រដ្ឋ​មន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន​និង​មនុស្ស​យ៉ាង​ហោចណាស់​ ១៨​នាក់ ​បាន​ស្លាប់​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ

ទាហាន និង​ប្រជាជន​ឈរមើល​នៅ​កន្លែង​ដែល​ឧទ្ធម្ភាគចក្រ​ធ្លាក់​ក្បែរ​សាលា​មត្តេយ្យ​មួយ​នៅ​ខាង​ក្រៅ​រដ្ឋធានី Kyiv នៅ​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២៣ ក្នុងអំឡុងពេល​មាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ការធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ខាង​ក្រៅ​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយ ក្រែន​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ១៨នាក់​ដែរ រួមទាំង​លោក Denys Monastyrsky ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ពួក​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​នោះ​ផង​ដែរ។

លោក Ihor Klymenko ប្រធាន​ប៉ូលិស​ជាតិ​អ៊ុយក្រែន​ក៏​បាន​និយាយ​ដែរ​ថា​ កូនក្មេង​៣នាក់​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​ការធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​កើត​មាន​ឡើងនៅ​ក្នុង​តំបន់ Brovary​ នៅ​ជាយ​ក្រុង​ភាគ​ខាង​កើត​រដ្ឋធានី​កៀវ។

ពួក​មន្ត្រី​បាន​និយាយ​ថា ​ឧទ្ធម្ភាគចក្រ​សេវាកម្ម​គ្រាអាសន្ន​នេះ​បាន​ធ្លាក់​នៅ​ជិត​មត្តេយ្យ​សាលា។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ​មូលហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​ឧទ្ធម្ភាគចក្រនេះ​ធ្លាក់​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ​លោក Charles Michel បាន​ចូលរួម​រំលែកទុក្ខ​ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ដោយ​បាន​ហៅ​លោក Monastyrsky ថា​ជា«មិត្តភក្តិ​ដ៏​អស្ចារ្ស​ម្នាក់​របស់​សហភាព​អឺរ៉ុប»។

លោក Michel បាន​បញ្ជូន​សារ​តាម Twitter ថា«យើង​សូម​ចូលរួម​កាន់ទុក​ដ៏​ក្រៀមក្រំ​ជាមួយ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ចំពោះ​គ្រោះថ្នាក់​នៃ​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ក្នុង​តំបន់ Brovary នេះ»


សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​អ៊ុយក្រែន​នឹង​ផ្តល់​អាវុធ​ទំនើបៗ​បន្ថែម​ទៀត​ឲ្យ​អ៊ុយក្រែននិង​ការ​បណ្តុះបណ្តាល​ឱ្យ​ចេះ​ប្រើ​អាវុធ​ទាំង​នោះ។ ​ជំនួយ​បន្ថែម​ទៀត​ទំនង​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​នៅពេល​ពួក​គេ​ធ្វើ​ការ​កោះប្រជុំ​ជំនួប​ថ្មី​នេះ​នៃ​ក្រុម​ប្រទេស​ទាក់ទិន​នឹង​ការការពារ​អ៊ុយក្រែន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​ Ramstein ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin នឹង​ដឹកនាំ​ការចរចា​នេះ​ដែល​នឹង​ត្រូវ​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​មួយ​ចំនួន​ទៀត អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksii Reznikov។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ លោក Austin នឹង​ឈប់​សំចត​នៅ​ក្នុង​រដ្ឋធានី​ប៊ែឡាំង​ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​អាល្លឺម៉ង់​គឺ​លោក Boris Pistorius នៅពេល​ដែល​អាល្លឺម៉ង់​ពិចារណា​ផ្តល់​រថក្រោះ​ចម្បាំង​ប្រភេទ Leopard 2 របស់​ខ្លួន​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន។

ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​និយាយ​ថា​លោក​បាន​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​វិស័យ​ការពារ​ប្រទេស​ជាមួយ​ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier មុន​ជំនួប​នៅ Ramstein។ លោក Zelensky មិន​បាន​និយាយ​ពី​រថក្រោះ​របស់​អាល្លឺម៉ង់​នៅ​ក្នុង​សុន្ទរកថា​នៅ​ពេល​យប់​ថ្ងៃ​អង្គារ​នោះ​ទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។