ឪពុកម្តាយរបស់ នាង Sharon និង Carol Salloum បានចាកចេញពីស៊ីរីមករស់នៅស៊ីដនី កាលពី៤០ឆ្នាំមុន ហើយបញ្ជីមុខម្ហូបក្នុងភោជនីយដ្ឋានរបស់ពួកគាត់នៅទីក្រុងស៊ីដនីមានភាពពេញនិយមដោយសារតែរសជាតិបែបមជ្ឈិមបូព៌ាប្រទេស។ បងប្អូនស្រីទាំងពីរនិយាយថា ពួកគេគិតថានេះជាកាតព្វកិច្ចក្នុងការជួយអ្នកដែលត្រូវបានគេជម្លៀសចេញដោយសារសង្រ្គាម។
នាង Sharon Salloum និយាយថា៖ «ឪពុកម្តាយរបស់ពួកយើងនៅសល់គ្រួសារជាច្រើនទៀតក្នុងប្រទេសស៊ីរី ហើយពួកគាត់អាចមកទីនេះក្នុងនាមជាជនភៀសខ្លួន។ យើងមានសំណាងណាស់ដែលករណីនេះមិនបានកើតឡើងចំពោះពួកយើង ប៉ុន្តែជនភៀសខ្លួនទាំងនោះអាចជាម្តាយមីង ឬឪពុកមា ឬបងប្អូនជីដូនមួយដែលយើងមាននៅទីនោះក្នុងពេលនេះ។ ដូច្នេះហេតុអ្វីយើងមិនជួយពួកគាត់?»។
នាង Carol Shalloum ក៏បាននិយាយដែរថា៖ «មានមនុស្សជាច្រើនដែលមកពីក្រៅប្រទេសហើយធ្វើការក្នុងប្រទេសអូស្រ្តាលី។ ពួកគេចង់ធ្វើការ ពួកគេចង់បង្កើតជីវិតមួយសម្រាប់ខ្លួនឯង ពួកគេមិនខ្ជិលច្រអូសនោះទេ ហើយពួកគេនឹងទទួលការងារគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន។ អ្នកអាចសង្កេតឃើញបែបនេះតាមរយៈជនទេសន្តរប្រវេសន៍ដែលបានមកដល់ទីនេះ ហើយយើងបានជួលពួកគេធ្វើការ។ ខ្ញុំមិនមានចម្ងល់ទេព្រោះវាជាមុខរបរដ៏ប្រសើរសម្រាប់អ្នកគ្រប់គ្នា ជាពិសេសនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចដែលអ្នកទាំងនេះមានចំណូលចិត្តលើអាហារ និងបដិសណ្ឋារកិច្ច»។
ការងារបដិសណ្ឋារកិច្ចអាចជាការងារលំបាកមួយ ប៉ុន្តែវាអាចផ្តល់នូវការចាប់ផ្តើមដល់ជនភៀសខ្លួនដើម្បីធ្វើឲ្យខ្លួនគេរីកចម្រើនក្នុងប្រទេសអូស្រ្តាលី។
ការហ្វឹកហាត់ការងារនឹងត្រូវផ្តល់ជូនជនភៀសខ្លួនស៊ីរីនៅភោជនីយដ្ឋានផ្សេងៗគ្នាក្រោមកម្មវិធីមួយដែលបង្កើតដោយសេវាកម្មតាំងទីលំនៅថ្មីប្រកបដោយវិជ្ជាជីវៈសម្រាប់ជនភៀសខ្លួន។
ការផ្តល់ការហ្វឹកហាត់នេះនឹងនាំពួកគេទៅរកអនាគតដ៏រុងរឿង។ នាង Sharon Shalloum និយាយថា ឧស្សាហកម្មបដិសណ្ឋារកិច្ចសក្តិសមណាស់សម្រាប់ជនភៀសខ្លួនស៊ីរី។
«យើងនឹងធ្វើឲ្យការពិតក្នុងការធ្វើការនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចមានភាពច្បាស់លាស់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំគិតថា វាគឺជាផ្នែកធម្មជាតិរបស់ពួកយើងដែលបានធំដឹងក្តីនៅក្នុងគ្រួសារនៅមជ្ឈិមប្រទេស ឬនៅក្នុងគ្រួសារប្រទេសស៊ីរី។ ពួកយើងត្រូវបានបង្រៀនឲ្យមានភាពរាក់ទាក់ចំពោះមនុស្សគ្រប់គ្នា»។
លោក Lymen Baerlie រួមទាំងក្រុមគ្រួសាររបស់គាត់ដែលជាជនភៀសខ្លួនទើបតែមកដល់ថ្មី មកពីទីក្រុង Homs នៃប្រទេសស៊ីរី។ ដោយភ័យខ្លាចបាត់បង់ជីវិត ពួកគេបានរត់ភៀសខ្លួនទៅប្រទេសអេហ្ស៊ីប ហើយបន្តដំណើរតាមយន្តហោះមកកាន់ទីក្រុងស៊ីដនីកាលពីចុងខែធ្នូ។ លោក Baerlie បាននិយាយតាមរយៈអ្នកបកប្រែថា ក្តីសុបិន្តរបស់គាត់គឺបើកអាជីវកម្មម្ហូបអាហារ។
«ពិតណាស់ វាមានសារៈសំខាន់សម្រាប់ខ្ញុំក្នុងការស្វែងរកការងារដ៏ល្អមួយ ហើយខ្ញុំបានចាប់ផ្តើមសម្លឹងមើលការបង្កើតការងារផ្ទាល់ខ្លួន ឬអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែឥលូវនេះ ខ្ញុំកំពុងពឹងពាក់លើសាច់ញាតិរបស់ខ្ញុំក្នុងការហ្វឹកហាត់ថាតើខ្ញុំអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយរបៀបណា»។
បន្ទាប់ពីមកដល់អូស្រ្តាលីបានពីរបីសប្តាហ៏ លោក Baerlie កំពុងទទួលបានការផ្គត់ផ្គង់ពីបងថ្លៃប្រុសរបស់គាត់ ដែលមានហាងដុតនំមួយក្នុងទីក្រុងស៊ីដនី។ ប៉ុន្តែគាត់ទន្ទឹងរង់ចាំមើលឱកាសការងារ និងរកកម្រៃដោយខ្លួនឯង ក្នុងទឹកដីកំណើតទី២របស់គាត់។
ក្រុមសកម្មជនជាច្រើនបានជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីផ្តល់ទីជម្រកឲ្យបានច្រើនជាង ១២.០០០នាក់ ដែលមានក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ប្រជាជនស៊ីរី។ អ្នកដឹកនាំអាជីវកម្មមួយចំនួនជឿថា អូស្រ្តាលីមានលទ្ធភាពផ្តល់ទីជម្រកឲ្យដល់ជនភៀសខ្លួនរហូតដល់ទៅ៣០.០០០នាក់៕
ប្រែសម្រួលដោយ ទុំ ម្លិះ