ការស៊ើបអង្កេតអំពីក្រុមហ៊ុនកាស៊ីណូ Crown Casino ត្រូវបានធ្វើឡើងដោយបណ្តាញទូរទស្សន៍ប៉ុស្តលេខ៩ និងកាសែត២របស់អូស្ត្រាលីគឺ កាសែត The Sydney Morning និងកាសែត The Age។ សេចក្តីរាយការណ៍នោះ ផ្អែកឯកសាររាប់ម៉ឺនទំនងដែលបានលេចធ្លាយមកពីក្រុមហ៊ុនដែលកាន់កាប់កាស៊ីណូនៅក្នុងទីក្រុង Melbourne និងទីក្រុង Perth ហើយមានគម្រោងសាងសង់មួយទៀតនៅក្នុងក្រុងស៊ីដនី។
ឯកសារនោះ បានចោទប្រកាន់ពីការជាប់ទាក់ទិនរវាងក្រុមហ៊ុនកាស៊ីណូ Crown និងអង្គការឧក្រិដ្ឋកម្មមានការចាត់តាំង ហើយបានអះអាងថា ក្រុមហ៊ុននោះ ធ្វើមិនដឹងឮចំពោះការលាងលុយកខ្វក់ហើយនិងកេងប្រយោជន៍ពីភាពកម្សោយនៃច្បាប់អន្តោប្រវេសន៍របស់អូស្ត្រាលីដើម្បីដឹកជញ្ជូនអ្នកលេងល្បែងមានប្រាក់ច្រើនៗជាជនជាតិចិនចូលក្នុងប្រទេសដោយមិនមានការពិនិត្យឆែកឆេរឲ្យបានត្រឹមត្រូវ។ ក៏មានការអះអាងដែរថា ក្រុមហ៊ុនកាស៊ីណូនោះ មានជាប់ទាក់ទិនជាមួយផ្ទះបនអូស្ត្រាលីដែលត្រូវបានស៊ើបអង្កេតអំពីការជួញដូរមនុស្ស។
លោក Andrew Wilkie សមាជិកសភាឯករាជ្យម្នាក់ បានប្រាប់សភាអូស្ត្រាលីថា ក្រុមហ៊ុនកាស៊ីណូ Crown បានរកស៊ីនៅពីលើច្បាប់នៅក្នុងរដ្ឋ Victoria។ លោក បានថ្លែងថា៖ «ខ្ញុំឥឡូវនេះដឹងថា មន្ត្រីប៉ូលិស៣នាក់ដែល២នាក់កំពុងបម្រើការងារនៅពេលបច្ចុប្បន្ននេះ បាននិយាយដោយចំហរទៅកាន់បុគ្គលិករបស់ខ្ញុំនៅរដ្ឋ Victoria ថា ក្រុមហ៊ុនកាស៊ីណូ Crown ត្រូវបានគេចាត់ទុកថាជាវិមានវ៉ាទីកង់ជារដ្ឋអធិបតេយ្យឯករាជ្យមួយដែលច្បាប់របស់រដ្ឋដែលជាច្បាប់ Commonwealth របស់អូស្ត្រាលី មិនបានអនុវត្ត»។
ការអះអាងរបស់លោក Wilkieមិនបាននាំឲ្យមានការស៊ើបអង្កេតដោយសភាអូស្ត្រាលីទេ។ ក៏ប៉ុន្តែ លោកស្រី Christian Porter រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហព័ន្ធ បានបញ្ជូនការចោទប្រកាន់ទាំងនោះទៅគណៈកម្មការពង្រឹងច្បាប់សុច្ចរិតភាព។ គណៈកម្មការនោះ អាចស៊ើបអង្កេតឥរិយាបថរបស់មន្ត្រីពង្រឹងច្បាប់សហព័ន្ធ ហើយមិនមែនបុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូ Crown ទេ។
រដ្ឋ Victoria បានបញ្ជាឲ្យការិយាល័យត្រួតពិនិត្យល្បែងស៊ីសងរបស់រដ្ឋពិនិត្យមើលការអះអាងប្រឆាំងក្រុមហ៊ុនកាស៊ីណូ Crown Casino ថាជាបញ្ហាអាទិភាព។
ពួកអ្នកជំនាញ ក៏បានទាមទារឲ្យនិយ័តករប្រឆាំងការលាងលុយកខ្វក់របស់អូស្ត្រាលី ឬ AUSTRAC ធ្វើការស៊ើបអង្កេតការអះអាងថា ពួកឧក្រិដ្ឋជន បានលាងលុយកខ្វក់តាមរយៈក្រុមហ៊ុនកាស៊ីណូ Crown Casino។
ក្រុមហ៊ុននោះ បានបដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់នោះ។ ក្នុងការឃោសនាតាមកាសែតជាបន្តបន្ទាប់ ក្រុមហ៊ុននោះបាននិយាយថា ខ្លួន «ចង់បានភាពត្រឹមត្រូវនៅក្នុងការប្រឈមយុទ្ធនាការបោកប្រាស់ប្រឆាំងនឹងក្រុមហ៊ុនកាស៊ីណូ Crownនេះ»។ ក្រុមហ៊ុនកាស៊ីណូ Crown បានចោទប្រកាន់ឯកសារដែលបានផ្សាយតាមទូរទស្សន៍ពីការប៉ុនប៉ងមិនត្រឹមត្រូវដើម្បីធ្វើឲ្យប៉ះពាល់កិត្យានុភាពរបស់ខ្លួន។ ក្រុមហ៊ុនកាស៊ីណូនោះ ក៏បាននិយាយដែរថា ខ្លួនធ្វើត្រឹមត្រូវទៅតាមច្បាប់៕
ប្រែសម្រួលដោយជឹង ប៉ូជីន