នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ជឿថា អូស្ត្រាលីបានក្លាយជាមហាអំណាចដែលមានឥទ្ធិពលមធ្យមដែលកំពុងផ្តល់អាទិភាពលើបញ្ហាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Albanese បានថ្លែងសុន្ទរកថាប្រចាំឆ្នាំកាលពីថ្ងៃទី ១៩ ខែធ្នូនៅវិទ្យាស្ថាន Lowy ដែលជាអង្គការស្រាវជ្រាវដ៏មានកិត្តិនាមមួយនៅក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី។
នៅក្នុងសុន្ទរកថារបស់លោក លោក Albanese បានអំពាវនាវជាថ្មីឱ្យមានកិច្ចឈប់បាញ់គ្នានៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) និងបានបញ្ជាក់អំពីសិទ្ធិរបស់អ៊ីស្រាអែលនៅក្នុងការការពារខ្លួន។ លោកបានប្រាប់អ្នកចូលរួមស្ដាប់សុន្ទរកថារបស់លោកថាការបង្កើនចំណងទាក់ទងជាមួយប្រទេសឥណ្ឌានិងឥណ្ឌូណេស៊ីគឺជាអាទិភាពសម្រាប់រដ្ឋាភិបាលដែលមានទំនោរឆ្វេងនិយមរបស់លោក។
ចាប់តាំងពីរដ្ឋាភិបាលរបស់លោក Albanese បានឡើងកាន់អំណាចនៅខែឧសភា ឆ្នាំ ២០២២ មក រដ្ឋាភិបាលនេះបានស្វះស្វែងបន្ធូរបន្ថយភាពតានតឹងជាមួយនឹងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់អូស្ត្រាលី។
ប្រទេសអូស្ត្រាលីនិងចិនក៏មានជម្លោះផ្សេងទៀតផងដែរទាក់ទិននឹងរឿងសិទ្ធិមនុស្ស សេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង អនាគតនៃឋានៈភាពរបស់កោះតៃវ៉ាន់ និងពលរដ្ឋអូស្ត្រាលីដែលជាប់ឃុំនៅក្នុងប្រទេសចិន។
លោក Albanese បានប្រាប់អ្នកចូលរួមស្តាប់ថាទំនាក់ទំនងរបស់អូស្ត្រាលីជាមួយនឹងចិនកំពុងមានភាពប្រសើរឡើង។
លោកថ្លែងដូច្នេះថា៖ «យើងរក្សាភាពស្ងប់ស្ងៀមនិងភាពមិនប្រែប្រួលចំពោះកិច្ចការនៃការធ្វើឱ្យមានស្ថិរភាពនូវទំនាក់ទំនងរបស់យើងជាមួយនឹងចិន។ យើងយល់យ៉ាងច្បាស់អំពីស្ថានភាពនេះដោយយល់ថាសម្រាប់ការផ្លាស់ប្តូរទាំងអស់នៃទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ យើងនៅតែជាប្រទេសពីរដែលមានគុណតម្លៃនិងប្រព័ន្ធនយោបាយខុសគ្នាយ៉ាងខ្លាំង។ ខ្ញុំធ្លាប់បាននិយាយរួចមកហើយថាចិនមិនបានមើលឃើញខ្លួនឯងថាជាមហាអំណាចជាក់ស្ដែងនោះទេ។ ចិនស្វះស្វែងរកពិភពលោកមួយដែលអាចសម្របតាមមហិច្ឆតានិងផលប្រយោជន៍របស់ខ្លួន»។
លោក Albanese បាននិយាយទៀតថា កិច្ចព្រមព្រៀង AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីនឹងផ្លាស់ប្ដូរសន្តិសុខនៅក្នុងតំបន់។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យអូស្ត្រាលីជាលើកដំបូងនូវនាវាមុជទឹកដើរដោយថាមពលនុយក្លែអ៊េរ។
អ្នកវិភាគនានាបានបញ្ជាក់ថា ភាពដាច់ណាត់កើនឡើងរបស់ចិនគឺជាកត្តាជំរុញដ៏សំខាន់នាំឱ្យមានការបង្កើតកិច្ចព្រមព្រៀង AUKUS នេះឡើង។
ក៏ប៉ុន្តែ ចិនបានចោទសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីថាបានប្រកាន់យក «ផ្នត់គំនិតសម័យសង្គ្រាមត្រជាក់»។ ចិនបានទទូចថាសម្ព័ន្ធភាពនេះដើរលើ «ផ្លូវខុសនិងគ្រោះថ្នាក់»។
លោក Albanese បានប្រាប់វិទ្យាស្ថាន Lowy ថា សម្ព័ន្ធភាពនេះនឹងលើកស្ទួយសន្តិភាព។
លោកថ្លែងដូច្នេះថា៖ «បច្ចេកវិទ្យានាវាមុជទឹកដែលយើងកំពុងធ្វើយ៉ាងណាឱ្យទទួលបានតាមរយៈកិច្ចព្រមព្រៀង AUKUS នេះនឹងបង្កើនយ៉ាងខ្លាំងក្លាបំផុតដល់សមត្ថភាពផ្នែកការពារនិងកម្លារារាំងរបស់អូស្ត្រាលីជាប្រវត្តិសាស្ត្រ។ វានឹងប្រែផ្លាស់សមត្ថភាពរបស់យើងនៅក្នុងការរួមចំណែកដល់ស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់»។
លោក Tim Harcourt ដែលជាសេដ្ឋវិទូចម្បងនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Sydney (Univesity of Technology Sydney) បានប្រាប់ VOA កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអូស្ត្រាលីបានចាត់ចែងធ្វើយ៉ាងណាឱ្យទំនាក់ទំនងជាមួយចិនមានស្ថិរភាព។
លោកលើកឡើងដូច្នេះថា៖ «ខ្ញុំគិតថា ទាក់ទិននឹងគោលនយោបាយការបរទេស រដ្ឋាភិបាលរបស់លោក Albanese បានទទួលជោគជ័យយ៉ាងខ្លាំង។ រដ្ឋាភិបាលនេះបានធ្វើឱ្យកម្ដៅតានតឹងជាមួយនឹងចិនថយចុះដោយមិនធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់អូស្ត្រាលី ហើយរដ្ឋាភិបាលនេះបានធ្វើការយ៉ាងខ្លាំងជាមួយសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសជាមួយដៃគូនានានៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ជាងនេះទៀត លោក [Albanese] បានបង្កើនទំនាក់ទំនងជាមួយឥណ្ឌានិងប្រទេសផ្សេងទៀតដូចជាកូរ៉េខាងត្បូងនិងជប៉ុនជាដើម។ ដូច្នេះ លោកបានទទួលជោគជ័យនៅក្នុងតំបន់នេះនៃពិភពលោក»។
លោក Albanese ក៏បាននិយាយអំពីការចូលរួមរបស់អូស្ត្រាលីនៅក្នុង «ផ្នែកមួយនៃដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ» ផងដែរ។ រដ្ឋាភិបាលរបស់លោកបានបង្កើតច្បាប់ដៅគោលដៅលើការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឱ្យបានចំនួន ៤៣% នៅត្រឹមឆ្នាំ ២០៣០ ខាងមុខពីកម្រិតនៅឆ្នាំ ២០០៥ ហើយនឹងធ្វើយ៉ាងណាសម្រេចឱ្យបាននូវការបញ្ចេញឧស្ម័នស្រូបកម្ដៅទៅក្នុងបរិយាកាសមានតុល្យភាពនៅត្រឹមឆ្នាំ ២០៥០។
ក៏ប៉ុន្តែ ក្រុមអ្នកធ្វើយុទ្ធនាការដើម្បីបរិស្ថានបានទទូចថារដ្ឋាភិបាលអូស្ត្រាលីចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីធ្វើឱ្យប្រាកដថាខ្លួនអាចសម្រេចបាននូវគោលដៅទាំងនេះ។
ឧប្បត្តិហេតុកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសអូស្ត្រាលី ដែលរួមមានទាំងគ្រោះទឹកជំនន់ដ៏មហន្តរាយនៅក្នុងខែនេះនៅរដ្ឋ Queensland ផងដែរ បានបង្កើននូវក្ដីកង្វល់ក្នុងចំណោមអ្នកនយោបាយ សកម្មជន និងអ្នកវិទ្យាសាស្ត្រអំពីផលប៉ះពាល់នៃការឡើងកម្តៅផែនដី៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន