឹមហុង អាយុ​ ៣៨ ​ឆ្នាំ ជា​គណៈ​កម្មការ​សហគមន៍​ព្រៃឈើ​សង្កែ ស្រុកឆែប ​ខេត្ត​ព្រះវិហារ ដែល​បាន​បំពេញ​ការងារសហគមន៍​តាំង​ពីឆ្នំា ២០១៧​។ លោក​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​រដ្ឋបាល​ស្រុក និង​អាជ្ញាធរ​បាន​ឱ្យលោក​ធ្វើ​កិច្ច​សន្យា​ឈប់​ផ្តល់​បទ​សម្ភាសន៍ជាមួយវិទ្យុអាស៊ី​សេរីបន្ត​ទៀត ដែល​អាជ្ញាធរ​ថា ទីតាំង​ក្រុមហ៊ុនរ៉ែឈ្មោះ​ក្រុមហ៊ុន​គ្លូប៊ល​ហ្គ្រីន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ដែល​កំពុង​មាន​បញ្ហា​ជាមួយ​ពលរដ្ឋ​ គឺ​មិន​ស្ថិត​ក្នុង​សហគមន៍​ព្រៃឈើ​សង្កែ​នោះ​ទេ។

លោក​បន្ថែម​ថា ​អាជ្ញាធរ​ក៏ប្រាប់​លោកកុំ​ធ្វើឱ្យប៉ះ​ពាល់​កិត្តិយស​ថ្នាក់​ដឹកនាំ និង​ការ​ដាក់​តួនាទី​ខុស ដែល​លោក​មិន​មែន​ជា​តំណាង​សហគមន៍ព្រៃឈើ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ឡើយ។

បើ​តាម​លោក ហៀម គឹមហុង ការផ្តល់​បទ​សម្ភាសន៍​របស់​លោកជាមួយវិទ្យុអាស៊ីសេរី គឺលោក​គ្រាន់តែ​ទទូច​សុំ​រដ្ឋាភិបាល​ជួយ​ត្រួត​ពិនិត្យ​មើល​ទីតាំងសម្បទាន​រ៉ែ​របស់​ក្រុមហ៊ុន​គ្លូប៊ល​ហ្គ្រីន ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​សហគមន៍ និង​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ ​«​គេ​ថា​យើង​ធ្វើ​ឱ្យ​ខូច ​ប៉ះ​ពាល់ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ​។ យើង​ចង់​ឱ្យ​ថ្នាក់​ដឹកនាំ​ចុះ មក​ត្រួត​ពិនិត្យ​មើល​ទីតាំង​ដែល​សម្បទាន​រ៉ែហ្នឹង​ តើវា​សម្បទាន​ហ្នឹង​ជា​ដីព្រៃ ឬក៏​ជា​ដីព្រៃ​លិច​ទឹក ឬក៏​ដី​ស្រែ​ចម្ការ​ប្រជា​ពលរដ្ឋ​»។

លោក ហៀម គឹមហុង ​បន្ថែម​ថា ​កិច្ចសន្យា​នេះ​ធ្វើឱ្យ​លោក​មាន​ការ​ព្រួយ​បារម្ភ​ដែលហាក់​បង្ហាញ​ថា​សិទ្ធិ​សេរី​ភាព​រង​ការ​រឹតត្បិត​ បើ​ទោះ​បី​ជា​អាជ្ញាធរ​មិន​បាន​សរសេរ ឬ​បញ្ជាក់​ក្តី​។

លោក​រៀប​រាប់​ថា៖​ «​វា​មិន​មែន​ជា​សកម្មភាព​ ឬក៏ថា​ការ​គំរាម​កំហែង​ ប៉ុន្តែ​ថា​ក្នុង​សកម្មភាព វា​ស្ថិត​ក្នុង​ការ​គំរាម​កំហែង បិទ​សិទ្ធ​សេរីភាព​របស់​ខ្ញុំ​មែន»។

លោក ជុំ សុឡាង ​មេបុស្តិ៍​ឃុំ​សង្កែ ស្រុកឆែប ខេត្ត​ព្រះវិហារ ​បដិសេធ​សុំ​មិន​បញ្ជាក់​ជុំវិញ​កិច្ច​សន្យា​នេះ ដោយ​ឱ្យ​អ្នកសារព័ត៌មាន​វីអូអេ​ទាក់​ទង​ទៅ​សួរ​នាំរដ្ឋបាល​ស្រុក​ជំនួស​វិញ។ ​ប៉ុន្តែលោក​បញ្ជាក់​ប្រាប់​វីអូអេ​បន្តិច​ថា ​កិច្ចសន្យានោះ​ពាក់ព័ន្ធ​នឹង​លោក ហៀម គឹមហុង ផ្តល់សម្ភាសន៍​ជុំវិញ​ក្រុមហ៊ុនរ៉ែ​ឈូសឆាយ​ទៅ​លើ​ដី​សហគមន៍ ឬ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា​៖ ​«គេហៅ​មក​ដោះស្រាយ​នោះ ​ហៅ​មក​អប់រំ ណែនាំ ​ធ្វើកិច្ច​សន្យា​ហ្នឹងគឺ ​ខាង​រដ្ឋបាល​ស្រុក ​និង​ខាង​ជំនាញរដ្ឋបាល​ព្រៃឈើ​ក៏​បាន​ហៅ​មក​ថាលោក ហៀម គឹមហុង ​បាន​សម្ភាសន៍​ពាក់​ព័ន្ធ​រឿង​ហេតុ ករណី​ក្រុមហ៊ុន​រ៉ែបាន​ឈូស​ឆាយ ទៅលើ​ដីសហគមន៍ ​ប៉ះពាល់​ប្រជា​ពលរដ្ឋ។ តែមិន​ដឹង​ថា​ខាង​នោះ​គេ​ថា​ ខុសឬ​យ៉ាងណា ខ្ញុំ​ក៏​មិន​សូវ​ដឹង​ដែរ ដោយសារ​អានេះ​ជា​រឿង​របស់​ជំនាញ​គេ និង​រដ្ឋបាល​ស្រុក​»។

លោក ឡង់ ​សុបិន អភិបាល​ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា​លោក​មិនបាន​ដឹង​រឿង​កិច្ចសន្យានេះ បែប​ណា​នោះ​ទេ​។

​លោក​ថា៖ «ខ្ញុំ​អត់​ដឹង​ទេ សុំ​ទោស​អាច​មកជួប​ខ្ញុំមក​ ហើយ​ចាំ​ខ្ញុំរុ​ញ​ទៅ​ជំនាញ»​។

បើ​តាម​វិទ្យុ​អាស៊ី​សេរី​ដែល​បាន​រាយការណ៍​ព័ត៌មានក្រោម​ចំណង​ជើង​ថា៖ ​«ក្រុមហ៊ុន គ្លូប៊លហ្គ្រីន កំពុង​ធ្វើ​អាជីវ​កម្ម​រ៉ែ​ដែក​ប៉ះពាល់​ពលរដ្ឋ​ចំនួន​២​ខេត្ត​» វិទ្យុ​នេះ​ថា ​ក្រុមហ៊ុនគ្លូប៊លហ្គ្រីន​នោះ​ជា​របស់​កូនប្រុស​របស់​លោក​ឧកញ៉ា ទ្រី ភាព ​គឺ​ឧកញ្ញា ទ្រី ដាលុច​។ ​នេះ​បើ​តាម​វីដេអូ​ព័ត៌មាន​ជាង​៥​នាទី​របស់​វិទ្យុ​អាស៊ី​សេរី ​ ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វ៊េស​ប៊ុក​នៅ​ព្រឹក​ថ្ងៃទី​ ២៧ ខែកុម្ភៈ ​ដោយ​ឃើញ​លោក ហៀម គឹមហុង ​និង​ពលរដ្ឋមួយ​ចំនួនបាន​ផ្តល់​បទសម្ភាន៍​នាពេល​នោះ។

វិទ្យុ​អាស៊ី​សេរី​បាន​ដាក់​តួនាទី​របស់​លោក ហៀម គឹម​ហុង​ ថា​ជា​តំណាង​សហគមន៍​នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។

លោក ហៀម គឹមហុង​ ប្រាប់​វីអូអេ​ថា​ លោក​មិនមែន​ជា​តំណាង​សហគមន៍​នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​នោះ​ទេ ​ដោយ​លោក​មាន​តួនាទី​ត្រឹម​ជាគណៈ​កម្មការ​សហគមន៍​ព្រៃ​ឈើ​សង្កែ ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ ហើយការ​ផ្តល់​ព័ត៌មាន​នានា ​គឺ​គ្រាន់​តែ​ចង់​ស្វែង​រក​ភាព​យុត្តិធម៌​ជូន​ពលរដ្ឋ និង​ប្រជា​សហគមន៍​តែ​ប៉ុណ្ណោះ​៕​