ខ្មែរ​នៅ​អូទ្រីស​ព្យាយាម​រក្សា​វប្បធម៌​ខ្មែរ

ពលរដ្ឋ​ខ្មែរ​ជួបជុំគ្្នានៅ⁣លំនៅដ្ឋានមួយនៅសង្កាត់​ឃ្មូនឌឹន (Gmunden) ភាគ​ខាង​ជើង​ប្រទេស​អូទ្រីស

រដ្ឋធានី​វីយែន ប្រទេស​អូទ្រីស៖ សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជិត​បី​ទសវត្សរ៍បាន​ធ្វើ​រុញ​ច្រាន​ពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់​ធ្វើ ចំណាក​ស្រុក​ទៅក្រៅ​ប្រទេស ពាសពេញ​ពិភពលោក ក្នុង​នោះ​ក៏​មាននៅប្រទេស​អូទ្រីស​ផង​ដែរ។
ទោះបី​ឃ្លាត​ឆ្ងាយ​ពី​មាតុភូមិ​ជាច្រើន​ឆ្នាំ​ក្តី ​ពួកគេនៅ​តែ​រក្សាបាន​អត្តសញ្ញាណ​ជាខ្មែរ​និង​កំពុង​ព្យាយាមបន្ត​វេន​ភាព​ជា​ខ្មែរ​នេះ​ដល់​កូនចៅ​របស់​ពួកគេ។ ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​ ពលរដ្ឋ​ខ្មែរ​នៅ​អូទ្រីស​បាន​រួម​គ្នាចង​ក្រង​ជា​សហគមន៍​ខ្មែរ​នៅ​អូទ្រីស រៀបចំ​ពិធី​ប្រពៃណី​សាសនា​រួម​គ្នា មាន​ការបង្រៀន​របាំ​ ភាសា និង​អក្សរ​ខ្មែរ​សម្រាប់​កូន​ខ្មែរ​ដែល​កើត​នៅ​ទី​នោះ។
លោក កៅ សាវុធ ជា​អតីត​ប្រធាន​សមាគម​ខ្មែរ​នៅ​អូទ្រីស ដែល​បាន​មក​រស់​នៅ​ប្រទេស​អូទ្រីស​នៅ​ដើម​ទសវត្សរ៍​៨០។ លោក សាវុធ បាន​ពន្យល់​ពីមូលហេតុ​ដែល​លោក​សម្រេច​ចង​ក្រង​ជា​សហគមន៍​ខ្មែរ​អូទ្រីស​នេះ​ឡើង​នៅ​ឆ្នាំ​២០០៩ គឺ​ដើម្បី​រួបរួម​ខ្មែរ​នៅ​ប្រទេស​អូទ្រីស​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​និង​ងាយ​ស្រួល​ប្រារព្ធ​ពិធី​ប្រពៃណី​រួម​គ្នា។
«ខ្ញុំ​ខំ​ប្រមែ​ប្រមូល​ខ្មែរ​យើង​ពី​នេះ​មួយ ពី​នោះ​មួយ ធ្វើ​ឱ្យ​សមាគម​នេះ​បាន​ធំ​ធាត់​ យើង​ប្រមូល​ឱ្យ​បង្កើត​ឱ្យ​មាន​ជា​បុណ្យ​ចូល​ឆ្នាំ​ឱ្យ​មាន​ជា​របាំ​ឡើង​ដើម្បី​ផ្សាយ​ជា​អារ្យធម៌និង​ប្រពៃ​ណី​ខ្មែរ​យើង​ឱ្យ​ជនជាតិ​គេ​ឃើញ ឱ្យ​គេ​ស្គាល់។ កុំ​ឱ្យ​គេ​ថា​យើង​រត់​ហ្នឹង​ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​មួយ​អត់​មាន​អ្វី​ហូប មិន​មែន​ទេ​ យើង​ជា​ប្រទេស​មួយ​ដែល​សម្បូរ​បែប ​ដី​មាន​ជីវជាតិ ប៉ុន្តែ​ជា​អកុសល​ ស្រុក​យើង​មាន​សង្គ្រាម»។
រហូត​មក​ទល់​បច្ចុប្បន្ន​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល​២.០០០​នាក់ បាន​មក​តាំង​លំនៅ​អូទ្រីស​ដែល​ស្ថិត​នៅ​ទ្វីប​អឺរ៉ុប​ភាគ​កណ្តាល។ នៅ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ម្តងៗ​ ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេសបាន​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​លីន ចំងាយ​ប្រហែល​ជា​២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​វ៉្យែន ដែល​មាន​ជន​ជាតិខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ។ ក្នុង​ពិធី​នោះ គេ​ឃើញ​មាន​ការ​សម្ដែងរបាំ​ប្រពៃណី​ដូចជា របាំ​ជូនពរ របាំ​ភួងនារី និង​របាំ​នារី​ជាជួរ និង​របាំ​ប្រជាប្រិយ​ដូចជា​ របាំ​គែន​និង​របាំ​ក្រមា ដែល​សម្ដែង​ដោយ​កូន​ខ្មែរ​ដែល​កើត​នៅ​អូទ្រីស និង​ខ្លះជាកុមារ​ជនជាតិ​អូទ្រីស។ ក្រៅ​ពីរបាំ​នៅ​ពេលជួប​ជុំ​ប្រចាំ​ឆ្នាំ​នេះ​ ក៏​ឃើញ​មានការ​លេង​កីឡា​ ការ​ចែក​រំលែក​ម្ហូប​ខ្មែរ ​និង​ពិធី​តាម​បែប​សាសនា​ព្រះ​ពុទ្ធ​ផ្សេង​ៗផង​ដែរ។
រស់​នៅ​សង្កាត់​ឃ្មូនឌឹន (Gmunden) ភាគ​ខាង​ជើង​ប្រទេស​អូទ្រីស​តាំង​ពី​ឆ្នាំ​១៩៩៥ អ្នកស្រី អ៊ុំ ផល្លា ជា​គ្រូ​បង្កាត់​របាំបុរាណ​និង​ប្រជាប្រិយខ្មែរនៅ​ទី​នេះ។ អ្នកស្រី​តែង​តែ​បង្ហាត់របាំ​ដល់​កូន​ខ្មែរនិង​កុមារ​អូទ្រីស​ខ្លះ​ ប្រហែល​ពីរ​ម៉ោង ជា​រៀងរាល់​ថ្ងៃ​សៅរ៍​ឬ​ថ្ងៃអាទិត្យ រយៈពេល​បី​ខែ​ដើម្បី​ត្រៀម​សម្ដែង​ក្នុងពិធី​បុណ្យ​ចួលឆ្នាំខ្មែរ។

Your browser doesn’t support HTML5

For Khmer New Year... A Soccer Match?

Your browser doesn’t support HTML5

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១២ ​នៅ​ក្រុង​ Linz ប្រទេស​អូទ្រីស។

អ្នក​ស្រី​សម្រេច​ចិត្ត​លះបង់​ពេល​វេលា​ផ្ទាល់​ខ្លួនដើម្បី​បង្រៀន​របាំ​នេះ​គឺដើម្បី​ឱ្យ​កូន​ខ្មែរ​ដែល​កើត​នៅ​ទី​នោះ​ស្គាល់​ពី​វប្បធម៌​ ប្រពៃណី និង​អត្ត​សញ្ញាណ​ខ្មែរ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដល់​ជន​ជាតិ​បរទេស​នៅ​អូទ្រីស។
«សម្រាប់​កូន​ក្មេង​ឱ្យ​វា​ស្គាល់​ដឹងថា យើង​មាន​វប្បធម៌របស់​យើង​ដ៏​ស្អាត​ជា​យូរ​ណាស់​មក​ហើយ ជា​ពិសេស​ក្មេង​ៗ​តូច​ៗ​ ឱ្យ​វា​ចង​ចាំ​ទុក​ទៅថ្ងៃ​ក្រោយ​ទៀត។ ជា​ពិសេស​យើង​ចង់​ឱ្យ​ពួក​អូទ្រីស​ នៅ​ពេល​យើង​ធ្វើ​ចូល​ឆ្នាំ​ម្តងៗ​មិនមែន​មាន​តែ​ខ្មែរ​យើង​សុទ្ធ​ទេ ពួក​អូទ្រីស​ក៏​គេ​ចូល​មក​ច្រើន​ដែរ។សម្រាប់​ពួក​អូទ្រីស​គឺ​គេ​គាំទ្រ​ខ្លាំង គេ​ឃើញ​គឺ​គេ​សប្បាយ គេ​អស្ចារ្យ​គឺជា​របាំ​ដែល​គេ​មិនដែល​ឃើញ​ គេ​កោត​សរសើរ​មែន​ទែន។»
លោក កៅ សាវុធ ​ថ្លែង​ទាំង​ទឹក​មុខ​ញញឹមថា មុន​ដំបូងជនជាតិបរទេស​ដែល​រស់​នៅ​អូទ្រីស​ច្រឡំ​ថា​របាំ​ទាំង​នោះ​ជា​របស់​ថៃ​ ប៉ុន្តែបន្ទាប់​ពី​មាន​ការ​ចាក់​ផ្សាយតាមទូរទស្សន៍​និង​វិទ្យុ​ជា​បន្ត​បន្ទាប់ ពួកគេ​បាន​ទទួល​ស្គាល់​ថា នោះជា​របាំ​និង​ទំនៀមទម្លាប់​ខ្មែរ​វិញ។ លោក សាវុធ​ ​បន្ថែម​ថា កូន​ខ្មែរ​ដែល​កើត​នៅ​ប្រទេស​អូទ្រីស​ទាំង​អស់​មាន​មោទនភាព​ជា​ជនជាតិ​ខ្មែរ។​
«កូន​ខ្មែរ​ទាំង​អស់ទោះបី​វា​មិន​សូវ​បាន​ចូល​ប្រឡូក​ជាមួយ​សង្គម​ខ្មែរ​យើង​ឱ្យ​បាន​ញឹកញាប់ ក៏​ប៉ុន្តែ​វា​នៅ​តែ​តាំង​ខ្លួន​វា​ជា​ខ្មែរ។ ពេល​គេ​សួរ​វា​ថា​ជា​ខ្មែរ​ឬ? វាមិន​ដែល​ខ្មាស់អៀន​ថា​វា​ជា​ខ្មែរ។ វា​នៅ​តែ​មោទនភាព​ថា​វា​ជា​ខ្មែរ ទោះបី​អ្នក​ខ្លះ​អត់​ចេះ​ភាសា​ខ្មែរ វា​ក៏​ថា​វា​ជា​ខ្មែរ​ដែរ ព្រោះ​ប៉ានិង​ម៉ាក់​វា​ជា​ខ្មែរ ទោះបី​កើត​នៅ​អូទ្រីស​វា​ក៏​នៅ​តែ​ជា​ខ្មែរ​ដែរ។»
ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​អូទ្រីស​មាន​បី​ជំនាន់​ ពោល​គឺ​ក្រោយ​របប​ខ្មែរ​ក្រហម​តាម​ព្រំ​ដែនខ្មែរ​ថៃ តាម​រយៈ​អាហារូបករណ៍​ប្រទេស​ឆេកូស្លូវ៉ាគី​នៅ​សម័យ​រដ្ឋ​កម្ពុជា និងនៅ​ពេល​ក្រោយ​មកទៀត។
ជា​អតីត​និស្សិត​ខ្មែរ​ទទួល​អាហារូបករណ៍​ពីសាធារណរដ្ឋ​ឆេកូស្លូវ៉ាគី លោក​ ព្រំ វណ្ណា បាន​រស់​នៅ​ប្រទេស​អូទ្រីស​ជិត​៣០​ឆ្នាំ​ហើយ។ លោក​រស់​នៅ​រដ្ឋធានី​វ្យ៉ែន​ដែល​មាន​ខ្មែរ​រស់នៅ​ប្រហែល​៤០​គ្រួសារ​ប៉ុណ្ណោះ។ លោក​បាន​សង្កេត​ឃើញ​ថា កូន​ស្រីរបស់​លោក ទោះបី​ជា​កើត​នៅ​ប្រទេស​អូទ្រីស​ក្តី ក៏​តាំង​ខ្លួន​ថា​ជា​ខ្មែរ​ និយាយ​និង​ច្រៀង​ចំរៀង​ខ្មែរ និង​ចង់​រៀន​អក្សរ​ខ្មែរ​ទៀត​ផង។ បុរស​ជា​ឪពុក​វ័យ​ជិត​៥០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ដើម្បី​បណ្តុះ​ភាព​ជា​ខ្មែរ​ដល់​កូនគាត់បាន​ ដំបូង​ត្រូវ​មាន​ការ​តឹង​រឹង​បន្តិច។
«បើ​ឪពុក​ម្តាយ​អត់​និយាយ​ភាសា​ខ្មែរ​កូន​អត់​ចេះ​ទេ ព្រោះ​អី​នៅ​សាលា​មាន​ពី​ណា​គេ​និយាយ​ភាសា​ខ្មែរ បើ​ឪពុក​ម្តាយ​ចង់​ឱ្យ​កូន​ស្គាល់​ខ្មែរ ស្រលាញ់​ខ្មែរ ត្រូវ​តែ​តឹង​រឹង​បន្តិច ព្រោះ​ក្មេង​ជួន​កាល​វា​អត់​ចង់​ទេ ប៉ុន្តែ​បើ​យើង​តឹង​តែង​យូរ​ទៅ​វា​ទៅ​ឯង»។
រី​ឯ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​នៅ​រដ្ឋធានី​វ៉្យែន អ្នក​ស្រី ចាន់ សេរី បារម្ភ​ថា ពេល​កូនៗ​របស់​អ្នកស្រី​ធំ​ពេញ​វ័យ​អាច​នឹង​គិត​ថា ពួកគេ​ជា​ជនជាតិ​អឺរ៉ុប​វិញ ជា​ជាង​ជនជាតិ​ខ្មែរ ព្រោះ​នៅ​វ៉្យែន​មាន​ជនជាតិ​ខ្មែរ​តិច​ពេក។
«តាម​ខ្ញុំ​គិត​មើល​ទៅ ក្មេង​នៅ​ទីនេះ ប្រសិន​បើ​គេ​ឧស្សាហ៍​បាន​ជួប​ជាមួយ​ខ្មែរ​គ្នា​ឯង​ច្រើន​និង​ចូលរួម​ពិធី​ខ្មែរ​យើង​ធំ​ដុំ អញ្ចឹង​ទៅ​មុខ​ទៅ ពួកគេ​អាចមាន​គំនិត​មួយ​ចង់​ដឹង​ពី​ខ្មែរ ប៉ុន្តែ​ខាង​ពួកខ្ញុំ​នៅ​ទី​នេះ​គឺ​ដាច់​ស្រឡះ ដូច្នេះ​ពេល​នៅ​តូច វា​ចេះ​តែ​តាម​យើង​ជា​ឪពុកម្តាយ​ហើយ ប៉ុន្តែពេល​គេ​ធំ​ទៅ​មិន​អាច​ថា​បាន​ទេ ព្រោះ​អី​គ្នាធំ​មក​អត់​សូវ​បាន​ឃើញ​ខ្មែរ ដូច្នេះ​អាច​ទៅ​គេ​ច្រើន​ជាង​ហើយ»។
ដើម្បី​ឱ្យ​កូន​ពួកគាត់​នៅ​តែ​ស្រឡាញ់​អត្តសញ្ញាណ វប្បធម៌ និង​សាសនា​ខ្មែរ ទាំងលោក ព្រំ វណ្ណា និង​អ្នកស្រី ចាន់ សេរី ​តែងនិយាយ​ភាសា​ខ្មែរ​ជាមួយ​កូននិង​នាំ​ឱ្យ​កូនៗ​ពួកគាត់​ឱ្យ​ជួបជុំ​ជាមួយ​ខ្មែរ​ដទៃ​ទៀត​ក្នុង​ពិធី​ប្រពៃណី​សាសនាខ្មែរនៅ​ទីក្រុង​លីនដែល​មាន​ខ្មែរ​រស់​នៅ​ច្រើន។
នៅ​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​អូទ្រីស​មានអ្នក​ស្ម័គ្រចិត្ត​បង្រៀន​ភាសា​ខ្មែរ​ដល់​កូន​ខ្មែរ និង​មាន​បំណង​បង្កើត​វត្ត​ព្រះ​ពុទ្ធ​សាសនា​មួយ​នៅ​ទី​នោះ ដើម្បី​ឱ្យ​កូន​ខ្មែរ​នៅ​ទី​នោះ​ស្គាល់​កាន់​តែ​ច្បាស់​ពី​វប្បធម៌​និង​ជនជាតិ​ខ្មែរ៕