ក្រុមហ៊ុន​អូស្ត្រាលី​ចាប់ផ្តើម​អាជីវកម្ម​អណ្តូង​រ៉ែ​មាស​សម្រាប់​ពាណិជ្ជកម្ម​លើក​ដំបូង​នៅ​​កម្ពុជា

រូបឯកសារ៖ រូបថត​ដែល​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០១១ នេះ បង្ហាញ​ពី​បុរស​ខ្មែរ​ម្នាក់​បង្ហាញ​រ៉ែ​មាស បន្ទាប់​ពី​ត្រូវ​បាន​ចម្រាញ់​​រួច​ហើយ នៅ​ក្នុង​​ខេត្ត​មណ្ឌលគិរី។

ក្រុមហ៊ុន​អូស្ត្រាលី​កាលពី​ថ្ងៃចន្ទ​បាន​ចាប់ផ្តើម​ជាផ្លូវការ​នូវ​កិច្ចប្រតិបត្តិការ​រ៉ែ​មាស​សម្រាប់​ពាណិជ្ជកម្ម​ជាលើក​ទី​១​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តំបន់​ភាគ​ឦសាន្ត​ដែល​សម្បូរ​ធនធាន​នៃ​ព្រះរាជា​ណាចក្រ។ នេះ​តាម​ការបញ្ជាក់​របស់​ក្រុមមន្ត្រី​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP។

ក្រុមហ៊ុន​ Renaissance Minerals Cambodia Limited ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន ​Emerald Resources ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Perth ​បាន​ចាប់ផ្តើម​ការងារ​នៅ​គម្រោង​មាស​អូរខ្វាវ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។

គេ​រំពឹង​ថា ​អាជីកម្ម​រ៉ែ​មាស​នេះ ​នឹង​រក​បាន​ប្រាក់​ចំណូលពន្ធ​និង​ប្រាក់​ឈ្នួល​ធ្វើ​អាជីវកម្ម​ជាង ៣០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៧ឆ្នាំ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​មកពី​ស្ថានទូត​អូស្ត្រាលី​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

គម្រោង​នេះ ​បាន​គាំទ្រ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​សរសេរ​នៅ​ក្នុង​ការចុះផ្សាយ​លើ​គេហ​ទំព័រ​ Facebook ​របស់​លោក​កាលពី​ថ្ងៃ​ទី១០ ខែ​មិថុនា​ថា ​វា​ជា​«សមិទ្ធផល​យ៉ាង​ធំធេង​ ដើម្បី​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ជួប​បញ្ហា​ដោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជាក់​ទៀត​ថា ​មាស​សុទ្ធ​ជាមធ្យម​ចំនួន​៣តោន​នឹង​ត្រូវ​បាន​ផលិត​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ប្រតិបត្តិការ​រយៈពេល​៨ឆ្នាំ​លើក​ដំបូង​របស់​ខ្លួន។

មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ ​AFP​ ថា ​តំបន់​គម្រោង​មាស​អូរខ្វាវ​ស្ថិត​នៅ​ក្នុង​ស្រុក​កែវសីមា ​ត្រូវ​បាន​កាត់ច្រៀក​ចេញ​ពី​ទីជម្រក​សត្វ​ព្រៃ​ភ្នំព្រេច។

ពួកអ្នកស្រុក​ក្នុង​ស្រុក​កែវសីមា ​ដែល​ភាគច្រើន​ជា​ជនជាតិ​ភាគតិច ​តែងតែ​មាន​ជម្លោះ​ជា មួយ​អាជ្ញាធរ​អំពី​គម្រោង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ដែល​ពួកគេ​បាន​ចោទប្រកាន់​ថា ​ជា​ការលាក់បាំង​ការកាប់ឈើ​ដ៏​មាន​តម្លៃ​យ៉ាង​អាណាធិបតេយ្យ។

ក៏ប៉ុន្តែ ​លោក​ហ៊ុន សែន ​បាន​សន្យា​ថា​គម្រោង​អាជីវកម្ម​រ៉ែ​មាស​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការទទួល​ខុសត្រូវ​សម្រាប់​ការពារ​បរិស្ថាននិង​សង្គម៕