ប៉ូលីសអូស្រ្តាលីបានបញ្ជាក់ថា មនុស្ស៣នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃភាពមិនចាញ់មិនឈ្នះរយៈពេលមួយថ្ងៃនៅឯហាងកាហ្វេទីក្រុងស៊ីដនី (Sydney) រួមទាំងជនដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាំងម្នាក់ផង។
ការឡោមព័ទ្ធបានបញ្ចប់ក្រោយពីប៉ូលីសប្រដាប់ដោយអាវុធធុនធ្ងន់បានវាយសង្គ្រប់លើហាងកាហ្វេមួយ ដែលនៅទីនោះលោក Andrew Scipione អគ្គស្នងការប៉ូលីសរដ្ឋ New South Wales បាននិយាយថា ជនប្រដាប់អាវុធតែម្នាក់ឯង បានចាប់ខ្លួនមនុស្ស១៧នាក់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេលប្រហែល១៦ម៉ោង។
«យើងឃើញមានអ្នកត្រូវចាប់ជាចំណាប់ខ្មាំងចំនួន១៧នាក់នៅតំណាក់កាលនេះ។ ចំនួននេះ គឺបូករួមទាំងចំណាប់ខ្មាំង៥នាក់ដែលបានគេចខ្លួនរួចកាលពីម្សិលមិញ ហើយនិងចំនួនដែលត្រូវបានជាប់នៅខាងក្នុង។ ចំណាប់ខ្មាំងខ្លះមានរបួសជាទម្ងន់ ចំណាប់ខ្មាំងខ្លះទៀត ត្រូវការការព្យាបាល។ ដូចជាអស់លោក អ្នក បានរាយការណ៍ហើយ យើងមានអ្នកស្លាប់២នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ ហើយ៦នាក់បានរងរបួស។ យើងក៏បានបាញ់សម្លាប់ជនប្រដាប់អាវុធម្នាក់ដែរ»។
ការកំណត់អត្តសញ្ញាណដំបូងរបស់ប៉ូលីសរដ្ឋ New South Wales បង្ហាញថា ជនល្មើសដែលត្រូវបានសម្លាប់នោះមានអាយុ៥០ឆ្នាំ ជាជនអន្តោប្រវេសន៍ជាតិអ៊ីរ៉ង់ឈ្មោះ Man Haron Minis។ ចំណែកជនរងគ្រោះពីរនាក់ផ្សេងទៀតដែលបានស្លាប់គឺជាបុរសអាយុ៣៤ឆ្នាំនិងស្រ្តីអាយុ៣៨ឆ្នាំ។
ជនបង្កហេតុ Man Haron Minis បានកាន់កាប់ហ្វាងកាហ្វេឈ្មោះ Chocolate Lindt នៅឯចំណុច Martin Place ក្នុងសង្កាត់ពាណិជ្ជកណ្តាលនៃទីក្រុង Sydney នៅប្រហែលម៉ោង៩និង៤៥នាទីព្រឹកម៉ោងនៅក្នុងស្រុកកាលពីថ្ងៃច័ន្ទ។
ស្នងការប៉ូលីសបាននិយាយថា ជនប្រដាប់អាវុធបានបាញ់តបតនៅពេលដែលប៉ូលីសបានចូលក្នុងហាងកាហ្វេនោះ ក៏ប៉ុន្តែ មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់មនុស្សទាំង៣នាក់នោះទេ៕