ដោយ Gabrielle Paluch
ប្រែសម្រួលដោយ លី សុខឃាង
លទ្ធផលនៃការសិក្សាដំបូងរបស់អង្គការសហប្រជាជាតិ ដែលពិនិត្យមើលអំពីថាតើការធ្វើឲ្យពេស្យាកម្មក្លាយជាអំពើឧក្រិដ្ឋកម្មបានប៉ះពាល់ដល់ជីវិតរបស់អ្នករកស៊ីផ្លូវភេទ នៅទូទាំងទ្វីបអាស៊ី និងបានធ្វើឲ្យការរាលដាលនៃមេរោគអេដស៍កាន់តែធ្ងន់ធ្ងរឡើងយ៉ាងដូចម្តេច ត្រូវបានផ្សព្វផ្សាយ។
អង្គការសហប្រជាជាតិ បានស្ទាបស្ទង់មតិអ្នករកស៊ីផ្លូវភេទនៅក្នុងប្រទេសចំនួន៤៨ នៅទូទាំងទ្វីបអាស៊ី ដើម្បីកំណត់ថាតើច្បាប់ពេស្យាកម្ម បានប៉ះពាល់ដល់សុវត្ថិភាពនិងសុខភាពរបស់ស្ត្រីរកស៊ីផ្លូវភេទ និងក្រុមគ្រួសាររបស់ពួកគេយ៉ាងដូចម្តេច។
លោកស្រី ណយ ចាន់តាវីប៉ា អាពីស៊ុក (Noi Chantawipa Apisuk) គ្រប់គ្រងមូលនិធិមួយសម្រាប់អ្នករកស៊ីផ្លូវភេទនៅប្រទេសថៃ ដែលត្រូវបានស្គាល់ឈ្មោះជាភាសាអង់គ្លេសថា EMPOWER។ លោកស្រី ថ្លែងថា ក្រុមអ្នករកស៊ីផ្លូវភេទនៅប្រទេសនេះ អាចរកប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ ប៉ុន្តែពួកគេខ្វះការការពារខាងផ្លូវច្បាប់ ដែលត្រូវបានផ្តល់ដល់កម្មករនៅក្នុងឧស្សាហកម្មដទៃទៀត។ លោកស្រីបានកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលថៃឲ្យធ្វើការផ្លាស់ប្តូរជំហរបែបនោះ។
«ការងារផ្លូវភេទ ក៏ជាការងារមួយដែរ ហើយកិច្ចការកំសាន្តគឺជាមុខរបរមួយដែរ។ បុគ្គលិកផ្នែកកំសាន្ត ត្រូវបានការពារនៅក្រោមច្បាប់ការងារ ដូចជាកម្មករក្នុងវិស័យរោងចក្រ និងកម្មករផ្នែកខាងកសិកម្មជាដើម។ ដូច្នេះ ប្រសិនបើយើងទទួលស្គាល់ការងារនេះ ប្រសិនបើពួកគេមានបញ្ហា វាអាចត្រូវបានដោះស្រាយដោយនិយោជក និងនិយោជិកនៅក្នុងតុលាការការងារ ជាជាងបញ្ចួនទៅឲ្យប៉ូលីស»។
ក្រុមអ្នកស្រាវជ្រាវនិយាយថា នៅទីកន្លែងដែលអំពើពេស្យាកម្ម ត្រូវបានហាមឃាត់ អ្នករកស៊ីផ្លូវភេទ ងាយទទួលរងគ្រោះយ៉ាងខ្លាំង ដោយសារការងាររបស់ពួកគេ ត្រូវបានផ្តល់នូវស្លាកស្នាមទុយ៌ស និងមិនស្របច្បាប់។ ពួកគេអះអាងថា ការដកចេញនូវការដាក់ទោសតាមផ្លូវច្បាប់សម្រាប់អំពើពេស្យាកម្ម អនុញ្ញាតឲ្យមានឳកាសប្រសើរជាងមុនសម្រាប់ការពិនិត្យសុខភាព និងកម្មវិធីព្យាបាលជាដើម។
បណ្ឌិត ម៉ានឌីប ថាលីវ៉ាល់ (Mandeep Dhaliwal) នាយកស្តីទីនៃកម្មវិធីសុខភាពអេជអាយវី និងការអនុវត្តន៍នៃការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN HIV Health and Development Practice) ថ្លែងថា មានភស្តុតាង ដែលរដ្ឋាភិបាលមួយចំនួន កំពុងមានភាពជឿនលឿនទៅមុខក្នុងការផ្លាស់ប្តូរច្បាប់ទម្លាប់ ដែលកំពុងរារាំងដល់ការទប់ស្កាត់មេរោគអេជអាយវី ប្រកបដោយប្រសិទ្ធភាព។
លោកស្រី បានកោតសរសើរប្រទេសវៀតណាម និងចិន ក្នុងការបញ្ឈប់កម្មវិធី ដែលបានឃុំខ្លួនអ្នករកស៊ីផ្លូវភេទ និងកូនៗរបស់ពួកគេ។ នៅក្នុងប្រទេសកម្ពុជានិងភូមា រដ្ឋាភិបាលបានស្នើសុំឲ្យក្រុមប៉ូលីសបញ្ឈប់ការយាយីដល់អ្នករកស៊ីផ្លូវភេទ។ ប៉ុន្តែ លោកស្រី និយាយថា មានគោលនយោបាយប្រទាំងប្រទើសជាច្រើន ដែលធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពសាធារណ។
«ម៉្យាងគឺថា អ្នកចំណាយថវិការរាប់លានដុល្លារ ក្នុងការផ្តល់ស្រោមអនាម័យ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេជអាយវី ហើយបន្ទាប់មក ម៉្យាងទៀតគឺថា អ្នកឃើញក្រុមប៉ូលីសរឹបអូសយកស្រោមអនាម័យ ឬប្រើប្រាស់ស្រោមអនាម័យធ្វើជាភស្តុតាង ដើម្បីចាប់ខ្លួន ឬយាយីដល់អ្នករកស៊ីផ្លូវភេទ។ វាជាភាពផ្ទុយគ្នាស្រឡះ ដែលកំពុងធ្វើឲ្យបាត់បង់ជីវិតមនុស្ស»។
លោក ចន ហ្គដវីន (John Godwin) មេធាវីសិទ្ធិមនុស្សនិងជាអ្នកសរសេររបាយការណ៍នេះ មានប្រសាសន៍ថា ប្រទេសដែលអនុវត្តវិធីសាស្ត្រដាក់ទោសទណ្ឌតិចតួច កាត់បន្ថយជាអប្បរមានូវការរំលោភសិទ្ធិមនុស្សនិងគ្រោះថ្នាក់ចំពោះសុខភាព។ លោកថ្លែងថា កិច្ចប្រឹងប្រែងរបស់ប្រជាពលរដ្ឋមូលដ្ឋានដើម្បីធ្វើការជាមួយក្រុមប៉ូលីស និងអជ្ញាធរមូលដ្ឋាន កំពុងរីកចម្រើនទៅមុខក្នុងការបង្កើតបរិស្ថានការងារប្រកបដោយសុខភាព សម្រាប់អ្នករកស៊ីផ្លូវភេទ។
«គំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍ ដែលតាមពិតកំពុងរៀបចំខ្លួនដើម្បីធ្វើការចរចាជាមួយក្រុមប៉ូលីសនិងអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឲ្យលក្ខខណ្ឌការងារមានភាពប្រសើរឡើង។ ពួកគេមានការគាំទ្រពិតប្រាកដពីអជ្ញាធរ ដើម្បីធ្វើការក្នុងស្ថានភាពប្រកបដោយសុខភាពល្អជាង និងធ្វើការដោយគ្មានការយាយីពីក្រុមប៉ូលីស។ ដូចដែលខ្ញុំបាននិយាយហើយថា អ្នកកំពុងមើលឃើញពីភាពជោគជ័យនៅកាល់គូតា(Calcutta)»។
ក្រៅពីប្រទេសឥណ្ឌា របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីប្រទេសប៉ាពួរ ញ៉ូហ្គីណេ (Papua New Guinea) ម៉ុងហ្គោលី (Mongolia) ថៃ(Thailand) ហ្វីជី (Fiji) ឡាវ (Laos) និងហ្វីលីពីន (Philippine) ចំពោះភាពជឿនលឿនទៅមុខផ្នែកច្បាប់ ដែលធ្វើឲ្យប្រសើរឡើងនូវកិច្ចប្រឹងប្រែង ដើម្បីព្យាបាលនិងទប់ស្កាត់មេរោគអេជអាយវី។
ខណៈដែលក្រុមអ្នកស្រាវជ្រាវថ្លែងថា ការធ្វើឲ្យពេស្សាកម្មលែងជាអំពើឧក្រិដ្ឋកម្មនៅក្នុងប្រទេសទាំងនោះ នឹងធ្វើឲ្យប្រសើរឡើងដល់ស្ថានភាពសម្រាប់អ្នករកស៊ីផ្លូវភេទ។ ស្ថានភាពនេះមានភាពខុសប្លែកគ្នានៅប្រទេស ឥណ្ឌូនេស៊ី (Indonesia)។ បើទោះជាអំពើពេស្យាកម្មនៅទីនោះ មិនមានភាពស្របច្បាប់ក៏ដោយ អង្គការសហប្រជាជាតិនិយាយថា ជាទម្លាប់ អ្នករកស៊ីផ្លូវភេទត្រូវបានបំពារបំពានពីសំណាក់ទីភ្នាក់ងារអនុវត្តច្បាប់ និងត្រូវបានរើសអើងពីសំណាក់សាធារណ និងរដ្ឋាភិបាល៕