អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនអតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) លោក គុយ វ៉ាត ពីបទឆបោកប្រាក់រាប់សិបលានដុល្លារ ក្រោយមានការដាក់ពាក្យបណ្តឹងជាច្រើនទៅកាន់តុលាការពីសំណាក់ជនរងគ្រោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់វីអូអេថា លោក គុយ វ៉ាត ដែលជាប្រធានក្រុមហ៊ុនផាកកាហ្វេ (Park Café) ផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ ២៤ ខែសីហា ទៅតាមដីការបស់តុលាការ ក្រោយមានការដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទៅលើអ្នកជំនួញរូបនោះ។
លោកថ្លែងថា៖ «មានករណីហ្នឹងមែន! ការចាប់ខ្លួនពីថ្ងៃ ២៤ ពាក់ព័ន្ធបណ្តឹងគាត់ឆបោកគេច្រើនណាស់! លុយរាប់លាន។ ដើមបណ្ដឹងច្រើនណាស់ ខ្ញុំអត់អាចប្រាប់ប្រភពបានទេ ព្រោះវាច្រើនប្រភពពេក តែគ្រាន់ថា ចាប់ខ្លួនតាមដីការបស់តុលាការ»។
ការចាប់ខ្លួនលោក គុយ វ៉ាត កើតឡើង ក្រោយមានអ្នកបណ្តាក់ទុនមួយចំនួនក្នុងក្រុមហ៊ុន CIC បានឱ្យដឹងពីការខាតបង់ប្រាក់ជាច្រើនលានដុល្លារនៅក្នុងក្រុមហ៊ុននោះ។ ក្នុងនោះ មានលោកវេជ្ជបណ្គិត គួច ម៉េងលី ដែលជាស្ថាបនិកក្រុមហ៊ុន Mengly J. Quach Education PLC។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកន្លងមកថា លោកបានដាក់លុយវិនិយោគនៅក្នុងក្រុមហ៊ុន CIC រយៈពេល ១០ ឆ្នាំមកហើយ ដែលសរុបជាទឹកប្រាក់ចំនួនជិត ៣ សែនដុល្លារ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក គួច ម៉េងលី នៅថ្ងៃចន្ទនេះ តែលោកបដិសេធមិនឆ្លើយសំណួរទាំងអស់ ដោយថា លោកធ្លាប់បានបកស្រាយរឿងនេះជាច្រើនមកហើយជាមួយអ្នកសារព័ត៌មាននាពេលកន្លងមក។
មុនការចាប់ខ្លួនលោក គុយ វ៉ាត ដែលគេស្គាល់ថា ជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យមួយរូបផងនោះ ក្រុមហ៊ុន CIC បានអំពាវនាវឱ្យវិនិយោគិនចូលរួមក្នុងយន្តការដោះស្រាយពាក់ព័ន្ធលុយជាង ១០០ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនកំពុងតែវេចខ្ចប់ទ្រព្យដើម្បីដោះស្រាយជូនទៅអ្នកវិនិយោគវិញ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយកាលពីខែមីនា ឆ្នាំ ២០២៤។
ក្នុងសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុន CIC បានរៀបរាប់ថា បញ្ហាដែលកំពុងកើតឡើងនៅក្នុងក្រុមហ៊ុនគឺជាវិបត្តិហិរញ្ញវត្ថុដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុនពោល គឺមិនមែនជាសំណុំរឿងបោកប្រាស់ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ។
ក្រុមហ៊ុនបញ្ជាក់ថា៖ «ក្រុមហ៊ុននៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុននឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (នមក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអាទិភាព»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន CIC បាននៅឡើយទេ នៅថ្ងៃចន្ទនេះ៕