ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​អំពាវនាវ​ជា​ថ្មី​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី

រូបឯកសារ៖ អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​ លោក​អ៊ួន ឈិន​ (ស្តាំ) និង​លោក យាង​ សុធារិន្ទ​ (ឆ្វេង)​ បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍​​ ទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​។ (ខាន់​ សុគុមនោ​/VOA)

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) ឲ្យដឹងថា សេរីភាព​សារព័ត៌មាន​របស់​កម្ពុជាថ្នាក់​ចំណាត់​ថ្នាក់​ពី​១៤២ ទៅ​១៤៣ ក្នុង​ចំណោម​ ១៨០​ប្រទេស។

ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរីពីរ​រូប ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​អ្នកសារ​ព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ ព្រមទាំង​ស្ថានទូត​សហរដ្ឋ​អាមេរិកផង បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទទៅលើអ្នកទាំងពីរ។

លោក ​អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ដែល​ប្រើ​ឈ្មោះ​ក្នុង​ការ​ផ្សាយ​ថា​ យាង សុជាមេត្តា ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន កាលពីថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​តុលាការ​ចោទ​ប្រកាន់​ថា ពួកគេ​ទាំង​ពីរបាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ស្ថានទូត​សហរដ្ឋ​អាមរិក​ប្រចាំ​កម្ពុជា អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​បី​ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ និង​មូលនិធិ Cloony ដើម្បី​យុត្តិធម៌ ព្រមទាំង​សម្ព័ន្ធអ្នកសារ​ព័ត៌មាន​កម្ពុជា​ផង បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​អំពាវ​នាវ​ឲ្យតុលាការ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ពួកគេ​ទាំង​ពីរ​និង​ដោះ​លែង​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញ​លេញ។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា ការ​ចាប់​និង​ឃុំ​ខ្លួន​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ព្រមទាំង​ការអូស​បន្លាយ​ដំណើរ​ការ​កាត់ក្តី​លើ​ពួកគេ គឺ​ជា​ការ​បំផ្លាញ​សេរីភាព​សារព័ត៌មាន​និង​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​មិន​ចង់​ធ្វើ​ការងារ​ជា​អ្នក​សារព័ត៌មាន។​

ស្ថានទូត​អាមេរិក​បញ្ជាក់​តាម​ន័យ​ដើម​ថា៖«ការទម្លាក់​ចោល​ការចោទ​ប្រកាន់លើ​អ្នកសារ​ព័ត៌មាន​ទាំង​២​រូប​នេះ ហើយ​ផ្តល់​ឲ្យ​ពួកគេ​វិញ​នូវ​សិទ្ធិ និង​សេរីភាព​ពេញលេញ នឹង​កែ​តម្រូវ​ឡើងវិញ​នូវ​អំពើ​អយុត្តិធម៌ គោរព​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ហើយ​ជា​សញ្ញា​នៃ​ការប្តេជ្ញា​ចិត្ត​ចាំបាច់​ ចំពោះ​តួនាទី​ដ៏​មាន​សារៈ​សំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ»។

លោក Phil Robertson អនុប្រធាន​ប្រចាំតំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights watch ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា​ នេះ​ថា សំណុំ​រឿង​របស់​លោក អ៊ួន ឈិន និង​លោក យាង​ សុធារិន្ទ គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល​ជា​យូរ​មក​ហើយ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ទុក​ករណី​នេះ​ដើម្បី​គំរាម​អ្នកសារ​ព័ត៌មាន​ផ្សេង​ទៀត។

«រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូចជា​មាន​ចេតនា​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ ជា​ការ​ព្រមាន​ដល់​អ្នកសារ​ព័ត៌មាន​ឯករាជ្យ​ដទៃ​ទៀត។ ករណី​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​បំបិទ​ការ​រាយការណ៍​សំខាន់ៗ​ទាំងអស់​នៅ​ក្នុង​ប្រទេស»។

ចំណែកសម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា ដែល​ជា​សមាគម​ថ្មី​មួយ​បង្កើត​ដោយ​អ្នក​សារព័ត៌មាន​ឯករាជ្យ ក៏​បាន​អំពាវ​នាវឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​កទាំង​ពីរ ដោយ​លើកឡើង​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នេះ អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីររស់​នៅ​ដោយ​មិន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ ដោយ​សារ​តែ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ។

សម្ព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា​បញ្ជាក់​ថា៖ «ខេមបូចា​ចាត់​ទុក​ការ​បន្ត​សំណុំ​រឿង​នេះ ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​អតីត​អ្នកសារ​ព័ត៌មាន​ទាំង​ពីរ​នាក់ និង​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​អ្នកសារ​ព័ត៌មាន​នៅ​កម្ពុជា​ទាំង​មូល»។​

​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកសារ​ព័ត៌មាន​ទាំង​ពីរ​ពី​បទ ​«ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​ ដែល​ស្មើ​នឹង​បទ​ចារកម្ម​នេះ អាច​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៧​ ​ដល់​ ១៥​ឆ្នាំ​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ពួកគេ​មាន​ទោស។ ​ប៉ុន្តែ​ពួក​គេ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​មេធាវី​របស់​ពួកគេ​បាន​និយាយ​ថា ​ពួកគេ​បាន​បំពេញ​ការងារ​របស់​ពួកគេ​ក្នុង​នាម​ជាអ្នក​សារព័ត៌មាន​ប៉ុណ្ណោះ។

អតីត​អ្នកសារ​ព័ត៌មាន​ទាំង​ពីរ ត្រូវ​បាន​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែកក្កដា​កន្លង​ទៅ តែ​មិន​មាន​ការ​ប្រកាស​សាលក្រម។ ​នៅ​ថ្ងៃទី៣ ខែ​តុលា ដែល​ជា​ថ្ងៃ​កំណត់​ប្រកាស​សាលក្រម តុលាការ​បានបង្គាប់​ឲ្យ​ស៊ើប​អង្កេត​សំណុំ​រឿងពួកគេ​ទាំង​ពីរ​ឡើង​វិញ ដោយ​មិន​កំណត់​ថ្ងៃ​បើក​សវនាការដោយ​គ្រាន់តែ​បញ្ជាក់​ថា ព័ត៌មាន​ក្នុង​សំណុំ​រឿងនេះ​មិន​ទាន់​មាន​គ្រប់​គ្រាន់​ ​និង​ត្រូវ​ការ​ពេល​វេលា​សម្រាប់​បន្ត​ការ​ស៊ើប​អង្កេត។​

បច្ចុប្បន្ន​ពួកគេ​ទាំងពីរ​កំពុង​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើលរបស់​តុលាការ​ បន្ទាប់ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល​ជិត​ដប់​ខែ។ អំឡុង​ពេល​ស្ថិត​នៅ​ក្រៅ​ឃុំ តុលាការ​បាន​ដកហូត​លិខិត​ឆ្លងដែន​ ព្រមទាំង​សម្ភារៈ​បម្រើ​ការងារ​សារព័ត៌មាន​របស់​ពួកគេ និង​តម្រូវ​ឱ្យ​ពួក​គេរាយការណ៍​ទៅ​សមត្ថកិច្ច​ជារៀងរាល់​ខែ។

លោក យាង សុធារិន្ទ ​ដែល​មាន​ភរិយា និង​កូន​ស្រី​ប្រុស​២នាក់​វ័យ​ជាង​១០​ឆ្នាំក្នុង​បន្ទុក​ ប្រាប់ VOA ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ ចាប់​តាំង​ពី​មាន​ការ​ចាប់ និង​ឃុំ​ខ្លូន​លោក រហូត​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ លោក និង​ក្រុម​គ្រួសារ​ត្រូវ​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច ទាំង​បាត់​បង់​សេរីភាព និងប៉ះពាល់​ដល់​ជីវភាព​រស់នៅ​យ៉ាង​ខ្លាំង។ លោក​បន្ត​ថា ករណី​ចោទ​ប្រកាន់​លើ​លោក និង​លោក អ៊ួន ឈិន គឺជា​ការ​ចោទ​ប្រកាន់​ដែល​មិន​សម​ហេតុ​ផល។​

«ខ្ញុំ​នៅ​តែ​យល់​ថា​ ហាក់​បី​ដូចជា​យក​យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ហ្នឹង​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ​អី​មួយ​អញ្ចឹង។ ហើយ​អញ្ចឹង​ខ្ញុំ​យល់​ថា​មិន​គួរណាយក​យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ហ្នឹងជា​ឧបករណ៍​សម្រាប់​អ្នក​ណាមួយ​ទេ គួរ​តែ​ផ្តល់​នូវ​យុត្តិធម៌ សេរីភាព។ ហើយ​ជាពិសេស​ដែល​ខ្ញុំ​ផ្តោត​សំខាន់​ហ្នឹង​ គឺ​តុលាការ​ហ្នឹងមាន​តួនាទី​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។​

ចំណែក​លោក អ៊ួន ឈិន ដែល​កំពុង​ចិញ្ចឹម​កូនស្រី​តូច​អាយុ​ជិត​៤​ឆ្នាំ តែ​ម្នាក់​ឯង​នោះ និយាយ​ថា ការ​បន្តដាក់​ពួក​លោក​ឲ្យ​នៅ​ក្រោម​ការ​ឃ្លាំ​មើល​តុលាការ ជា​ការ​ដាក់​សម្ពាធ ទាំងផ្លូវ​កាយ ផ្លូវចិត្ត និង​ផ្លូវ​សេដ្ឋកិច្ច។ លោក​បន្ត​ដោយ​អំពាវ​នាវ​ឲ្យតុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ពួកគេ​ទាំង​ពីរ និង​ប្រគល់​សម្ភារៈ​ដែល​តុលាការ​បាន​ចាប់​យក ដើម្បី​ឲ្យ​លោក​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​កូនស្រី​តូច​របស់​លោក​បាន​វិញ។

«ជីវិត​ពួក​បង​ហ្នឹង គឺ​វា​ហាក់​ដូចជា​អត់​មាន​លំនឹង​ជីវិត។ សាលា​កូន​រៀន​ក៏​គិត​ថា​បណ្តោះ​អាសន្នៗ។ ហើយ​គិត​ថា មិន​ដឹង​ថា​កូន​រៀនបាន​រយៈពេល​ប៉ុន្មាន​ទេ​ដែល​យើង​អស់​លទ្ធភាព​ឲ្យ​កូន​រៀន?»។

ការ​ចាប់​ខ្លួន​លោក ​យាង សុធារិន្ទ និង​លោក​ អ៊ួន ឈិន បាន​កើតឡើង នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បង្ក្រាប​លើ​សារព័ត៌មាន​មុន​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៨។​ ក្នុង​ការ​បង្ក្រាបនោះ ស្ថានីយ៍​វិទ្យុ​ជាច្រើន​ដែល​រួម​មាន​វិទ្យុ​អាស៊ី​សេរី​ផង ត្រូវ​បាន​បិទ ​ហើយ​កាសែតជា​ភាសា​អង់គ្លេស ដឹ​ខេម​បូឌា​ដេលី​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ការិយាល័យ ដោយ​សារ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​បង់​ពន្ធ​ចំនួន​៦,៣​លាន​ដុល្លារ។​

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លើកឡើង​ថា ការ​អំពាវ​នាវ​របស់​អង្គការ និង​ស្ថាប័ន​ទាំង​នោះ គឺ​មាន​ចរឹត​នយោបាយ​ ជាជាងលើក​ឡើង​អំពី​នីតិវិធី​តុលាការ។

«ការអំពាវនាវ​គឺ​វា​មាន​ចរឹត​ជា​នយោបាយ ហើយ​ភ្ជាប់​ជាមួយ​ហ្នឹង​ទិដ្ឋភាព​នយោ​បាយ​ច្រើន​ជាង ជាជាង​មូលដ្ឋាន និង​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា»។

លោក​បន្ថែម​អំពី​ដំណើរ​ការនីតិ​វិធី​តុលាការ​លើ​សំណុំ​រឿង​នេះ​ថា៖ «ដោយសារ​តែ​ចៅក្រម​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​ វិនិច្ឆ័យ​ទៅលើ​សំណុំ​រឿង​នេះ​កើត។ ហើយ​ដើម្បី​ធានា​នូវ​ភាព​យុត្តិធម៌​សម្រាប់​ភាគី​ពាក់ព័ន្ធ គឺ​ត្រូវ​ការ​នូវ​ការ​ស៊ើបសួរ និង​ដំណើរ​ការ​នីតិវិធី​នៃការ​ស៊ើប​អង្កេត​បន្ថែម។ អញ្ចឹង​ទេ​គឺ​ថា ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​ក៏​មិន​ទម្លាក់​ហ្នឹង វា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ»។

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​តុលាការ​ភ្នំ​ពេញ​ប្រាប់ VOA យ៉ាង​ខ្លី​ថា៖«កំពុង​មាន​ចំណាត់​ការ​តាម​នីតិវិធី នៃ​ចៅក្រម​ស៊ើបសួរ»។

ក្នុង​សេចក្តី​រាយការណ៍​របស់​ VOA កន្លង​ទៅ ក្រោយ​ការ​បង្រ្កាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​កាសែត និង​អ្នក​តស៊ូ​មតិ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា ស្ថានភាព​បច្ចុប្បន្ន គឺ​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​ការងារ​របស់​ពួកគេ ដោយសារ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​បាន​ចាប់​ផ្តើម​រឹតត្បិត​ការ​សរសេរ​ព័ត៌មាន​របស់​ខ្លួន​ ហើយ​អ្នក​ខ្លះ​ទៀតត្រូវ​លា​ឈប់​ពី​អាជីព​មួយ​នេះ និង​ខ្លះ​ទៀតត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស។

សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​នៅតែ​មាន​ស្ថានភាព​រឹត​ត្បិត​ខ្លាំង។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​ពី​១៤២ ទៅ​១៤៣ ក្នុង​ចំណោម​ ១៨០​ប្រទេស​ សម្រាប់​សន្ទស្សន៍​វាយ​តម្លៃដើម​ឆ្នាំ​នេះ៕