ប្រទេសអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចេកវិទ្យានុយក្លេអ៊ែរថ្មីមួយជាមួយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសកាលពីថ្ងៃទី ៥ ខែសីហាកន្លងទៅនេះ ក្នុងបំណងអនុញ្ញាតឱ្យមានការផ្ទេរឧបករណ៍នុយក្លេអ៊ែរនិងបច្ចេកវិទ្យាសម្រាប់បង្កើតកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
កិច្ចព្រមព្រៀងនេះដែលមន្ត្រីអាមេរិកហៅថាជា «ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់កិច្ចព្រមព្រៀង AUKUS» គឺជាជំហានបន្ថែមដើម្បីផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យានិងហាដវែក្នុងការសាងសង់ ដំណើរការ និងថែទាំនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានចុះហត្ថលេខាលើផ្នែកថ្មីចុងក្រោយបំផុតនៃកិច្ចព្រមព្រៀងត្រីភាគីនេះនៅសហរដ្ឋអាមេរិក។ លោកបានហៅកិច្ចព្រមព្រៀងនេះថាជា «ឯកសារគ្រឹះដ៏សំខាន់»។
នៅក្រោមផែនការដែលបានបង្ហាញនៅក្នុងទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ប្រទេសអូស្ត្រាលីមានបំណងចំណាយប្រាក់រហូតដល់ ២៤២ ពាន់លានដុល្លារក្នុងរយៈពេល ៣០ ឆ្នាំខាងមុខដើម្បីទិញនាវាមុជទឹកធុន Virginia-classដែលធ្លាប់ត្រូវបានប្រើប្រាស់រួចហើយពីសហរដ្ឋអាមេរិក ហើយបន្ទាប់មកបង្កើតកងនាវាមុជទឹកថ្មីមួយដើរដោយថាមពលនុយក្លេអ៊ែរដោយប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Rolls Royce។
លោក Marles បានប្រាប់បណ្ដាញព័ត៌មាន Australian Broadcasting Corp. កាលពីថ្ងៃទី ៩ ខែសីហាថា កិច្ចព្រមព្រៀង AUKUS កំពុងបោះជំហានទៅមុខដ៏សំខាន់។
លោកថ្លែងដូច្នេះថា៖ «កិច្ចព្រមព្រៀងនេះគឺជាគ្រឹះគាំទ្រផ្នែកច្បាប់សម្រាប់បច្ចេកវិទ្យាដែលត្រូវផ្តល់ឱ្យប្រទេសអូស្ត្រាលីនោះ ដែលនៅទីបំផុតគឺឧបករណ៍នុយក្លេអ៊ែរដែលត្រូវផ្តល់ឱ្យប្រទេសនោះ។ ដូច្នេះ គឺនាវាមុជទឹកធុន Virginia Class មកពីសហរដ្ឋអាមេរិក [និង] រ៉េអាក់ទ័រនុយក្លេអ៊ែរពីក្រុមហ៊ុន Rolls Royce ដែលនឹងក្លាយជាផ្នែកមួយនៃនាវាមុជទឹកដែលយើងបង្កើតឡើងនៅក្នុងប្រទេសអូស្ត្រាលី»។
កិច្ចព្រមព្រៀង AUKUS នេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការប្រឆាំងទៅនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសចិនបានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខនេះបំផ្លាញសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
ប្រទេសចិនបានចោទប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកថាបានជំរុញឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា នៅពេលដែលកិច្ចព្រមព្រៀង AUKUS នេះត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០២១។
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull និងអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Paul Keating បានរិះគន់លើសម្ពន្ធភាពនេះដោយបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងបំផ្លាញអធិបតេយ្យភាពរបស់ប្រទេសអូស្ត្រាលី៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់