សកម្មជន​យ៉ាង​តិច​២០​នាក់​ត្រូវ​ប្តឹង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត ក្នុង​ករណី​អំពាវនាវ​គូស​សន្លឹក​ឆ្នោត​ចោល

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កំពុងអានសេចក្តីសម្រេចលើជំនុំជម្រះលើសំណុំរឿងពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសសន្លឹកឆ្នោតចោល ឬធ្វើឲ្យខូចសន្លឹកឆ្នោត នៅគ.ជ.ប ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នក​នយោបាយ និង​សកម្មជន​នយោបាយ ភាគ​ច្រើន​មក​ពី​គណបក្ស​ភ្លើង​ទៀន យ៉ាង​តិច​២០​នាក់ ត្រូវ​បាន​ប្តឹង ទាក់​ទង​នឹង​ការ​អំពាវ​នាវ​ឱ្យ​គូស​សនឹ្លក​ឆ្នោត​ចោល នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​ គ.ជ.ប​កំពុង​មមាញឹក​ក្នុង​ការ​ពិនិត្យ និង​សម្រេច​ថា​តើ​ពួក​គេ​ត្រូវ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត ​ឬ​យ៉ាង​ណា។ សកម្មជន​ទាំង​នោះ​មាន​សិទ្ធិ​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​គ.ជ.ប នៅ​ថ្នាក់​ខេត្ត មក​ដល់​ស្ថាប័ន​កំពូល​គ.ជ.ប និង​រហូត​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ គ.ជ.ប បាន​បើក​សវនា​ការ​លើ​សំណុំ​រឿង​ប្តឹង​ទាស់​របស់​សកម្មជន​៥​នាក់ ប៉ុន្តែ​មានតែ​សកម្មជន​២​នាក់​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​ក្នុង​សវនាការ។ សកម្មជន​ទាំង​៥​នាក់​នោះ ត្រូវ​បាន​គ.ជ.ប ថ្នាក់​ខេត្ត​សម្រេច​កាត់​សិទ្ធិ​ឈរ​ឈ្មោះឱ្យ​គេ​បោះ​ឆ្នោត ចន្លោះ​ពី​៥​ទៅ​១០​ឆ្នាំ និង​រង​ការ​ពិន័យ​ជា​ប្រាក់​យ៉ាង​តិច​១០​លាន​រៀល។

លោក លី ម៉េងហ័ង អាយុ ៤១ ឆ្នាំ លេខាធិការគណបក្សភ្លើងទៀន ក្នុងស្រុកសូទិន ខេត្តកំពង់ចាម ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី ម៉េងហ័ង រស់​នៅ​ក្នុង​ខេត្ត​កំពង់ចាម ដែល​ត្រូវ​បាន​ប្តឹង​ក្នុង​ករណី​នេះ ហើយ​លោក​បាន​ប្តឹង​ទាស់​ទៅ​ស្ថាប័ន​កំពូល​គ.ជ.ប។ លោក​ប្រាប់​វីអូអេ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ត្រូវ​បាន គ.ជ.ប តម្កល់​ទុក​សេចក្ដី​សម្រេច​ថ្នាក់​ខេត្ត​ទុក​ជា​បាន​ការ ដោយ​ផាក​ពិន័យ​លោក​ចំនួន​១០​លាន​រៀល និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​រយៈ​ពេល​១០​ឆ្នាំ។ លោកអះអាង​ថា​លោក​មិន​អាច​ទទួល​យក​បាន​នូវសេចក្តី​សម្រេច​នេះ​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា​ការ​ប្រកាស​របស់​គ.ជ.ប​ មិន​មាន​តម្លាភាព សច្ចៈ យុត្តិធម៌​ចំពោះ​ខ្ញុំ​បាទ​ទេ​ ពីព្រោះ​ការ​បង្ហាញ​ហ្នឹង​ មុន​ថ្ងៃ​ដែលច្បាប់​កកើត​មក ហើយ​ថា​ខ្ញុំ​ធ្វើ​បន្ដ​ៗ ខ្ញុំ​អត់​បាន​ធ្វើ​ទេ ធ្វើ​តែ​ថ្ងៃ​ទី១ មួយ​ថ្ងៃ​គត់ ហើយ​ការ​ប្រកាស​សាល​ក្រម​នេះ​ គឺជា​ផ្ដល់​ភាព​អយុត្តិ​ធម៌​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​ខ្ញុំ ដែល​ខ្ញុំមិន​អាច​ទទួល​យក​បាន»។

សកម្មជន​រូប​នោះ​បញ្ជាក់​ថា​លោក​នឹង​បន្ដ​ប្ដឹង​ទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បើ​ទោះ​មិន​មាន​ក្តី​សង្ឃឹម​ថា​ឈ្នះ​ក៏​ដោយ។

ចំណែក​លោក យ៉ាន​ សុឃឿន ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ប៊ុនរ៉ានី​ហ៊ុន សែន សែន​ជ័យ ស្ថិត​នៅ​ក្នុង​ឃុំ​ចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​សវនា​ការ​បណ្តឹង​ទាស់ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រាប់​វីអូអេ​ថា ​លោក​ត្រូវ​បាន​គ.ជ.ប តម្កល់​ទុក​សេចក្ដី​សម្រេច​ទុក​ជា​បាន​ការ ដោយ​ផាក​ពិន័យ​១០​លាន​រៀល និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​រយៈ​៥​ឆ្នាំ។ លោក​បន្ថែម​ថា​លោក​នឹង​ប្តឹង​ទាស់​ទៅ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​រក​យុត្តិធម៌។

លោក យ៉ាន សុឃឿន អាយុ ៤១ ឆ្នាំ គ្រូបង្រៀននៃសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនសែនជ័យ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ថ្លែង​ថា៖ «អញ្ចឹង​ក្នុង​នាម​ខ្ញុំជា​ប្រជា​ពលរដ្ឋ​ម្នាក់​ឱ្យ​ដឹង​ពី​ច្បាប់​ច្បាស់​លាស់​ផង ​ពីព្រោះ​យើង​ប្រជាពលរដ្ឋ​យើង​មិន​សូវ​ដឹង​ច្បាប់ ហើយ​ខ្ញុំ​ក៏​ជា​គ្រូ​បង្រៀន​ដែរ ហើយ​ខ្ញុំ​ក៏​មិន​សូវ​ដឹង​ច្បាប់​ដែរ ដល់​ពេល​យើង​ជា​គ្រូ​បង្រៀន​មិន​ដឹង ចុះ​ទម្រាំ​ប្រជាពល​រដ្ឋ​ទៀត​ធ្វើ​ម៉េច​នឹង​ដឹង​ច្បាប់​អស់​ទៅ។ អញ្ចឹង​យើង​ត្រូវ​តែប្ដឹង​ត ដើម្បី​ឱ្យ​ច្បាប់​រក​ឃើញ​ជាក់​ស្ដែង ឱ្យ​វា​បាន​សុក្រឹត​ត្រឹម​ត្រូវ​ សម្រាប់​យក​ទៅ​អនុវត្ត​ទៅ​ថ្ងៃ​ក្រោយ​ទៀត»។

ការ​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធាន​ការ​អ្នក​ដែល​ញុះ​ញង់​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល តាម​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​លោក ហ៊ុន សែន បាន​ស្នើ។

លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​របស់​គ.ជ.ប ​ប្រាប់​វីអូអេ​ថា បុគ្គល​ចំនួន​២១​នាក់ត្រូវ​បាន​គ.ជ.ប កំណត់​ថា​ជា​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ ពាក់ព័ន្ធ​នឹង​ការ​ញុះញង់ រារាំង​ប្រជា​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះ​ឆ្នោត និង​គូស​បំផ្លាញ​សន្លឹក​ឆ្នោត​ទាំង​នោះ ដែល​លោក​ថា​ជាអំពើ​ល្មើស​ច្បាប់​ខុស​ទៅ​នឹង​មាត្រា​១៤២​ថ្មី​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។

ព័ត៌មាន​ទាក់ទង៖ មន្ត្រី​បក្ស​ភ្លើងទៀន​ថា ​​អាជ្ញាធរ​​សួរ​រក​អ្នក​​មិន​ទៅ​បោះ​ឆ្នោត​ និង​​អ្នក​គូស​បំផ្លាញ​​សន្លឹក​ឆ្នោត


លោក ហៃ វណ្ណា ប្រធាន​ចលនា​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន ដែល​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត លើក​ឡើង​ថា​ការ​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ជា​ការ​រំលោភ​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ​របស់​លោក ដោយ​លោក​ថា​នេះ​ជា​សិទ្ធិ​សេរី​ភាព​ក្នុង​បញ្ចេញ​មតិ។ លោកចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ជា​រឿង​នយោបាយ​សុទ្ធ​សាធ។

លោក​ប្រាប់​វីអូអេ​ថា៖ «វា​ជា​ការ​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ដ៏​ធ្ងន់​ធ្ងរ មិន​មែន​តែ​ខ្ញុំ ចំពោះ​ខ្ញុំ​ផ្ទាល់ ចង់​គេ​ដាក់​បម្រាម​ខ្ញុំ​មិន​ឱ្យ​ធ្វើ​នយោបាយ​ប៉ុន្មាន​ជាតិ​ទៀត ​ឬ​ក៏​ចង់​ឱ្យ​ខ្ញុំ​ផ្ដល់​សំណង​ប៉ុន្មាន​កោដ​រៀល​ ខ្ញុំ​អត់​មាន​អី​ទៅ​ឈឺ​ក្បាល​វិល​មុខ​ជាមួយ​នឹង​របប​សព្វ​ថ្ងៃ​នេះ​ដែរ ពីព្រោះ​ទាំង​អស់​នេះ​វា​មិន​មែន​ជា​រឿង​នីតិវិធី​ច្បាប់​ទេ។ វា​ជា​រឿង​នយោបាយ​សុទ្ធ​សាធ»។

ប្រធាន​គណៈកម្មាធិការ​ប្រតិបតិ្ត​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​ លោក ខឹម​ មុនីកុសល ​ត្រូវ​បាន​មេធាវីគណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​រឿង​អំពាវ​នាវ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល។ ប៉ុន្តែ​លោក​បាន​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​នេះ។

លោក​ប្រាប់​វីអូអេថា៖ «គ្រាន់​តែ​រឿង​រ៉ាវ​តិច​តួច​ហ្នឹង ប្ដឹង​ខ្ញុំ​ដល់​២០​ឆ្នាំ​ ទារ​លុយ​ខ្ញុំ​២០​លាន​[រៀល] បាទ​យើង​មើល​ទៅ​ដូច​ជា​ហួស​ហេតុ​ពេក​ វា​ជា​រូប​ភាព​នៃ​ការ​សម្លុត​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​ មិន​ថា​តែ​គ្រួសារ​ខ្ញុំ​ទេ​ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា​ប្រទេស​យើង​នេះ​វា​លែង​មាន​លទ្ធ​ប្រជាធិបតេយ្យ លែង​មាន​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហើយ»។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ គ.ជ.ប បាន​តម្កល់​សេចក្ដី​សម្រេច​ទុក​ជា​បាន​ការ ក្នុង​ករណី​របស់​លោក ខឹម មុនីកុសល ដោយ​រង​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​១៥​លាន​រៀល និង​ដក​ហូត​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​រយៈ​ពេល​១០​ឆ្នាំ។

គួរ​បញ្ជាក់​ថា​នៅ​មុន​ការ​បោះ​ឆ្នោត អ្នក​នយោ​បាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​និង​អ្នក​ដែល​រត់​គេច​ទៅ​នៅ​ក្រៅ​ប្រទេស ដូចជា លោក សេង ម៉េង​ប៊ុនរ៉ុង ​លោក សោ ចាន់ដេត លោក គង់ សភា លោក ហេង ដាណារ៉ូ លោក គឹម សុខ លោក ឆាំ ឆានី អ្នកស្រី មូរ សុខហួរ លោក ឡុង​ រី លោក ហូរ​ វ៉ាន់ ​លោក អេង ឆៃ​អ៊ាង លោក នុត រំដួល ​លោក រិន រដ្ឋ ​លោក ភាន់ រិទ្ធី លោក ឆឺយ ឧត្តមរស្មី លោក នាង​ សុឃុន និង​លោក ម៉ៅ វិបុល ត្រូវ​បានដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ក្នុង​ម្នាក់​ៗ ​រយៈ​ពេល​២០​ឆ្នាំ។ នេះ​បើ​តាម​សម្រង់​សេចក្តី​សម្រេច​របស់​គ.ជ.ប៕