កុមារចំនួន ៧ នាក់ ត្រូវបានបាញ់ស្លាប់នៅឯសាលារៀនមួយនៅប៉ែកនិរតីនៃប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីរុស្ស៊ី។
គ្រូបង្រៀនយ៉ាងហោចណាស់ម្នាក់និងបុគ្គលិកម្នាក់ទៀត ត្រូវបានបាញ់ស្លាប់នៅក្នុងហេតុការណ៍នោះក្នុងទីក្រុង Kazan ដែលជារដ្ឋធានីនៃរដ្ឋ Tartarstan ដែលស្ថិតនៅចម្ងាយជាង ៨០០ គីឡូម៉ែត្រប៉ែកខាងកើតទីក្រុងមូស្គូ។ កុមារា៤នាក់ និងកុមារី៣នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះដែលត្រូវបានគេបាញ់ស្លាប់។ សេចក្ដីរាយការណ៍បឋមពីទីភ្នាក់ងារព័ត៌មាន RIA របស់រដ្ឋរុស្ស៊ី បានឲ្យដឹងថា សិស្សចំនួន ១១នាក់ ត្រូវបានសម្លាប់។
សេចក្ដីរាយការណ៍ព័ត៌មាននានាបានឲ្យដឹងថា សិស្សមួយចំនួនអាចរត់គេចខ្លួនចេញពីអគារសាលារៀនបាន ក្នុងអំឡុងពេលនៃការវាយប្រហារនោះ។ អាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់ចំនួន ២១ នាក់ផ្សេងទៀតបានរងរបួស ដោយរួមមានទាំងសិស្សយ៉ាងហោចណាស់ចំនួន ជាង១០នាក់ផងដែរ។
រថយន្ដសង្គ្រោះបន្ទាន់មួយចំនួន ត្រូវបានបញ្ជូនទៅកាន់សាលារៀននោះ។ លោក Rustam Minnikhanov អភិបាលរដ្ឋ Tartarstan បានថ្លែងប្រាប់អ្នកកាសែតថា បុរសម្នាក់វ័យ ១៩ ឆ្នាំ ដែលលោកបានហៅថា ជា«ភេរវជន» ត្រូវបានចាប់ខ្លួននៅក្នុងការបាញ់ប្រហារនោះ។
ការបាញ់ប្រហារទ្រង់ទ្រាយធំ កម្រនឹងកើតឡើងណាស់នៅក្នុងប្រទេសរុស្ស៊ី។ វិមានក្រឹមឡាំងបានឲ្យដឹងថា លោកប្រធានាធិបតីលោក Vladimir Putin បានបញ្ជាឲ្យត្រួតពិនិត្យមើលឡើងវិញនូវច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង ក្រោយពីមានការបាញ់ប្រហារដ៏ប្រល័យកាលពីថ្ងៃអង្គារមក៕