អូស្រា្តលី​សម្លឹង​រក​ការ​បំពេញ​ចន្លោះ​ប្រហោង​ផ្នែក​វប្បធម៌​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន

  • Phil Mercer

លោក Andrew Robb រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​និង​វិនិយោគ​របស់​អូស្រា្តលី​ចូលរួម​សន្និសីទ​កាសែត​នៅ​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក នៅ​ក្នុង​ក្រុង Auckland ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

​ប្រទេស​អូស្រ្តាលី​កំពុង​ផ្តោត​​ក្តី​សង្ឃឹម​របស់​ខ្លួន​ទៅ​​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​ចិន ដែល​កិច្ច​ព្រមព្រៀង​នោះ​បាន​ចូល​ជា​ធរមាន​កាលពី​ខែធ្នូ ​ឆ្នាំ២០១៥។

នៅ​ស្រប​ពេល​ដែល​ការ​រីក​ចម្រើន​ផ្នែក​ឧស្សាហកម្ម​រ៉ែបាន​ឈានដល់​ទី​បញ្ចប់ ​ប្រទេស​អូស្រ្តាលី​កំពុង​ផ្តោតក្តី​សង្ឃឹម​របស់​ខ្លួន​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​ចិន ដែល​កិច្ច​ព្រមព្រៀង​នោះ​បាន​ចូល​ជា​ធរមាន​កាលពី​ខែធ្នូ ​ឆ្នាំ២០១៥។ ​នៅ​ខណៈ​ពេល​ដែល​ពន្ធដារ​ត្រូវ​បាន​កាត់​បន្ថយ​ ឱកាស​ជាច្រើន​កំពុង​តែ​ផុស​ឡើង។ ប៉ុន្តែ​ភាព​ខុស​គ្នា​ផ្នែក​វប្បធម៌​នៅ​តែ​ជា​ចំណុច​សំខាន់​មួយ​ ដែល​នៅមិន​ទាន់​បាន​ចរចា​ដោះស្រាយនៅ​ឡើយរវាង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​ពីរ​នេះ។

«សូម​អរគុណ លោក​វាគ្មិន។ លោក​វាគ្មិន​ នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​អូស្រា្តលី។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ការងារ​នៅ​ប្រទេស​អូស្រា្តលី»។

មាន​ការ​សាទរ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​អូស្ត្រាលី​ Malcolm Turnbull ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ «ជា​ប្រវត្តិសាស្រ្ត» ​មួយ​ជាមួយ​ប្រទេស​ចិន។ អ្នក​ផ្តួចផ្តើម​ដ៏​សំខាន់​ម្នាក់​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​លោក ​Andrew Robb ​ដែល​ជា​អតីត​រដ្ឋ​មន្រ្តី​ផ្នែក​ពាណិជ្ជកម្ម។

លោក​ទទួល​ស្គាល់​ថា ការ​ស្វែង​យល់​ពី​របៀបរបប​ទំនាក់​ទំនាក់របស់​ចិន ឬ​ការ​ថែរក្សា​នូវ​ទំនាក់ទំនង​ជំនួញ​ក្នុង​រយៈពេល​វែង​ឲ្យ​បាន​ល្អ​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំមួយ។

«បញ្ហា​ប្រឈម​មួយ​ទៀត​គឺ​ ការ​មិន​យល់​ពី​វប្បធម៌ ការ​មិន​យល់​ពី​របៀប​របប​ធ្វើ​ជំនួញ បទដ្ឋាន​វប្បធម៌។ ទាំង​អស់​នេះ​គឺ​ជា​រឿងរ៉ាវ​ដែល​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ប្រទេស​យើង ហើយ​ប្រទេស​ចិន​ក៏​មិន​មាន​ភាព​ខុស​គ្នា​ពី​ប្រទេស​យើង​នោះ​ទេ។ ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿងរ៉ាវ​ជាច្រើន​ដូច​គ្នា។ យើង​ត្រូវ​តែ​មាន​ការ​ស្វែងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ភាព​ខុស​គ្នា ហើយ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ​បាន អ្នក​នឹង​មាន​ឱកាស​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​បាន​យ៉ាង​ខ្លាំង​ជា​មិន​ខាន»។

បុណ្យចូល​ឆ្នាំ​ថ្មីរបស់​ជន​ជាតិ​ចិន​ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ក្រុង​ស៊ីដនី។ ចំណង​វប្បធម៌ សង្គម ​និង​ពាណិជ្ជកម្ម​រវាង​អូស្រា្តលី និង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំបង្អស់របស់​ខ្លួន​ពិត​ជា​មាន​ភាព​ខ្លាំងក្លា​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។ ក៏ប៉ុន្តែ​ វា​អាច​នឹង​មាន​ការ​ពិបាក​សម្រាប់​ជន​បរទេស​ក្នុង​ការ​ស្វែង​យល់​ពី​បែប​បទ​នៃ​ការធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​ចិន។ តើ​អ្នក​ចាប់​ដៃ​មុន​ពេល​ជួប​គ្នា​ដែរ​ឬ​ទេ? តើ​ការ​ចង្អុល​ក្នុង​ពេល​សន្ទនា​អាច​បង្ក​ឲ្យ​មាន​ការ​ប្រកាន់​ខឹង​ដែរ​ឬ​ទេ? ហើយ​តើ​អ្នក​គួរ​តែ​ជូន​កាដូ​ដែរ​ឬ​ទេ បើ​សិន​ជា​អញ្ចឹង​តើ​កាដូ​ប្រភេទ​អ្វី? ឥឡូវ​នេះ ក្រុមហ៊ុន​មួយ​ចំនួន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់នាយក​ប្រតិបត្តិរបស់​ខ្លួន​ លើ​ការ​សម្រប​ខ្លួន​ទៅ​នឹង​វប្បធម៌។

Della Dang ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិ​អាស៊ី​អូស្រា្តលី​បាន​និយាយ​ថា៖

«ប្រសិន​បើ​អ្នក​ជំនួញចិន​ឲ្យ​នាម​ប័ណ្ណ​របស់​គេ​មក​ខ្ញុំ​ ខ្ញុំ​ត្រូវ​តែ​ទទួល​ដោយ​ដៃ​ទាំង​ពីរ ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ដាក់​វា​នៅ​កន្លែង​ដែល​មិន​សមរម្យ​នោះ​ទេ។ ​«មិនសមរម្យ»​នេះ​ ខ្ញុំ​ចង់​មាន​ន័យ​ថា​ សូម្បី​តែ​ដាក់​ហោប៉ៅ​ ក៏មិន​ត្រូវ​ដាក់​នៅហោប៉ៅ​ខោ​ខាង​ក្រោយ​ដែរ ​ពីព្រោះនៅ​ពេល​ដែល​អ្នក​អង្គុយ​ចុះ​ អ្នក​នឹង​អង្គុយ​លើ​ឈ្មោះ​របស់​គេ។ នេះ​ជា​ការ​មិន​គោរព​ចំពោះ​បុគ្គល​នោះ»។​

អ្នក​ស្រី Monika Tu ជា​អ្នក​លក់​អចលនទ្រព្យដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ក្នុង​ក្រុង​ស៊ីដនី​ ទៅ​ឲ្យ​អតិថិជន​ជនជាតិ​ចិន។ អ្នក​ស្រី​បាន​ចាក​ចេញ​ពី​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក​រស់​នៅ​ក្នុង​ប្រទេស​អូស្រា្តលី។ អ្នក​ស្រី​និយាយ​ថា​ ការ​បំពេញ​ចន្លោះ​ប្រហោង​ផ្នែក​វប្បធម៌​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។

«ខ្ញុំ​រស់​នៅ​ទីនេះ​អស់​រយៈពេល​២៧​ឆ្នាំ​ហើយ។ ខ្ញុំ​ចំណាយ​ពេល​ច្រើន​ណាស់​ដើម្បី​អាច​យល់​ពី​របៀប​របប​ជនជាតិ​អូស្រា្តលី​ ឬ​ពលរដ្ឋ​លោក​ខាង​លិច ហើយ​យើង​ក៏​ត្រូវ​សម្រប​ខ្លួន​យើង​ផង​ដែរ។ វា​ពិត​ជា​ខុស​គ្នា​ខ្លាំង​ណាស់។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​សិក្សា​ពី​វប្បធម៌​ទាំង​ពីរ ហើយ​ផ្តួចផ្តើម​សម្រប​ខ្លួន​ទៅ​តាម​នោះ​ អ្នក​នឹង​សប្បាយ​រីករាយ​ជាមួយ​នឹង​វា​ជា​មិន​ខាន។ ធ្វើ​ដូច្នេះ ​វា​នឹង​ផ្តល់ប្រយោជន៍​សម្រាប់​ជីវិត​ក្នុង​សង្គម​របស់​អ្នក របៀប​រស់​នៅ​របស់​អ្នក​ ជាពិសេស​វា​មាន​ប្រយោជន៍​ដល់​ជំនួញ​របស់​អ្នក។ វា​ជា​ពេល​វេលា​ដ៏​វែង​ឆ្ងាយ​ដែល​យើង​ត្រូវ​ឆ្លង​កាត់​ ដូច្នេះ​គ្រប់​គ្នា​នឹង​មាន​ឱកាស​ធ្វើ​ការ​ជាមួយ​គ្នា ហើយធ្វើ​ឲ្យ​ពិភពលោក​មាន​ភាព​ស្រស់​បំព្រង​ឡើង»។

ក្រុមហ៊ុន​អូស្រា្តលី​ដែល​ចង់​ពង្រីក​វិសាលភាព​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​កំពុង​សង្ឃឹម​ថា ឆ្នាំ​ដំបូង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ធ្វើ​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង។ ប៉ុន្តែ​បញ្ញវន្ត​មួយ​ចំនួនព្រមាន​ថា នឹង​មាន​ចន្លោះ​ប្រហោង​ផ្សេងៗ​នៅ​ខាង​មុខ។

អ្នក​ស្រី Sally-Anne Gaunt គឺ​ជា​សាស្រ្តាចារ្យ​ជាន់​ខ្ពស់​សម្រាប់​មុខវិជ្ជា​គ្រប់គ្រង​វប្បធម៌​ចម្រុះ​នៅ​សាកលវិទ្យាល័យ New South Wales។ អ្នកស្រី​និយាយ​ថា នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​ទ្វីប​អាស៊ី ពលរដ្ឋ​អូស្រា្តលី​មិន​ត្រូវ​បាន​គេ​យល់​ថា​ជា​មនុស្ស​ឧស្សាហ៍​នោះ​ទេ ហើយ​អ្នក​ស្រី​លើកឡើង​ពីការ​ផ្តល់​ការ​ប្រឹក្សាដល់​នាយក​ប្រតិបត្តិ​មួយរូប​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

«នារី​វ័យ​ក្មេង​ម្នាក់​នោះ​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើអតិថិជន​របស់​នាង​ដោយនិយាយ​ថា ពួកគេ​ខ្ជិល ពួកគេ​ទៅ​ផ្ទះ​នៅ​ម៉ោង​៥គត់ ពួកគេទៅ​លំហែ​កាយ​នៅ​ឆ្នេរ​ខ្សាច់ ចំណែក​ពួកយើង​នៅ​ទីនេះ​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង។ តាម​ពិត ​អ្វី​ដែល​នារី​ម្នាក់​នោះ​មិន​បាន​ដឹង​គឺ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​នៅ​កន្លែង​មួយ​ដូចជា​នៅ​ប្រទេស​អូស្រា្តលី​ជា​ដើម​ អ្នក​នឹង​មិន​មាន​គ្រួសារ​ធំទេ អ្នក​មិន​មាន​គ្រួសារ​ជួយ​ធ្វើ​ការងារ​នៅ​ផ្ទះ​ទេ ហើយ​អ្នក​ត្រូវ​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង។ នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​លើក​ឡើងនូវ​កត្តា​ទាំង​នេះ នាង​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​នាង​និយាយ​ថា អូ! នៅប្រទេស​អូស្រា្តលី ​មិន​មាន​អ្នក​បម្រើទេ​ មែន​ទេ? ខ្ញុំ​ឆ្លើយ​ថា ​មនុស្ស​ភាគ​ច្រើន​មិន​មានអ្នក​បម្រើ​ទេ»។

ប្រទេស​អូស្រា្តលី​ជា​ភាគី​មួយ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន​១០។ កិច្ចព្រមព្រៀង​ភាគច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី ដូចជា​ជប៉ុន កូរ៉េ​ខាង​ត្បូង​ និង​ចិន។ ការ​កេង​ចំណេញ​ពី​ឱកាស​ក្នុង​កិច្ចព្រមព្រៀង​ទាំង​នោះ មិន​មែន​មានត្រឹមតែលើ​ផលិតផល​ តម្លៃ​ និង​ការ​អនុវត្ត​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​ រួម​មាន​ទាំង​ការ​យល់​ដឹង​ពី​វប្បធម៌​ដ៏​ស្មុគស្មាញ​ដែល​ធ្វើ​ឲ្យ​ជំនួញ​មាន​ដំណើរការ​ទៅ​មុខ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ​