អាជ្ញាធរនៅរដ្ឋ Texas នៅភាគខាងត្បូងសហរដ្ឋអាមេរិក បានរកឃើញជនចំណាកស្រុកចំនួន ៤៦ នាក់បានស្លាប់នៅក្នុងកន្ទុយឡានដឹកទំនិញមួយកាលពីថ្ងៃចន្ទ។ លោក Charles Hood ប្រធានផ្នែកពន្លត់អគ្គិភ័យ នៅទីក្រុងSan Antonio បានប្រាប់អ្នកយកព័ត៌មានថា មនុស្ស១៦ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសទាក់ទងនឹងកំដៅ ក្នុងនោះមានកុមារ៤នាក់ផងដែរ។
កន្ទុយឡានដឹកទំនិញនោះត្រូវបានរកឃើញនៅជាប់ផ្លូវដែកក្នុងតំបន់ដាច់ស្រយាលមួយនៅភាគខាងត្បូងជាយក្រុង San Antonio។ កំដៅខ្លាំងនៅក្នុងទីក្រុងឡើងដល់៣៩អង្សាសេកាលពីថ្ងៃច័ន្ទ ដោយមានសំណើមខ្លាំង។
ប៉ូលិស San Antonio បាននិយាយថា ពួកគេមិនទាន់អាចនិយាយបានទេថា តើមនុស្សនៅក្នុងកន្ទុយឡានដឹកទំនិញនោះមកពីណា។ អាជ្ញាធរសហព័ន្ធទទួលបន្ទុកស៊ើបអង្កេតរឿងនេះ។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានសរសេរថា មន្ត្រីកុងស៊ុលម៉ិកស៊ិក ដែលបានទៅតំបន់នោះបានឱ្យដឹងថាក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះមានជនជាតិហ្គាតេម៉ាឡាពីរនាក់។
លោកEbrard បាននិយាយថា កន្ទុយឡានដឹកទំនិញនោះមានស្លាកលេខសហរដ្ឋអាមេរិក ហើយឧបទ្ទវហេតុនេះទំនងជាស្នាដៃរបស់អ្នកជួញដូរមនុស្ស។ អភិបាលក្រុង San Antonio លោក Ron Nirenberg បានហៅស្ថានភាពនេះថា «សោកនាដកម្មដ៏រន្ធត់របស់មនុស្សជាតិ»។
លោកNirenberg បានប្រាប់អ្នកយកព័ត៌មានថា «វាជាសោកនាដកម្ម ។តាមយើងដឹងមានមនុស្ស៤៦ នាក់បានស្លាប់។ ពួកគេមានគ្រួសារ ដែលទំនងជាព្យាយាមស្វែងរកជីវិតដែលប្រសើរជាងនេះ»។
ក្នុងឆ្នាំ ២០១៧ ជនចំណាកស្រុកចំនួន១០នាក់បានស្លាប់បន្ទាប់ពីជាប់នៅក្នុងកន្ទុយឡានដឹកទំនិញដែលប៉ូលិស San Antonio បានរកឃើញនៅក្នុងចំណតរថយន្តនៅហាង Walmart ។ អ្នកបើកបររថយន្តនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតចំពោះតួនាទីក្នុងប្រតិបត្តិការរត់ពន្ធមនុស្ស៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានfrom The Associated Press និង Reuters)