ទ្វីប​អាស៊ី​នាំ​មុខ​គេ​ខាង​ការ​រំលោភបំពាន​សេរីភាព​សារព័ត៌មាន​​ជុំវិញ​ការ​រាយការណ៍​ពី​ជំងឺ​កូវីដ១៩

រូបឯកសារ៖ អ្នកសារព័ត៌មានដែលមានពាក់ម៉ាស់កំពុងយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានក្រុមប្រឹក្សាសភាក្រុងហុងកុង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

គូឡាឡាំពួរ — អង្គការ​គាំពារ​សិទ្ធិសារព័ត៌មាន​និយាយ​ថា រដ្ឋាភិបាល​តាមបណ្តា​ប្រទេស​នៅតំបន់​អាស៊ី​កំពុង​តែ​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន ​ដែល​រាយការណ៍​ពី​ការ​រាតត្បាត​វីរុសកូរ៉ូណា និង​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ទទួល​បាន​ព័ត៌មាន​ជាក់លាក់ជាង​តំបន់​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។

ការ​តាមដាន​ដោយ​វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ (International Press Institute) ​ដែល​ជា​បណ្តាញ​អ្នកសារព័ត៌មាន​នៅ​លើ​ពិភពលោក​ មាន​មូលដ្ឋាន​នៅ​ប្រទេស​អូទ្រីស បាន​បង្ហាញ​ថា ទ្វីប​អាស៊ី​នាំមុខ​គេ ​ជុំវិញ​វិធានការ​ភាគច្រើន​ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

វិទ្យាស្ថាន​នេះ​ តាមដាន​ការចាប់ខ្លួន និង​ការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​ផ្សេងៗ ការ​រឹតត្បិត​លើ​ការ​ទទួល​បាន​ព័ត៌មាន​ច្បាប់​ថ្មី​ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​ខ្លួន​គិត​ថា មាន​ចរិត​លក្ខណៈ​ជ្រុល​ហួស ព្រមទាំង​ការវាយប្រហារ​ដោយ​ពាក្យ​សម្តី ឬ​ទៅ​លើ​រាងកាយ។​

ការ​ចាប់​ខ្លួន ​ឬ​ការ​ចោទប្រកាន់​ផ្សេងៗ​ ដែល​វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ​បាន​កត់ត្រា នៅ​ទ្វីបអាស៊ី​មក​ទល់​ពេល​នេះ គឺ​មាន​ចំនួន​សរុប ១០២​ ករណី ដែល​ចំនួន​នេះ​មាន​ច្រើន​ជាង​នៅ​តាមតំបន់​ដទៃ​ទៀត ​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។ រង្វាស់រង្វាល់​តែ​មួយ​គត់​ ដែល​ទ្វីប​អាស៊ី​ស្ថិត​នៅ​លំដាប់​ទី​ពីរ​ ក្រោយ​ទ្វីប​អឺរ៉ុប​គឺ​លើ​ការ​ចាប់​ពិរុទ្ធ។

រូបឯកសារ៖ បដាស្តីអំពីវិធានការការពារខ្លួនពីជំងឺកូវីដ១៩ នៅចំណតទូកនិងនាវាកម្សាន្តក្នុងតំបន់ឆ្នេរ Ha Long នៅខេត្ត Quang Ninh ប្រទេសវៀតណាម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។



មេដឹកនាំ​ផ្តាច់ការ និង​មេដឹកនាំ​ប្រជានិយម​

លោក Ravi Prasad នាយកផ្នែកតស៊ូមតិ​គាំពារ​សិទ្ធិ​ប្រចាំ​វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ​ បាន​ថ្លែង​ប្រាប់ ​VOA កាល​ពី​ខែ​កញ្ញា​ថា ហេតុផល​មួយ​ផ្នែក​នៃ​ការ​ញែក​ឲ្យ​ឃើញ​ថា ​ទ្វីប​អាស៊ី​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​នេះ គឺ​ពាក់ព័ន្ធ​នឹង​ចំនួន​ប្រជាជន និង​ចំនួន​ប្រទេស​នៅ​ក្នុង​ទ្វីប​នេះ។

ដោយ​មាន​ប្រទេស និង​ប្រជាជន​ច្រើន​ជាង​តំបន់​ដទៃ​ទៀត ករណី​រឹតត្បិត​លើ​សារព័ត៌មាន​អាច​មាន​ច្រើន​នៅ​ទ្វីប​នេះ។ លោក​បាន​បន្ថែម​ថា ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដូចគ្នា​នេះ​ដែរ ​គឺ​ថា បណ្តា​ប្រទេស​ភាគច្រើន​នៅ​អាស៊ី មាន​ប្រវត្តិ​មិន​សូវគោរព​ទៅ​លើ​សារព័ត៌មាន​សេរី ឬ​មិនមាន​ទាល់តែសោះ​តែ​ម្តង​ ដោយសារ​តែ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ជា​រដ្ឋាភិបាលបែប​ប្រជានិយម​ ឬ​ជា​រដ្ឋាភិបាល​ដឹកនាំ​ដោយ​មេដឹកនាំ​ផ្តាច់ការ​។

លោក Prasad បាន​និយាយ​ថា៖ «ដូច្នេះ​ អ្វីដែល​មាន​ជារួម​នោះ គឺ​របៀប​ដឹកនាំ​បែប​នេះ។ អាច​ជាករណី​បុរស​ខ្លាំង​ដឹកនាំ​ប្រទេស ឬ​រដ្ឋាភិបាល​ប្រជានិយម»។

តំបន់​មជ្ឈឹមបូព៌ា តំបន់​អាហ្វ្រិកខាងជើង និង​តំបន់​វាលខ្សាច់​សាហារ៉ា​ខាង​ក្រោម​នៅ​ទ្វីប​អាហ្វ្រិក​ ដែល​មាន​រដ្ឋាភិបាល​ប្រជានិយម និង​មេដឹកនាំ​ផ្តាច់ការដឹកនាំ​ប្រទេស ​ដូចនៅ​តំបន់​អាស៊ី​ផង​ដែរ តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​ទាប​ពី​ការ​វាយតម្លៃ​លើសេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ។

ជា​មធ្យម តំបន់មជ្ឈឹមបូព៌ា និង​តំបន់​អាហ្វ្រិក​ខាង​ជើង​ មាន​ពិន្ទុទាប​ជាង​តំបន់អាស៊ី ពេល​ត្រូវ​បាន​វាយតម្លៃ​ដោយ​អង្គការអ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ដែល​ជា​អង្គការ​គាំពារសេរីភាព​សារព័ត៌មាន​មួយផ្សេង​ទៀត។

យ៉ាងណាក្តី​ វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ និង​អង្គការ​ដទៃ​ទៀត អាច​ត្រឹម​រាប់​បាន​និង​កត់​បញ្ចូល​នូវ​ករណី​ដែល​ខ្លួន​បាន​ដឹងឮ​តែ​ប៉ុណ្ណោះ។ ហើយនៅ​តាមប្រទេស​ខ្លះ ករណី​រឹតត្បិត​នេះ​មាន​ភាព​ស្រពិចស្រពិល​ ជាង​ប្រទេស​ដទៃ​ទៀត​មិន​ថា ដោយសារ​តែ​ប្រទេស​ទាំង​នោះ ​ត្រូវ​បាន​រុកគួន​ដោយ​សង្គ្រាម​ស៊ីវិល ឬ​ប៉ិន​ប្រសព្វ​នៅ​ក្នុង​ការ​លាក់​បាំង​ការ​រំលោភបំពាន​នោះ​ទេ។

តំបន់​មជ្ឈឹមបូព៌ា និង​តំបន់​អាហ្វ្រិក​ខាងជើង​ មាន​ស្ថានភាព​ទាំង​ពីរ​នេះ ​ខណៈ​ដែល​អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​បាន​លើកឡើង​ថា ចិន​ក៏ជាប្រទេស​ដែល​ពិបាក​នឹង​តាមដាន​ផង​ដែរ។

​ប្រទេស​ដែល​មាន​ការ​រឹតត្បិត​ខ្លាំង​ជាង​គេ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាល់តែសោះ ដោយសារគ្រប់ ឬ​សឹង​តែ​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ហើយ​មិនមាន​លទ្ធភាព​ច្រើន​នោះ​ទេ ដែល​ព័ត៌មាន​មិន​ល្អ​ស្តីពី​រដ្ឋាភិបាល​ត្រូវ​បាន​ផ្សព្វផ្សាយជា​សាធារណៈ។

​ទោះបីយ៉ាង​ណា​ក៏​ដោយ​លោក​ Prasad បាន​និយាយ​ថា ទិន្នន័យ​របស់​វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ​ បាន​ផ្តល់ការ​ប្រៀបធៀប​ក្នុង​តំបន់​មួយ​ដោយ​ស្មើភាព។

លោក​បាន​និយាយ​ថា៖ «ដោយសារ​តែ​បញ្ហា​ដែល​យើង​ទាំងអស់គ្នា​ ប្រឈម​មុខ​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​តំបន់​មួយ​ចំនួន​នៅ​លើ​សាកលលោក ពិតណាស់​ ខ្ញុំ​គិត​ថា ទិន្នន័យ​របស់​យើង​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏ល្អ​មួយ ​ពី​អ្វី​ដែល​កំពុង​កើតមាន​ឡើង»។

អង្គការ​ដទៃ​ទៀត​ដែល​បាន​ប្រើ​វិធីសាស្ត្រ​របស់​ខ្លួន​ផ្ទាល់ ក្នុង​ការ​តាមដាន​ការ​រំលោភបំពាន​ផ្សេងៗ​ ទៅ​លើ​សេរីភាព​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក៏​បាន​បង្ហាញ​នូវ​និន្នាការបំពាន​លើ​សេរីភាព​សារព័ត៌មាន​ដ៏​ទូលំទូលាយ ​ដូចគ្នា​នេះ​ផង​ដែរ។​

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង និង​គណៈកម្មការ​ការពារ​អ្នកសារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​ក៏​បាន​លើកឡើង​ពី​កិច្ចប្រឹង​ប្រែងរបស់​រដ្ឋាភិបាល​ ដើម្បី​បំភាន់​សាធារណជន​ ការ​រឹតត្បិត​ទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ ឬ​ការ​បំពាន​ទៅ​លើ​អ្នកសារព័ត៌មាន​ ដែល​រាយការណ៍​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ច្រើន​នៅ​ទ្វីបអាស៊ី​ ជាង​នៅ​កន្លែង​ដទៃ​ទៀត។ ការ​តាមដាន​របស់​ VOA ផ្ទាល់​ក៏​បាន​បង្ហាញ​ថា ទ្វីប​អាស៊ី​នាំ​មុខ​គេនៅ​ក្នុង​ករណី​នេះ​ផង​ដែរ។

ដំបូង​គេ​ក្នុង​ចំណោម​អាក្រក់​បំផុត

អ្នកស្រី ​Pauline Adès-Mével និពន្ធនាយក និង​ប្រធាន​ផ្នែក​បោះពុម្ព​ប្រចាំ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​និយាយ​ថា៖ «ប្រសិន​បើ​មាន​ការ​សង្ខេប​រឿងរ៉ាវ​ផ្សេងៗ គិត​ត្រឹម​ចុង​ខែ​មិថុនា ពិតណាស់​ទ្វីប​អាស៊ី​ជា​តំបន់​ដែល​មាន​ករណី​រំលោភបំពាន​ច្រើន​ជាង​គេ និង​ជា​ទ្វីប​ដែល​អ្នកសារព័ត៌មាន​បាន​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ»។

យ៉ាងណាក្តី​ អ្នកស្រី Adès-Mével ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​កំណត់​តំបន់​ជាក់លាក់​ណា​មួយ​នា​ពេល​នេះ ​ស្រប​ពេល​ដែល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បន្ត​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក។ ខណៈ​ពេល​ដែល​ករណី​កើត​មាន​ជំងឺ​កូវីដ១៩ កំពុង​កើន​ឡើង​នៅ​ពាសពេញ​ទ្វីបអាហ្វ្រិក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ​បន្ទាប់​ពី​ខែ​មិថុនា​មក អ្នកស្រី​ក៏​បាន​លើកឡើង​ថា របាយការណ៍​អំពី​ការ​បង្ក្រាប​ដោយ​អាជ្ញាធរ​មូលដ្ឋានលើ​ការ​រាយការណ៍​ពី​វិបត្តិ​ជំងឺ​នេះ ​ក៏​បាន​កើនឡើងដូចគ្នា​ផងដែរ។

សម្រាប់​តួនាទី​របស់​ខ្លួន វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ និងគណៈកម្មការ​ការពារ​អ្នកសារព័ត៌មាន ​នៅ​តែ​កំណត់​ឃើញ​មាន​ការ​រំលោភបំពាន​សេរីភាព​សារព័ត៌មាន​ច្រើន​ជាង​គេ​នៅ​អាស៊ី ហើយ​ប្រទេស​ឥណ្ឌា​ មាន​ការ​រំលោភបំពាន​ច្រើនជាង​គេ​ក្នុង​ទ្វីប​នេះ។ ឥឡូវ​នេះ​ ប្រទេស​ឥណ្ឌា​មាន​ចំនួន​អ្នក​កើត​ជំងឺ​កូវីដ១៩ ដែលត្រូវ​បាន​រក​ឃើញ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក និង​ករណី​ឆ្លង​សរុប​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុតទី ​២ ​នៅ​ពី​ក្រោយ​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ។​

រូបឯកសារ៖ អ្នកធ្វើដំណើរកំពុងធ្វើតម្រង់ជួរដើម្បីធ្វើេតស្តកូវីដ១៩ នៅមុខស្ថានីយ៍រថភ្លើងមួយ មុនអនុញ្ញាតឲ្យចូលទីក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

អ្នក​សារព័ត៌មាន​នៅ​ប្រទេស​ឥណ្ឌា​ត្រូវ​រង​ការវាយដំ​ដោយ​ប៉ូលិស​ ចំពោះ​ការ​បំពាន​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរក្នុង​សង្គម​ជា​ទូទៅ ទោះ​បី​ជា​ច្បាប់​បាន​លើកលែង​ចំពោះ​អ្នកសារព័ត៌មាន ​និង​សូម្បី​តែ​អ្នក​សារព័ត៌មាន​បង្ហាញ​ប័ណ្ណ​សារព័ត៌មាន​របស់​ខ្លួន​ក៏​ដោយ។ អ្នក​សារព័ត៌មាន​ដទៃ​ទៀត​ត្រូវ​រង​ការប្តឹង​ផ្តល់​ពី​បទ​ចុះផ្សាយ​នូវ​របាយការណ៍​បំភ្លៃ​ការ​ពិត​ ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​ជំងឺកូវីដ១៩ និង​ការ​ឆ្លើយតប​យឺតយ៉ាវ​របស់​រដ្ឋាភិបាល។

នៅ​ពាក់​កណ្តាល​ខែ​មិថុនា ប៉ូលិស​នៅ​រដ្ឋ Uttar Pradesh ភាគខាង​ជើងប្រទេស​ឥណ្ឌា​ បាន​ធ្វើការ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​លើ​អ្នកស្រី Supriya Sharma និពន្ធ​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​សារព័ត៌មាន​Scroll.in ពី​ការរាយការណ៍​ពី​ «ភូមិ​គំរូ» ដែល​ត្រូវ​បាន​ដាក់​ក្រោម​ការ​ទំនុកបម្រុង​របស់​លោក​នាយករដ្ឋមន្ត្រី Narendra Modi ដែល​នៅ​ទី​នោះ​អ្នក​ភូមិ​ប្រឈម​មុខ​នឹង​ភាព​អត់ឃ្លាន​ ក្រោម​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច។ អ្នកស្រី​ Sharma ជាប់​ចោទ​ក្នុង​បទចោទប្រកាន់​ចំនួន​បួន ដែល​បទ​ចោទប្រកាន់​ធ្ងន់ជាង​គេ ​ក្នុង​ចំណោម​នោះ​អាច​ធ្វើ​ឲ្យ​អ្នកស្រីប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ។

ពាក្យ​បណ្តឹង​បាន​អះអាងថា អ្នកស្រី​បានលើកឡើងខុស​ពី​សម្តី​របស់​អ្នក​ភូមិ​ម្នាក់។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​គេហទំព័រ​សារព័ត៌មាន Scroll.in​ បាន​និយាយ​ថា ខ្លួន​រក្សាជំហរ​ការពារ​រឿង​របស់​ខ្លួន​និង​បាន​ហៅ​ការ​ស៊ើបអង្កេត​លើ​អ្នក​ស្រី ​Sharma ​ថាជា​ «ការ​ប៉ុនប៉ង​គំរាម និង​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ​ ដែលរាយការណ៍​ពី​ស្ថានភាព​ក្រុម​ជនទន់ខ្សោយ ​អំឡុង​ពេល​មាន​ការ​រឹតត្បិត​សកម្មភាព​សេដ្ឋកិច្ច​ពេល​មាន​កូវីដ១៩។

ក្រៅ​ពី​ចាប់​ខ្លួន និង​ការ​ប្តឹងផ្តល់ រដ្ឋាភិបាល​លោក​ Modi ក៏​បាន​ព្យាយាម​បញ្ចុះបញ្ចូល​តុលាការ​កំពូល​ឲ្យបញ្ជា​ឲ្យ​បណ្តាញផ្សព្វផ្សាយ​យក​របាយការណ៍​ព័ត៌មាន​នានា ​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មក​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​ជា​មុន​សិន មុន​នឹង​ចុះផ្សាយ។ បើ​ទោះ​បី​តុលាការ​បដិសេធ​នូវ​សំណើ​នេះ​ក៏ដោយ អ្នកស្រី​ Sharma បាន​និយាយ​ថា ការ​ប៉ុនប៉ង​ធ្វើ​ដូចនេះ​បាន​បង្ហាញ​ ជា​សារដ៏គ្រោះ​ថ្នាក់​និងមានអំណាច​ដល់អាជ្ញាធរ​ក្នុង​តំបន់​ដែរ។

អ្នកស្រី​ Sharma បាន​ប្រាប់ VOA ថា៖ «នៅ​ពេល​ដែល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ស្វះស្វែង​បង្ក្រាបលើ​ការ​រាយការណ៍​ដោយ​ឯករាជ្យ បន្ទាប់​មក​អាជ្ញាធរ​មូលដ្ឋាន​មាន​ការ​ជំរុញ​ចិត្តបំបិទ​សំឡេង​អ្នកសារព័ត៌មាន​ណា​ដែល​រាយការណ៍ ដើម្បី​ស្វែងរក​ទំនួលខុសត្រូវ​សាធារណៈ ដែល​ការណ៍​នេះ​ប្រហែល​អាច​ពន្យល់​ពី​ហេតុផល​ដែល​យើង​ឃើញ​មាន​ករណី​ជា​ច្រើន​ ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន ដែល​ភាគច្រើន​នៃ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ផាកពិន័យ ​ដោយសារ​តែ​របាយការណ៍​របស់​ពួកគេ​ពាក់ព័ន្ធ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ និង​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច»។

ការ​ចាញ់​ក្តីដើម្បី​អនុម័ត​សំណើ​របស់​រដ្ឋាភិបាលឥណ្ឌា​នៅ​តុលាការ​កំពូល​ មិន​បាន​បញ្ឈប់សកម្មភាព​ខាង​លើ​បាន​នោះ​ទេ។​

ការ​កេងចំណេញ​ពី​ការ​ចោទប្រកាន់​ថា ព័ត៌មាន​ក្លែងក្លាយ

អ្នកស្រី Aliya Iftikhar អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​កម្មវិធី​អាស៊ី​នៅ​គណៈកម្មាការ​ការពារ​អ្នកសារព័ត៌មាន​បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ពង្រីក​អំណាច​របស់​ខ្លួន​តាម​ច្បាប់​ដែល​មាន និង​បាន​ប្រើអំណាច​ទាំងនោះ ​ដើម្បី​ចាត់គោលដៅ​ទៅ​លើ​អ្នកសារព័ត៌មាន​ណា ដែល​ហ៊ាន​រាយការណ៍​ដោយ​រិះគន់​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ទៅ​លើ​វិ​បត្តិជំងឺ​កូវីដ១៩។​

អ្នកស្រី​បាន​និយាយ​ថា៖ «ខណៈ​ដែល​សេរីភាព​សារព័ត៌មាន​នៅ​តែ​រង​ការ​គំរាមកំហែង​នៅ​ក្នុង​ប្រទេសឥណ្ឌា​នៅ​ឡើយ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ដោយ​កម្រោល​ជា​ឱកាស​មួយ​ ដើម្បី​បង្ក្រាប​ទៅ​លើ​ការ​រាយការណ៍​ដែល​មាន​ចរិត​លក្ខណៈ​រិះគន់»។

អ្នកស្រី Iftikhar បាន​បន្ថែម​ថា ឥរិយាបទ​បែប​នេះ​គួប​ផ្សំ​នឹង​ទំហំ​ប្រទេស​ដ៏​ធំ ចំនួន​ប្រជាជន​ដ៏​ច្រើន និង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​ដ៏​សម្បើម​ផង ទាំងអស់​នេះ​បាន​រួមចំណែក​ទៅ​ក្នុង​ការ​រំលោភបំពាន​សេរីភាព​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ក្រុម​គាំពារ​សិទ្ធិសេរីភាព​សារព័ត៌មាន​និយាយ​ថា ការ​អះអាង​របស់​រដ្ឋាភិបាលដែល​ថា ការ​ធ្វើ​ដូចនេះ​គឺ​ដើម្បី​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ ​ទោះ​បីជា​ព័ត៌មាន​ក្លែងក្លាយ​ជាបញ្ហា​ពិតប្រាកដ​ក៏ដោយ គឺ​គ្រាន់​តែ​ជា​ការ​កេងចំណេញ​យក​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាជាង​ការពិត ហើយ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ភាគច្រើន​គឺ​ផ្ទុយ​ពី​ការ​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ​ទៅ​វិញ​ទេ។

លោក Prasad នៃ​វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ​បាន​និយាយ​ថា៖ «ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​បំផ្លើស​ពី​ការ​ពិត​បាន​រីកសាយភាយ នៅ​ពេល​ដែល​មាន​កង្វះ​ព័ត៌មាន​ត្រឹមត្រូវ និង​ពិតប្រាកដ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ។ រដ្ឋាភិបាល​គួរ​តែ​ធ្វើការ​ឲ្យ​ជិត​ដិត​ជាមួយ​នឹង​បណ្តាញ​ផ្សព្វផ្សាយ​ដើម្បី​ផ្តល់​ជា​ទិដ្ឋភាព​ច្បាស់លាស់​មួយ​ពី​អ្វី​ ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស ជាជាង​ធ្វើការ​បង្ក្រាប និង​ផ្តល់​ឱកាស​ដល់​ព័ត៌មានក្លែង​ក្លាយ​ឲ្យ​រីកដុះដាល»៕

ប្រែសម្រួលដោយ​ណឹម សុភ័ក្រ្តបញ្ញា