បំណុល​សហរដ្ឋអាមេរិក​នៅ​​ទ្វីប​អាស៊ី

បំណុល​សហរដ្ឋអាមេរិក​នៅ​​ទ្វីប​អាស៊ី

ខណៈ​ពេលដែលបញ្ហា​បំណុលធ្វើឲ្យមានការ​ព្រួយបារម្ភក្នុងចំណោមពលរដ្ឋនៅសហរដ្ឋអាមេរិក​នោះ អាស៊ីហាក់ដូច​ជានៅមានភាពស្ងប់​ស្ងៀម។

អ្នកវិភាគ​ភាគច្រើនបានពិចារណាថា មាន​ភ័ស្តុតាងតិច​តួច​ដែល​បង្ហាញថា ធនាគារកណ្តាលរបស់​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ីដែលមានទីផ្សារធំៗ​ និងអ្នកវិនិយោគ​ទុនសំខាន់ៗនៅក្នុងតំបន់នេះ​មាន​ការ​បារម្ភ​ពី​បញ្ហា​បំណុល​របស់​សហរដ្ឋ​អាមេរិក។

ប្រទេសចិនជាប្រទេសម្ចាស់បំណុលធំជាង​គេបំផុតរបស់សហរដ្ឋ​អាមេរិក​ ដោយផ្តល់ប្រាក់ឲ្យអាមេរិកខ្ចីចំនួនជាង១លានលាន​ដុល្លារ​។​ បន្ទាប់​ពីមកគឺ​ប្រទេសជប៉ុន​ ដោយប្រទេសនេះបានទិញភាគហ៊ុន​របស់អាមេរិកក្នុង​តម្លៃ៩​០០​ពាន់លានដុល្លារ។

ក្រុមអ្នក​តាក់​តែងច្បាប់អាមេរិក​ និងរដ្ឋបាល​លោក​អូបាម៉ា​ បានចរចាដោយប្រកាន់​ជំហរ​ប្រឈម​នឹង​គ្នា​ទាក់​ទង​នឹង​សិទ្ធិ​ខ្ចី​ប្រាក់បន្ថែមរបស់រដ្ឋាភិបាល​ មុនពេលប្រាក់បំណុលចំនួន១៤.៣លានលាន​ដុល្លារ​ឈានដល់ពេលកំណត់កាល​ពី​ថ្ងៃ​ទី​២ ខែសីហា។

លោក ​ដេវីឌ​ ខូហិន​ (David Cohen)​ គឺ​ជា​នាយកក្រុមហ៊ុន​ប្រតិបត្តិការ​សេដ្ឋកិច្ច (Action Economics) ដែលជាក្រុមហ៊ុនពិគ្រោះយោបល់តាមអ៊ីន​ធឺណិតនៅប្រទេសសិង្ហបុរី។​ លោកបាន​ថ្លែងថា ក្រុម​អ្នក​វិនិយោគ​ទុននៅអាស៊ី​មាន​ការព្រួយបារម្ភ ដូចអ្នក​វិនិយោគ​ទុនដទៃទៀត​នៅ​ក្នុងពិភព​លោកដែរស្តីពី​ភាពគាំង​ដំណើរនៃការ​សងបំណុលរបស់សហរដ្ឋ​អាមេរិក។

លោក ខូហិន បាន​និយាយ​ថា​ «ខ្ញុំ​គិតថា​ យើងដឹងថា​ការ​ខក​ខានមិនបានសង​បំណុលដោយ​សហរដ្ឋ​អាមេរិក​នឹងអាចបង្កឲ្យមាន​វិបត្តិហិរញ្ញវត្ថុពិភព​លោក​ ដែល​នឹង​អាច​បន្ទុច​បង្អាក់ដល់ការ​ងើបឡើង​វិញនៃសេដ្ឋកិច្ចពិភព​លោក។»

លោកធីម ខុនដុន​ (Tim Condon)​ គឺ​ជា​សេដ្ឋវិទូ​សំខាន់នៅអាស៊ីនៃធនាគារ​អ៊ីងប៊េង​ (Ing​ Bank)។ លោកយល់ស្របថា​ ប្រសិន​បើ​អាមេរិក​ខក​ខានមិនបានសងបំណុល វា​អាចបង្កឲ្យមាន​ភាពជ្រួលច្របល់ក្នុង​ទីផ្សារ​របស់​ពិភព​លោក៕

ប្រែសម្រួលដោយ ហ៊ុយ សម្ឆស្ស