មួយទសវត្សរ៍ក្រោយពីការសម្លាប់សកម្មជនសិទ្ធិមនុស្សឈ្មោះ Munir Said Thalib នៅឥណ្ឌូនេស៊ីនោះ ករណីនេះនៅមិនទាន់ដោះស្រាយនៅឡើយ តែក៏មិនទាន់មានអ្នកណាភ្លេចដែរ។ មួយថ្ងៃមុនលោក Joko Widodo ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសនេះ ចូលកាន់តំណែងនោះ មានសម្ពាធកាន់តែខ្លាំងឡើងឲ្យប្រធានាធិបតីថ្មីដែលគាំទ្រកំណែទម្រង់នេះ បើកការស៊ើបអង្កេតករណីនេះ។
នៅពេលដែលសិទ្ធិជនស៊ីវិលនិងសេរីភាពបញ្ចេញមតិត្រូវគាបសង្កត់នោះ លោក Munir Said Thalib បានតស៊ូយ៉ាងខ្លាំងដើម្បីបង្ហាញអំពីការរំលោភបំពាននានារបស់រដ្ឋ។
ក្នុងតំណាក់កាលដំបូងនៃប្រជាធិបតេយ្យអន្តរកាលដ៏រង្គោះរង្គើរនៅប្រទេសនេះ លោក Munir បានជួយបង្ហាញភស្តុតាងអំពីការចូលពាក់ព័ន្ធរបស់កងទ័ពក្នុងការរំលោភបំពានសិទ្ធិមនុស្សនៅទីម័រខាងកើតនិង Aceh។
លោកក៏បានចោទមន្ត្រីជាន់ខ្ពស់ពីរនាក់ក្នុងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋថា បានជាប់ទាក់ទងនឹងការបង្ក្រាបដោយកងទ័ព ដែលមានមនុស្សស្លាប់ រួមទាំងការចាប់ពង្រាត់ និងការបាត់ខ្លួនសកម្មជននិស្សិត អំឡុងពេលមានការបះបោរ ដែលបានបណ្តាលឲ្យលោកអតីតប្រធានាធិបតី Suharto ធ្លាក់ពីតំណែង។
ប៉ុន្តែការនិយាយការណ៍ពិតអំពីអ្នកមានអំណាចនាំឲ្យ Munir មានផលវិបាក។ នៅពេលលោកជិះយន្តហោះទៅទីក្រុង Amsterdam នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៤ លោកMunir ត្រូវគេបំពុលដោយជាតិ Arsenic ហើយលោកបានស្លាប់មុនពេលយន្តហោះចុះចត។
គេមិនដឹងច្បាស់ទេថាតើលោកត្រូវគេបំពុលស្លាប់នៅពេលលោកជិះយន្តហោះអាកាសចរណ៍ឥណ្ឌូនេស៊ី Garuda ឬនៅក្នុងតំណាក់កាលលោកធ្វើដំណើរឆ្លងកាត់នៅប្រទេសសឹង្ហបុរី ប៉ុន្តែមតិជាច្រើនជឿថា អ្នកនៅពីក្រោយការសម្លាប់លោកមិនដែលប្រឈមមុខនឹងតុលាការទេ។
លោក Ardi Mantro Aridputra អ្នកស្រាវជ្រាវនៃអង្គការសិទ្ធិមនុស្សឥណ្ឌូនេស៊ីឈ្មោះ Indonesian Human Rights Monitor ជាអង្គការដែលដឹកនាំដោយលោកMunir មុនពេលលោកស្លាប់នោះ និយាយថា ករណីនេះគឺជាការពិសោធន៍មួយសម្រាប់ឥណ្ឌូនេស៊ី។
លោក Ardi និយាយថា ប្រធានាធិបតីជាប់ឆ្នោតត្រូវតែប្រកាន់ជំហររឹងមាំដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលអនាគត។ ប្រសិនបើលោកនៅតែបន្តនិទណ្ឌភាពសម្រាប់អ្នករំលោភបំពានសិទ្ធិមនុស្សតទៅទៀត នោះប្រទេសឥណ្ឌូនេស៊ីនឹងមិនអាចដោះស្រាយបញ្ហារបស់ខ្លួនបានទេក្នុងពេលអនាគត។
មានមនុស្ស៣នាក់ក្នុងក្រុមហ៊ុនអាកាសរចណ៍ឥណ្ឌូនេស៊ី Garuda នោះត្រូវបានកាត់ទោសទាក់ទងនឹងឃាតកម្មនោះ ប៉ុន្តែគេជឿថា អ្នកទាំងនេះមិនមែនធ្វើដោយចិត្តឯងទេ។
ក្រុមសកម្មជនសង្ស័យថា ជនជាប់ចោទទាំងនោះធ្វើតាមបញ្ជាពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ដោយសម្មជនទាំងនេះលើកយកភស្តុតាងអំពីការហៅទូរស័ព្ទ និងការដែលអំឡុងពេលនោះ អនុប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានទៅជួបលោក Pollycarpus Priyanto ក្នុងពន្ធនាគារដែលជាជនសង្ស័យម្នាក់។
ប៉ុន្តែអំឡុងពេលដំណើរការកាត់ទោសនោះ សកម្មជននិយាយថា ភស្តុតាងត្រូវរាំងខ្ទប់ ហើយសាក្សីសំខាន់ៗបានដកការផ្តល់សក្ខីកម្មរបស់ខ្លួន។
ទូរលេខការទូតមួយរបស់ស.រ.អា.ក្នុងឆ្នាំ២០០៧ បញ្ចញដោយ Wikileaks ក៏ បានបង្ហាញថា មានសាក្សីចោទប្រកាន់ថា លោក Abdullah Mahmud Hendropriyono អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋ បានធ្វើជាអធិបតីនៃកិច្ចប្រជុំដែលគេធ្វើផែនការសម្លាប់លោក Munir។
នៅដើមសប្តាហ៍នេះ លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.និយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការទទួលខុសត្រូវនៅតែមិនច្បាស់លាស់សម្រាប់អ្នកដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងរឿងនេះ»។
លោក Aleksius Jemadu ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Pelita Harapan ថ្លែងថា ថ្វីបើមានការគាបសង្កត់ជាថ្មីក្តី លោក Joko Widodo ប្រធានាធិបតីជាប់ឆ្នោតទំនងជានឹងមិនបើកសំណុំរឿងនេះឡើងវិញទេ។
«វប្បធម៌និទណ្ឌភាពមានសភាពខ្លាំងក្លាណាស់ មានទ្រង់ទ្រាយធំ ហើយខ្ញុំមិនគិតថា លោក Joko Widodo មានលទ្ធភាពទេគឺមិនមានបទពិសោធន៍ដើម្បីប្រឈមនឹងបញ្ហាធំបែបនេះទេ ព្រោះថា ចំពោះខ្ញុំ ខ្ញុំគិតថា មានការព្រមព្រៀងគ្នាធ្វើល្បិចកលក្នុងចំណោមអ្នកធំ អ្នកមានអំណាចដែលថា គេមិនត្រូវធ្វើការស៊ើបអង្កេតអំពីការរំលោភសិទ្ធិមនុស្សកន្លងមកទេគឺមិនត្រូវស៊ើបអង្កេតដល់កម្រិតដែលគេចង់បាន ឬដែលស.រ.អា.អាចនឹងចង់បាននោះទេ»។
ក្នុងអំឡុងលោកកាន់តំណែងក្នុងអាណត្តិទីមួយ លោកប្រធានាធិបតី Susilo Bambang Yudhoyono បានបង្កើតក្រុមឯករាជ្យមួយធ្វើការស៊ើបអង្កេតករណីនេះ។ តែទោះជាមានចែងក្នុងក្រិត្យប្រធានាធិបតីលេខ១១១/២០០៤ក្តី លទ្ធផលនៃការស៊ើបអង្កេតនោះមិនដែលត្រូវគេផ្សាយជាសាធារណៈទេ។
ឥឡូវនេះសកម្មជនកំពុងជំរុញឲ្យលោក Joko Widodo ប្រធានាធិបតីជាប់ឆ្នោត បង្ហាញលទ្ធផលនោះឲ្យមានតម្លាភាព ក្រោយពីលោកចូលកាន់តំណែងនៅខែចុងតុលានេះ។
តែប្រហែលជាដោយសារតែហេតុផលនយោបាយ លោក Joko Widodo បានយកចិត្តមន្ត្រីពីរនាក់ដែលមានបញ្ហាប្រវត្តិសិទ្ធិមនុស្ស ដោយឲ្យចូលក្នុងមជ្ឈដ្ឋានផ្ទៃក្នុងធ្វើការងាររបស់លោក មន្ត្រីម្នាក់គឺលោក Hendropriyono គឺបុរសដែលបណ្តាញព័ត៌មាន Wikileaks បានផ្សព្វផ្សាយ។
ថ្វីបើលោក Joko Widodo ទាក់ទាញសន្លឹកឆ្នោតឥណ្ឌូនេស៊ី ដោយមិនអួតអាង និងបានតាំងចិត្តការពារសិទ្ធិមនុស្សនោះ លោកមិនដែលនិយាយជាក់លាក់ថា លោកនឹងដោះស្រាយសំណុំរឿងរបស់លោក Munir នេះទេ។
លោក Haris Azhar អ្នកសម្របសម្រួលនៃអង្គការក្រៅរដ្ឋាភិបាលឈ្មោះ គណៈកម្មការសម្រាប់មនុស្សបាត់ខ្លួន និងជនរងគ្រោះនៃអំពើហិង្សា និយាយថា ប្រទេសឥណ្ឌូនេស៊ីត្រូវការមេដឹកនាំក្លាហាន។
«ករណីនេះមានអ្វីៗគ្រប់យ៉ាង ដូចជាភស្តុតាង ការគាបសង្កត់ និងចំណាប់អារម្មណ៍សាធារណជន គឺមានទាំងអស់។ អ្វីដែលយើងត្រូវការនោះគឺរដ្ឋាភិបាលដែលមានសេចក្តីក្លាហានតែប៉ុណ្ណោះ ដើម្បីដោះស្រាយករណីនេះ»។
តែនៅពេលចូលកាន់តំណែង លោក Joko Widodo រំពឹងថា នឹងដោះស្រាយបញ្ហាសំខាន់ពីរជាអាទិភាពគឺបញ្ហារសើបខាងនយោបាយ ដូចជាប្រាក់បម្រុងឧបត្ថម្ភស្តុកប្រេង និងការចរចាក្នុងសភាដែលក្នុងនោះដៃគូក្នុងរដ្ឋាភិបាលចម្រុះរបស់លោកដែលមានសំឡេងភាគតិចក្នុងសភា៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ