លោក Austin និយាយ​ថា ​មាន​​ភស្តុតាង​​ទាហាន​​កូរ៉េ​ខាង​ជើង​​ស្ថិត​នៅ​ក្នុង​​ប្រទេស​​រុស្ស៊ី

រូបឯកសារ៖ ទាហាន​ដើរ​ដង្ហែ​ក្នុង​ក្បួន​ដង្ហែ​សម្រាប់​ខួប​លើក​ទី​៧០​នៃ​ថ្ងៃ​បង្កើត​ប្រទេស​កូរ៉េខាង​ជើង​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាង​ជើង កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ លោក Lloyd Austin បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃពុធ​ថា ​មាន​ភស្តុតាង​ដែលថា​ទាហាន​កូរ៉េ​ខាងជើង​ស្ថិតនៅ​ក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅទី​នោះ​ «ជារឿង​មិន​ច្បាស់​លាស់»។

ការអត្ថាធិប្បាយ​របស់​លោក​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន ​លោក Volodymyr Zelenskyy បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​មាន​ព័ត៌មាន​ថា​អង្គភាព​យោធា​កូរ៉េ​ខាងជើង​ចំនួន​ពីរ​កំពុង​ហ្វឹកហាត់​នៅក្នុង​ប្រទេស​រុស្ស៊ី​ សម្រាប់​ការប្រយុទ្ធ​ដ៏ដែល​អាច​កើត​ឡើងនៅ​អ៊ុយក្រែន។

លោក Austin បានលើក​ឡើង​ពី «ទំនាក់​ទំនងកាន់​តែ​រឹង​មាំ​» រវាង​រុស្ស៊ី ​និង​កូរ៉េ​ខាងជើង ដោយ​កត់​សម្គាល់​ថា​ កូរ៉េ​ខាងជើង​បាន​ផ្តល់​អាវុធ​ដល់​រុស្ស៊ី។

លោក Austin បាន​និយាយ​ថា៖ «ប្រសិន​បើពួកគេ​ជា​អ្នក​សហការ​បះបោរ​ ប្រសិន​បើពួកគេ​មាន​បំណង​ចង់​ចូលរួម​ក្នុង​សង្រ្គាម​ជំនួស​រុស្ស៊ី​ នោះ​គឺជា​បញ្ហា​ដ៏ធ្ងន់ធ្ងរ​បំផុត ហើយ​វានឹងមាន​ផលប៉ះពាល់​មិន​ត្រឹម​តែ​នៅក្នុង​ទ្វីបអឺរ៉ុប​ប៉ុណ្ណោះ​ទេ​ វាក៏នឹង​ជះឥទ្ធិពល​ដល់​អ្វីៗ​នៅក្នុង​ប្រទេស​ឥណ្ឌូប៉ាស៊ីហ្វិក​ផងដែរ»។

លោក Austin ក៏បាន​គូស​បញ្ជាក់​ផងដែរ​អំពី​ជន​រងគ្រោះ​រុស្ស៊ី​នៅក្នុង​សង្រ្គាម​ ដែលរុស្ស៊ីបាន​ចាប់ផ្តើម​ជាមួយ​នឹង​ការ​លុកលុយ​ពេញលេញ​លើ​អ៊ុយក្រែន​នៅដើម​ឆ្នាំ​២០២២ ដោយ​និយាយ​ថា រឿងកូរ៉េ​ខាងជើងចូលរូមនេះ ​គឺជា​ការ​ចង្អុល​បង្ហាញថា​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ាឌីមៀ ពូទីន អាច​មាន​បញ្ហាច្រើន​ជាងមនុស្ស​ភាគច្រើន​ដឹង។

ការ​វាយតម្លៃ​របស់​ លោក Austin ត្រូវបាន​គាំទ្រ​យ៉ាង​ឆាប់រហ័ស​ដោយ​មន្ត្រី​ណាតូ ដែល​កំពុង​រង់ចាំ​ការ​ផ្តល់​ព័ត៌មានបន្ថែម​ពីកូរ៉េ​ខាងត្បូង ដែល​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ​ជាមួយនឹង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​ខ្លួន​អំពី​ចលនា​ទាហាន​កូរ៉េ​ខាងជើង​កាលពី​សប្តាហ៍​មុន។

អ្នកនាំពាក្យ​អង្គការ​ណាតូ ​ លោក Farah Dakhlallah បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅកាន់​ VOA​ ថា ​«សម្ពន្ធមិត្ត​បាន​បញ្ជាក់​ពីភស្តុតាង​នៃការ​ដាក់ពង្រាយ​កងទ័ព​កូរ៉េ​ខាងជើង​ទៅកាន់​ប្រទេស​រុស្ស៊ី»។

លោក Dakhlallah បាន​និយាយ​ថា «យើង​កំពុង​ពិភាក្សា​យ៉ាង​សកម្ម​នៅក្នុង​ចំណោម​សម្ពន្ធ​មិត្ត​លើ​បញ្ហា​នេះ។ ប្រសិន​បើ​កងទ័ព​ទាំងនេះ​មាន​គោលដៅ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន ​វានឹង​បង្ហាញ​ពីការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​ការ​គាំទ្រ​របស់​កូរ៉េ​ខាងជើង​ចំពោះ​សង្គ្រាម​ខុសច្បាប់​របស់​រុស្ស៊ី និងជា​សញ្ញា​មួយផ្សេង​ទៀត​ដែលថាប្រទេស​រុស្ស៊ី​កំពុង​ខាតបង់​យ៉ាង​ច្រើននៅក្នុង​សមូរភូមិ​ជួរ​មុខ»។

លោកZelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គារថា​ អ៊ុយក្រែន​រំពឹងថា​នឹង​មាន «ការឆ្លើយតប​យ៉ាង​រឹងមាំ​និង​ជាក់ស្តែង​ពី​ពិភពលោក»។

លោក Zelenskyy បាន​និយាយ​ថា «ប្រសិនបើ​កូរ៉េ​ខាងជើង​អាចធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​នៅអឺរ៉ុប ​នោះ​សម្ពាធ​លើ​របបនេះ​គឺពិតជា​មិនខ្លាំង​គ្រប់គ្រាន់​ទេ។ ហើយ​ប្រសិន​បើរុស្ស៊ី​នៅតែ​អាចពង្រីក​ និង​អូសបន្លាយ​សង្រ្គាម​នេះ​ វាមានន័យ​ថា​ គ្រប់រូប​នៅក្នុង​ពិភពលោក​ដែល​នៅតែ​មិនជួយ​បង្ខំ​រុស្ស៊ីឱ្យ​ស្វែង​រក​សន្តិភាព​ គឺពិត​ជាកំពុង​ជួយ​លោក​ពូទីន​ឱ្យធ្វើ​សង្រ្គាម»៕