លោក Anthony Albanese ជានាយករដ្ឋមន្ត្រីអូស្ត្រាលីដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដីគោកចាប់តាំងពីឆ្នាំ២០១៦មក នៅក្រោយរយៈពេលច្រើនឆ្នាំនៃការខ្វែងគំនិតគ្នា។
នៅពេលមានការមិនចុះសម្រុងគ្នាអំពីបញ្ហាភូមិសាស្ត្រនយោបាយមួយចំនួន មានរួមសិទ្ធិមនុស្សនិងប្រភពជំងឺកូវីដ១៩ជាដើម រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់កំហិតការហាមប្រាមនិងពន្ធគយលើទំនិញអូស្ត្រាលីមួយចំនួនដឹកជញ្ជូនចូលក្នុងប្រទេសចិន។
លោក Albanese បានស្វះស្វែងរកដំណោះស្រាយមានការប្រឈមដាក់គ្នាតិចជាងមុននៅក្នុងការទាក់ទងជាមួយប្រទេសចិននៅក្រោយលោកបានឈ្នះឆ្នោតនៅខែឧសភាឆ្នាំ២០២២ ដោយមានគោលដៅធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពជាមួយដៃគូពាណិជ្ជកម្មធំរបស់អូស្ត្រាលី នៅពេលទទួលស្គាល់ថាមានការខ្វែងគំនិតគ្នាក្នុងវិស័យខ្លះ។
លោក Albanese បាននិយាយថាជំនួបកាលពីថ្ងៃចន្ទទី៦ ខែវិច្ឆិកាជាមួយប្រធានាធិបតីចិនលោក Xi Jinping ជា«ជំនួបសុឆន្ទៈមួយ»។ លោកបានលើកករណីអ្នកនិពន្ធនិងសកម្មជនប្រជាធិបតេយ្យលោក Yang Hengjun ដែលអាជ្ញាធរចិនបានចាប់ឃុំឃាំងជិតប្រាំឆ្នាំមកហើយ។
ពួកមន្ត្រីរដ្ឋាភិបាលអូស្ត្រាលីសង្ឃឹមថាការរឹតត្បិតចុងក្រោយបង្អស់របស់ចិនលើទំនិញដែលអូស្ត្រាលីដឹកជញ្ជូនទៅប្រទេសចិន មានរួមម្ហូបសមុទ្រនិងសាច់គោនឹងត្រូវលុបចោលមិនហួសពីដំណាច់ឆ្នាំនេះទេ។ ចិនក៏បាននិយាយដែរថាខ្លួននឹងពិនិត្យសើរើពន្ធដារក្នុងរយៈពេលប្រាំខែនូវពន្ធដារដែលខ្លួនបានដាក់កំហិតលើស្រាទំពាំងបាយជូរអូស្ត្រាលី។
លោក Albanese បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្រុងប៉េកាំងថាកិច្ចចរចារបស់លោកជាមួយមេដឹកនាំចិនរូបនេះ ទូលំទូលាយ។
«ខ្ញុំបានពិភាក្សាបញ្ហាអន្តរជាតិជាមួយប្រធានាធិបតី Xi និងអំពីសារៈសំខាន់នៃស្ថិរភាពក្នុងតំបន់និងការបើកចំហបណ្តាញគមនាគមន៍។ យើងក៏បានពិភាក្សាគ្នាដែរអំពីទំនាក់ទំនងទ្វេភាគី។ ខ្ញុំបានលើកឡើងអំពីបញ្ហាកុងស៊ុលនិងបញ្ហាសិទ្ធិមនុស្សនៅក្នុងជំនួបនេះដែរ»។
ប៉ុន្តែ លោក Simon Birmingham សមាជិកព្រឹទ្ធសភាគណបក្សសេរីនិយមជាគណបក្សប្រឆាំងបាននិយាយប្រាប់បណ្តាញវិទ្យុនិងទូទស្សន៍អូស្ត្រាលី Australian Broadcasting Corp. កាលពីថ្ងៃអង្គារទី៧ខែវិច្ឆិកាថារដ្ឋាភិបាលក្រុងកង់បេរ៉ាត្រូវតែប្រុងប្រយ័ត្នអំពីមហិច្ឆតារបស់ចិន។
«យើងបានឃើញប្រធានសន្តិសុខអន្តរជាតិនៃប្រទេសអូស្ត្រាលីនិងពួកប្រធានសន្តិសុខអន្តរជាតិឯទៀតៗបានធ្វើការព្រមានថ្មីៗអំពីចារកម្មតាមអ៊ីនធឺណិតពី ចិន។ យើងបានឃើញកងនាវាចម្បាំងចិនធ្វើសកម្មភាពគឃ្លើនប្រឆាំងនឹងប្រទេសហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។ ទោះជាទស្សនកិច្ចនេះមានភាពវិជ្ជមានក៏ដោយ ក៏រដ្ឋាភិបាលលោក Albanese មិនត្រូវមើលឃើញតែចំណុចល្អៗទេ គួរពិនិត្យមើលឧបសគ្គដែលមាននៅទីនោះដែរ»។
ប្រទេសចិនមានប្រមាណមួយភាគបីនៃពាណិជ្ជកម្មសាកលរបស់អូស្ត្រាលី។ ពួកអ្នកវិភាគនិយាយថាចិនពឹងពាក់ខ្លាំងលើវត្ថុធាតុដើមអូស្ត្រាលីមានរួមរ៉ែដែកនិងឧស្ម័នធម្មជាតិរាវដើម្បីកសាងសេដ្ឋកិច្ចខ្លួន។
លោក Albanese បានអញ្ជើញលោក Xi ឱ្យទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលីក្នុងអនាគតឆាប់ៗនេះ ចំណែកឯប្រធានាធិបតីចិនវិញក៏បានសុំឱ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីវិលមកប្រទេសចិនវិញនិងទៅទស្សនាផ្នែកឯទៀតៗរបស់ប្រទេសនេះផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ វីអូអេ